ព្រះ​សង្ឃ​ត្រៀម​ទូងស្គរ​ តែ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា

សម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ប្រធានគណៈសង្ឃនាយក អានសេចក្តីប្រកាសមួយស្តីពីជំងឺកូវីដ១៩ នៅវត្តបទុមវត្តី កាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ជា​ជំនឿ​មួយ​និង​សម្រាប់​សេចក្តី​សុខ​ផ្លូវ​ចិត្ត ព្រះ​សង្ឃ​នៅ​ទូទាំង​ប្រទេស​តាម​វត្ត​អារាម​ជាង ​៥​ពាន់​វត្ត​ និង​ព្រះ​សង្ឃ​ជាង ​៧ម៉ឺន​អង្គ​ នឹង​មាន​ការ​ទូងស្គរ​ទ្រង់ទ្រាយ​ធំ​មួយ ​ដែល​ជាជំនឿ​មួយ​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ជួប​វិបត្តិ​នៃ​ការ​រីករាល​ដាល​ទ្រង់ទ្រាយ​ធំ​នៃ​វីរុស​កូរ៉ូណា ​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ​៩​ពាន់​នាក់ ​និង​ឆ្លង​ជាង ​២០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក។​

ព្រះ​សង្ឃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឲ្យ​ទូង​ស្គរ​ និង​សូត្រ​ធម៌ ​នៅ​ល្ងាចថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០២០ ​ពោល​គឺ​នៅ​សប្តាហ៍​ក្រោយ ​ចាប់​ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​ ៦​ល្ងាច។​

គណៈ​សង្ឃ​នាយក​នៃ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​មីនា ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ព្រះ​តេជគុណ ​នន្ទ ង៉ែត​ ប្រធាន​គណៈសង្ឃ​នាយក​ ដោយស្នើ​ឲ្យ​មាន​ការ​ទូង​ស្គរ​ និង​សូត្រ​ព្រះ​ធម៌​ព្រម​គ្នានៅ​គ្រប់​វត្ត​ទូទាំង​ប្រទេស​នៅ ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ ជា​ជំនឿ​មួយ ​«ដើម្បី​បួង​សួង​ជម្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺផ្លូវ​ដង្ហើម​កូវីដ​១៩»។​

ប៉ុន្តែ​អំឡុង​ពេល​ពិធី​ទូងស្គរ​ និង​សូត្រ​ព្រះធម៌​នេះ ​គឺ​មិន​ចាំបាច់​ប្រមូល​មនុស្សម្នារ​ឲ្យ​ជួប​ជុំ​ច្រើន​ពេក​នោះ​ទេ​ ជា​ពិសេស​ហាម​ឃាត់​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវីដ​១៩។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

គណៈ​សង្ឃ​នាយក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​បន្ថែម​ពី​វីរុស​កូវីដ​១៩ ​ក៏​ដូច​ជា​ការ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​អនាម័យ​ល្អ​ និង​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​វត្ត​អារាម។​

គង់​នៅ​វត្ត​បុទុមវត្តី​ដែល​មាន​ព្រះ​សង្ឃ​ជាង​ ៥០០​អង្គ​គង់​នៅ ព្រះ​តេជ​គុណ​ នន្ទ ង៉ែត ​ប្រធាន​គណៈ​សង្ឃ​នាយក​ បាន​មាន​សង្ឃ​ដីកាប្រាប់​VOA​កាល​ពី​ថ្ងៃ​ពុធ​ថា៖​«សូម​ឲ្យ​គណៈ​កម្មការ​អាចារ្យ​វត្ត​ លោក​តា លោក​យាយ​ វត្ត​ណា​ដែល​គួរ​មាន​អាសន្ន ផ្តា​សាយ​ និង​រោគ​កូវីដ​១៩​ហ្នឹង​ ​ត្រូវ​ចៀស​វាង​កុំ​ឲ្យ​ប៉ះពាល់​គ្នា​ សុំ​ចម្រើន​ពរ​ជ្រាប»។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ទូន្មាន​អប់រំ​ពុទ្ធ​បរិស័ទ​ឲ្យ​មាន​ការ​ប្រតិបត្តិ​ការ​ពារខ្លួនពី​ជំងឺ​កូវីដ​១៩​ឲ្យ​បាន​ល្អ។​

«ឥឡូវ​ហ្នឹង ​សុំ​ឲ្យ​លោក​យាយ​ ​លោក​តា ​ណែនាំ​កូន​ចៅ​ កុំ​ឲ្យ​ទៅ​កន្លែង​ណា​ដែល​មាន​គ្រោះ​ថ្នាក់​ ដែល​មាន​ឈឺ ​ដែល​មាន​ក្អក ​តឹង​ច្រមុះ ​និង​ផ្តាសាយ​ កុំ​ឲ្យ​ទៅ​ជិត»។​

ព្រះ​តេជគុណ​ តាត មហាទី ​ចៅ​អធិការ​វត្ត​ព្រះ​ឥន្ទកោសា​ នៅ​ក្នុង​ខេត្ត​សៀមរាប ​ដែល​មានព្រះសង្ឃ​ចំនួន​៧៥​អង្គ​គង់​នៅ ​មាន​សង្ឃដីកា​ប្រាប់​ VOA​ថា វត្ត​ព្រះ​ឥន្ទកោសា​នឹង​ប្រារព្ធ​ធ្វើ​ពិធី​ទូង​ស្គរ​តាម​ការ​ណែនាំ​របស់​គណៈ​សង្ឃនាយក​ ​ប៉ុន្តែ​ពិធី​ទូង​ស្គរ​នេះ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នោះ​ទេ ​និង​មាន​ការ​សូត្រ​ធម៌​ដោយ​ឡែក​តាម​កុដិ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖​«គិត​ថា ​ការ​ទូង​ស្គរ​ យើង​នឹង​ធ្វើ​តាម​នីតិវិធី​របស់​គណៈ​សង្ឃ​ ​ប៉ុន្តែ​យើង​អត់​ឲ្យ​មាន​ការ​ជួបជុំ​ទេ​ ព្រោះ​ថា​ ​កន្លែង​ទូង​ស្គរ​អី ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​អី ​លោក​ទៅ​ទូង​នៅ​នោះ។ ​បើ​មិន​អ៊ីចឹងទេ ​ អាត្មា​ទៅ​ទូង​ក៏​បាន​ដែរ។​ មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ទេ​ ដាច់​ខាត»។​

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ថែម​បន្ត​ថា ​ វត្ត​ព្រះ​ឥន្ទ​កោសា​បាន​អនុវត្ត​នូវ​វិធាន​ការ​ការពារ​ពី​វីរុស​កូរ៉ូណា ​ដូចជា​ការ​ដាក់​បម្រាម​លើ​ការ​ឆាន់​ចង្ហាន់​រួម​គ្នា​នៅ​ក្នុង​កុដិ ​និង​ការ​ផ្អាកការ​និមន្ត​បិណ្ឌ​បាត​ជា​ដើម។

នៅ​ពេល​សួរ​ថា​ តើ​វត្ត​ព្រះ​ឥន្ទកោសា​នឹង​មាន​ចំណាត់​ការ​យ៉ាង​ដូច​ម្តេច​ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ ព្រះ​តេជគុណ ​តាត មហាទី​ មាន​សង្ឃដីកា​ថា ​ព្រះ​តេជ​គុណ​នឹង​ស្នើ​សុំ​ទៅ​អាជ្ញាធរ​នូវ​ឧបករណ៍​ត្រួត​ពិនិត្យ​ ក៏​ដូច​ជា​ព្យាយាមការពារ​មិន​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​គ្នា​ច្រើន​ក្នុង​ចំណោម​ពុទ្ធ​បរិស័ទ។​

«អាត្មា​ថា បើ​សិន​ជា​ចូល​ឆ្នាំ ​អាត្មា​នឹង​សុំ​អំពាវនាវ ​ឬ​ក៏​បិណ្ឌ​បាត ​ទៅ​ដល់​អាជ្ញាធរ​ ដើម្បី​ឲ្យ​មាន​ឧបករណ៍​សម្រាប់​ត្រួត​ពិនិត្យ។​ ឧទាហរណ៍​វាស់​កម្តៅ​វាស់​អី។ ​អាត្មា​ថា ​ប្រសិន​បើ​ពុទ្ធ​បរិស័ទ​មក​ ​យើង​នឹង​រៀប​ចំ​ពុទ្ធបរិស័ទ​ហ្នឹង​គឺ​អត់​ឲ្យ​មក​ប្រជ្រៀត​គ្នា​ទេ ​គឺ​សុខចិត្ត​ថា ​ឲ្យ​មក​មាន​របៀប​មួយៗ​ កុំ​ឲ្យ​មក​ប្រជ្រៀត​គ្នា»។​

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៧​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធទី​១៩ ខែ​មីនា​ ឆ្នាំ​២០២០ ​ដោយ​ក្នុង​នោះ ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ ២៤​នាក់។​

នៅ​សប្តាហ៍​នេះ​ រដ្ឋាភិបាលបាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​កន្លែង​ដែល​អាច​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​ ​រួម​មានខារ៉ាអូខេ រោង​ភាព​យន្ត​ ការ​ប្រគំ​តន្រ្តី​ និង​ការ​ជួប​ជុំ​បែប​សាសនា​ផ្សេងៗ​រហូត​ដល់​ជំងឺកូវីដ-១៩​ បាន​ធូរ​ស្បើយ។​រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ផ្អាក​ការ​បង្រៀន​គ្រប់​កម្រិត​ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស៕