លោក ងិន ស៊ីថា ជាជាងជួសជុលរថយន្តនៅយានដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីចប់បាក់ឌុបឆ្នាំ ២០១៥ ស៊ីថា បានចូលរៀននៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងខេត្តបន្ទាយមានជ័យ ផ្នែកគ្រប់គ្រង។ ក្រោយរៀនបានរយៈពេលពីរឆ្នាំ ស៊ីថា ក៏ឈប់រៀនដោយសារមិនដឹងអំពីគោលដៅជាក់លាក់។
កំពុងអង្គុយក្នុងយានដ្ឋានដែលខ្លួនកំពុងធ្វើការ បុរសវ័យ ២៧ ឆ្នាំរូបនេះ និយាយថា៖ «មូលហេតុដែលខ្ញុំបញ្ឈប់ការសិក្សាហ្នឹង ដោយសារតែយើងអត់ទាន់មានគោលដៅអីច្បាស់លាស់ ទី១។ ទី២ កាលណាយើងអត់ទាន់មានគោលដៅច្បាស់លាស់ យើងរៀនដឹងតែរៀន ដល់ពេលយើងរៀនអត់ដឹងធ្វើអី យើងគិតមើលថា បើយើងរៀនចេះតែរៀនអ៊ីចឹង វាអត់មានការងារធ្វើផ្សេងៗទេ ទី១។ ទី២ យើងចូលចិត្តឡាន។ ហើយណាមួយវិស័យឡានហ្នឹង បើយើងក្រឡេកមើលតាមប្រទេសជុំវិញយើង ឬក៏ប្រទេសយើងហ្នឹងក៏វាសម្បូរដែរ ណាមួយអាចនិយាយថា វាពេញនិយម»។
នៅឆ្នាំ ២០១៨ ស៊ីថា បានធ្វើដំណើរមកភ្នំពេញ ដើម្បីរៀនជួសជុលរថយន្ត។ រៀនបណ្តើរ ស៊ីថា បានអនុវត្តការជួសជុលរថយន្តបណ្តើរ រហូតក្លាយជាជាងជួសជុលរថយន្តមកដល់សព្វថ្ងៃ។
ស៊ីថា ដែលមានសម្បុរស្រអែម មាឌមាំ លើកឡើងអំពីប្រយោជន៍នៃការរៀនវិជ្ជាជីវៈថា៖ «យើងរៀនចប់ទៅ ទី១ យើងមានជំនាញផ្ទាល់ខ្លួន ហើយយើងអាចសម្រេចចិត្តបានថា តើយើងគួរតែនៅធ្វើការបន្ត ឬមួយក៏យើងចេញរកខ្លួនឯង? តែបើយើងរៀននៅសាកលវិទ្យាល័យ យើងគេចមិនរួចពីនៅតែធ្វើការទេ។ ភាគច្រើនពួកម៉ាកខ្ញុំរៀនខាងធនាគារ ឥឡូវគាត់ឡើងជាប្រធានផ្នែកអីផ្សេងៗ។ ពេលខ្ញុំជួបគាត់ គាត់តែត្អូញពីផលលំបាកអ៊ីចេះៗ ទី១។ ទី ២ ក្រៅពីការងារហ្នឹង បើសិនជាឱ្យគាត់ឈប់ពីការងារហ្នឹងគាត់អត់ដឹងធ្វើអីបានទៀតទេ។ បើដូចខ្ញុំអត់អីទេ ខ្ញុំទិញសោតែមួយកញ្ច្រែងដាក់នៅផ្ទះក៏ខ្ញុំអាចចិញ្ចឹមកូនខ្ញុំរស់ដែរ»។
ការជ្រើសយកជំនាញវិជ្ជាជីវៈជាអាជីព បានជួយឱ្យយុវជនជាច្រើនដែលធ្លាក់បាក់ឌុប និងយុវជនមួយចំនួនដែលមិនមានគោលដៅការងារច្បាស់លាស់ដូចជា លោក ងិន ស៊ីថា ទទួលបានការងារល្អ និងមានប្រាក់កម្រៃសមរម្យ។
កំពុងស្វែងរកថ្នាក់ចូលរៀននៅខាងមុខវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម យុវជន នី រ៉ូត សិស្សសិក្សាជំនាញជួសជុលបរិក្ខាត្រជាក់ លើកឡើងថា លោកជ្រើសរើសរៀនជំនាញវិជ្ជាជីវៈនេះ បន្ទាប់ពីធ្លាក់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២២។
យុវជនវ័យ ១៨ ឆ្នាំរូបនេះបន្តថា ការរៀនវិជ្ជាជីវៈអាចផ្តល់ការងារ និងមុខរបរសម្រាប់លោកដោយមិនចាំបាច់ត្រូវរៀនបរិញ្ញាបត្រ។
«យើងអាចរៀនទៅ បើថាយើងចេះទៅ យើងអាចបើកហាងលក់ក៏បានដើរ។ យើងដើរធ្វើឱ្យគេធ្វើអីទៅ»។
យុវជន នី រ៉ូត បានថ្លែងបន្ថែមថា ប្រសិនបើមិនមានសាលាវិជ្ជាជីវៈ នោះលោកមិនដឹងថាគួរតែរៀនអ្វីនៅទីណានោះទេ។
«បើថាអត់មាន [សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ] អត់ដឹងទៅខាងណាដែរ បើយើងធ្លាក់បាក់ឌុបអ៊ីចឹង។ បើយើងមាន [សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ] អ៊ីចឹងទៅ យើងអាចមករៀនបាន»។
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រដែលគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ប្រមាណជា ១ លាន ៥ សែននាក់ ដោយឥតគិតថ្លៃ។ លោកក៏បានថ្លែងថា រដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនក្រីក្រទាំងនោះជាប្រចាំខែ ចាប់ពីដើមឆ្នាំ ២០២៤ តទៅ។
លោកបញ្ជាក់ថា៖ «យើងយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យគាត់ថែមទៀត ធ្វើម៉េច បណ្ដុះបណ្ដាលធនធានមនុស្ស បើយើងដោះស្រាយក្នុងរង្វង់មួយលានប្រាំសែននាក់នេះ ខ្ញុំគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។
បើតាមលោកនាយករដ្ឋមន្ត្រី កម្ពុជាមានសក្ដានុពលដោយសារមានមនុស្សវ័យក្មេងច្រើន ប៉ុន្តែសមត្ថភាពនៅមានកម្រិត។ ដូច្នេះលោកថា ការបង្កើតឱ្យមានការបណ្តុះបណ្តាលយុវជនក្រីក្រនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារការងារ និងដើម្បីទាក់ទាញវិនិយោគ។
លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ក្រសួងការងារកំពុងរៀបចំផែនការក្នុងការបណ្តុះបណ្តាល និងប្រាក់ឧបត្ថម្ភសម្រាប់យុវជនគោលដៅ បន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី។
លោកថ្លែងថា៖ «ឥឡូនេះក្រសួងជំនាញគឺយើងរៀបចំជាកម្មវិធីថា ក្នុងមួយឆ្នាំ យើងអាចបណ្តុះបណ្តាលបានប៉ុន្មាន នៅទីកន្លែងណាខ្លះ យើងមានសាលាបណ្តុះបណ្តាល ហើយជំនាញអ្វីខ្លះ យើងរៀបចំជូនគាត់ យើងត្រៀមគ្រូយ៉ាងម៉េចអីយ៉ាងម៉េច គឺយើងត្រៀមអ៊ីចឹង។ ហើយប្រហែលជាឆាប់ៗហ្នឹង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈអាចជួបជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សារឿងថវិការក្នុងការអនុវត្តកម្មវិធីនេះ»។
លោកបានថ្លែងប្រាប់វីអូអេបន្ថែមថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោក ថង សាម៉ុន ថ្លែងថា៖ «កម្មវិធីនេះវាល្អ សម្រាប់ផ្តល់ជូនពួកគាត់នូវឱកាសបានសិក្សារៀនសូត្រនូវជំនាញ។ ពេលដែលគាត់បានរៀនសូត្រជំនាញហើយ គាត់អាចចូលក្នុងទីផ្សារការងារដោយមានជំនាញ ហើយគាត់អាចប្រកបរបរដោយខ្លួនឯងបន្ថែមទៀតបាន»។
បើតាមលោក ថង សាម៉ុន គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដែលចុះបញ្ជិការនៅក្រសួងការងារ មានចំនួន ១០៧។ ក្នុងនោះមានសាលារដ្ឋចំនួន ៣៧។ សិស្សដែលកំពុងរៀនក្នុងសាលាទាំងអស់នោះ មានជាង ៧ ម៉ឺននាក់។ ហើយអ្នកដែលបញ្ចប់ការសិក្សាចេញធ្វើការ និងប្រកបរបរ មានជិត ៦ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ ចំណែកមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជាផ្តោតលើវិស័យសំខាន់ៗ ដូចជាវិស័យសំណង់ អគ្គិសនី អេឡិចត្រូនិច មេកានិចទូទៅ មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ ទេសចរណ៍ កសិកម្ម ធុរកិច្ច និងព័ត៌មានវិទ្យា និងសេវាកម្មជាដើម។
បើតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីអំពីសន្ទស្សន៍មូលធនមនុស្ស កាលពីឆ្នាំ ២០២០ កម្ពុជាមានកម្រិតផលិតភាពពាក់ព័ន្ធនឹងជំនាញ ទាបជាងប្រទេសថៃ និងវៀតណាម ដោយសារគុណភាពអប់រំ និងសុខាភិបាលរបស់ប្រទេសទាំងពីរនេះមានភាពប្រសើរជាងកម្ពុជា។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត លើកឡើងថា ការអនុវត្តគម្រោងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយមិនមានការសិក្សាឱ្យបានជាក់លាក់ នឹងប្រឈមនឹងភាពបរាជ័យ។ លោកថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គួរធ្វើឡើងឱ្យត្រូវទៅតាមតម្រូវការ និងពេលវេលា និងទុកឱ្យយុវជនជាអ្នកសម្រេចក្នុងការជ្រើសរើសជំនាញដោយខ្លួនឯង។
លោកថ្លែងថា៖ «ខ្ញុំព្រួយបារម្ភមែនទែនឱ្យតែឮគេនិយាយរឿង TVET [កម្មវិធីសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ] ឬមួយក៏រឿងការបង្រៀនជំនាញ ខ្ញុំព្រួយបារម្ភ។ ដោយសារវាត្រូវការ dynamic [ថាមវន្ត] ត្រូវការមាន actor [តួអង្គ] រាប់ពាន់នាក់ រាប់ម៉ឺននាក់ ក្នុងការចូលរួមក្នុងការវិភាគ ហើយទុកសេរីភាពឱ្យពួកគាត់សម្រេច […] បើសិនជារដ្ឋជាអ្នកសម្រេចគឺគ្រោះថ្នាក់បំផុត។ ទី១ គាត់ set-up [ការកំណត់] ហ្នឹងថាតើត្រូវនឹងអ្វី តម្រូវការពេលវេលាហ្នឹងអត់? ល្មមតែគាត់រៀបគម្រោងច្បាស់លាស់ហើយ វាផុតពេលវេលាទៀតហ្នឹង។ អ៊ីចឹងជួនកាលគាត់ត្រូវការ ជួនកាលវាអត់ត្រូវជំនាញ ជួនកាលវាត្រូវជំនាញ ខុសពេល»។
សម្រាប់លោក ងិន ស៊ីថា ដែលជាជាងជួសជុលរថយន្ត និយាយថា ប្រសិនបើលោកមិនបានចាប់ជំនាញវិជ្ជាជីវៈដែលលោកស្រឡាញ់ទេនោះ ប្រហែលជាពេលនេះលោកកំពុងធ្វើការងារដែលលោកមិនចូលចិត្តទាំងបង្ខំ។
លោកថ្លែងថា៖ «បើសិនជាឥឡូវហ្នឹង បើទិដ្ឋភាពជាក់ស្តែង យើងដឹងតែដេកផ្ទះហើយ បើយើងធំឡើងយើងនៅតែដេកផ្ទះអ៊ីចឹង វាមិនកើត។ អ៊ីចឹងចង់មិនចង់ យើងត្រូវតែរកការងារមួយធ្វើឱ្យតែបានហើយ។ ហើយកាលណាយើងអត់សប្បាយចិត្ត យើងធ្វើឱ្យតែបាន យើងអត់មានអីលូតលាស់បានទេ។ បើនិយាយពីដើមឈើ យើងអត់មានអីលូតលាស់ឡើងទេ យើងនៅតែប៉ុណ្ណឹង»៕