លោក ដា អ៊ី មានវ័យ៤៧ឆ្នាំជាបុរសមានមាឌមាំនិងដៃជើងមាំមួន។ កាលពីចុងខែកុម្ភៈ លោកបានចូលរួមជាមួយអ្នកកាន់សាសានារាប់ពាន់នាក់ទៀត ដើម្បីទៅប្រារព្ធពិធីសាសនានៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកថា នៅក្នុងពិធីនេះ ប្រជាពលរដ្ឋដែលកាន់សាសានាជួបជុំគ្នា ដើម្បីថ្វាយបង្គំព្រះ ហូបអាហាររួមគ្នា និងជជែកគ្នាពីនេះពីនោះ។
នៅពេលត្រឡប់មកវិញ លោក ដា អ៊ី ដែលជាអ្នកកាន់សាសនាខ្ជាប់ខ្ជួនម្នាក់ បានក្លាយជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺកូវីដ១៩ជាង៧លាននាក់នៅទូទាំងពិភពលោកតាំងពីជំងឺនេះផ្ទុះឡើងនៅប្រទេសចិន។
លោកត្រូវបានមន្ត្រីសុខាភិបាលខេត្តទាក់ទងដើម្បីធ្វើតេស្តរកជំងឺនេះ កាលពីពាក់កណ្តាលខែមីនា។ នៅពេលនោះលោកថា លោកគ្រាន់តែមានអាការៈ «អស់កម្លាំងខ្លាំង» តែប៉ុណ្ណោះ។ តេស្តបង្ហាញថា លោកមានជំងឺកូវីដ១៩។
លោក ដា អ៊ី ត្រូវបានមន្ត្រីសុខាភិបាលដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តជាមួយអ្នកជំងឺផ្សេងៗទៀត។ លោក ដាអ៊ីត្រូវទទួលទានថ្នាំពីរទៅបីដងជារៀងរាល់ថ្ងៃ។
ក្រោយការព្យាបាលជាងមួយសប្តាហ៍មក លោកត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
«គេសួរយើងថា តើបងឯងក្នុងខ្លួនម៉េចដែរមានល្ហិតល្ហៃមានយ៉ាប់យឺន? ខ្ញុំថា អត់ផង។គេមើលតាមដានជំងឺហើយគេឲ្យថ្នាំលេប»។
លោកបន្ថែមថា៖ «ដល់ពេលយើងលេបទៅ...គេធ្វើតេស្តទៅវាអវិជ្ជមាន អ៊ីចឹងគេឲ្យយើងចេញ[ទៅផ្ទះ]»។
លោកត្រូវបានដាក់ឲ្យនៅដោយឡែកពីសមាជិកគ្រួសាររបស់លោកអស់រយៈពេល១៤ថ្ងៃ។ មន្ត្រីសុខាភិបាល ធ្វើតេស្តលោកម្តងទៀត ក្រោយផុតរយៈពេលនោះ។ លទ្ធផលរបស់លោកអវិជ្ជមាន។ មន្ត្រីសុខាភិបាលប្រាប់លោកថាលោកបានជាសះស្បើយពីជំងឺនេះ។
គិតត្រឹមថ្ងៃច័ន្ទនេះ មនុស្សចំនួន១២៦នាក់ បានឆ្លងជំងឺនេះនៅកម្ពុជា។ លោក ដា អ៊ី ជាអ្នកជាសះស្បើយម្នាក់ក្នុងចំណោមអ្នកជាសះស្បើយ១២៤នាក់នៅកម្ពុជា។
លោក ដា អ៊ី ដែលជាសះស្បើយពីជំងឺនេះ អស់រយៈពេលប្រហែលពីរខែមកហើយនោះ បានប្រាប់ VOA នៅផ្ទះរបស់លោកក្នុងក្រុងបាត់ដំបងកាលពីខែឧសភា អំពីបទពិសោធរបស់លោក ដែលធ្លាប់កើតជំងឺនេះនិងបានជាសះស្បើយឡើងវិញ។លោកប្រាប់វីអូអេអំពីប្រវត្តិធ្វើដំណើររបស់លោកការទទួលការព្យាបាល ផលវិបាកដែលក្រុមគ្រួសាររបស់លោកត្រូវឆ្លងកាត់នៅពេលលោកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យនិងជីវិតក្រោយពេលជាសះស្បើយ។នៅមន្ទីរពេទ្យលោកថ្វាយបង្គំ និងចំណាយពេលតាមដានព័ត៌មាននិងមើលរឿងកំប្លែងតាមអ៊ីនធឺណិតដើម្បីបន្ធូរភាពតានតឹងនៅក្នុងចិត្ត។
លោកថា ប្រជាពលរដ្ឋដែលទៅចូលរួមប្រារព្ធពិធីសាសនានោះ រងការរិះគន់ខ្លាំងបន្ទាប់ពីមានរបាយការណ៍នៃការឆ្លងជំងឺនេះនៅក្នុងសហគមន៍របស់អ្នកដែលបានចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។
«អូ! ប៉ះពាល់ខ្លាំងណាស់ រវាងជនជាតិ…គ្រាន់តែទៅ គេបិទទ្វារអី។ នៅភូមិខ្ញុំ ភូមិសុភី អត់មានគេហ៊ានជិះកាត់។ ដោយសារអាភូមិខាងមុននោះ មានបី បួននាក់ទៀត។ គេគ្រាន់តែឮ ភូមិសុភីគេអត់លក់ឲ្យ គេរត់ចេញ។ ទើបតែឥឡូវទេ គេប្រកាសថា ជាអស់ហើយ បានសភាពស្ងប់ស្ងាត់មកវិញ»។
ក្រៅពីមានការរិះគន់ទៅលើសហគមន៍របស់លោកលោកថាប្រពន្ធនិងកូនរបស់លោកក៏រងការប៉ះទង្គិចផ្លូវចិត្តផងដែរ។ លោក ដាអ៊ី ដែលមានកូនអាយុ១០និង១២ឆ្នាំ និយាយថា លោកផ្តាំគ្រួសារលោកកុំឲ្យទៅសួរសុខទុក្ខលោកនៅមន្ទីរពេទ្យ នៅពេលដែលលោកទទួលការព្យាបាល។
«ក្មេងៗ វាប៉ះពាល់អារម្មណ៍វា។ ពេលខ្លះគ្នាវាក្មេង។ គេ សម្លឹងមើលមុខគ្នាទៅ ធ្វើឲ្យគ្នាភ្ញាក់ផ្អើលធ្វើឲ្យខូចការគិតគ្នាដែរ»។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងប្រាប់ VOA ថា មន្ត្រីសុខាភិបាលនិងប្រជាពលរដ្ឋនៅខេត្តបាត់ដំបងទទួលការអប់រំពីបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងជំងឺនេះទាំងអាការៈជំងឺការឆ្លង និងការមិនមើលងាយអ្នកជំងឺជាដើម។លោកថាលោកនិងលោកអភិបាលខេត្តនេះបានជូនដំណើរអ្នកដែលជាសះស្បើយពីជំងឺនេះទៅផ្ទះវិញ។ ពួកគេណែនាំប្រជាពលរដ្ឋកុំឲ្យមានការរើសអើងទៅលើក្រុមគ្រួសារនិងអ្នកដែលជាពីជំងឺនេះវិញ។
«យើងជជែកគ្នាសព្វគ្រប់ហើយយើងចុះ។ ជាពិសេសខ្ញុំចុះគ្រប់មន្ទីរពេទ្យទាំងអស់ហើយតាមមណ្ឌលមួយចំនួនដើម្បីអប់រំពន្យល់ណែនាំអំពីជំងឺនេះ។កុំឲ្យគាត់ខ្លាច… ឲ្យកម្លាំងពេទ្យនឹងវាក្លាហានសិនពូកែសិនបានអាចទៅអប់រំប្រជាពលរដ្ឋបាន។បន្ទាប់មកយើងចាប់ផ្តើមអប់រំទៅតាមសហគមន៍មានន័យថាទៅតាមសាលារៀន ...អប់រំបន្តនៅពេលដែលកូវីដមកដល់ស្រុកយើង»។
ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា លោកមិនអាចធ្វើឲ្យមនុស្សទាំងអស់មិនរើសអើងតាមការចង់បានរបស់លោកនោះទេ។ លោកនិយាយថា៖
«ខ្ញុំមិនអាចឃាត់មនុស្សដទៃឲ្យធ្វើឬក៏បង្រៀនមនុស្សដទៃឲ្យធ្វើដូចយើងចង់បានទេ។វាតែងតែជួបហើយធម្មតាទេអាហ្នឹង។ចង់និយាយថា យើងពន្យល់យើងអប់រំហើយតែត្រង់ថាបុគ្គលម្នាក់ហ្នឹងគាត់មិនបានស្តាប់មិន បានពន្យល់ហើយចៃដន្យអីក្រុមគ្រួសារហ្នឹងក៏ជួបអ៊ីចឹង ឧទាហរណ៍។ អ៊ីចឹងអាហ្នឹងវាមានហើយ កុំឲ្យអារឿងតូចតាចហ្នឹងជាបញ្ហាក្នុងជីវិត»។
អ្នកស្រី យឹម សុធារី អ្នកជំនាញចិត្តសាស្ត្របានប្រាប់វីអូអេថាក្រៅពីទទួលរងការឈឺចាប់ផ្លូវកាយដែលបង្កដោយមេរោគកូរ៉ូណា អ្នកកើតជំងឺនេះក៏ទទួលរងការប៉ះទង្គិចផ្លូវចិត្តផងដែរ។
«ប៉ុន្តែ បើនិយាយពីផ្លូវចិត្ត សម្រាប់ខ្ញុំ ខ្ញុំគិតថា ប៉ះពាល់ខ្លាំង។ ទីមួយ [កូវីដ] ជាព្រឹត្តិការណ៍គំរាមកំហែងដល់ជីវិតសម្រាប់គាត់។អ៊ីចឹងវាជាការប៉ះទង្គិចផ្លូវចិត្តមួយ។ដោយសារវា ថ្មី អត់ដែលឮ ជាពិសេស វាជាជំងឺរាតត្បាត ជាជំងឺដែលអ្នកណាៗ ក៏និយាយពីវា ហើយឮដំណឹងពីរឿងស្លាប់ច្រើន។ ដូច្នេះការភ័យខ្លាចស្លាប់ ជាសម្ពាធធ្ងន់ធ្ងរមួយសម្រាប់ផ្លូវចិត្តគាត់នៅពេលហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «ហើយហេតុអ្វីបានជាវាជាសម្ពាធធ្ងន់ធ្ងរទៀត គឺព្រោះថា នៅពេលដែលយើងឈឺ អ្នកណាក៏ដោយ យើងត្រូវការ អ្នកជិតស្និទ្ធយើងនៅក្បែរ។ហើយជំងឺនេះ ជាជំងឺដែលមិនឲ្យមានអ្នកនៅក្បែរយើងជិតស្និទ្ធទេ។ អ៊ីចឹង វាផ្ទុយពីអ្វី ដែលគ្រប់គ្នាប្រាថ្នាចង់បាន»។
អ្នកស្រីបន្ថែមថា ប្រជាពលរដ្ឋគួរតែអនុវត្តការរក្សាគម្លាតពីគ្នា ដើម្បីការពារខ្លួនពីការឆ្លងជំងឺនេះប៉ុន្តែអ្នកស្រីថាមុននឹងអនុវត្តការរក្សាគម្លាតពីគ្នា ប្រជាពលរដ្ឋគួរតែ«ពន្យល់»ទៅអ្នកដែលពួកគេប្រាស្រ័យទាក់ទងដើម្បីកុំឲ្យយល់ខុសថា ការធ្វើដូច្នេះថាជាការរើសអើង។
«ធ្វើបាន ប៉ុន្តែសូមពន្យល់ហេតុផល ជាជាងបែបទ្រគោះបោះបោក ឬក៏បង្ហាញទឹកមុខរើសអើងអីអ៊ីចឹងទៅ»។
ក្រោយពីជាសះស្បើយពីជំងឺកូវីដ លោក ដា អ៊ី ក៏ត្រូវប្រឈមនឹងសម្ពាធសេដ្ឋកិច្ចដូចពលរដ្ឋដទៃទៀតនៅក្នុងប្រទេសដែរ។
«គ្រាន់តែថា នៅពេលដែលយើងកើតកូវីដហើយ វាភាពស្ងប់ស្ងាត់។ ដូចជារកស៊ីអី វាអត់ដូចមុន។ ប៉ុន្តែសុខភាពអីធម្មតា អត់អីទេ។ [កាលមុន] អតិថិជនច្រើន ឥឡូវនេះស្ងប់ស្ងាត់។ ដូចថា ពីមុនធ្លាប់រកបានដប់ម៉ឺនឥឡូវរកបានពីរបីម៉ឺន។ ភាគច្រើន ធ្លាក់សេដ្ឋកិច្ច»។
អង្គការសុខភាពពិភពលោកបានកោតសរសើរប្រទេសកម្ពុជាអំពីចំណាត់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
*ដា អ៊ី ជាឈ្មោះដែលប្រភពស្នើសុំដាក់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍របស់លោកពីការរើសអើង