រដ្ឋាភិបាល​កម្ពុជា​ភ្ញាក់ផ្អើល​និង​សោកស្តាយ​​ចំពោះ​ការ​កាត់​ជំនួយ​របស់​«បិតា​ប្រជាធិបតេយ្យ»

រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។ (VOA)

ប្រតិកម្ម​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃអង្គារ​ បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជាច្រើន​មក​កម្ពុជា។

រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយកដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញ​ការ​ភ្ញាក់​ផ្អើល​និងសោកស្តាយ​ចំពោះ​ការ​សម្រេច​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប ដោយ​ចាត់​ទុក​ថា សកម្មភាពនេះជា​ការ​មាក់​ងាយ​ប្រជាធិបតេយ្យ​កម្ពុជា​តាម​រយៈ​ទឹក​លុយ​នៃ​ជំនួយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ប្រាប់ VOA នា​រសៀល​ថ្ងៃអង្គារ​នេះ​ថា ការ​កាត់​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក​ដោយ​លើក​ហេតុផល​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ គឺ​ជា​ការ​វាយ​តម្លៃខុស​ពី​ការពិត។​

លោក​បញ្ជាក់​ថា៖«អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ ដោយសារ​ជា​ការ​បោះបង់​កាតព្វកិច្ច​របស់​ខ្លួន នៅ​ក្នុង​នាម​ជា​បិតា​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​នេះ​ឯង។ ​ដូច្នេះ​ការ​សម្រេច​ចិត្ត​នេះ ជា​ការ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ទេ​ មិន​មែន​ជា​បរាជ័យ​របស់​កម្ពុជា​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​គឺរក្សា​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​និរន្តរភាព»។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា ការ​កាត់​ជំនួយ​របស់​អាមេរិក​និង​សហគមន៍​អឺរ៉ុប​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ដល់​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​បញ្ជាក់​ថា៖«ចំពោះ​រាជ​រដ្ឋាភិបាល ដូច​ខ្ញុំ​បាន​ជម្រាប​ជូន យើង​នៅ​តែ​បន្ត នៅ​តែ​ពង្រឹងដំណើរការលទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា រក្សា​នូវសិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ​ ប្រាស​ចាក​ពី​ការ​លូកលាន់​របស់​បរទេស​តែ​ប៉ុណ្ណឹង​ឯង មិន​មាន​ផល​អី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ទេ។ ក៏​ប៉ុន្តែ​ផល​ដែល​ប៉ះពាល់ គឺ​ប៉ះពាល់​ដល់​សង្គម​ស៊ីវិល ឬ​សង្គម​ក្រៅ​រដ្ឋាភិបាល ដែល​លោក​បាន​យកចិត្ត​ទុក​ដាក់​ ខំ​ខ្នះ​ខ្នែង​ជួយ​រហូត​មក​ដល់​ពេលនេះ​ ហើយ​ឥឡូវ​នេះ​គឺ​ត្រូវ​បាន​ពី​ការទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ឈប់​ជួយ»។

ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជាច្រើន​មក​កម្ពុជា ដោយ​ថា រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ចំណែក​សភា​អឺរ៉ុប​កាលពី​ថ្ងៃអង្គារ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ​ពន្លឿន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ផង​ដែរ។

លោក មាស នី អ្នក​សិក្សា​អំពី​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់​ VOA ថា ការ​សម្រេច​កាត់​ជំនួយ​របស់​អាមេរិក​ទៅ​ដល់​កម្ពុជា​ កំពុង​ស្តែង​ចេញ​នូវ​សកម្មភាព​ជាក់លាក់ ក្រោយ​ការ​ព្រមានមិន​បាន​សម្រេច​នា​ពេល​កន្លង​មក។ លោក​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាលមិនពង្រឹង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជាឡើង​វិញ​ទេ នោះ​កម្ពុជា​នឹង​ត្រូវប្រឈម​នឹង​ការ​កាត់​ជំនួយ​ជា​បន្ត​បន្ទាប់​នា​ពេល​ខាងមុខ។​

លោក​ មាស នី បញ្ជាក់​ថា៖ «តែ​កាលណា​គេ​ធ្វើ​អី​មួយ​មិន​បាន​ហើយ គេ​នឹង​ចាប់​ផ្តើម​ធ្វើ​បន្ត​ទៅ​ទៀត។ ហើយ​វា​អាច​នឹង​មាន​ដល់​ទៅ​ការ​កោះ​ប្រជុំ​ផ្សេងៗ​នៅអង្គការ​សហប្រជាជាតិ ទាក់ទិន​ទៅ​នឹង​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​សន្និសីទ​ទីក្រុង​ប៉ារីស កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អី​អញ្ចឹង។ អា​នេះ​អាច​ជា​ដំណើរការ​បន្ទាប់​ បើ​សិន​ជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នេះ វា​កាន់​តែ​ដុនដាប​ថែម​ទៀត»។

កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ខ្វល់​នឹង​ការ​កាត់​ជំនួយ​ណាមួយ​នោះ​ទេ ដោយ​លោក​ថា ការ​កាត់​ជំនួយ​ទាំង​នោះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​លោក​ឡើយ។

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ក៏​បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ ត្រូវរៀន​រស់ និង​ប្រឹងប្រែង​ធ្វើ​ម្ចាស់​លើ​ខ្លួនឯង ដោយ​មិន​ត្រូវ​រង់ចាំ​ការ​ផ្តល់​ជំនួយពី​ប្រទេស​ណា​ទាំង​អស់។ លោក​បន្ថែម​ថា ក្នុង​ទំនាក់ទំនង​អន្ដរជាតិ ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ស្មើ​គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​គឺ​ដើម្បី​រក្សា​សន្ដិភាព​នៅ​កម្ពុជា។

ប្រមុខ​ដឹកនាំ​ខ្មែរ​រូប​នេះ​មាន​ប្រសាសន៍​ថា៖«យើង​ត្រូវ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំងអស់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ប៉ុន្តែ​យើង​មិន​រង់ចាំ​ការ​ផ្ដល់​ខ្យល់​អុកស៊ីសែន​ពី​អ្នកណា​ទាំងអស់ យើង​ត្រូវ​ខិតខំ​ម្ចាស់​ការ​ប្រឹង​ប្រែង​ខ្លួន​ឯង​ឡើង ដើម្បី​ឈាន​ទៅ​ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​រីក​លូតលាស់។ យើង​ត្រូវ​ការ​សហ​ប្រតិបត្តិការ​ជាមួយ​គេ គេ​ក៏​ត្រូវការ​កិច្ច​សហការ​ជាមួយ​គេ»។

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្តី ប៉ុន្តែ​គេ​ឃើញ​ថា រដ្ឋាភិបាលកម្ពុជា​តែង​បង្ហាញ​ភាព​ព្រងើយ​កន្តើយ​ជាមួយ​ប្រទេស និង​សហគមន៍​ប្រជាធិបតេយ្យ​ធំៗ ដោយ​ងាក​ទៅ​ស្និទ្ធស្នាល​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​បន្តបន្ទាប់​កាន់​តែ​ខ្លាំង​ឡើង។

នេះ​ជា​ការ​ផ្តាច់​ជំនួយ​លើក​ទី២​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ប្រទេស​បិតា​ប្រជាធិបតេយ្យ​មួយ​នេះ ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ដំណាល​គ្នា​ជាមួយ​ការប្រកាស​ឈប់​ផ្តល់​ជំនួយ​របស់​សហគមន៍​អឺរ៉ុប ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ នៅ​ទូទាំង​ប្រទេស។​ ​

ការ​ប្រកាស​ផ្តាច់​ជំនួយ​និង​ដាក់​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស និង​សហគមន៍​ប្រជាធិបតេយ្យ​ធំៗ​លើ​ពិភពលោក​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាលបាន​ចាប់​ខ្លួន​លោក ​កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា ​ហើយ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ​ កាល​ពី​ខែ​វិច្ឆិកា ​ក្រោម​បទ​ចោទ​ថា គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយសហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

កាល​ពី​ថ្ងៃអាទិត្យ ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី៤ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ជិត​៤​ទសវត្ស​មក​ហើយ​នោះ បាន​ប្រមូល​យក​អាសនៈ​ទាំងអស់​នៅ​ក្នុង​ព្រឹទ្ធសភា ហើយ​នឹង​ត្រូវ​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​នេះ ដោយ​ឯកបក្ស៕​