លោក​ ហ៊ុន សែន​ ចូល​រួម​រំលែក​ទុក្ខ​នៅ​ស្ថានទូត​បារាំង

The moon rises in its waxing gibbous stage behind a statue atop the Erie County Court Building, in Buffalo, New York, Dec. 2, 2017.

មេ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ជាមួយ​មេ​ដឹក​នាំ​ពិភពលោក​ក្នុង​ការ​រំលែក​ទុក្ខ​សម្រាប់​ជន​រង​គ្រោះ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​នៅ​ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ។

មេ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ជាមួយ​មេ​ដឹក​នាំ​ពិភពលោក​ក្នុង​ការ​រំលែក​ទុក្ខ​សម្រាប់​ជន​រង​គ្រោះ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​នៅ​ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ចូលរួម​រំលែក​ទុក្ខ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​មាន​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​បារាំង ​ដែល​មាន​មនុស្ស ​ស្លាប់​ និង​របួស​ជាច្រើន។​

ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១២០​នាក់​ និង​របួស​ជាង​៣០០នាក់​ នៅ​ទីក្រុងប៉ារីស​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ​ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ដែល​មាន​សមាជិក​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ទៅ​ចូលរួម​រំលែក​ទុក្ខ ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​រាជធានី​ភ្នំពេញ។​

នៅ​ក្នុង​គេហទំព័រ​របស់​លោក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សរសេរ​នៅ​ថ្ងៃ​នេះ​ថា​ អំពើ​ភេរវកម្ម​សម្លាប់​មនុស្សអស់​១២៩​នាក់​ និង​របួស​ជាង​៣០០នាក់​នេះគឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ មិនមែន​តែ​សម្រាប់​ពលរដ្ឋ​បារាំង​ទេ​ ប៉ុន្តែ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ទូទៅ ​ដែល​ត្រូវ​តែ​ទប់ស្កាត់​ឲ្យ​បាន។​

«កម្ពុជា​គឺ​ឈរ​ជាមួយ​ពលរដ្ឋ ​និង​រដ្ឋាភិបាល​បារាំង​ព្រម​ទាំង​ជាមួយ​ប្រទេស​ដទៃៗ​ទៀត​ ដើម្បី​ទប់ស្កាត់​ និង​ឈាន​ទៅ​បំបាត់​ទាំងស្រុង​នូវ​អំពើ​ភេរវកម្ម​គ្រប់​ប្រភេទ​ដែល​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។​

លោក​ ហ៊ុន សែន ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​បារាំង​ថ្មីៗ​នេះ​ បាន​ថ្លែង​ថា​ កម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ជាមួយ​ក្រុម​គ្រួសារ ​អ្នករង​គ្រោះ​ទាំងអស់ ​និង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​បារាំង។​

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ទៅ​ស្ថានទូត​បារាំង​ ចូលរួម​ក្នុង​ការ​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ ​ដែលត្រូវ​គេ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ គ្មាន​គិតពី​សិទ្ធិ​មនុស្ស​នេះ​ដែរ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ម៉ែន ថាវរិន្រ្ទ ​តំណាង​រាស្ត្រ​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​សញ្ជាតិ​បារាំង។

​លោក​បាន​រៀបរាប់​ថា​ លោក​មាន​ការ​រន្ធត់ដែរ​ ពេល​កើត​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស​ ដែល​មាន​បងប្អូន ​និង​ញាតិ​មិត្ត​របស់​លោក​រស់​នៅ​ច្រើន​នោះ។

«រន្ធត់​ភ្លាមៗ​បាទ​ ព្រោះ​ទោះ​ជា​ក្រុម​គ្រួសារ​ខ្ញុំ​វ៉ា​កង​ មក​លែង​នៅ​ស្រុក​ខ្មែរ​យើង​ ទាំង​អស់​គ្នា​មែន​ តែ​យើង​មាន​បងប្អូន​នៅ​ទីនោះ។​ យើង​វ៉ៃសារ​ទាក់ទង​គ្នា​ព្រោះ​មាន​ខ្លះ​បាត់។​ ដូច​ជា​ក្មួយ​ស្រី​ខ្ញុំ​បាត់​តាំង​ពី​ម៉ោង​បី​ជាង​ ព្រោះ​គេ​បិទ​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ទៅ​ណា​មក​ណា»។​

ក្រុម​មេ​ដឹក​នាំ​ពិភព​លោក​បាន​ចូលរួម​បង្ហាញ​ពី​ក្តី​រន្ធត់ ​និង​ថ្កោល​ទោស​លាយ​ឡំ ​និង​ការ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​ ដែល​បាន​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុល​និយម។​

សេចក្តី​រាយ​ការណ៍​ពី​ទីក្រុង​ក្រុង​ឡុងដ៍ដែល​ VOA ​បាន​ទទួល​ បាន​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស David Cameron ​បាន​រិះគន់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ថា ​ជា​ «ពួក​ឃាតករ​ឃោរឃៅ​ និង​គ្មាន​ចិត្ត​មេត្តា»​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​អង់គ្លេស​នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​កម្ចាត់​ «មនោគម​វិជ្ជា​ប្រកប​ដោយ​ពិសពុល​ និង​ជ្រុល​និយម​នេះ»។​

លោក​ប្រធានាធិបតី​ស.រ.អា​.បារ៉ាក់ ​អូបាម៉ា ​បាន​ប្តេជ្ញា​ជួយ​ប្រទេស​បារាំង​ក្នុង​«ការ​តាម​ប្រមាញ់​ពួក​ឧក្រិដ្ឋជន» ​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​គ្រោង​នឹង​«បង្កើន»​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។​

ពួកជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ប្រកាស​ទទួល​ខុសត្រូវ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុងប៉ារីស​ ដែល​នៅ​ទីនោះ​ក្រុម​ទាហាន​បាន​ចេញ​បំពេញ​កាតព្វកិច្ច​កាលពី​ថ្ងៃ​សៅរ៍​ដើម្បីយាម​ល្បាត​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ថែម​ទៀត។​

កាលពី​ថ្ងៃសៅរ៍​ ពួក​ភេរវជន​នេះ​ប្រកាស​ថា ​ការ​វាយ​ប្រហារ​៦​លើក​ដែល​កើត​ឡើង​ដំណាល​គ្នា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់​១២៧​នាក់​ស្លាប់​នៅ​ក្នុង​ក្រុង​ប៉ារីស​នោះ​គឺ​ជាការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​ស៊ីរី។​ សារ​នេះ​បាន​និយាយ​ថា​ ប្រទេស​បារាំង ​និង​ក្រុម​អ្នក​គាំទ្រ​បារាំង​«នឹង​នៅ​តែ​ឋិត​ក្នុង​លំដាប់​លើ​គេ​ក្នុង​បញ្ជី​នៃ​គោលដៅ​វាយ​ប្រហារ​របស់​ពួក​រដ្ឋ​ឥស្លាម»។​

លោក​ប្រធានាធិបតី​ Franscois ​Hollande ​បាន​ប្រកាស​ការ​កាន់​ទុក្ខថ្នាក់​ជាតិ​ចំនួន​បីថ្ងៃ​នៅ​ទូទាំង​ប្រទេស។ ​លោក​បាន​បន្ទោស​ជាពិសេស​លើ​ពួក​រដ្ឋ​ឥស្លាម​ចំពោះ​យប់​នៃ​សេចក្តី​រន្ធត់​នោះ ​ហើយ​លោក​បាន​ហៅ​ការ​វាយ​ប្រហារ​ទាំង​នោះ​ថា​ជា​«សកម្មភាព​សង្គ្រាម​មួយ»៕