រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តអនុក្រឹត្យមួយ ដោយដាក់ពិន័យជាប្រាក់លើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីបង្ការជំងឺកូវីដ១៩ ដែលជាធម្មតាមានរយៈពេល១៤ថ្ងៃ។ នេះបើយោងតាមអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
មាត្រា១ នៃអនុក្រឹត្យដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ចែងថា ការធ្វើចត្តាឡីស័ក គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការពារអាយុជីវិត សុខភាពរបស់ប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់ផ្នែកសង្គមនិងសេដ្ឋកិច្ច។
ក្រសួងសុខាភិបាលជាស្ថាប័នមានសមត្ថកិច្ចក្នុងការចាត់វិធានការចត្តាឡីស័ក ហើយក្នុងករណីចាំបាច់ ក្រសួងនេះត្រូវសហការជាមួយក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
បើតាមអនុក្រឹត្យការធ្វើចត្តាឡីស័កត្រូវអនុវត្តចំពោះរាល់ពលរដ្ឋខ្មែរ និងជនបរទេស ដែលធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជាតាមគ្រប់មធ្យោបាយ និងបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ឬជាមួយអ្នកដែលសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩។ ការធ្វើចត្តាឡីស័កត្រូវធ្វើនៅក្នុងមណ្ឌលចត្តាឡីស័កណាមួយ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬទីកន្លែងណាមួយផ្សេងទៀត តាមការកំណត់របស់ក្រសួង ឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
អនុក្រឹត្យចែងថា ត្រូវពិន័យជាប្រាក់ពី ១ លានរៀលទៅ ៥ លានរៀល ចំពោះបុគ្គលដែលគេចវេះមិនចង់ធ្វើចត្តាឡីស័ក ឬបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។
រយៈពេលនៃការធ្វើចត្តាឡីស័កត្រូវកំណត់ដោយក្រសួងសុខាភិបាល។ ការអនុវត្តកាលពីកន្លងទៅរបស់ក្រសួងសុខាភិបាល គឺមានរយៈពេល ១៤ ថ្ងៃនៃការធ្វើចត្តាឡីស័ក ហើយតម្រូវឲ្យធ្វើតេស្តសំណាកយ៉ាងតិច ២ ដង។
ចំណែកបុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគ ក៏ត្រូវពិន័យពី ១ លានរៀលទៅ ៥ លានរៀលដែរ ហើយបើទោះបង់ប្រាក់ពិន័យនេះបុគ្គលនោះក៏ត្រូវយកសំណាកទៅវិភាគដដែល។
បើតាមអនុក្រឹត្យដដែល ត្រូវពិន័យជាប្រាក់ពី ១០ លានរៀល (ប្រមាណ ២៥០០ ដុល្លារ) ទៅ ៥០ លានរៀល (ប្រមាណ ១២៥០០ ដុល្លារ) ចំពោះអ្នកផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់បុគ្គលដែលធ្វើចត្តាឡីស័ក ឲ្យគេចចេញពីការត្រួតពិនិត្យរបស់មន្រ្តីចត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក។
ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលជួយលាក់បាំងនិងមិនបានជូនដំណឹងជាបន្ទាន់ទៅក្រសួងសុខាភិបាលក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលគេចពីការធ្វើចត្តាឡីស័ក ក៏ត្រូវពិន័យជាប្រាក់ពី ១០ លានរៀលដល់ ៥០ លានរៀលដែរ។
អនុក្រឹត្យបញ្ជាក់ថា ប្រាក់ពិន័យនឹងកើនឡើងទ្វេដង ក្នុងករណីដែលអំពើល្មើសត្រូវបានប្រព្រឹត្តម្តងទៀត។
មាត្រា ២០ នៃអនុក្រឹត្យនេះចែងដែរថា ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើស នឹងអាចត្រូវលើកលែងឲ្យរួចផុតពីការទទួលពិន័យ ប្រសិនបើបុគ្គលនោះបង្ហាញប្រាប់ព័ត៌មានដល់មន្រ្តីសុខាភិបាល ឬមន្រ្តីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋាភិបាលបញ្ជាក់ថា ការពិន័យជាប្រាក់នេះ មិនធ្វើឲ្យបុគ្គលប្រព្រឹត្តល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌឡើយ។
នៅសប្តាហ៍នេះ អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង គឺលោក គឹម ពន្លក ត្រូវឃាត់ខ្លួន ហើយតុលាការខេត្តបាត់ដំបងបានចោទប្រកាន់លោកពីបទ «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ពាក់ព័ន្ធនឹងករណីឲ្យមនុស្សចាកចេញ ដោយមិនធ្វើចត្តាឡីស័ក។ ការចាប់ខ្លួនអធិការរូបនេះ បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា មានករណីមិនឲ្យធ្វើចត្តាឡីស័ក ដែលលោកព្រមានចាត់វិធានការតឹងរ៉ឹង។
អាជ្ញាធរនៅតាមព្រំដែនកម្ពុជានិងថៃ ក៏បន្តវិធានការរបស់ខ្លួនក្នុងការធានាថាពលករដែលវិលត្រឡប់ពីប្រទេសថៃ ត្រូវបានធ្វើចត្តាឡីស័កត្រឹមត្រូវ និងមិនមានអ្នករត់គេច។
អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យរបស់សាលាខេត្តនេះគឺ លោក លី សារី ប្រាប់VOA នៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្ននេះ ពលករខ្មែរត្រឡប់ពីប្រទេសថៃកើនឡើង ដោយសារជិតចូលឆ្នាំខ្មែរ ដោយក្នុងមួយថ្ងៃ មានពលករចន្លោះពី ២០០ ទៅ ៤០០ នាក់ ចូលមកតាមច្រកក្នុងខេត្តបន្ទាយមានជ័យ។
លោកបន្តថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពលករខ្មែរម្នាក់ដែលស្ថិតក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ បានរត់គេចពីមណ្ឌល ហើយអាជ្ញាធរកំពុងតាមយកមកវិញ។
អភិបាលរងខេត្តរូបនេះបន្ថែមថា អាជ្ញាធរនឹងអនុវត្តយ៉ាងតឹងរ៉ឹងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដើម្បីធានាថា មិនមានករណីរត់គេច។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងអនុក្រឹត្យ យើងត្រូវមានវិធានការរឹតបន្តឹងអនុវត្តច្បាប់ហើយ។ ទោះជាពលករគេចវេះ ឬមួយអី យើងត្រូវអនុវត្តទៅតាមប្រការដែលបានចែង»។
លោកបន្តថា រដ្ឋាភិបាលបានផ្គត់ផ្គង់អាហារដល់អ្នកធ្វើចត្តាឡីស័ក និងបានបន្ថែមមីនិងទឹកសុទ្ធជូនពួកគាត់ទៀតផង។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ មានប្រសាសន៍ថា ការដាក់ពិន័យជារឿងមួយ ប៉ុន្តែលោកថា វិធីសាស្រ្តដែលល្អបំផុត គឺការមានវិធានការតឹងរ៉ឹងក្នុងការធានាអនុវត្តឲ្យបានពេញលេញសម្រាប់អ្នកធ្វើចត្តាឡីស័ក។ លោកបន្ថែមថា ពលករនឹងពិបាកបង់ប្រាក់ពិន័យនេះ ដោយសារពួកគេមិនមានការងារធ្វើ ហើយប្រឈមនឹងការបង់បំណុល។
លោកប្រាប់ VOA ថា៖ «ការផាកពិន័យ ខ្ញុំគិតថាវាគ្រាន់តែជាផ្នែកមួយទេ ប៉ុន្តែវាមិនអាចធានាថាប្រជាពលរដ្ឋគាត់អាចមានលទ្ធភាពនៅក្នុងការបង់ទៅនឹងប្រាក់ពិន័យហ្នឹងដែរទេ»។
លោក ឃុន ថារ៉ូ បន្តថា ការទំនុកបម្រុងអាហារ ការស្នាក់នៅឲ្យបានសមរម្យ និងការទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជារឿងសំខាន់មួយសម្រាប់ពលករ៕