ពលករ​ចំណាក​ស្រុក​ខ្មែរ​ប្រាថ្នា​ចង់​បាន​ឱកាស​ការងារ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា

កញ្ញា សុខ ហេង ពលករ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម កំពុង​ធ្វើការ​ក្នុង​រោងចក្រ​មួយ​នៅ​ឯ​ខេត្តសាមុត​ប្រាកាន​ ប្រទេស​ថៃ នៅ​ថ្ងៃទី​២០ ខែ​​សីហា ឆ្នាំ​២០១៨។ (រូបថតផ្តល់ឲ្យ)

ខណៈ​ដែល​កម្លាំង​ពលកម្ម ​និង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​តម្លៃ​ថោក​ ការ​ធ្វើ​ចំណាក​ស្រុក​មាន​ការ​ទទួល​ស្គាល់​ថា ​បាន​ផ្តល់​ប្រយោជន៍​មួយ​ចំនួន​ជាពិសេស​ចំណូល​ទៅ​ដល់​ប្រជា​ពលរដ្ឋ។ យ៉ាងណាក៏​ដោយ ទាំង​ពលករ ​និង​អ្នកជំនាញ​​លើក​ឡើង​ថា ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​​​វិបត្តិ​​​កង្វះ​ទីផ្សារ​ការងារ​ធ្ងន់ធ្ងរ ​នា​ពេល​អនាគត ​ប្រសិន​បើ​​ពលករ​រាប់សែន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ​ ត្រឡប់​មក​កម្ពុជា​វិញ។

លោក ផន យ៉េន​បានចាកចេញ​ពី​ស្រុក​កំណើត​ជាមួយភរិយាទៅ​ធ្វើការងារ​រោង​ចក្រ​នៅ​ប្រទេស​ថៃ ​កាលពី​ដើម​ឆ្នាំ​២០១៣។ ​គ្រួសារ​របស់​គាត់​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ដើម្បី​មើល​ថែទាំ​កូន ​បន្ទាប់ពី​ធ្វើ​ការ​បាន​ប្រមាណ​ជា៥​ឆ្នាំ​ ​សន្សំ​ប្រាក់​ធ្វើ​ផ្ទះ​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ។

ចាប់តាំង​ពី​មកដល់​ស្រុក​កំណើត​ឯ​សង្កាត់និមិត្ត ​ក្រុង​ប៉ោយប៉ែត​វិញ ​កាលពីដើម​ឆ្នាំ​២០១៨​មក​រហូត​មក​ដល់​ពេល​នេះ ប្តី​ប្រពន្ធ​ដែល​មាន​វ័យ​ជាង៣០​ឆ្នាំ​ និងមាន​កូន​ចំនួន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​គ្រួសារ ​មិន​ទាន់​រក​បាន​ការងារ​ធ្វើ​នៅ​ឡើយ ​ក្រៅ​តែ​ពី​សល់ផ្ទះឈើ​មួយខ្នងនេះ។

ដោយ​សារ​បញ្ហា​ជីវភាព​ លោក យ៉េន ​មានវ័យ​ជិត​៤០ឆ្នាំ ជា​ពលករ​ដែលប្រើ​កម្លាំង​សុទ្ធ​សាធ​ បានសម្រេច​ចិត្តចាកចេញពី​ស្រុក​កំណើត​ ជា​មួយ​និង​ភរិយា​វ័យ​៣៧​ឆ្នាំ​ទៅ​ធ្វើ​ជា​ពលករ​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ផលិតឆ្នាំង​បាយ​អគ្គិសនីមួយ​នៅ​ប្រទេសថៃ ​ដោយ​ទុក​កូនស្រី​ប្រុស​ទាំងពីរ​ឲ្យ​ឳពុក​ម្តាយជា​អ្នកមើល​ថែ។ ​ទៅ​ដល់​ប្រទេស​ថៃ​ លោក​យ៉េន និង​ភរិយា​ធ្វើការ​បាន​ប្រាក់ជាង​៣០០​បាត ​ឬ​ស្មើ​នឹង​៤ម៉ឺន​រៀល​ ក្នុង​មួយ​ថ្ងៃ។​ ​ក្រោយ​សន្សំ​ពីការ​ចំណាយប្រចាំថ្ងៃ ​និង​ផ្ញើ​ទៅ​អ្នក​ផ្ទះ​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​សល់​លុយ​ប្រមាណ​ជា​២ម៉ឺន​បាត ​ឬ​ស្មើ​នឹង​៦០០​ដុល្លារក្នុង​មួយ​ខែ​ដើម្បី​សង់ផ្ទះ​មួយ​នៅ​ស្រុក​កំណើត។​

លោកយ៉េន​បាន​រៀបរាប់​ថា ​ការ​ចេញ​ទៅ​ធ្វើ​ជា​ពលករចំណាក​ស្រុក​ មិនមែន​ងាយ​ស្រួល​ដូច​ការធ្វើ​ការងារ​ក្នុង​ប្រទេស​ទេ។ ​លោក​ចង់​ឲ្យកម្ពុជា​មាន​ទីផ្សារ​កសិកម្ម​គ្រប់​គ្រាន់ ​និងអាចរក​ចំណូល​បាន​ប្រហាក់​ប្រហែល​នឹង​នៅ​ប្រទេស​ថៃ ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស។ ដូច្នេះលោក​នឹង​មិន​ចាកចោល​ស្រុក​កំណើត បែក​ពី​កូនតូចៗ ​រហូតត្រូវ​ប្រឈមនឹង​ការ​អត់​ការងារ​ធ្វើក្រោយ​ត្រឡប់​មកពី​ចំណាក​ស្រុក​វិញ​នោះ​ទេ។​

លោក​ យ៉េន និង​ភរិយា​បានសម្រេច​ត្រឡប់​មក​ស្រុក​កំណើត​វិញ ទាំង​មិនមាន​ការងារ​ធ្វើ​ និង​មិន​មាន​សល់​ប្រាក់​ដើម្បីអាចប្រកប​របរ​នៅ​ស្រុក​កំណើត​បាន ដោយសារ​តែមិនមាន​អ្នក​មើល​ថែ​កូន​ទាំងពីរ​នាក់​របស់​លោក​ ​ដែលទើបមាន​អាយុ​១០​ឆ្នាំ ​និង​៨​ឆ្នាំ។​

លោកបញ្ជាក់​ថា៖​

«អត់​ដឹង​ធ្វើអីទេ​ឥឡូវ​នេះ! ​វាអស់​លុយ​ហើយ ​ដឹង​ធ្វើអី​កើត?​ ហើយ​បើ​យើង​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ ​សព្វថ្ងៃ​ក៏​មេឃ​រាំង ​មិន​ដឹង​ថា​ ធ្វើអី​កើត!​ ការងារ​ក៏​វា​គ្មាន​ធ្វើ​សូម្បីតែចិញ្ចឹម​ត្រី​ហ្នឹង ​ក៏​គ្មាន​ទីផ្សារ​ដែរ។ ​បើ​មាន់​ ទា​គ្រាន់»។​

លោក​យ៉េន​ថ្លែង​រៀបរាប់​ពី​ផល​លំបាក​ដោយ​សារ​គ្មាន​ទីផ្សារ​កសិកម្មថា៖​

«ម្តាយ​ក្មេក​ខ្ញុំ​អ្នក​ចិញ្ចឹម​ត្រី​នៅ​ពេញ​ស្រះ។​ វា​មិនមែន​ថា​ អត់ទេ ​តែ​វា​ថោក ​មួយ​គីឡូ​៤-៥​ពាន់​រៀល ម៉េច​នឹង​រួច​ខ្លួនទៅ?​ វា​មាន​តែ​ត្រី​ពី​បរទេស​មក​វិញ។ ​អាត្រី​ក្នុង​ស្រុក​ គេ​មិន​សូវ​ត្រូវ​ការ»។​

ចលនា​ចំណាក​ស្រុក​ចេញ​ពី​កម្ពុជា​ចាប់​ផ្តើម​កើត​មាន​ច្រើន​តាំង​ពី​ឆ្នាំ​២០០៥​មក​ ដោយ​សារ​ប្រជា​ពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ភាព​ក្រី​ក្រ។ ​ភាព​ក្រីក្រ​ដែល​ពួកគេ​បាន​នឹង​កំពុង​ប្រឈម​ក្នុង​ប្រទេស ​ដែលទើប​បញ្ចប់​សង្រ្គាម​ជាង​២០​ឆ្នាំនេះ ​គឺ​បណ្តាល​មក​ពី​កង្វះខាត​ដី​ធ្វើ​ស្រែ​ចម្ការ ​គ្មាន​ទីផ្សារ​ការងារ ​គ្មាន​ទីផ្សារ​កសិកម្ម​ សមាជិក​គ្រួសារ​មាន​ជំងឺ ​ជំពាក់​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាដើម។ ​មូល​ហេតុ​មួយ​ទៀត​ដែល​កំពុង​ត្រូវ​បាន​លើក​យក​មក​ជជែក​ដែរ​នោះ ​គឺ​កូនៗ​ដែល​ពេញវ័យ​ធ្វើការ​ តែង​ទទូច​សុំ​ឪពុក​ម្តាយ​ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ ​ដោយសារ​ពួកគេ​ចង់​មាន​សេរីភាព​ដើរ​ហើរ​ផ្សេងៗ។ ​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​តែង​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ការធ្វើ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស។ ​ចំណែក​ប្រទេស​ដែល​ទទួល​យក​កម្លាំង​ពលកម្ម​ចំណាក​ស្រុកខ្មែរ​មាន​ដូចជា ​ប្រទេស​ថៃ ​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​កូរ៉េ ​និង​ប្រទេស​ដទៃៗ​ទៀត។​

ការ​ធ្វើ​ចំណាក​ស្រុករបស់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ធ្វើឡើង​ទាំង​ស្រប​ច្បាប់ ​និង​ខុស​ច្បាប់។ ​ការ​ធ្វើ​ដោយ​ស្របច្បាប់​គឺធ្វើឡើង​តាម​រយៈ​ការ​បញ្ជូន​ចេញ​របស់​ក្រសួង​ការងារ​កម្ពុជា ​តាម​រយៈ​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​ត្រឹម​ត្រូវ ​ហើយ​ការ​ចេញ​ទៀត​សោត​ គឺ​មាន​ឯកសារ​នៃ​ការ​ធ្វើលិខិត​ឆ្លងដែន​ កិច្ច​សន្យា​ការងារ​ជាដើម។​

របាយ​ការណ៍របស់​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពីថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៨ ​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សេវា​ស្វែងរក​ការងារធ្វើ​នៅ​ក្រៅ​ប្រទេស​សម្រាប់ពលរដ្ឋចំនួន​ជាង​១,២​លាន​នាក់។​

រដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ផ្នែក​វាយន​ភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែក​ជើង​ពី​១៥៣​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៧​ដល់​ចំនួន​១៧០​ដុល្លារ​ នៅ​ឆ្នាំ​២០១៨។ ​បើទោះ​ជារដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជា​រៀងរាល់​ឆ្នាំ​ក្តី ​ប៉ុន្តែ​គេ​ឃើញ​ថា ​ថ្លៃ​ឈ្នួល​ផ្ទះ​ក៏​ដួច​ជា​តម្លៃ​ទំនិញ​ផ្សេងៗ​លើ​ទីផ្សារ​ ក៏​តែង​កើន​ឡើង​រាល់​ពេលទៅ​តាម​នោះ​ដែរ។​

ពលករ​ម្នាក់​ទៀត​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត​ឯខេត្ត​កំពង់​ចាម​ កាល​ពី​ដើម​ឆ្នាំ​២០១៤ និងកំពុងធ្វើការនៅ​រោង​ចក្រ​នៅ​ឯ​ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ ​ កញ្ញា​សុខ ហេង​រៀបរាប់​ថា​ បន្ទាប់​ពីធ្វើការ​រោងចក្រ​នៅ​កម្ពុជាទទួល​បាន​ប្រាក់​ឈ្នួល​ទាប ​កញ្ញា​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ពុជា​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​ទទួល​បាន​ចំណូល​មួយ​ទ្វេ​ជា​ពីរ បើ​ធៀប​នឹងចំណូលនៅ​កម្ពុជា។​ ហើយ​លក្ខខណ្ឌ​ការងារ​នៅ​ប្រទេស​ថៃ​ក៏​មាន​ភាព​ប្រសើរ​ជាង​លក្ខខណ្ឌ​ការងារនៅ​តាម​រោង​ចក្រដែល​កញ្ញា​ធ្លាប់​បាន​ធ្វើ​នៅ​កម្ពុជា​ផង​ដែរ។​

អង្គុយ​ក្នុង​បន្ទប់​ជួលទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ​នាង​សុខ ហេង​បាន​ប្រាប់​ VOA ​តាមរយៈ​ Video Call​ ថា៖​

«វា​មិន​សូវ​បាន​កម្រៃ​ច្រើន ​ហើយ​ណាមួយ​ផ្គត់​ផ្គង់​គ្រួសារ​យើង​វា​មិនសូវ​គ្រប់​គ្រាន់​ទេ។ ​ណាមួយ​យើង​ស៊ី​ចាយ​ស៊ី​អី​ បើសិនជា​យើង​ធ្វើការ​នៅ​ភ្នំពេញ​ បើ​សិន​ជា​ប្រាក់ខែ​ដំឡើង​ថ្លៃ​បន្តិច ​ផ្ទះ​ជួល​ក៏​ឡើង​ថ្លៃ​ដែរ»។​

កញ្ញា សុខ ហេង ពលករ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម កំពុង​ធ្វើការ​ក្នុង​រោងចក្រ​មួយ​នៅ​ឯ​ខេត្តសាមុត​ប្រាកាន​ ប្រទេស​ថៃ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨។ (រូបថតផ្តល់ឲ្យ)

កញ្ញា​រៀបរាប់​ពី​ភាព​ខុសគ្នា​រវាង​ការ​ធ្វើ​ការ​នៅកម្ពុជា ​និង​នៅប្រទេស​ថៃ​យ៉ាង​ដូច្នេះ៖​

«បើនៅ​ស្រុក​ថៃ​គ្មាន​ទេ។​ គេ​គ្មាន​ឡើង​ថ្លៃ​អី​តាម​ប្រាក់​ខែ​យើង​ទេ។ ​និយាយ​រួម​នៅ​ទីនេះ ​(ប្រទេស​ថៃ) ​មួយ​ឆ្នាំ​គេ​ឡើងឲ្យ​យើង​ប៉ុន្មានៗ​អីចឹង ​ផ្ទះ​ជួល​ផ្ទះអី​ធម្មតា​ មិនមែន​ដូច​ស្រុក​ខ្មែរ​យើង​ ​គ្រាន់តែ​ឮប្រាក់​ខែ​ឡើង​ ថ្លៃ​ផ្ទះ​ឡើង​មុន​បាត់​ទៅ​ហើយ»។​

ពលការិនី​រោង​ចក្រវ័យ​៣២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​បើទោះ​បីជា​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារនៅ​ប្រទេស​ថៃ​មាន​ភាព​ប្រសើរ​ជាង​នៅ​កម្ពុជា​ក្តី ​ប៉ុន្តែ​កញ្ញា​ថា ​កញ្ញា​មិន​ដែល​ចង់​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើការងារ​ដាច់​សង្វែង​ឯ​ប្រទេស​ក្រៅ​នោះ​ទេ។ ​កញ្ញា​នឹង​ត្រឡប់​មក​ធ្វើការ​នៅ​កម្ពុជា​វិញ ​ប្រសិន​បើ​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ​ប្រហាក់​ប្រហែល​នឹង​នៅ​ប្រទេស​ថៃ។​

ទាំងមិនទាន់​ដឹង​ពី​ការងារ​ដែល​កញ្ញា​ត្រូវ​ធ្វើ​ពេល​ត្រឡប់​មក​កម្ពុជាវិញនោះ កញ្ញា​បន្ថែម​យ៉ាង​ដូច្នេះ៖​

«ហត់​នឿយ ​នឹក​ផ្ទះ នឹ​ក​ម៉ែ​នឹក​ឳ។​ ធម្មតា​ទេ ​យើង​នៅ​ស្រុកគេ ​វាមិន​ដូច​នៅ​ស្រុក​យើង​ទេ ​យើង​នៅឆ្ងាយ​ពី​គ្រួសារ​អីចឹង។ ​យើង​នៅ​ជាមួយ​ម៉ែឳ​យើង​វា​មាន​ភាព​កក់ក្តៅ​ បើ​ទោះ​អត់​ឃ្លាន​មាន​ស៊ី ​ក៏យើងមានក្តី​សុខ​ដែរ។​ តែ​ធ្វើ​ម៉េច ​បើត្រូវ​អីចឹង​ហើយ។ ​បើ​យើង​នៅ​ផ្ទះក៏​វា​ពិបាក ​វា​រក​អី​មិន​បាន​អី​ចឹង»។​

ខណៈ​ដែល​កម្លាំង​ពលកម្ម​ និង​ទីផ្សារ​ការងារ​នៅកម្ពុជា​មាន​តម្លៃ​ថោក ​កា រ​ធ្វើ​ចំណាក​ស្រុកមាន​ការ​ទទួល​ស្គាល់​ថា​ បាន​ផ្តល់​ប្រយោជន៍​មួយ​ចំនួន ជាពិសេស​ចំណូល​ទៅ​ដល់​ប្រជា​ពលរដ្ឋ ​បើទោះបីជា​ភាគ​ច្រើន​បំផុត​នៃ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​គឺ​ត្រូវ​ធ្វើការជា​កម្មករ​តូច​តាច​ដែល​គ្មាន​ជំនាញ​ក្តី។​ បើ​ទោះ​ជាពល​ករ​កម្ពុជាមួយ​ចំនួន​ដែល​ត្រឡប់​មកពី​ធ្វើការ​នៅ​ក្រៅ​ប្រទេសវិញ​ មិន​អាច​រក​ការងារ​ធ្វើ​ដូច​នៅប្រទេ​សក្រៅទាំ​ងនោះក្តី ​ប៉ុន្តែ​មួយ​ចំនួន​នៅ​សល់​ប្រាក់​ដើម្បី​អាចប្រកប​របរ​ចិញ្ចឹម​ជីវិត​ ​ដោយ​ខ្លួន​ឯង​បាន។​

លោកយន ចំណាប់ ​អតីត​ពលករ​ធ្វើការ​នៅប្រទេស​កូរ៉េ​ ​ដែលកំពុង​ប្រកប​របរ​បើក​រថយន្តតាក់ស៊ី លើក​ឡើង​ថា ​កង្វះ​ទីផ្សារ​ការ​ងារ​ជាមូល​ហេតុ​ដែល​នាំឲ្យ​លោក​សម្រច​ចិត្ត​ចាកចេញ​ពី​កម្ពុជា​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ។​ លោក​បន្ថែម​ថា ​មុន​ពេល​ដែល​លោកសម្រេចចិត្ត​ចាកចេញ​ពី​កម្ពុជាទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស ​កាលពី​ឆ្នាំ​២០១៣ ​ លោក​បាន​រៀបចំ​ផែនការ​ទុក​ជាមុន​ និង​បាន​ស្វែង​រក​ព័ត៌មានលម្អិត​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​ និង​ការ​រស់នៅ​ទីនោះ។

បុរស​វ័យ​៣០​ឆ្នាំ​ប្លាយ​រូបនេះ​បន្ថែម​ថា ​ការ​កំណត់​គោល​ដៅ​ទុក​ជាមុន បានធ្វើ​ឲ្យ​លោក​ត្រឡប់​មក​វិញ​នូវ​ប្រាក់​មួយ​ចំនួន​ ដែល​អាច​ឲ្យ​លោក​ប្រកប​របរ​ខ្លួន​ឯង​បាន​ បើទោះជា​កម្ពុជា​មិនមាន​ទីផ្សារ​ការងារដូច​ការងារ​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ប្រទេស​កូរ៉េក៏​ដោយ។

បុរសដែល​មាន​រថយន្ត​ Highlander ​សម្រាប់​បើក​តាក់ស៊ី​រូប​នេះ​បញ្ជាក់​ថា៖ ​«សម្រាប់​ពេល​យើង​ចប់​អាណត្តិ​មក​ខ្មែរ ​យើង​ត្រូវធ្វើអី? ​យើង​សល់​លុយ​ប៉ុន្មាន? យើង​បែក​ចែក​ គ្រប់គ្រង​លុយ​ឲ្យបានច្បាស់​លាស់។ ​បើ​មិន​អីចឹង​ទេ​ យើង​ទៅ​ដល់​កូរ៉េ ​ យើង​ភ្លេចខ្លួន​ថា​ យើង​ជា​ពលករ។​ យើង​បែរជា​ច្រឡំ​ខ្លួនយើង​ជា​ជន​ជាតិ​កូរ៉េ។​ អីចឹង​ទៅ​យើង​ចាយ​លុយ​ខ្ជះខ្ជាយ ​ព្រោះគិត​ថា​ ប្រាក់​ខែ​ពាន់ៗ។​ អីចឹង​វា​អាច​មាន​ហានិភ័យខ្លាំង​ នៅពេល​គាត់​ចប់​អាណត្តិ​មក​ខ្មែរ​វិញ ​កង្វះ​ការងារ លុយ​កាក់​មិន​គ្រប់គ្រាន់ ​ជីវភាព​គាត់​មក​ដល់​ណេះ​ធ្លាក់ចុះ​ ហើយ​មក​ដល់​ណេះ​គាត់​តាម​គ្នីគ្នា ​ហើយ​សង្គម​ចាយ​លុយ​ច្រើន។​ វា​មាន​ហានិភ័យ​សម្រាប់​គាត់»។

បើតាម​របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​ស្តីពី​ហានិភ័យ​ និង​ការលើក​ទឹក​ចិត្ត៖​លទ្ធផល​នៃ​ការ​ធ្វើ​ទេសន្តរ​ប្រវេសន៍ការងារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ចេញ​នៅ​ឆ្នាំ​២០១៧​នេះ​បង្ហាញថា ពលករ​កម្ពុជា​ដែលធ្វើការ​ក្រៅប្រទេស​ស្ទើរ​តែ​ទាំងអស់​បាន​ផ្ទេរ​ប្រាក់​ត្រឡប់​មកផ្ទះ​វិញ​ជាមធ្យម​ចំនួន​១៦៣ដុល្លារ​ពីប្រទេស​ថៃ ​និង​១៣៧​ដុល្លារ​ពីប្រទេស​ម៉ាឡេស៊ី។​

ការចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅបរទេស​ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ថា​ ពួក​គេ​អាច​ទទួល​បាន​ប្រយោជន៍​រយៈពេល​ខ្លី និ​ង​ត្រូវ​ប្រឈម​ច្រើន ​ជាពិសេស​ការ​ធ្វើ​ចំណាក​ស្រុកទៅ​ក្រៅ​ប្រទេស ​ដោយ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់។​ពលករ​ដែល​ធ្វើចំណាក​ស្រុកភាគ​ច្រើន​នឹង​ត្រូវប្រឈម​នឹង​ការ​គ្មាន​ការងារ​ធ្វើ​ នៅ​ពេល​ដែលពួកគេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ដោយ​សារ​នៅ​ប្រទេស​កំណើត​មិនមាន​ការងារ​ល្អ​ដូចការងារ​ដែល​ពលករ​ធ្វើ​នៅ​ប្រទេស​ដែល​ពួក​គេ​ចំណាក​ស្រុក​ទាំង​នោះ និង​មិន​មាន​ទីផ្សារ​ការងារ​គ្រប់គ្រាន់​សម្រាប់​ពួកគេ។​ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា​ ក្នុង​ពេល​អនាគត ​កំណើន​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ខ្លាំង ​ពិសេស​នៅ​ពេ​លដែល​ពលករ​រាប់​សែន​នាក់​អាច​នឹង​ត្រូវបញ្ជូន​មកប្រទេស​កំណើត​វិញយ៉ាង​គំហុក។​

លោកមឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(CENTRAL) ​ដែល​ជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹងការការ​ពារ​ពលករ​ចំណាក​ស្រុក ​បាន​លើក​ឡើង​ថា ​ពលករកម្ពុជាប្រមាណ​ជា​ជាង​២លាន​នាក់​ កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដែល​ភាគច្រើនគឺ​ជា​កម្មករ​ប្រើ​កម្លាំង ​និង​ទទួល​បាន​កម្រៃ​ទាប ​ មាន​ន័យ​ថា​ មិនមែន​ជា​កម្មករ​ជំនាញ។ ​លោក​បន្ថែមថា ​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​បរទេស ​ដាច់ខាត​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​ ក្នុង​ពេល​កំណត់​ណាមួយ ​ដែល​មិនអាច​ធ្វើការ​នៅ​ប្រទេស​ក្រៅ​រហូត​បាន​នោះ​ទេ ​ដូច្នេះ​លោក​ថា ​នៅ​ពេល​ដែល​បរទេស​ឈប់​ត្រូវ​ការ​កម្លាំង​ពលកម្មពីកម្ពុជា ​នោះ​ការ​បញ្ជូន​ពលករ​យ៉ាង​គំហុក​មកវិញ​នឹង​ធ្វើ​ឲ្យ​កម្ពុជាប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​មាន​ប្រសាសន៍​ថា៖

«យើង​ត្រូវ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ធំ ​ដោយសារ​ទី១​គឺថា​ មក​អាច​ហ្នឹងអត់​មាន​ថវិកាក្នុង​ការ​សង​បំណុល​គេ ​ដោះ​បំណុល​គេ។ ​ទី២​អត់​មាន​ការ​ងារ​ធ្វើ។ ​បើ​កាល​ណា​មនុស្ស​អត់​ការងារ​ធ្វើកាន់តែច្រើន ​តាម​ពិត​អាហ្នឹង​ជា​បន្ទុក​របស់​រដ្ឋ។​ រដ្ឋ​ដែល​ទទួល​ខុសត្រូវ​ហ្នឹង​គឺ​ដោយ​សារ​ពលរដ្ឋ​ជាអ្នក​បង់ពន្ធ។ អីចឹង​រដ្ឋត្រូវតែគិត​គូរ​ពី​ប្រព័ន្ធ​គាំពារ​សង្គម […] គេ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មនុស្ស​ហ្នឹង​ កាលណា​អត់មាន​ចំណូល​សោះ​ទៅ​បែក​គំនិត​លួច ​ទៅ​ជា​បែក​គំនិតប្រព្រឹត្ត​បទ​ល្មើស​ណា​មួយដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់ ​ឬក៏​សន្តិសុខ​សង្គម»។​

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​និង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ (IOM) បាន​ចេញ​របាយ​ការណ៍មួយ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​បង្ហាញ​ថា ​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​៨នាក់​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ ១០​នាក់ ​បាន​ជួប​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ខណៈ​ធ្វើការ​នៅ​បរទេស​ ​ហើយ​ ៧នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ទទួល​រង​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​នៅ​ពេល​ត្រឡប់​មក​វិញ។ ​ការ​សិក្សា​ដែល​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ក៏​បានបង្ហាញ​ថា​ ពលករ​ចំណាកស្រុក​កម្ពុជា​បាន​រាយ​ការណ៍​អំពី​បទ​ពិសោធន៍អាក្រក់​បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ រួមមាន ​វៀតណាម​ ឡាវ ​និង​មីយ៉ាន់ម៉ា។​ ក្នុង​នោះ​ ពលករ​ពី​កម្ពុជា​គឺ​ទំនង​ជា​ទទួល​រងគ្រោះ​ច្រើន​ជាង​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​មាន​បញ្ហា​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​ប្រទេស​ដទៃៗ​ ​នៅ​ពេល​ត្រឡប់​មក​វិញ។​

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ផ្តល់​បទសម្ភាសន៍​ដល់ VOA ពាក់ព័ន្ធ​នឹង​អនាគត​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក ​ង៉ែត ជូ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា​ ​ភាគ​ច្រើន​នៃ​ពលករ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅ​បរទេស ​មិន​មែន​ទៅ​ធ្វើ​ការ​ដើម្បី​បង្កើន​សមត្ថ​ភាព ​ឬជំនាញ​នោះ​ទេ ​ប៉ុន្តែ​លោក​ថា ​ពួកគេ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ប្រាក់​មក​សង់​ផ្ទះ​ និង​ដោះ​បំណុល។​ លោក​បន្ថែម​ថា ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​ពេញ​កម្លាំង​បាន​និង​កំពុង​ធ្វើ​ឲ្យមនុស្ស​ចាស់​ក្លាយជា​អ្នក​មើល​ថែក្មេង​តូចៗ​ ខណៈ​ក្មេងៗ​ត្រូវបោះបង់​ការ​សិក្សា​ ស្រប​ពេល​ដែល​ទីផ្សារ​ការងារ​ និង​ទីផ្សារ​កសិកម្មមិនមាន​ការ​យក​ចិត្ត​ទុកដាក់។

លោកង៉ែត ជូ​បន្ថែម​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិនយក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ ហើយ​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ទេ​នោះ​ ​នោះបន្ទុក​របស់​រដ្ឋាភិបាល​នឹង​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេល​អនាគត។​

លោក​បញ្ជាក់​ថា៖​

«ការ​ធ្វើ​ចំណាក​ស្រុក​ វា​មាន​ពីរ​ប្រភេទ ​បើ​យើង​ចំណាក​ស្រុក​ជា​កម្មករ​ជំនាញ អា​ហ្នឹង​ជួយ​សេដ្ឋកិច្ច​ជាតិ​បាន​ច្រើន​ណាស់។ ​ទី​១​គាត់​ទៅ​បាន​កម្រៃ​ខ្ពស់​ទី​២​ត្រឡប់​មកវិញ គាត់​នាំ​ជំនាញ​មកជួយ​កសាងប្រទេស។ ​ប៉ុន្តែ​កាលណា​យើង​ធ្វើ​ចំណាក​ស្រុក​ជា​កម្លាំង​ពលកម្ម​សុទ្ធ​សាធ ​គាត់​ត្រឡប់​មកវិញ​ជា​បន្ទុក​របស់​ជាតិ ​ជា​បន្ទុក​របស់​សង្គម​ទាំង​មូល។ ​អីចឹង​ខ្ញុំ​មើល​ឃើញ​មិន​ថា​ វា​ជា​ផល​ចំណេញ​រយៈ​ពេល​វែង​ទេ។​ ដូច​ខ្ញុំ​ជម្រាប​អីចឹង​ គឺជាការ​ដោះ​ទាល់​រយៈ​ពេល​ខ្លី»។​

លោក ង៉ែត​ ជូ​បន្ថែម​ថា ​លោកមាន​ការ​បារម្ភ​ថា​ ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ការ​ប្រកួត​ប្រជែងសេដ្ឋ​កិច្ច​ក្នុង​តំបន់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​កន្លែង​ហ្នឹង ​ពី​ព្រោះ​យើង​នៅ​ក្នុង​បរិបទ​មួយ​ យើង​កំពុង​ប្រកួត​ប្រជែង​សេដ្ឋកិច្ចជាមួយគេ​ យើង​ផលិត​អី​ក៏​មិនសូវ​ពូកែ​ដូចគេ​ ហើយ​ធន​ធានមនុស្ស​យើង ​យើង​ទៅ​ជួយ​បំពេញ​សេចក្តី​ត្រូវ​ការ​សេដ្ឋកិច្ចរបស់គេ​ទៀត។ ​ អីចឹង​សួរ​ថា​ ចំណុចណា​ទៅ​ដែល​យើង​អាច​ទាញបាន​ផល​ប្រយោជន៍​ពីការ​ប្រកួត​ប្រជែង​ហ្នឹង ​គឺ​ដូច​ជា​មាន​ឱកាសតិច​តួច​បំផុត​សម្រាប់​យើង»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ​ពលករ​ចំណាក​ស្រុកពី​ប្រទេស​កម្ពុជា​មាន​ចំនួន​ត្រឹម​៥​ភាគ​រយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ធ្វើ​ស្រប​នឹង​ជំនាញ​ដែល​ពួកគេ​មាន។ ​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស ​ជាទូទៅត្រូវ​បាន​គេ​ជ្រើសរើស​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​តែ​ប្រភេទ​ការងារដែល​មាន​ប្រាក់​កម្រៃទាប​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ប្រើ​កម្លាំង​កាយ​ច្រើន​ជាង​ជំនាញ​ ពី​ព្រោះពលករទាំង​នោះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ​មិនមាន​បទ​ពិសោធន៍ ​ឬ​មិនមាន​ការ​បណ្តុះ​បណ្តាល​ផ្លូវ​ការ​ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជំនាញ​របស់​ពួកគេ។​

រូបឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ប្រទេស​ថៃ​អំពី​បញ្ហា​ពលករ​ចំណាកស្រុក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ ២០១៧។

លោក ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​កម្ពុជា បាន​អះអាង​ថា ​ការ​លើក​ឡើង​ដែល​ថា ​ការ​ធ្វើ​ចំណាក​ស្រុក​មាន​គុណវិបត្តិ​ច្រើន​ជាង​គុណ​សម្បត្តិ​ជាការ​លើក​ឡើង​ដែល​មិន​បាន​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ។​ លោក​បន្ថែម​ថា ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស ​ធ្វើ​ឲ្យ​ពលករ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ថ្មីៗ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុងអនុវត្តគោល​នយោបាយ​ក្នុង​ការ​ការពារ​ពលករ​ដែល​កំពុង​តែធ្វើការ​នៅក្រៅ​ប្រទេស ​និងក្រោយ​ពេល​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទី១​ យើង​ត្រូវ​មាន​ប្រព័ន្ធ​គាំពារ​បងប្អូន​ពលករ​ដែល​កំពុង​តែ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ល្អ​ នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើការងារ​នៅ​ទីនោះ​ដោយ​ស្រប​ច្បាប់។ ​ហើយ​ទី២​ ប្រសិន​ជាបងប្អូន​វិលត្រឡប់មក​ប្រទេស​កំណើត​វិញ ​ទី១​យើង​ត្រូវ​មាន​សេវា​ផ្តល់​ព័ត៌មាន​ដើម្បី​ឲ្យ​បងប្អូន​ពិចារណា​ថា ​តើមានការងារ​នៅក្នុង​ស្រុក​ណា​ខ្លះ​ដែល​បង​ប្អូន​អាច​ធ្វើ​បាន​ ហើយ​ទី​២ ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជំនាញដែល​បងប្អូន​បាន​ធ្វើការ​នៅ​ទីនោះ»។​

តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា​ ​ ពលករ​ខ្មែរ​ប្រមាណ​១​លាន​៧​ម៉ឺន​នាក់ ​បាន​ស្នាក់​នៅ ​និង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ហើយបាន​ទទួល​ឯក​សារ​ស្របច្បាប់​នៅ​តាម​បណ្ដា​រោងចក្រ ​សហគ្រាស ​លើ​វិស័យ​សំណង់ ​នេសាទ​ និង​កសិកម្ម​ និង​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់ពលករ​កម្ពុជា ​ចុះ​បំពេញ​បេសក​កម្ម​ការងារ​ផ្ដល់​ភាពស្រប​ច្បាប់​ជូន​ពួកគេ​ដល់​ប្រទេស​ថៃ។

ទន្ទឹម​នឹងនេះ ​មាន​ពលករ​ខ្មែរ​ចំណាកស្រុក​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ចូលទៅ​ធ្វើ​ការងារក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​តាមរយៈ​មេខ្យល់ ​ដែល​បង្ក​ឲ្យ​មាន​ការ​ព្រមាន​ចាត់​វិធាន​ការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ពី​ភាគី​ថៃ។​

កន្លង​ទៅ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជិត​១​ពាន់​នាក់​មកពី​បណ្ដា​ប្រទេស​ចំនួន​៩​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​បន្ទាប់​ពី​ពួក​គេ​ជួប​ការ​រំលោភ​សិទ្ធិ​ និង​ការ​លំបាក​នៅ​កន្លែង​ធ្វើការ។ ​ភាគ​ច្រើន​នៃ​ពលរដ្ឋ​រងគ្រោះទាំង​នោះត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ដល់​ទៅ​៣៨២​នាក់ ​និង​ថៃ​១៧១​នាក់ ​ព្រមទាំង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់។​

កាលពី​ខែ​មិថុនា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​កម្ពុជា​មក​វិញ​ចំនួន​ជាង៤​ម៉ឺន​នាក់។​ នៅដើម​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ​ ពលករ​កម្ពុជា​ប្រមាណ​ជា​១​ពាន់​នាក់ ​ដែល​បាន​ចូល​ស្នាក់នៅ ​និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់នៅប្រទេស​ថៃ​ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយ​មានជ័យ ​បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ការ​ផ្ដល់​សុពលភាពឯកសារ​ការងារ​ និង​ធ្វើ​ដំណើរ​ស្រប​ច្បាប់​សម្រាប់​ពលករ​បរទេស​ទាំងអស់​កាល​ពី​ចុង​ខែ​មិថុនា។​

រូបឯកសារ៖ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)

លោក មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(CENTRAL) ​ដែល​តែង​ចុះ​ជួប​ពលករ​នៅ​ក្រៅ​ប្រទេស​ដោយផ្ទាល់បាន​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ​លោក​បន្ថែម​ថា ​ការ​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុកប្រកប​ដោយ​គុណភាព​គឺ​អាចធ្វើតាមរយៈ​ការ​កំណត់​ប្រាក់ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ​សមរម្យ ​ការ​បង្វែរ​ពីការ​ផ្តល់​សម្បទាន​ដីទៅ​ក្រុមហ៊ុន​ជាការផ្តល់​ដី​សម្បទានទៅ​ឲ្យ​ពលរដ្ឋដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ ជាដើម។

លោក​បញ្ជាក់​ថា៖​

«បើកាល​ណា​យើង​ធ្វើ​បែប​ហ្នឹង​គឺថា យើង​អាច​ជួយ​ទប់​ពលរដ្ឋ​យើង​ហ្នឹង​ឲ្យ​គាត់​នៅ​មាន​មុខរបរ​ ហើយ​និង​ការងារ​ក្នុង​ស្រុក​បាន​ ​ជួញជិត​គឺវា​ល្អ​ជាង​ជួញ​ឆ្ងាយ​ហើយ​តែ​បើសិនជា​ជួញ​ជិត​មិន​អាច​ឲ្យ​គាត់​រស់​បាន​ទេ ​អាហ្នឹង​ជាហេតុ​ផល​មួយ​ដែលឲ្យ​គាត់​សម្រេច​ចិត្ត​ប្រថុយ​ប្រថាន​ជួញ​ឆ្ងាយ​វិញ»។

របាយ​ការណ៍​លទ្ធ​ផល​នៃ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពីថ្ងៃទី​១៣ ​ខែ​មីនា​ឆ្នាំ​២០១៨​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារធ្វើ​នៅ​ក្រៅ​ប្រទេស​ដល់​ពលរដ្ឋចំនួន​ជាង​១,២​លាន​នាក់។ ​ក្នុង​ចំណោម​ពលករ​ទាំង​១,២​លាន​នាក់​នោះ ​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ​ចំនួន​ជាង​១​លាន​នាក់​ ​កូរ៉េខាងត្បូងចំនួន​៤​ម៉ឺននាក់​ ប្រទេស​ជប៉ុនចំនួន​៦​ពាន់​នាក់ ​ម៉ាឡេស៊ី​ចំនួន​៣​ម៉ឺននាក់​ ប្រទេស​សិង្ហ​បុរីចំនួន​ជិត​៥០០​នាក់ ​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ចាប់ផ្ដើមទទួល​ពល​ការិនី​ចំនួន​១៥​នាក់។ ​របាយ​ការណ៍ដដែល​នោះក៏​បាន​អះអាងថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ការងារ​ធ្វើ​សរុប​ចំនួន​៩៩,៣%។​

ចំណែក​លោក យ៉េន ​ដែល​កំពុង​រស់​នៅ​ស្រុក​កំណើត​ដោយ​មិន​ទាន់​មានការងារ​ធ្វើនិយាយ​ថា៖​

«ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​រដ្ឋ​យើង​មាន​ការងារ​ធ្វើ​ដូច​ស្រុកគេ ​ស្រុក​គេ​មិន​ខ្វះ​ការងារ​ធ្វើ មិន​បាច់​ចាំ​ទៅ​ណា​ទេ ​ធ្វើតែ​ក្នុង​ស្រុក​ហ្នឹង។ ​វ័យ​ចំណាស់​ណា​ក៏​មាន​ការ​ងារ​ធ្វើ​រហូត​ដល់​រ៉ឺត្រែត ​(ចូល​និវត្តន៍)​ ស្រុក​គេ។ ​ស្រុក​យើង​វា​មិន​មាន​ តែ​ខ្ញុំ​ចង់​បាន​អីចឹង​ មិន​បាច់​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ចំណាក​ស្រុក​គ្រប់​ប្រទេស​អី​ចឹង»៕