កញ្ញា ឃ្លាំង គីមហួយ ជាអ្នកយកព័ត៌មានក្នុងស្រុកមួយរូប។ កញ្ញាបានធ្លាប់បានប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីសម្រួលដល់ការងាររបស់កញ្ញា ដូចជាការជួយពិនិត្យវេយ្យករណ៍នៅពេលដែលកញ្ញាសរសេរអត្ថបទជាភាសាអង់គ្លេស។
កញ្ញាថ្លែងថា៖ «មែនទែនទៅខ្ញុំស្គាល់ AI យូរហើយ ក៏ប៉ុន្តែក្នុងការសាកល្បងសរសេរព័ត៌មានប្រើ AI ហ្នឹង ខ្ញុំចាប់ផ្តើមដូចជាខែមីនា តែដូចយើងដឹងស្រាប់ហើយ ChatGPT គឺអត់ទាន់ទូលំទូលាយទេ អាចនិយាយបានថា មិនទាន់អាចប្រើជាអក្សរខ្មែរអីបាន អ៊ីចឹងសម្រាប់ការសរសេរព័ត៌មានហ្នឹង គឺនៅពេលដែលខ្ញុំសរសេរអត្ថបទជាភាសាអង់គ្លេសដែលខ្ញុំប្រើ AI»។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI បានធ្វើការវិវត្តបច្ចេកវិទ្យាកាន់តែខ្លាំង មានភាពជឿនលឿន និងមានមុខងារទូលំទូលាយជាងមុន ដែលអាចឲ្យគេកែច្នៃយកទៅប្រើប្រាស់នៅក្នុងវិស័យកាន់តែទូលាយ ហើយដែលមានសក្តានុពលបង្កើតជាមុខងារស្វ័យប្រវត្តិជំនួសការងាររបស់មនុស្សបានកាន់តែច្រើនជាងមុន។
នាពេលថ្មីៗ ក្រុមហ៊ុន Google បានឱ្យដឹងថា ពួកគេបាននឹងកំពុងពង្រឹង និងដាក់សាកល្បងឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដែលឱ្យពួកគេសរសេរអត្ថបទព័ត៌មាន និងធ្វើជាអ្នកអត្ថាធិប្បាយព័ត៌មានជាដើម។
ចំណែកឯលោក ភួង វ៉ាន់ថា អ្នកយកព័ត៌មានឱ្យអង្គភាពសារព័ត៌មាន Cambodiness ប្រាប់វីអូអេថា លោកមើលឃើញពីការជួយពន្លឿនការងារដល់អ្នកសារព័ត៌មានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI។ លោកថា លោកមិនធ្លាប់ប្រើប្រាស់ AI ក្នុងការសរសេរអត្ថបទព័ត៌មានឡើយ ប៉ុន្តែលោកមើលឃើញពីអត្ថប្រយោជន៍ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះអាចសរសេរអត្ថបទខ្លីៗបាន។
លោកថ្លែងថា៖ « យើងអាចនិយាយថា វាអាចសម្រួលការងារ តែវាមិនអាចជំនួសអ្នកកាសែតបានទេ ហើយសម្រួលនេះខ្ញុំចង់សំដៅដូចថាព័ត៌មានបែប Hot News [ព័ត៌មានទាន់ហេតុការណ៍] បែបក្តៅហ្នឹងយើងអាចបញ្ចូលទន្និន័យទៅ វាអាច Generate [ដំណើរការ] អត្ថបទឱ្យយើង។ ប៉ុន្តែសម្រាប់បទយកការណ៍ ឬក៏អត្ថបទបែបស៊ីជម្រៅចង់មិនចង់ត្រូវតែមានអ្នកសារព័ត៌មានដែលជាមនុស្សដើម្បីទៅធ្វើដដែល ពីព្រោះ AI មិនអាចស្វែងមិនអាចស្វែងយល់ មិនអាចសង្កេត មិនអាចមើលពីទិដ្ឋភាពនៃព័ត៌មានទាំងមូល របៀបនៃការរាយរាប់ ឬក៏សរសេរលម្អិតអំពីស្ថានភាព ឬក៏អត្ថបទដែលយើងគ្រោងនឹងធ្វើនោះទេ»។
យ៉ាងណាមិញ អ្នកសារព័ត៌មានវ័យ ៣១ ឆ្នាំ រូបនេះបន្តថា បើទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះអាចសម្រាលបន្ទុក និងពន្លឿនការងារអ្នកសារព័ត៌មានក៏ពិតមែន ប៉ុន្តែវានៅតែត្រូវការមនុស្សដែលជាអ្នកសារព័ត៌មានត្រួតពិនិត្យមើលដដែល។
លោកថ្លែងថា៖ «ជារួម AI មិនមែនជាអ្នកធ្វើព័ត៌មានខ្លួនឯងទេ វាត្រូវការអ្នកដែលប្រើវា ដូចថាអ្នកសារព័ត៌មានមិនត្រូវស្រង់ទិន្នន័យ មិនត្រូវប្រមូលទិន្នន័យ មិនត្រូវធ្វើគ្រប់យ៉ាង ហើយគ្រាន់តែបញ្ចូលទិន្នន័យហ្នឹងទៅ វាគ្រាន់តែជួយរៀបជាខ្លោងឃ្លា ប្រយោគ អ៊ីចឹងចង់មិនចង់វានៅតែត្រូវការអ្នកសារព័ត៌មានដែលជាមនុស្សហ្នឹងគ្រប់គ្រងធ្វើ អ៊ីចឹងតុល្យាភាពអីហ្នឹង វានៅតែត្រូវការអ្នកកាសែតយើងដែលជាមនុស្សដើម្បីសម្រេចដើម្បីធ្វើ»។
សារព័ត៌មានបានវិវត្តន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារព័ត៌មានពលរដ្ឋ ធ្វើឱ្យបណ្តាញព័ត៌មានប្រពៃណីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី។ ខណៈពេលដែលមានការប្រកែកថា ការផ្លាស់ប្តូរនេះធ្វើឱ្យខូចដល់ភាពជឿជាក់ និងវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន ក្រុមអ្នកជំនាញសារព័ត៌មានថា អ្នកសារព័ត៌មានអាជីពត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ និងឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ធានានូវភាពត្រឹមត្រូវ និងគណនេយ្យភាព។ បន្ថែមលើនេះ នៅក្នុងយុគសម័យដែលព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតកំពុងកើនឡើង តួនាទីរបស់អ្នកសារព័ត៌មានកាន់តែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មានដែលអាចទុកចិត្តបានដល់សាធារណជន។
កញ្ញា ឃ្លាំង គីមហួយ ដែលមានអាយុ២២ឆ្នាំ បានប្រលូកចូលធ្វើជាអ្នកសារព័ត៌មានប្រមាណមួយឆ្នាំជាងនោះ បានឱ្យដឹងថា ជាទូទៅការសរសេរអត្ថបទព័ត៌មានមូយត្រូវពឹងផ្អែកទៅឯកសារពាក់ព័ន្ធនានា ការសម្ភាសន៍ប្រភព និងការចុះផ្ទាល់ និងសង្កេតពីទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដែលកើតឡើងដើម្បីយកមកសរសេរជាអត្ថបទព័ត៌មាន។ សម្រាប់កញ្ញា គីមហួយ បញ្ញាសិប្បនិម្មិតត្រឹមតែជាឧបករណ៍មួយ ហើយការសរសេររបស់វាគឺផ្អែកទៅលើទិន្នន័យដែលមនុស្សផ្តល់ឱ្យប៉ុណ្ណោះ។
កញ្ញាថ្លែងថា៖ «ខ្ញុំយល់ឃើញថា AI អាចជំនួសការងាររបស់អ្នកសារព័ត៌មានបាន តែជំនួសបានតែមួយផ្នែកទេមិនទាំងស្រុងទេ ពីព្រោះអី AI គ្រាន់តែជាឧបករណ៍មួយ វាមិនមែនជាមនុស្សដែលអាចទៅរាយការណ៍នៅកន្លែងកើតហេតុ ឬក៏ទៅសម្ភាសន៍គេបានទេ លទ្ធផលរបស់ AI គឺផ្អែកទៅលើគំរូ និងទិន្នន័យជាជាងបទពិសោធន៍ផ្ទាល់ខ្លួន ឬការរាយការណ៍ស៊ើបអង្កេត។ ហើយយើងត្រូវដឹងថាខ្លឹមសារដែលបង្កើតដោយ AI ហ្នឹងលទ្ធផលគឺនៅតែត្រូវការមនុស្សដើម្បីត្រួតពិនិត្យ និងកែសម្រួលដដែលទេ ព្រោះធានាបាននូវភាពត្រឹមត្រូវ និងគុណភាព»។
កញ្ញាបន្ថែមថា ការសរសេររបស់បញ្ញាសិប្បនិម្មិតគឺមិនមានតុល្យភាពនោះទេ ដោយសារតែបច្ចេកវិទ្យានេះត្រូវបានបញ្ជាឱ្យសរសេរទៅតាមការចង់បានរបស់មនុស្សតែប៉ុណ្ណោះ។
កញ្ញាថ្លែងថា៖ «ខ្ញុំគិតថាការសរសេរដោយ AI អត់មានតុល្យភាពទាំងស្រុងទេ ព្រោះវាត្រូវបានបញ្ជាដោយមនុស្សដដែលហ្នឹង ឥឡូវឧទាហរណ៍យើងសរសេរទៅលើប្រធានបទមួយហ្នឹង ហើយប្រធានបទមួយហ្នឹងប្រសិនបើយើងបញ្ជាគិតក្នុងផ្លូវវិជ្ជមាន វានឹងសរសេរបែបវិជ្ជមាន។ តែប្រសិនបើយើងឱ្យវាសរសេរលក្ខណៈជាភាពអវិជ្ជមាន វានឹងសរសេរអវិជ្ជមានហើយ អ៊ីចឹងវានៅតែតាមការបញ្ជារបស់មនុស្សដដែលទេ»។
អ្នកជំនាញខាងបញ្ញាសិប្បនិម្មិត និងជានាយកប្រចាំប្រទេសនៃ Konrad-Adenauer-Stiftung Cambodia (KAS Cambodia) លោក Jason Chumtong បានលើកឡើងថា មនុស្សបានចាប់ផ្តើមប្រើប្រាស់បចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតតាំងយូរណាស់មកហើយ ដោយតាមរយៈការលេងវីដេអូហ្គេម។ លោកបន្តថា បញ្ញាសិប្បនិម្មិត AI នាពេលបច្ចុប្បន្នត្រូវបានប្រើក្នុងភាពទូលំទូលាយ ក្នុងនោះមានដូចជា ChatGPT ដែលជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលពេញនិយមជាងគេ។
លោកបញ្ជាក់ថា អ្នកដែលបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI អាចនឹងទទួលបានអត្ថប្រយោជន៍ និងតាមទាន់បច្ចេកវិទ្យាថ្មីៗជាងអ្នកដែលមិនសាកល្បងប្រើ។
លោកថ្លែងថា៖ « ជាការពិតណាស់នាពេលបច្ចុប្បន្ននេះ វាកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ AI។ មានកម្មវិធី AI ជាច្រើននៅលើអ៊ីនធឺណិតដែលអ្នកអាចទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃ។ ខ្ញុំគិតថាកម្មវិធីដែលពេញនិយមបំផុតនោះគឺកម្មវិធី ChatGPT ហើយមនុស្សជាច្រើនអាចប្រើវាដើម្បីទទួលបានផលប្រយោជន៍ ដែលនេះមានន័យថាអ្នកផ្សេងទៀតអាចនឹងខាតបង់ផលប្រយោជន៍។»។
បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងការសរសេរអត្ថបទខ្លីៗ ប្រើប្រាស់ដើម្បីក្នុងការសម្រួល និងពិនិត្យវេយ្យករណ៍ជាដើម។ បច្ចេកវិទ្យា AI ក៏ត្រូវបានលើកឡើងមកនិយាយ និងប្រើប្រាស់ជាច្រើននៅតាមស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួនដូចជា the New York Times, Washington Post, Los Angeles Times, Associated Press ហើយទីភ្នាក់ងារព័ត៌មាន Xinhua បានបង្កើតអ្នកធ្វើបទបង្ហាញព័ត៌មានពី AI ផងដែរ។
យ៉ាងណាមិញ ស្ថាបនិកគម្រោង Code For Girls និងជានិស្សិតជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត AI កញ្ញា រិទ្ធិ សុវណ្ណដាលីន អះអាងថា បច្ចេកវិទ្យា AI នៅក្នុងពេលបច្ចុប្បន្នមិនអាចទាន់មានសមត្ថភាពលើលអ្នកសារព័ត៌មានជាមនុស្សបាននៅឡើយទេ ប៉ុន្តែកញ្ញាលើកឡើងថា អ្នកជំនាញបាននឹងកំពុងពង្រឹងសមត្ថភាពក្នុងការធ្វើឱ្យបច្ចេកវិទ្យា AI អាចមានភាពទាក់ទាញ ជាពិសេសអ្នកអានព័ត៌មានដែលធ្វើឡើងពីបញ្ញាសិប្បនិមិ្មតដែលអាចនឹងមានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយទស្សនិកជន។
កញ្ញាថ្លែងថា៖ «ប៉ុន្តែនាពេលអនាគត មានអ្នកសរសេរកម្មវិធី និងអ្នកជំនាញបញ្ញាសិប្បនិម្មិតកំពុងតែធ្វើការទៅលើបញ្ហាទាំងអស់ហ្នឹង ហើយគេព្យាយាមជួសជុលចំណុចមួយដែលខ្វះខាតហ្នឹង អ៊ីចឹងខ្ញុំគិតថាបើចម្លើយខ្ញុំ វាមិនទាន់អាចជំនាស់ការងារអ្នកសារព័ត៌មាន១០០%បានទេ ប៉ុន្តែនាពេលអនាគតវានឹងអាច»។
ប៉ុន្តែសម្រាប់លោក Jason វិញ លោកនៅតែបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនឹងមិនអាចជំនួសការងាររបស់អ្នកព័ត៌មានបានឡើយ។
លោកថ្លែងថា៖ «ខ្ញុំមិនគិតដូច្នេះទេ ខ្ញុំមិនគិតថា AI អាចជំនួសអ្នកកាសែតមនុស្សបានទេ។ បើក្រឡេកមើលការងារអ្នកកាសែត វាមិនមែនគ្រាន់តែការសរសេរទេ។ ការសរសេរ AI ក៏អាចធ្វើបានដែរ ប្រសិនបើ AI សរសេរបានល្អ វាអាស្រ័យលើអ្នកក្នុងការសម្រេច។ ប៉ុន្តែ AI មិនអាចចេញទៅក្រៅក្នុងធ្វើការសម្ភាសន៍ និយាយជាមួយមនុស្ស ហើយសម្លឹង និងព្យាយាមឆ្លុះបញ្ចាំង ពីរនេះទៅមិនរួចសម្រាប់ AI ហើយខ្ញុំគិតថាវាជាធាតុដ៏សំខាន់ណាស់សម្រាប់អ្នកកាសែត»។
បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានការកើនឡើង និងជឿនលឿនផងនោះ អ្នកសារព័ត៌មាននៅតែគិតថា បញ្ញាសិប្បនិម្មិតនឹងមិនអាចជំនួសការងាររបស់ពួកគេឡើយ ដោយពួកគេទាំងនោះអះអាងថា អ្នកសារព័ត៌មាននៅតែជាតម្រូវការចាំបាច់សម្រាប់ផលិតមាតិកាព័ត៌មានជូនទស្សនិកជន។
លោក ភួង វ៉ាន់ថា ថ្លែងថា៖ «ប៉ុន្តែគេនៅតែត្រូវការអ្នកសារព័ត៌មានដើម្បីផលិតរឿងហ្នឹងហើយឱ្យ AI អានជំនួស ឬធ្វើបទបង្ហាញជំនួស ប៉ុន្តែវានៅតែអ្នកសារព័ត៌មានក្នុងការធ្វើព័ត៌មានឱ្យស៊ីជម្រៅ ឱ្យទៅតាមគោលការណ៍ព័ត៌មាន និងវិជ្ជាជីវៈដដែលហ្នឹង»៕