រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំនន់​ទឹក​ភ្លៀង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

  • នៅ វណ្ណារិន

រូបឯកសារ៖ ទឹក​ជំនន់​នៅ​ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ដដែល​បាន​បន្ថែម​ថា ​ជំនន់​ទឹកភ្លៀង​អាច​នឹង​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩។​​

នៅ​ថ្ងៃ​ចន្ទ​នេះ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​កម្ពុជាប្រកាស​ឱ្យ​ពល​រដ្ឋ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ដែល​អាច​កើត​មាន​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​ ​ចំពេល​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។​

​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​នេះ​ឱ្យ​ដឹង​ថា​កម្ពុជា​រង​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពីភាគ​ខាង​លើ​ដែល​ធ្វើ​ឱ្យ​មាន​ភ្លៀងធ្លាក់ពី​មធ្យម​ទៅ​ច្រើន​នៅ​សប្តាហ៍​នេះ។​ ​សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ដដែល​បាន​បន្ថែម​ថា​ជំនន់​ទឹកភ្លៀង​អាច​នឹង​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩។

​សេច​ក្តី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

​«អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​និង​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើត​មាន ជា​ពិសេស​នៅ​ថ្ងៃទី​២៦-២៩ខែ​កញ្ញា​ ​ឆ្នាំ​២០១៩»។​

​សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំពេល​ ​ពល​រដ្ឋ​កម្ពុជាគ្រោង​នឹង​ប្រារព្វ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ​ដែល​សាសនា​ដ៏​ធំ​ក្នុង​ចំណោម​ពិធី​នា​នា​ក្នុង​ប្រទេស​កម្ពុជា។ ​ពិធី​បុណ្យ​រយៈពេ​ល​បីថ្ងៃ​នេះ​នឹង​ចាប់​ពីថ្ងៃទី​២៧​ខាងមុខ​ ​ជា​ពេល​ពលរដ្ឋ​កម្ពុជា​ឈប់​សម្រាកជួប​ជុំ​គ្រួសារ​និង​ធ្វើ​ដំ​ណើរ​កម្សាន្ត។​

​ដោយ​ឡែក​ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​ប្រាំពីរ​ ​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន​១២​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន​ប្រាំមួយ​នាក់។​ ​នេះ​បើ​តាម​ព័ត៌មាន​ដែល​ ​VOA​ ​ទទួល​បាន​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​ ​ក្រុម​មន្ត្រី​កម្ពុជា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នឹង​អាច​ឡើង​បន្ត​ឡើង​ទៀត​ដោយ​សារតែ​ភ្លៀង​បន្តធ្លាក់​នៅ​ខាង​លើ​អាង​ទន្លេ​មេគង្គ៕