មេដឹកនាំ​កម្ពុជា​ថ្លែង​សារ​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ​ចំ​ខួប​ឡើង​គ្រងរាជ្យ​១៧​ឆ្នាំ​​

រូប​ឯកសារ៖ ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី យាង​ចូល​រួម​ព្រះរាជ្យ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (AP)

នៅ​ថ្ងៃ​សុក្រ​នេះ​ មេដឹកនាំ​និង​មន្ត្រី​ជាន់ខ្ពស់មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើសារ​ថ្វាយ​ព្រះពរ​ជូន​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ព្រះរាជពិធី​ខួប​គម្រប់​១៧​ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​រាជសម្បត្តិ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បង្ហោះ​សារ​ថ្វាយ​ព្រះពរ​នៅ​លើ​ទំព័រ​ហេ្វសប៊ុក​របស់​លោក​ក្នុង​សំណេរ​ដើម​ថា៖ «សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះពរ​បវរ​មហា​ប្រសើរ​សូម​ព្រះករុណា​ជា​អង្គម្ចាស់​ជីវិត ទ្រង់​ស្តេច​ព្រះ​ប្រកប​ដោយ​ព្រះរាជ​សុខភាព​ពេញ​បរិបូរណ៍​ព្រះ​ពលានុភាព​មាំមួន​ក្លៀវក្លា ព្រះបញ្ញា​ញាណ​ភ្លឺថ្នា​វាងវៃ ព្រះជន្មា​យុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​សេ្តច​គង់​ប្រថាប់​គ្រង​ព្រះ​បរមសិរី​រាជសម្បត្តិ​ជា​ម្លប់​ដល់​ប្រជានុរាស្រ្ត​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ»។​

ក្រៅ​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក៏​មាន​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​និង​យោធា​កម្ពុជា​ តួយ៉ាង​ដូចជា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់​ និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​លោក​ ប្រាក់ សុខុន​ បាន​ចេញ​លិខិត​និង​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថ្វាយ​ព្រះពរ​ជូន​ព្រះ​មហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហមុនី​ ក្នុង​ឱកាស​ព្រះរាជពិធី​ខួប​គម្រប់​១៧​ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​រាជសម្បត្តិរបស់​ទ្រង់​ផង​ដែរ។

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ ​នរោត្តម​ សីហមុនី បាន​ឡើង​គ្រងរាជ្យ​សម្បតិ្ត​កាល​ពីថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០០៤ ក្រោយ​ពី​ការ​ដាក់​រាជ្យ​របស់​ព្រះបិតា​ទ្រង់ គឺ​សម្តេច​ព្រះបរមរតនកោដ្ឋ​ព្រះបាទ​នរោត្តម​ សីហនុ។

អំឡុងពេល​គ្រងរាជ្យ​របស់​ព្រះ​អង្គ គេ​សង្កេត​ឃើញ​ថា ព្រះបាទ ​នរោត្តម សីហមុនី ទ្រង់​បាន​រក្សា​ព្រះរាជ​ជំហរ​អព្យាក្រឹតភាព​ក្នុង​កិច្ចការនយោបាយ​នៅ​កម្ពុជា៕