ប្រធានសភាកម្ពុជាលោក ហេង សំរិន ថ្លែងក្នុងពេលបើកមហាសន្និបាតអន្តរសភាអាស៊ានថា ប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និងប្រទេសទាំងអស់លើសកលលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិមួយចំនួន ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋសាមញ្ញ ដែលការណ៍នេះតម្រូវឲ្យមានឆន្ទៈនយោបាយដែលផ្តល់តម្លៃលើពហុភាគីនិយមចម្រុះនៅក្នុងការតទល់នឹងវិបត្តិទាំងនោះ។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ចាប់ពីថ្ងៃទី២០ដល់២៥ ខែវិច្ឆិកានេះ។ នេះជាមហាសន្និបាត លើកទី៤៣ គិតចាប់តាំងពីការបង្កើតឲ្យមានអង្គការ AIPO កាលពីឆ្នាំ១៩៧៧ ដែលក្រោយមកមានឈ្មោះថា AIPA។
អំឡុងពេលប្រកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន AIPA ជាផ្លូវការ លោក ហេង សំរិន ដែលកំពុងគ្រប់គ្រងសភាឯកបក្សរបស់កម្ពុជា លើកឡើងនៅចំពោះមុខមេដឹកនាំ និងតំណាងនៃសភាប្រទេសអាស៊ានទាំង១០ថា វិបត្តិ និងបញ្ហាដែលកំពុងកើតឡើង រួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការបែងចែកនិន្នាការសេដ្ឋកិច្ច ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េ ជម្លោះដែនសមុទ្រ វិបត្តិនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ឬភូមា និងវិបត្តិសង្គ្រាមអ៊ុយក្រែនដែលកំពុងធ្វើឲ្យពិភពលោកមានកង្វល់ ពាក់ព័ន្ធវិស័យថាមពល និងសន្តិសុខស្បៀង។
លោកថ្លែងថា៖ «ជាមួយគ្នានេះ សង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមការលំបាកមួយកម្រិតទៀតដល់ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារផងដែរ»។
លោកបន្ថែមថា AIPA គួរមានឆន្ទៈនយោបាយមោះមុតក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមដែលកំពុងធ្លាក់ចុះខ្សោយនោះ ដើម្បីប្រឆាំងការបង្កសង្គ្រាម និងដើម្បីធានាបាននូវចីរភាព បរិយាបន្ន និងភាពធន់ក្នុងតំបន់ ក្រោយការងើបឡើងវិញជាបណ្តើរៗពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
លោកថ្លែងថា៖ «ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ AIPA គួរតែជំរុញឆន្ទៈកាន់តែមោះមុតក្នុងការពង្រឹងប្រ័ពន្ធពហុភាគីនិយមឡើងវិញឲ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលយើងបន្តពង្រឹងភាពជាដៃគូពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាបានសហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់»។
លោក ហេង សំរិន ប្រធានមហាសន្និបាត AIPA ឱ្យដឹងថា មានបញ្ហាផ្សេងៗទៀតដែលត្រូវគិតគូរ គឺការលើកកម្ពស់សន្តិភាព ការយោគយល់គ្នា ទាំងថ្នាក់តំបន់ និងពិភពលោក ហើយជាពិសេសវិស័យការទូតគួរតែបន្តដើរតួនាទីកាន់តែសំខាន់ក្នុងបញ្ហានេះ។
លោកបន្ថែមថា៖ «យើងត្រូវធ្វើឲ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយដែលបង្កឲ្យមានសង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងតំណាងរាស្ត្រកម្ពុជាមួយចំនួនក៏បានលើកឡើងស្រដៀងគ្នានឹងប្រធានសភាកម្ពុជាពាក់ព័ន្ធនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងកំដៅ និងវិបត្តិផ្សេងៗទៀតដែលមិនទាន់រកច្រកចេញបាន។
បើតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ កម្ពុជាបានផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានា។
អ្នកវិភាគនយោបាយ លោក សេង សារី លើកឡើងថា មហាសន្និបាតអន្តរសភាអាស៊ាន ដែលពីមុនត្រូវគេស្គាល់ថា ជាអង្គការអន្តរសភាអាស៊ាន AIPO គឺជាយន្តការដែលបើកឲ្យមានការពិភាក្សាពីសំណាក់សមាជិកសភាអាស៊ានលើបញ្ហាប្រឈមនានាដែលអាស៊ានត្រូវរួមគ្នាដោះស្រាយ ក្នុងនោះគឺមានទស្សនៈអាស៊ានក្រោយឆ្នាំ២០២៥ សេដ្ឋកិច្ចបែបឌីជីថល សេដ្ឋកិច្ចបៃតង និងការការពារជនចំណាកស្រុក ក្នុងក្របខណ្ឌអាស៊ាន ខណៈស្ថានភាពសកលលោកមានការប្រែប្រួល។
លោកថ្លែងថា៖ «សំខាន់គឺមហាសន្និបាតអន្តរសភាអាស៊ាននេះនឹងជជែកអំពីការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងវិបត្តិ ហើយនឹងឱកាសជាសកលសម្រាប់អាស៊ានថា តើក្រោយទស្សនវិស័យឆ្នាំ២០២៥ ... ព្រោះអាស៊ានមានទសន្សវិស័យមកត្រឹមឆ្នាំ២០២៥ .... ហើយក្រោយពីឆ្នាំ២០២៥នេះថា តើអាស៊ាននឹងបន្តដើរទៅផ្លូវណា អំឡុងពេលដែលសេដ្ឋកិច្ចសកល បញ្ហាសកលហ្នឹងមានការប្រែប្រួល ហើយអាស៊ានក៏ត្រូវតែ adapt ឬក៏គេហៅថា សម្របខ្លួនជាមួយនឹងការប្រែប្រួលជាសកលដែរ។ អ៊ីចឹងជាការប្រជុំមួយដ៏សំខាន់សម្រាប់អន្តរសភាអាស៊ានដែលអាចកំណត់នូវទស្សនវិស័យ ឬទិសដៅសម្រាប់អាស៊ាននាថ្ងៃអនាគត ជាទស្សនវិស័យនិងគោលដៅរួម»។
គួរបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានបានចាប់ផ្តើមដំណើរការក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រោយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដោយមានការចូលរួមពីមេដឹកនាំក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណា ប្លុកអាស៊ាននៅតែបន្តប្រឈមមុខនឹងបញ្ហារ៉ាំរ៉ៃដែលនៅមិនទាន់អាចបំបែកបាន ដូចយ៉ាងជម្លោះនយោបាយនៅភូមា សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅឧបទ្វីបកូរ៉េជាដើម៕