លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជាបន្ថែមលើមុខងារបច្ចុប្បន្ន ប្រសិនបើលោកទទួលបានការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ សភានឹងបើកកិច្ចប្រជុំផ្តល់សេចក្តីទុកចិត្តដល់លោក ហ៊ុន ម៉ានី នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំដដែលនោះ សភាក៏នឹងបោះឆ្នោតជ្រើសតាំងឥស្សរជនពីររូបទៀតគឺលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តី។ បើសិនទទួលបានការតែងតាំងពីសភា នោះលោក ហ៊ុន ម៉ានី នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទី ១១ របស់កម្ពុជា។
លោក ហ៊ុន ម៉ានី ដែលជាអតីតតំណាងរាស្ត្រខេត្តកំពង់ស្ពឺ កំពុងបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ គិតចាប់តាំងពីការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកត្រូវគេសង្កេតឃើញថា ជារឿយៗប្រកាសប្តេជ្ញាចិត្តធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការចង្អុលបង្ហាញរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសបង្កើតរបស់លោក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេថា ការចាត់ចែង ឬការផ្ដល់តួនាទីដល់មន្រ្ដីក្នុងជួររដ្ឋាភិបាល គឺជាសិទិ្ធរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច ដើម្បីធ្វើឲ្យការងាររដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការផ្ដល់ឋានៈ តួនាទីឧបនាយករដ្ឋមន្រ្ដីដល់ឯកឧត្តម ហ៊ុន ម៉ានី គឺជារឿងស័ក្តិសមបំផុត ដែលសម្ដេចធិបតីលោកសម្រេចចិត្តនេះត្រឹមត្រូវ ដើម្បីធ្វើម្ដេចឱ្យការងារដឹកនាំការកំណែទម្រង់រដ្ឋបាលសាធារណៈនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននៅឡើយទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការបោះឆ្នោតតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តីនាពេលខាងមុខនេះ គឺមិនមានអ្វីប្លែកនោះទេ ពីព្រោះវាជារឿងធម្មតាក្នុងដំណើរការដឹកនាំរដ្ឋតាំងពីអាណត្តិមុនៗ។
លោកថ្លែងថា៖ «វាជាទម្លាប់ដឹកនាំរបស់ប្រទេសយើងកន្លងមក។ យើងឃើញឧបនាយករដ្ឋមន្រ្តីនេះច្រើន តាំងពីអាណត្តិមុនៗមក។ តាមខេត្តក៏ដូចគ្នាដែរ។ អភិបាលរងក៏រាប់មិនអស់។ ស្នងការដូចគ្នា។ ស្នងការរងហ្នឹងលែងស្គាល់ទៅហើយ មិនដឹងប៉ុន្មាន។ ដូច្នេះការតែងតាំងបែបនេះមិនមានប្រសិទ្ធភាពអីទេ។ អ្វីដែលសំខាន់គឺបំពេញតួនាទី បំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួនដែលមានហ្នឹង»។
ទោះជាយ៉ាងណាក្តី ប្រធានគណបក្សក្រៅរដ្ឋាភិបាលរូបនេះមិនចង់ឃើញមានការតែងតាំងតួនាទីឧបនាយករដ្ឋមន្រ្តីច្រើនបែបនេះទេ។
លោកបន្ថែមថា៖ «ខ្ញុំមិនចង់ឃើញវប្បធម៌តែងតាំងច្រើនពេក ហើយតាំងពីលើដល់ក្រោម យើងឃើញហើយថ្នាក់ខេត្ត ថ្នាក់ស្រុក ស្នងការ ក្រសួងមួយៗ រដ្ឋលេខាធិការមិនដឹងយកទៅណាអស់។ វាជាវប្បធម៌មួយមិនប្រសើរទេ។ ការតែងតាំងច្រើនហើយមិនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន វាជាការខាតបង់របស់ប្រជាពលរដ្ឋទេ ព្រោះត្រូវចំណាយថវិការដ្ឋដែលជាពន្ធរបស់ប្រជាពលរដ្ឋ»។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្ដី មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះគ្រាន់តែជាការចាប់ផ្ដើមដំណើរការពង្រឹងអំណាចបន្ថែមទៀតរបស់ក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ លោកជឿថា នៅពេលអនាគត សាច់ញាតិរបស់អតីតនាយករដ្ឋមន្ត្រីនឹងឡើងមកកាន់តំណែងរដ្ឋធំៗបន្តទៀត។
លោកថ្លែងថា៖ «ដូច្នេះហើយអនាគត យើងនឹងឃើញសាច់ញាតិ ឬក៏សមាជិកសមាជិកាក្រុមគ្រួសារត្រកូលហ៊ុននឹងកាន់តួនាទីធំៗនៅក្នុងរដ្ឋាភិបាលកាន់តែច្រើនឡើងបន្តទៅទៀត ហើយការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្ដីនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ហ៊ុន ម៉ានី បាននៅឡើយ។
លោក ហ៊ុន ម៉ានី បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Hofstra ទីក្រុង Long Island ពីឆ្នាំ ២០០២-២០០៦។ ហើយពីឆ្នាំ ២០០៦-២០០៨ លោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យមែលប៊ឺន Melbourne ប្រទេសអូស្ត្រាលី។ នេះបើតាមសៀវភៅមានចំណងជើងថា៖ «បងប្អូនប្រុសទាំង ៣៖ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន» សរសេរដោយរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ឆាយ សុផល។
បើតាមសៀវភៅដដែល ក្នុងឆ្នាំ ២០០៩-២០១០ បន្ទាប់ពីបំពេញការងារជាជំនួយការផ្ទាល់របស់ឪពុក លោក ហ៊ុន ម៉ានី បានទៅរៀនបន្តនៅសាកលវិទ្យាល័យការពារជាតិ នៅទីក្រុងវ៉ាស៊ីនតោន ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសន្តិសុខជាយុទ្ធសាស្រ្តផ្តោតលើការប្រឆាំងភេរវកម្ម។
បន្ថែមលើមុខងារក្នុងស្ថាប័នជាតិ លោក ហ៊ុន ម៉ានី ក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដល់អ្នកសង្កេតការណ៍បោះឆ្នោតច្រើនជាងអង្គការស្ថាប័ន និងគណបក្សនយោបាយ ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៧ មក៕