គណបក្ស​ប្រឆាំង​ប្តឹងមន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ​ក្នុង​បទ​«ក្លែង​បន្លំឯកសារ​សាធារណៈ»

លោក​ អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប ស្ថិត​​​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​​គណបក្សសង្គ្រោះជាតិប្តឹងពីបទ «ក្លែង​បន្លំ​ឯកសារ​​សាធារណៈ​ និង​ប្រើប្រាស់​ឯក​សារ​សាធារណៈក្លែងក្លាយ»។

ភ្នំពេញ៖ គណបក្ស​សង្គ្រោះជាតិ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ប្តឹង​លោក​ អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប​ លោក​ ទេព​ នីថា​ អគ្គលេខា​ធិការ​ និង​ លោក​ ហ៊ឺ រ៉ុង​ ប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​ ព្រម​ទាំង​គូកន​ ពីបទ «​ក្លែង​បន្លំ​ឯកសារ​ សាធារណៈ​ និង​ប្រើប្រាស់ឯក​សារ​សាធារណៈក្លែងក្លាយ»។

គណបក្ស​ប្រឆាំង​សម្រេច​ដាក់​ពាក្យបណ្តឹង​នេះ​ ក្រោយ​ពី​បរាជ័យ​ក្នុង​ការទាម​ទារ​រក​យុត្តិធម៌នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណបក្ស។

តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​ទទួល​រងការ​រិះ​គន់​ថា ​ជា​តុលាការ​មិន​ឯករាជ្យ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពលអ្នក​នយោបាយ។

ការ​សម្រេច​ដាក់​ពាក្យ​ប្តឹង​របស់​គណបក្ស​ប្រឆាំង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​របស់​គណបក្ស​ប្រឆាំង និង​បន្ទាប់​ពី​គណកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​គឺទទួល​បាន​៦៨​អសនៈ ចំណែក​ឯគណបក្ស​សង្គ្រោះជាតិ​វិញ​ទទួល​បាន​៥៥​អសនៈ។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់ថា​ការ​សម្រេច​ដាក់ពាក្យ​បណ្តឹង​នេះ​គឺដើម្បី​រក​យុត្តិធម៌​ជូន​ប្រជា​ពរដ្ឋ។ លោក​បាន​និយាយថា​ករណី​នេះ​មិន​មែន​ជារឿង​ធម្មតា​ទេ​គឺ​ជា​ករណី​បំភ្លៃ​ឆន្ទៈរបស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

«ជាការ​ពិត​ធ្វើ​ឲ្យ​កាឡៃ​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​ខុស​ពី​ការ​ពិត​ទាំង​អស់។ គឺកាឡៃ​ឆន្ទៈ​ពលរដ្ឋ​ដែល​ធ្វើឲ្យ​ការ​បោះឆ្នោត​ហ្នឹង​មិន​សេរី​និង​យុត្តិធម៌​ហើយ​រឿង​នេះ​ជារឿង​អាយុ​ជីវិតជាតិ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​លើក​យក​បទ​ក្លែង​ដែល​គណបក្ស​នេះ​បាន​រក​ឃើញ​រួមមាន៖​ ការ​ក្លែង​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ការ​ក្លែងឯកសារ​សាធារណៈ លិខិត​បញ្ជាក់​អត្តសញ្ញាណ​និង​បន្លំឲ្យ​បោះឆ្នោត​ជំនួស​ ការ​ក្លែង​បន្លំ​លទ្ធផលនៃ​ការបោះ​ឆ្នោត​ និង​ការ​រំលោភ​ច្បាប់​និង​បទ​បញ្ជា​និង​និតិវិធី​សម្រាប់​ការ​បោះឆ្នោត។

លោក អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប ​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបាន​ទេ។​ក៏ប៉ុន្តែ​លោក​ ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​នោះ​បាន​បញ្ជាក់​ថា គ.ជ.ប បាន​អនុវត្ត​ទៅ​តាម​ច្បាប់​និង​តួនាទី​តែ​ប៉ុណ្ណោះ​ហើយ​ការ​ប្តឹង​របស់​គណបក្ស​ជាសិទ្ធិរបស់​គាត់​ហើយ​រាល់​ការ​សម្រេច​ជាសិទ្ធិ​របស់​តុលាការ។


លោក​បាន​អះអាង​ថា​គ.ជ.ប​និង​ត្រៀម​ខ្លួន​ដោះស្រាយ​ទៅ​តាម​សមត្ថកិច្ច​និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។​

«ធ្វើ​ឯកសារ​អ្វី​ក៏ដោយ​មាន​ការ​សម្រេច​ត្រឹមត្រូវ​ហើយ​ទៅតាម​ថ្នាក់។ ថ្នាក់​ថាធ្វើ​អ្វី​គឺ​ធ្វើ​ហ្នឹង ហើយ​សំរាប់​បុគ្គល​ផ្ទាល់​ខ្ញុំមិន​ដឹងថា​ខ្លួន​ខ្ញុំបាន​ធ្វើ​ឯកសារ​ក្លែង​ក្លាយ​អ្វីទេ។ អញ្ចឹង​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ​ ហើយ​យើងត្រូវ​បំភ្លឺ​យ៉ាង​ម៉េច​ជាក់​ស្តែង»។

លោក គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយដែលមានឈ្មោះ​COMFREL ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះជាតិ​មិន​គួរ​ប្រញាប់​ប្រញាល់​ដាក់​ពាក្យ​បណ្តឹង​ពេក​ទេ ​គួរ​តែមាន​ការ​ស៊ើប​អង្កេត​អោយ​មាន​ការ​ស៊ីជម្រៅ​បន្ថែម​ទៀត។

«ហ្នឹង​ហើយ​ដែល​យើង​កំពុង​ឲ្យ​មាន​ការ​សិក្សា​ស៊ី​ជម្រៅទៀត​។​ពីព្រោះ​មាន​ឯកសារ​ខ្លះ​នៅ​ក្នុង​កញ្ចប់​«ក»​ហ្នឹងដែល​យើង​គិត​ថា ​អាច​ពិនិត្យ​មើល​ទៅ​ថា​វាមាន​រឿង​អញ្ចឹង​មែន​អត់​ឬវា​អាច​អត់។ ពីព្រោះ​វាមាន​រឿង​ពីរ​រឿង​មួយ​វា​ទាក់ទិន​ទៅ​និង​លទ្ធផល​បោះ​ឆ្នោត។ សំណួរ​ថា​ តើ​វា​បន្លំ​ដូរ​លេខ​លទ្ធផល​បោះឆ្នោត​អត់ រឿង​ហ្នឹង​យើង​អត់​ទាន់​ដឹង​ច្បាស់​ទេ»។​

លោក គុល បញ្ញា​បាន​បន្តថា​កន្លង​មក​មាន​ព័ត៌មាន​ផ្សេង​ៗដែល​យើង​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដែរ។ តែ​ទាក់​ទិន​និង​ភាព​មិន​ប្រក្រតី​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ មិនមែន​រក​ឃើញ​ថា​ទាក់ទិន​ទៅ​និង​បន្លំ​លទ្ធផល​បោះ​ឆ្នោត​ទេ៕