រដ្ឋាភិបាលបានសម្រេចថា នឹងមិនយកពន្ធលើអត្ថប្រយោជន៍បន្ថែមដែលផ្តល់ជូនដោយរោងចក្រ សហគ្រាសដល់កម្មករ និយោជិតដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់កម្មករ និយោជិតទាំងនោះទេ។ ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករ និយោជិត ទទួលបានពីការបំពេញការងារ រួមមានសោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងធ្វើការទៅទីកន្លែងស្នាក់នៅ ប្រាក់ថ្លៃបាយ មូលនិធិបេឡាសន្តិសុខសង្គម ប្រាក់ធានារ៉ាប់រងសុខភាពជាដើម។
ក្រុមមេដឹកនាំសហជីពនៅថ្ងៃសុក្រនេះ បានថ្លែងថា ការទម្លាក់ចោលពន្ធលើអត្ថប្រយោជន៍បន្ថែមលើកម្មករ និយោជិត នឹងអាចរួមចំណែកមួយផ្នែកដល់ការពង្រឹងស្ថានភាពរស់នៅរបស់កម្មករ ដែលពួកគេយល់ថា នៅមានសភាពលំបាកនៅឡើយ ទោះបីកម្មករ និយោជិត ទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៧ក៏ដោយ។
យោងទៅតាមសារាចររបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៦ ខែតុលា បានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកពន្ធលើប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករ និយោជិតទទួលបានពីការបំពេញការងារនៅតាមរោងចក្រ និងសហគ្រាសទាំងអស់។
បា្រក់ឧបត្ថម្ភទាំងនោះរួមមានសោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងធ្វើការ ទៅទីកន្លែងស្នាក់នៅ ប្រាក់ថ្លៃបាយ មូលនិធិបេឡាសន្តិសុខសង្គម ប្រាក់ធានារ៉ាប់រងសុខភាព និងបា្រក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន ក៏ដូចជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
លិខិតលោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ចាក់ថា៖
«ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់កម្មករ និយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករ និយោជិត ទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOAនារសៀលថ្ងៃសុក្រនេះថា សារាចរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃការទាមទាររបស់ក្រុមមេដឹកនាំសហជីព ដើម្បីបន្ធូរបន្ថយបន្ទុកពន្ធ និងសម្រួលដល់ការចំណាយរបស់កម្មករ នៅក្នុងស្ថានភាពទំនិញចេះតែបន្តឡើងថ្លៃនោះ។ លោកបន្តថា ការសម្រេចរបស់រដ្ឋាភិបាលនេះជាការទាញចំណេញផលប្រយោជន៍នយោបាយពីកម្មករផងដែរ។
លោកបញ្ជាក់ថា៖
«នៅក្នុងន័យហ្នឹង គឺវាមានន័យថា ន័យទីមួយគឺគេបានគិតគូរដំឡើងប្រាក់ខែ ឬអត្ថប្រយោជន៍ផ្សេងៗ។ គេនឹងបន្តគិតគូរអ្វីដែលសំណូមពររបស់យើង គឺគោលបំណងទី១ គឺដើម្បីកាត់បន្ថយការចំណាយរបស់កម្មករហ្នឹង ហើយបើកាត់បន្ថយការចំណាយរបស់កម្មករគឺដើម្បីទាក់ទាញការគាំទ្រផ្នែកនយោបាយហ្នឹងឯង»។
មេដឹកនាំសហជីពដែលនៅជាប់ក្នុងរឿងក្តីក្តាំពាក់ព័ន្ធការជួយកម្មកររូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមសហជីពក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាលើការមិនយកពន្ធប្រាក់ឈ្នួលកម្មករ ក្រោមមួយលានរៀលផងដែរ តែលោកថា មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ឆ្លើយតបនឹងការទាមទារនោះទេ។
សារាចររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកើតមានឡើង បន្ទាប់ពីកាលពីចុងខែកញ្ញា រដ្ឋាភិបាលប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ តាមរយៈការបោះឆ្នោតនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរពី១៤០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០១៦ ដល់១៥៣ដុល្លារសម្រាប់ឆ្នាំ២០១៧។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា និយាយថា កម្មករនឹងមានភាពធូរស្រាលក្នុងការទូទាត់បន្ទុកហិរញ្ញវត្ថុរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលបង្កើតគោលនយោបាយថ្មី បន្ថែមលើសារាចរនោះ ដូចជាការមិនយកពន្ធទាំងស្រុងលើប្រាក់ឈ្នួលកម្មករដែលនៅមានចំនួនតិចតួចនោះ។
អ្នកស្រីថ្លែងថា៖
«តាមពិតកម្មករ ឬក៏ប្រជាពលរដ្ឋទូទៅ មិនមែនគេចផុត គេចពីក្នុងការបង់ពន្ធទេ ប៉ុន្តែដោយសារអាចំណូលរបស់កម្មករ វាជាចំណូលមួយកម្រិតទាបណាស់ ដល់អញ្ចឹងហើយបានយើងស្នើសុំឲ្យរដ្ឋាភិបាលថា គួរតែបានកុំយកពន្ធគាត់ ពីព្រោះធម្មតាអាចំណូលហ្នឹង គឺគាត់រកបានក្នុងមួយថ្ងៃហ្នឹងគឺគាត់អត់អាចយកទៅផ្គត់ផ្គង់គ្រួសាររបស់គាត់បាន បានជីវភាពថ្លៃថ្នូរផងហ្នឹង ដល់អញ្ចឹងយើងសុំទៅថា កុំយកពន្ធគាត់»។
VOA មិនទាន់អាចទាក់ទងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេនារសៀលថ្ងៃសុក្រនេះ។
ក្រុមមេដឹកនាំសហជីពនិយាយថា រដ្ឋាភិបាលអាចនឹងពិនិត្យឲ្យបានស៊ីជម្រៅទៅលើការគ្រប់គ្រងកម្រិតអតិផរណា ឬការកើនឡើងនៃតម្លៃទំនិញក្នុងទីផ្សារ ដែលពួកគេជឿថា ពុំទាន់មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែង ដែលជាហេតុធ្វើឲ្យកម្មករ និយោជិត ពិបាកក្នុងការគ្រប់គ្រងស្ថានភាពលុយកាក់របស់ខ្លួន ទោះបីជាមានសារាចរចេញមករដោះពន្ធលើអត្ថប្រយោជន៍នេះក្តី។
កម្មករ និយោជិត នៅក្នុងឧស្សាហកម្មកាត់ដេរ ត្រូវគេដឹងថា នៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យគ្រោះថ្នាក់និងស្លាប់បាត់បង់ជីវិត៕