មន្រ្តី​កម្ពុជា​​សង្ឃឹម​ថា​​ទំនាក់ទំនង​កម្ពុជា​និង​​អាមេរិក​មិន​ផ្លាស់​ប្តូរ​ ​ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​​ណា​ក៏​ដោយ

រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។

អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​លើក​ឡើង​ថា​ ពួកគេ​សង្ឃឹម​ថា ​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​មិន​ផ្លាស់​ប្តូរ​នោះ​ទេ បើ​ទោះ​បីជា​ប្រធានាធិបតី​អាមេរិក​រូប​ណា​ជាប់​ឆ្នោតក៏​ដោយ​ នៅ​ឆ្នាំ​នេះ។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នេះ​ ដោយ​មាន​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង ​និង​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ ចូ បៃដិន​ (Joe Biden) ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​ក្រោម​អាណត្តិ​របស់​លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ប្រាប់ ​VOA នៅ​ថ្ងៃ​ច័ន្ទ​នេះថា​ លោកមិន​ចង់និយាយ​បៀប​ធៀប ឬ​កោត​សរសេរ​ការ​ដឹកនាំ​របស់​ប្រធានា​ធិបតី​ណា​ទេ ដោយសារ​លោក​ថា​ នេះ​អាចជា​«ការ​ជ្រៀត​ជ្រែក»​កិច្ចការ​បោះ​ឆ្នោត​របស់​អាមេរិក។

លោក ផៃ ស៊ីផាន ដែល​មាន​សញ្ជាតិ​អាមេរិកកាំង​បន្ថែម​ថា​ ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-​អាមេរិក​ មាន «​ភាព​ប្រសើរ​ជាង​មុន» ដោយ​សារមាន​ការ​ឆ្លើយ​ឆ្លង​ជា​ប្រចាំ​ដែល​លោក​ថា​ នាយក​រដ្ឋមន្រ្តីកម្ពុជា​អាច​និយាយ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក​បាន​ កាល​ពី​កន្លង​ទៅ។

ទោះ​ជា​យ៉ាងណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​លើក​ឡើង​ថា​ បញ្ហា​ប្រឈម​គឺ​«ការ​មិន​យល់​គ្នា» ដែល​លោក​ថា​ ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ប្រឈម​របស់​យើង គឺ​ការ​មិន​យល់​គ្នា។ ចំណុច​ទី ១។ ម្ល៉ោះ​ហើយ​កម្ពុជា យើង​ចំណាយ​ពេល​ច្រើន​ដើម្បី​ពន្យល់ ដើម្បី​សហ​ប្រតិបត្តិការ។ ហើយ​ចំណុច​ទី​ ២ យើង​យល់​ដឹង​ថា កម្ពុជា​ជា​ប្រទេស​មួយ​មិន​យក​អ្នកណា​ជា​សត្រូវ​ទេ។ យើង​មិន​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​ភូមិ​សាស្រ្ត​នយោបាយ​ទេ​ គឺ​យើង​ជៀស​ខ្លួន​យើង»។

លោក ផៃ ស៊ីផាន បន្ថែម​ថា​ លោកមិន​អាច​ប្រៀប​ធៀប​រវាង​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ និង​លោក បារ៉ាក់ អូបាម៉ា បាន​ទេ។ ប៉ុន្តែ លោក​កោត​សរសើរ​ចំពោះ​ការងារ​របស់​ឯក​អគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​លោក W. Patrick Murphy ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក ដូណាល់ ត្រាំ។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​ ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ដែរ​ចំពោះឯក​ឧត្តម​អគ្គរដ្ឋ​ទូត លោក Murphy ហ្នឹង គឺ​គាត់​បាន​ធ្វើ​ការ​ច្រើន។ គាត់​បាន​យល់​ច្រើន​អំពី​ដំណើរ​ការ​របស់​កម្ពុជា»។

នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​គឺ​ «ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​មួយ​ឲ្យ​មាន​វត្តមាន​កង​ទ័ព​ចិន» ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ ដែល​ការណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​របស់​អាមេរិក​ផង​ដែរ។

លោក​ ផៃ ស៊ីផាន ចាត់​ទុក​ថានេះ​ជា «វោហាស័ព្ទ​នយោបាយ» តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ចង់​ឃើញ​ យើង​ចង់​បាន​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋអាមេរិក គឺ​ជា​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​សន្តិភាព ហើយ​រើស​បាន​នូវ​ប្រធានាធិបតី​មួយ មិន​ត្រឹម​តែ​លើស​ពី​សន្តិភាព​ទេ គឺ​ការ​បន្ធូរ​បន្ថយ​នូវ​ការ​ប្រឈម​នានា​ទាំង​ឡាយ​ គឺ​នាំ​មក​សន្តិសុខនៅ​ក្នុង​ពិភព​លោក​ផង​ដែរ»។

ទោះ​ជា​យ៉ាងណា លោកថា​ បើ​ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ណា​ក៏​ដោយ «គោល​នយោបាយ​បរទេស​របស់​អាមេរិក​មិន​ដែល​ផ្លាស់​ប្តូរ​នោះ​ទេ»។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ការ​ផ្លាស់​ប្តូរ​នៃ​ប្រធានាធិបតីមិន​ប្រាកដ​ថា​ មាន​ការ​ផ្លាស់​ប្តូរ​នូវ​នយោបាយ​ការបរទេស​នោះ​ទេ»។

អ្នកទស្សនាការប្រកួតកីឡាបាល់ឱបរបស់អាមេរិក កាន់បដារូបបេក្ខជនប្រធានាធិបតីលោក Donald Trump និងលោក Joe Biden នៅទីក្រុង Provo រដ្ឋ Utah កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ក្នុង​សន្និសីទ​មួយ​ កាល​ពី​ខែ​មករា ឆ្នាំ​២០២០ លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា​ លោក​អាច​ដេញ​អ្នក​សារព័ត៌​មាន​ចេញ​ពី​សន្និសីទ​សារព័ត៌មាន ដូច​លោក ដូណាល់ ត្រាំ នៅ​ពេល​អ្នក​កាសែត​របស់​ VOA សួរ​នាំ​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ករណី​បាក់​អគារ​ នៅ​ខេត្ត​ព្រះសីហនុ។

នៅ​ក្នុង​ការ​ដឹកនាំ​ក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ កម្ពុជា​បាន​ចោទ​សហរដ្ឋអាមេរិក​ថា​ ស្ថិត​នៅ​ពី​ក្រោយ​គណ​បក្ស​ប្រឆាំង គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​ ២០១៧ ក្នុងការ​ចោទ​ប្រកាន់ ​«​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល»។ សហ​រដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

នៅ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ មេធាវីរបស់​រដ្ឋាភិបាល​បាន​បង្ហាញ​ភស្តុតាង​ថា ​អាមេរិក​ពិត​ជា​មាន​នយោបាយ​គាំទ្រ​ប្រទេស​ផ្សេង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គេ។​

ពួកគេ​បាន​លើក​ឡើង​សម្តី​របស់​លោក ​ដូណាល់ ត្រាំ ​ដែលបាន​ថ្លែង​ កាល​ពី​ឆ្នាំ​ ២០១៦​ ថា៖ «យើង​នឹង​បញ្ឈប់​ការ​ប្រជែង​ដើម្បី​ផ្តួល​រំលំ​របប​បរទេស ​ដែ​ល​យើង​មិន​ដឹង​ទាល់​តែ​សោះ ​ដែល​នេះ​យើង​មិន​គួរ​ពាក់ព័ន្ធ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នៅ​តែ​រក្សា​ដដែល បើ​ទោះ​បីជា​មាន​ទស្សនៈ​យល់​ឃើញ​ខុស​គ្នា​ខ្លះ​ក៏​ដោយ។

លោក​បញ្ជាក់​ថា៖ «ដូច​ខ្ញុំ​ថា​អញ្ចឹង​វា​រកាំ​រកូស វា​ជា​ការ​រកាំ​រកូស​ការ​យល់​ឃើញ​ទស្សនៈ​វា​ផ្ទុយ​គ្នា វា​ផ្សេង​គ្នា»។

ត្រង់​ចំណុច​នេះ លោក សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​រឿង​មូលដ្ឋាន​កង​ទ័ព​ចិន​ក្នុង​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ក៏​ប៉ុន្តែ​បើ​យើង​យក​បញ្ហា​មើល​កម្ពុជា​ថា​ជាភូមិ​សាស្រ្ត​នយោបាយ​មួយ​សម្រាប់​ប្រកួត​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​អន្តរជាតិ អាហ្នឹង​វា​ពិបាក ពី​ព្រោះ​អាហ្នឹង​វា​មិន​ចំណុះ​នៅ​លើ​ភាគី​កម្ពុជា​ទេ។ តែ​ទោះ​បី​យ៉ាងណា​ក្តី ក្រោយ​កា​រ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​ ខ្ញុំ​យល់​ថា​ ទោះ​បី​ជា​គណបក្ស​ណា​ឈ្នះ​ឆ្នោត ក៏​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ដដែល​ជាមួយ​កម្ពុជា​ទេ»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែលមាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។

នៅ​ក្នុង​លិខិត​ឆ្លើយ​ឆ្លង​នោះ លោក ​ត្រាំ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក ​ត្រាំ​ បាន​ប្រាប់​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។

ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា​ លោក​នឹង​ឲ្យ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់កម្ពុជា ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ឡើង​វិញ និង​កសាង​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​ លោក ដូណាល់​ ត្រាំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក​នោះ​ទេ គឺ​លោក​គិតតែ​អំពីសហរដ្ឋអាមេរិក ​ហើយ​លោក​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ទៀត។

លោក​បញ្ជាក់​ថា​ ការ​មិន​អើពើ​នេះ​នាំ​ឲ្យ​មាន​ការ​ងើប​ឡើង​នៃ​របប​ផ្តាច់ការ​ក្នុង​ពិភព​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​មួយ​គឺ​សហរដ្ឋអាមេរិក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ត្រាំ​ ហ្នឹង គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ការ​លើក​កម្ពស់ ដំណើរ​ការ​ប្រជាធិបតេយ្យ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ពិភពលោក ដូច​អតីត​ប្រធានាធិបតីអាមេរិក​មុនៗ​ទេ​បាទ»។

លោក ប៉ា ចន្ទរឿន បន្ត​ថា​ សហរដ្ឋ​អាមេរិក​ក៏​បាន​បន្ធូរ​បន្ថយ​នៅ​ពេលគណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ កាល​ពី​ឆ្នាំ​ ២០១៧ និង​ការ​បែង​ចែក​តំណែង​របស់​បក្ស​ប្រឆាំង​ ដោយ​សារ​នយោបាយ​របស់​លោក​ ដូណាល់ ត្រាំ មិន​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

នៅក្នុងការបោះ​ឆ្នោត​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល​កាល​នោះ​ជា​ដៃ​គូ​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក នោះ​ពិភពលោក «​អាច​នឹង​មាន​សង្គ្រាម»។

លោក​បង្ហាញ​ថា​ លោក​ចង់​ឲ្យ​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត។ ក្រោយ​មក លោក ហ៊ុន សែន លើក​ឡើង​ថា​ នេះ​ជា​ការ​វិភាគ​របស់​លោក​ផ្ទាល់​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់ និង​ជា​អ្នក​នយោបាយ​មួយ​រូប មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​បោះ​ឆ្នោត​របស់​អាមេរិក​នោះ​ទេ៕