ព្រះមហាក្សត្រ​លើកលែង​ទោស​លោក​សម រង្ស៊ី​តាម​ការស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី

លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ

ភ្នំពេញ៖ បន្ទាប់ពី​និរទេស​ដោយ​ខ្លួន​ឯង​ទៅ​នៅ​ឯក្រៅ​ប្រទេស​ចំនួន​ជិត​៤​ឆ្នាំ​នៅទី​បំផុត​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​គឺ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​បាន​ប្រទាន​ការលើក​លែង​ទោស​ដល់​លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​បើក​ផ្លូវ​ឱ្យលោក​បាន​ចូលរួម​បោះឆ្នោត។​ ក៏ប៉ុន្តែ​មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ហៅ​កាត់ថា​គ.ជ.ប​បាន​និយាយ​ថា​លោក​ សម រង្ស៊ី​នៅ​តែ​មិន​អាច​ចូលរួមបោះឆ្នោត​និង​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​បាន​ទេ។​

នៅ​ក្នុង​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ដោយមាន​ស្នាម​ឡាយ​ព្រះហស្ថ​លេខា​របស់​ព្រះករុណា។​ដែល​VOA​ទទួល​បាន​នៅថ្ងៃ​សុក្រ​នេះ​បាន​ត្រាស់​បង្គាប់​លើក​លែង​ទោស​ឱ្យទណ្ឌិត​ឈ្មោះ​ សម រង្ស៊ី​ អាយុ​៦២​ឆ្នាំ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តាម​អំណាច​សាល​ក្រម​របស់​តុលាការ​កំពូល​កាលពី​ខែមិនា​ឆ្នាំ​២០១១​និង​សាលា​ឧទ្ធរណ៍​កាល​ពី​ខែកញ្ញា​ឆ្នាំ​២០១១។

ការ​សម្រេច​ព្រះ​ទ័យ​លើក​លែង​ទោស​របស់​ព្រះ​មហាក្សត្រ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​មួយកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រវាង​មន្ត្រី​ស្និទ្ធ​និង​គណបក្ស​គ្រប់​គ្រង​អំណាច​និង​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។​

ក្រោយពី​មាន​ការសម្រប​សម្រួល​អស់​រយៈពេល​ជាច្រើន​ម៉ោង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​សរសេរ​លិខិត​មួយ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ដោយបាន​បញ្ជាក់ថា​យោង​លើស្មារតី​បង្រួប​បង្រួម​ជាតិ​ ការផ្សះផ្សា​ជាតិ​ និង​ដើម្បី​ឱ្យការបោះ​ឆ្នោត​ប្រព្រឹត្តទៅ​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដោយមាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​ចូលរួមទើប​លោក​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក​ សម រង្ស៊ី។ ​នេះ​បើ​តាម​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

លិខិត​ស្នើសុំ​លើក​លែង​ទោស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​សរសេរ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​និងព្រះរាជក្រឹត្យ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​និង​ចុះ​ហត្ថ​លេខាចេញ​ក្នុង​ថ្ងៃតែ​មួយ​គឺ​នៅ​ថ្ងៃ​ទី​១២​ខែកក្កដា​ដូចគ្នា។​
លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មកថា​លោក​ទើប​បាន​ទទួល​លិខិត​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ។​លោក​បាន​និយាយ​ថា​លោក​កំពុង​រៀប​ចំពេល​វេលា​និង​វិល​មក​កាន់​កម្ពុជា​ឱ្យបានមុន​ពេល​បោះឆ្នោត។​

លោក​និយាយថា៖​«​ខ្ញុំ​មិន​មែន​សប្បាយ​ចិត្ត​សម្រាប់​ខ្លួន​ឯងទេ​ សប្បាយ​ចិត្ត​សម្រាប់​ប្រទេស​កម្ពុជា​ពីព្រោះ​នេះជា​សញ្ញា​ល្អថា​យើង​ទាំង​អស់​គ្នា​ដើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះ​ផ្សា​ជាតិ​ ការ​បង្រួប​បង្រួមជាតិ​ធ្វើ​ឱ្យជាតិ​យើង​មាន​ឯក​ភាព​រឹង​មាំ ​ ធ្វើ​ឱ្យប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​គោរព​ហើយ​ដូច្នេះ​ជាលក្ខណៈ​ចាំបាច់​ដើម្បី​កសាង​ប្រទេស​យើង​ ឱ្យមាន​ភាព​រុង​រឿង​ដូច​យើង​ចង់​បាន​ទាំង​អស់​គ្នា»។​

លោកសម រង្ស៊ី ​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១០ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គ្រោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ ក្លែង​ឯកសារ​សារធារណៈ។​

ការ​កាត់​ទោស​លោក​សម​ រង្ស៊ី​ ត្រូវ​បាន​លោក​ សម រង្ស៊ី ​ផ្ទាល់​ចាត់​ទុក​ថា​ជារឿង​នយោ​បាយ​ដែល​ទាម​ទារ​ឱ្យមាន​ការ​ដោះ​ស្រាយ​តាម​បែប​នយោបាយ។​

នៅ​ក្នុង​ចុង​សប្តាហ៍​មុន​នេះ​លោក​ សម រង្ស៊ី​បាន​ប្រកាស​ថា​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​មុន​ការបោះ​ឆ្នោត​ហើយ​លោក​មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល។ ការ​ប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធមក​រដ្ឋាភិបាល​កម្ពុជា ​ជា​បន្ត​បន្ទាប់ដើម្បី​អនុញ្ញាត​ឱ្យមេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​បោះឆ្នោត។​

លោក​ បណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថា​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ជា​សញ្ញា​វិវត្តន៍​ វិជ្ជមាន​មួយ​ដ៏ល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖«​ដោយ​ហេតុ​ថា​បើសិន​ជា​អត់​មាន​ការ​លើក​លែង​ទោស​ហើយ​ខ្ញុំ​គិត​ថា​លោក​នឹង​ត្រឡប់​ដូច​តាម​គម្រោង​ហ្នឹង​យើង​អាច​មាន​ការ​ច្របូក​ច្របល់​នៅ​ក្នុង​សង្គម​យើង​ដោយ​សារ​ហេតុ​អ្វី​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​គាំទ្រពី​គណបក្ស​ដែល​លោក​សម រង្ស៊ី​ដឹក​នាំ​កាន់​តែច្រើន​ទៅៗ»។​

លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គ.ជ.ប​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បេក្ខជន​អ្នក​តំណាង​រាស្ត្រ​អណត្តិ​ទី​៥ឆ្នាំ​នេះ​ហើយ​ក៏មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដែរ​បន្ទាប់​ពីតុលាការ​រក​ឃើញ​ថា​លោក​មាន​ទោសកំហុស។​

លោក​ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គ.ជ.ប​មាន​ប្រសាសន៍​ថា​បើទោះបីជា​លោក​សម រង្ស៊ី​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ក៏​ដោយ។​យោង​តាម​ច្បាប់​បោះឆ្នោត​ លោក​ សម រង្ស៊ី​នៅ​តែមិន​អាច​ចូល​រួម​ការបោះ​ឆ្នោត​បាន​និង​ឈរ​ជាបេក្ខជន​តំណាង​រាស្រ្ត​ទេ៕