ព្រះ​មហាក្សត្រ​ខ្មែរ​កំណត់​ថ្ងៃទី​២៣​ ខែ​កញ្ញា​ដើម្បី​ប្រជុំ​សភា​ដំបូង

ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ ព្រះ​នរោត្តម​ សីហមុនី​

វ៉ាស៊ីនតោន៖ ក្រោយពី​បាន​ទទួល​លិខិត​ជាផ្លូវការ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​អំពីការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ ព្រះ​នរោត្តម​ សីហមុនី​នឹង​កោះ​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃទី​២៣​ ខែ​កញ្ញា​ខាង​មុខ ​ដើម្បី​ជា​ជំហាន​ឆ្ពោះ​ទៅរក​ការ​បង្កើត​សភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​ដែល​កើត ឡើង​ក្រោយ​ការ​បោះឆ្នោត។

នៅ​ក្នុង​ព្រះ​រាជសារ​ឆ្លើយតប​ទៅ​នឹង​លោកអ៊ឹម សួស្តី​ ប្រធាន​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​ថ្វាយ​ដំណឹង​ដល់​ព្រះមហាក្សត្រ​អំពី​ការ​ប្រកាស​លទ្ធផល​ចុងក្រោយ​នោះ​ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​តាម​ខ្លឹមសារ​ដើម​ថា៖​

«ខ្ញុំ​នឹង​អញ្ជើញបេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នីតិកាល​ទី៥​ទាំងអស់​ប្រជុំ​ ដំបូង​នា​ថ្ងៃទី​២៣ខែ​កញ្ញា​ឆ្នាំ​២០១៣​នៅ​វិមាន​រដ្ឋសភា»។​

លោក​ទេព នីថា ​អគ្គ​លេខាធិការ​នៃ​គ.ជ.ប.​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ គ.ជ.ប.​ពិត​ជា​បាន​ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​ និង​ទទួលព្រះរាជសារ​ពី​ព្រះ​មហាក្សត្រ​មែន។

«ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​ថា​ ព្រះអង្គ​បាន​ទទួល​លិខិត​របស់​គ.ជ.ប.​ដែល​ទូល ថ្វាយ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​បាន​ផ្ញើរ​ថ្វាយ​កាលពី​ថ្ងៃទី៨​ខែ​កញ្ញា។​ ហើយ​លិខិត​ព្រះ​អង្គ​ប្រោះ​ប្រទាន​ឆ្លើយ​មក​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​កញ្ញា»។

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពី​ថ្ងៃ​១២​ខែ សីហា​ដើម្បី​ព្យាបាល​ព្រះរោគ។​ មន្ត្រី​ព្រះ​បរម​រាជវាំង​បាន​អះអាង​ប្រាប់​វីអូអេ​ថា ​ព្រះ​អង្គ​បាន​ដាក់​គម្រោង​ការ​យាង​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១១​ខែ​កញ្ញា​ខាង​មុខ​នេះ។​

តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ព្រះមហាក្សត្រ​ត្រូវ​កោះ​ប្រជុំ​សមាជិក​សភា​ដែល​ ជាប់ឆ្នោត​ដំបូង​៦០​ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​ ២០១៣​ និង​ក្រោយ​ពី​លទ្ធផល​ផ្លូវការ​ចុងក្រោយ​បាន​ប្រកាស​ដោយ​គ.ជ.ប.។​

គណបក្ស​ជំទាស់​ដែល​ជាប់​ឆ្នោត​ក្នុង​លំដាប់​លេខ​ពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ ខ្លួន​នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ដំបូង​ទេ ​មុន​ពេល​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះឆ្នោត​ដែល​គេ​ចាត់​ទុក​ថា​ មាន​ការ​លួច​បន្លំ​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ផង​នោះ​ មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ មាន​តម្លាភាព​និង​យុត្តិធម៌។​ ការ​មិន​ចូល​ប្រជុំ​សភា​ដំបូង​នេះ​ត្រូវ​គេ​គិត​ថា ​អាច​ធ្វើ​ឲ្យ​ការ​បង្កើត​សភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​គាំង​ដំណើរលើក​លែងតែ​គណបក្ស​កាន់ អំណាច​បង្ខំ​ចិត្ត​បង្កើត​ឡើង​ហើយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ដ៏​ទូលំទូលាយ។​

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ថា ​ដំណោះ​ស្រាយ​ ដោយ​យុត្តិធម៌​គួរ​ត្រូវ​កើត​ឡើង​ដើម្បី​បញ្ចប់​បញ្ហា​គាំង​ដំណើរ​នយោបាយ។​

«បើ​សិន​គេ​មិន​ដោះស្រាយ​រហូត​ដល់​ថ្ងៃ​គេ​ប្រជុំសភា​ គឺ​យើង​មិន​ចូល​រួម​ប្រជុំ​ទេ​ បើ​គ្មាន​ដំណោះ​ស្រាយ​យុត្តិធម៌​ រកការ​ពិតជូន​ប្រជា​ពលរដ្ឋ។​ យើង​បាន​ធ្វើ លិខិត​ទៅ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បីទូល​លោក​ហើយ​ ដូច​ដែល​យើង​ធ្លាប់ ដាក់​ញ្ញត្តិ​ ដូច​ញ្ញត្តិ​បាតុកម្ម​ដាក់​ថ្វាយ​លោក​ពី​រឿង​សុំ​ឲ្យ​លោក​អន្តរាគមន៍​ដើម្បី​ រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។​ ហើយ​បើអត់​រកយុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ទេ​គឺយើង​ បាន​សម្រេចក្នុង​ថ្នាក់​ដឹកនាំ​យើង​ ហើយ​ថា ​យើង​អត់​អាច​ចូល​ប្រជុំ​សភា​លើក​ដំបូង​នោះ​ទេ»។​

បើ​តាម​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចុង​ក្រោយ​របស់​គ.ជ.ប. ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​អាសនៈ​ ដែល​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​៥៥​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​សភា​សរុប។​

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​មាន​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត ​ស្រាវ​ជ្រាវ​អំពី​ភាពមិន​ប្រក្រតី​នានា​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ច្រកចេញ​ដើម្បី​ទម្លុះទម្លាយភាព​ទាល់​ចក្រ​នយោ បាយ​មួយ​ត្រូវ​គេ​មើល​ឃើញ​ថា​ គឺ​ជា​ជំនួប​កំពូល​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ ដែល​ទំនង​ជា​តាម​រយៈ​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ នឹង​ចូល​គាល់​ព្រះ​អង្គ​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​ព្រះអង្គយាង​ទៅ​ដល់​កម្ពុជា៕