រដ្ឋាភិបាល​​ផ្ទៀង​ផ្ទាត់​ផែនទី​ខ្ចី​​ពី​អ.ស.ប.​និង​ផែន​ទី​ប្រើបោះ​បង្គោល​ព្រំដែន​កន្លងមក

  • នៅ វណ្ណារិន

ផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ប៉ាង​ ចំណាន/VOA)

ផែនទី​ជិត​២០​ផ្ទាំង ​ដែល​ខ្ចីពី​អង្គការ​សហ​ប្រជាជាតិ​នោះ​ ត្រូវ​បាន​យក​មក​ដាក់​ឲ្យ​​ផ្ទៀង​ផ្ទាត់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នា​វិមាន​សន្តិភាព​​ដើម្បី​បញ្ជាក់​ពី​ភាព​ប្រាកដ​និយម​នៃ​ផែនទី ​ដែល​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​កន្លង​ទៅស​ម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ផែនទី​ជិត​២០​ផ្ទាំង ​ដែល​ខ្ចីពី​អង្គការ​សហ​ប្រជាជាតិ​នោះ​ ត្រូវ​បាន​យក​មក​ដាក់​ឲ្យផ្ទៀង​ផ្ទាត់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នា​វិមាន​សន្តិភាពដើម្បី​បញ្ជាក់​ពី​ភាព​ប្រាកដ​និយម​នៃ​ផែនទី ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន​ បាន​ប្រើ​ប្រាស់​កន្លង​ទៅ ស​ម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

ផែន​ទី ​UTM​ ១ភាគ​១០០​ពាន់​ចំនួន​១៨​ផ្ទាំង​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​មួយ​សន្លឹក​ម្តងៗ​ ធ្វើការ​ផ្ទៀងផ្ទាត់​នឹង​ផែន​ទី Bonne​ ១​ភាគ​១០០​ពាន់​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន ដោយ​មាន​ការ​ពន្យល់​ពី​លោក​ វ៉ា គឹមហុង​ ប្រធាន​កិច្ចការ​ចម្រុះ​ព្រំ​ដែន​កម្ពុជា​ផង​ដែរ។​ លោក ​វ៉ា គឹមហុង​ ជា​រឿយៗ​បាន​បញ្ជាក់​ថា​ ផែនទី​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ខ្សែ​បន្ទាត់​ព្រំដែន​«ដូច​គ្នា» ​«ដូច​គ្នា​បេះ​បិទ»​ «អត់មាន​ខុស​គ្នា​ទេ»​ និង​«អត់​មាន​ការ​បន្លំ​អ្វី​នោះ​ទេ»​ ​ហើយ​ថា​ ផែន​ទី​ដែល​យក​មក​ផ្តិត​ត្រួត​គ្នា​នេះ​ទៀត​សោត​ក៏​ឃើញ​ថា ​មាន​ខ្សែព្រំដែន​«ដូច​គ្នា​បេះ​បិទ»។​

លោក វ៉ា​ គីម​ហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ ពន្យល់​អំពី​ផែនទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ត្រូវ​បាន​បញ្ចាំងនៅ​លើ​ផ្ទាំង​សំពត់​ស​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ប៉ាង​ ចំណាន/VOA)

លោក ​វ៉ា គឹមហុង ​ថ្លែង​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​យ៉ាង​ដូច្នេះ​ថា៖​«ផែនទី​ទាំង​ពី​ប្រភេទ​ ដែល​យើង​យក​មក​បង្ហាញ​នេះ​គឺ​ជា​ផែន​ទី​ត្រឹម​ត្រូវ​ ​អត់​មាន​ក្លែង​ក្លាយ​ទេ​ ហើយ​ទី​ពីរ​ទៀត​ ខ្សែព្រំដែន​ដែល​យើង​យក​មក​ប្រើ​ក្នុង​ការ​ធ្វើ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជា​ខ្សែត្រឹមត្រូវ​ ​អត់​មាន​ខុស​ពី​ច្បាប់​ដើម​ទេ»។​

លោក​ វ៉ា គឹមហុង​ បន្ត​ទៀត​ថា៖​ «ហើយ​អំពាវនាវ​របស់​ខ្ញុំ​គឺ​សុំ​ឲ្យ​បញ្ហា​ព្រំដែន​គឺបញ្ចប់​ទៅ! ​កុំ​ឲ្យ​វា​មក​បង្អាក់​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​យើង​ទាំងពីរ។​ ​ហើយប្រសិន​បើ​ប្រទេស​យើង​មិន​មាន​បង្គោល​ព្រំដែន​ទេ​ វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នា​ពេល​ថ្ងៃ​ក្រោយ»។​

ផែន​ទី​១៨​សន្លឹក​អម​ដោយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ពីរ​រូប​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃអង្គារ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានស្នើ​សុំខ្ចី​ដើម្បី​យក​មក​បញ្ចប់​ការ​មន្ទិលសង្ស័យ ​និង​ការ​ខ្វែង​គំនិត​គ្នា​រឿង​បញ្ហា​ប្រើ​ប្រាស់​ផែន​ទី។

បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំដៅ​សារ​ជា​ថ្មី​ ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ប្រទេស​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​រតនគីរី​ ​និង​ជីក​លេណដ្ឋាន​នៅ​ខេត្ត​កណ្តាល​ផងដែរ​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។​ ​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ ​សមាជិក​គណបក្ស​ជំទាស់ដែល​មាន​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋ​សភា​ បាន​ចោទ​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ កំពុង​ប្រើ​ប្រាស់​ផែន​ទី​ចម្លង ​និង​មិន​ផ្លូវការ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ ​និង​មាន​ការ​បាត់បង់​ទឹក​ដី​កម្ពុជា។

រូប​ភាពនៃ​ផែន​ទី​មួយ​ ក្នុង​ចំណោម​ផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​ក្តារ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

នៅ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ ​តំណាង​រដ្ឋ​សភា​ តំណាងព្រឹទ្ធ​សភា​ ​សំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង​ដែរ។​ លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ដែល​ជា​តំណាងឲ្យ​លោក ​ហ៊ុន សែន​ ក្នុង​ពិធី​ប្រគល់ទទួល​និង​ផ្ទៀងផ្ទាត់​ផែនទី​នេះ​ ​បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ថា​ ​បើ​ទោះ​បី​ជា​ផែនទី​ដែល​យក​ពី​អង្គការ​សហ​ប្រជាជាតិ​គឺ​ជា​ផែន​ទី​ UTM​ ​ឆ្នាំ​១​៩៦៤ ដែល​កម្ពុជា​ភ្ជាប់​ជាមួយ​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ​ ក៏​ខ្សែ​ព្រំដែន​វា​មាន​លក្ខណៈ​ដូច​គ្នា។​

«យើង​ទាំង​អស់​មាន​២៦​សន្លឹក​តែ​យើង​យក​មក​តែ​១៨​សន្លឹក​ដើម្បី​ឲ្យ​ស្រប​តាម​១៨​សន្លឹករបស់​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ ​ហើយ​ឃើញ​ថា​ អត់​ខុស​គ្នា​សោះ!​ អត់​ខុស​គ្នា​សោះ»។ ​ អាហ្នឹងចង់​ឲ្យ​ជ្រះ​ស្រឡះ។​ ​អ្នកខ្លះ​ដែល​កំពុង​មាន​ការ​សង្ស័យ​ ​មាន​ការ​ធ្វើ​សកម្មភាព​នានា។​ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ​បញ្ហា​ហ្នឹង​ តែ​ចង់​ឲ្យ​ភ្លឺ ​ឲ្យ​ច្បាស់​កន្លែង​ហ្នឹង»។​

លោក​ ហោ ណាំហុង​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​បារាំង​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាក់​ទិន​នឹង​ការ​ខ្ចី​ផែនទី​ Bonne​ ​១​ភាគ​១០០ពាន់​ ​ហើយ​ប្រទេស​បារាំង​នឹង​បញ្ជូនមក​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ​ ​ហើយ​រដ្ឋាភិបាល​នឹង​បើក​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​បន្ត​ទៀត។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ជាង​២​ម៉ោង​ ​លោក​ សុខ ឦសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ដោយ​លោក​លើក​ឡើង​ថា ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នេះនឹង​អាច​ធ្វើ​ឲ្យ​មាន​ជំនឿ​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ហើយ​វាបញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រើ​ប្រាស់​ផែនទី​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កន្លង​មក​នោះ។

«ការ​ឯកភាព​ជាតិ​ មិន​ឯកភាព​ជាតិ​មិនមែន​អាស្រ័យ​ទៅ​លើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នោះ​ទេ​ ​តែ​សំខាន់​ទៅ​លើ​ការ​ជឿ​ទុកចិត្ត​របស់​ប្រជា​ពល​រដ្ឋ។​ តែ​បើ​ចំពោះ​អ្នក​នយោបាយ​ បើ​គេ​នៅ​តែ​ប្រកាន់​មហិច្ឆិតា​របស់​គេ​ បើ​ទោះ​បី​ជា​គេ​មើល​ឃើញ​ការណ៍​ពិត​នោះ ​ក៏​គេ​មិន​ទាន់ឲ្យមាន​ការ​ឯកភាព​ជាតិ​ដែរ»។​

ផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

ទោះ​ជាយ៉ាង​នេះ​ក៏ដោយ​ ​លោក​ អ៊ូ ច័ន្ទឫទ្ធិ ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ទោះ​បីជា​មាន​ការ​ផ្ទៀង​ផ្ទាត់​លើក​ទីមួយ​រួច​ហើយ​ក៏​ដោយ​ ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រង់​ចាំ​មើល​ការ​ផ្ទៀង​ផ្ទាត់​នា​ពេល​ក្រោយ​ទៀត​ មុន​ពេល​អាច​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន។​

«យើង​មិន​អាច​ប្រកាស​ជំហរ​របស់​យើង​ថា ​ផែនទី​ហ្នឹង​វា​យ៉ាង​ណា​នោះ​ទេ។ យើង​មក​ផ្ទៀង​ផ្ទាត់​ យើង​មក​ឃើញ​នា​ពេល​នេះ​ ​តែ​ដូច​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ហើយ​ថា ​នឹង​ខ្ចី ​ឬក៏​យក​ផែនទី​ពី​បារាំង​មក​ទៀត។​ ​ខ្ញុំ​យល់​ឃើញ​ថា​ ​វាជា​ការ​ល្អ​ដែល​យើង​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ទាំងអស់​ បានគ្រប់​ប្រភព​ទាំង​អស់​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ ឬ​ត្រឹម​ត្រូវ​ដែល​រដ្ឋាភិបាល​ប្រើផែន​ទី​បាទ»។​

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​លោក ​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ពី​បទ«ក្លែង​បន្លំ​ឯក​សារ​ ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ​ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ ​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ក្លែង​បន្លំ​ឯកសារ ​ប្រើ​ឯកសារ​ក្លែងក្លាយ។​

ការ​ចាប់​ឃុំខ្លួន​នេះ​គឺ​ធ្វើ​ឡើង​មិនប៉ុន្មាន​ថ្ងៃ​ផង​ ​បន្ទាប់​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​នេះ​ថា​ ជា​ការ​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និងបំពាន​លើ​អភ័យ​ឯក​សិទ្ធិ​របស់​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ៕​