ក្រុម​មន្ត្រី​ខ្មែរ​​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​ខ្សែក្រវាត់​ និង​ផ្លូវ​​​របស់​ចិន

រូបឯកសារ៖ លោកប្រធានាធិបតី​ចិន​ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។

លោក​ ​ឡឹម ស៊ីដេនីន​ ​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនមាន​ប្រសាសន៍​ថា​ ​ជាមួយ​នឹង​គម្រោង​ផ្ដួចផ្ដើម​នេះ​ កម្ពុជា​ និង​ចិន​ អាច​រួមគ្នា​ពង្រីក​វិស័យ​ផ្សេង​ទៀត​ ដូចជា​ ការផលិត​ថាមពល​អគ្គិសនី​​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​ការ​បង្កើត​ផែន​ការ​អភិវឌ្ឍ​កសិកម្ម​បែប​ទំនើប និង​ការ​បង្កើត​សហប្រតិបត្តិការ​ដាំដុះ​ដំណាំ​ផ្សេងៗ​ទៀត។

ក្រុម​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​មាន​សុទិដ្ឋិនិយម​ ​ចំពោះ​កម្មវិធី​សេដ្ឋកិច្ច​របស់​ចិន​ ដែល​គេ​ស្គាល់​ថា​ជា ​គំនិត​ផ្ដួចផ្ដើម«ខ្សែក្រវាត់​មួយ ​និងផ្លូវ​មួយ» ឬ​ One Belt and One Road Initiative ​ ​ដោយ​រំពឹង​ថា​ កម្ម​វិធី​ថ្មី​នេះ​ នឹង​អាច​ជួយ​ពង្រីក​ការ​តភ្ជាប់​របស់ប្រទេស​កម្ពុជា​ ជា​មួយ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​ ​ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច​ អប់រំ​ ​ទេសចរណ៍​ និង​វប្បធម៌​រវាង​កម្ពុជា​ ​និង​ចិន​ ​ក៏ដូចជាបណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សកល​លោក។​

ក៏ប៉ុន្តែ ​អ្នក​ជំនាញ​ក្នុង​ទំនាក់​ទំនង​កិច្ច​ការ​អន្តរជាតិ បាន​ព្រមាន​ថា​ កម្ពុជា​ក៏​ត្រូវ​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង​ ​នៅ​ពេល​ខ្លួន​ចូល​រួម​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ចថ្មី​ប្រទេសចិន​នេះ​ ដែល​គេ​ជឿ​ថា​ ជា​ឧបករណ៍​រក្សា​លំនឹង​សេដ្ឋកិច្ច​ ​និង​តុល្យភាព​អំណាច​តាម​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន។​

ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ជា​ច្រើន​នាក់នៅ​ក្នុង​កម្មវិធី​ស្ដីពី​សហប្រតិបត្តិការ​រវាង​ចិន​ ​និង​កម្ពុជា​ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម«ខ្សែក្រវាត់​និង​ផ្លូវ» រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ​លោក​ ​ឡឹម ស៊ីដេនីន​ ​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ មាន​ប្រសាសន៍​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ​គម្រោង​ផ្ដួចផ្ដើម​នេះ​ មាន​លក្ខណៈ​បើកចំហ​ ​ហើយ​គម្រោង​ថ្មី​នេះ​តាម​យន្តការ​ទំនាក់ទំនង​ដែល​មានស្រាប់​ កម្ពុជា​នឹង​អាច​ពង្រឹង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ក្នុង​នោះ​មាន​ផ្លូវល្បឿន​លឿន​ទៅ​ខេត្ត​ព្រះសីហនុ​ ​និង​បង្កើន​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​មក​កម្ពុជា។

លោក​បន្ត​ថា​ ​ជាមួយ​នឹង​គម្រោង​ផ្ដួចផ្ដើម​នេះ​ កម្ពុជា​ និង​ចិន​ អាច​រួមគ្នា​ពង្រីក​វិស័យ​ផ្សេង​ទៀត​ ដូចជា​ ការផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​ការ​បង្កើត​ផែន​ការ​អភិវឌ្ឍ​កសិកម្ម​បែប​ទំនើប និង​ការ​បង្កើត​សហប្រតិបត្តិការ​ដាំដុះ​ដំណាំ​ផ្សេងៗ​ទៀត។

លោក ឡឹម ស៊ីដេនីន​ ​បាន​ចាត់​ទុក​គម្រោង​សេដ្ឋកិច្ច​ថ្មី​នេះ​ ថា​មាន​សារៈសំខាន់​ជា​ទី​បំផុត​ដល់​សុខភាព​ហិរញ្ញវត្ថុ​កម្ពុជា​ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់។​

«តាម​ការ​ប្រមើល​មើល​ នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​ ពិតជា​មាន​សារៈសំខាន់​ និង​មានផល​ប្រយោជន៍​ដ៏​ធំ​ធេង​ ចំពោះ​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​ ក្នុង​តំបន់​ អនុ​តំបន់​ និង​បណ្ដា​ប្រទេស​នានា​នៅ​លើ​សាកល​លោក»។​

លោក​ ​ឡឹម ស៊ីដេនីន​ ​បន្ថែម​ថា​ គំនិត​ផ្ដួចផ្ដើម​នៃ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ បាន​ដើរ​ស្រប​គ្នា​ជាមួយ​គម្រោង​ត​ភ្ជាប់​របស់​សមាគម​អាស៊ាន និង​ស៊ី​ចង្វាក់​គ្នា​ជាមួយ​យុទ្ធសាស្ត្រ​ជាតិ​ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម។​

​ស្របគ្នា​នោះ​ដែរ​ ​អ្នកស្រី​ ​អៀត សុភា​ អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចាត់​ទុក​គម្រោង​ ​«ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ»​ ថា​ជា​មធ្យោបាយ​ថ្មី​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ ​កសាង​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ ហើយ​អាច​រួមចំណែក​ដល់​ការ​រីកចម្រើន​នៅ​ក្នុង​តំបន់។​

អ្នកស្រី​និយាយ​យ៉ាង​ដូច្នេះ៖

«ប្រសិនបើ​មាន​រថភ្លើង​ណាមួយ​ មក​ដល់​ក្បែរ​ ហើយ​យើង​ឃើញ​ថា​ រថភ្លើង​នេះ​ នឹង​នាំ​យើង​ទៅកាន់​គោល​ដៅ​របស់​យើង​ ហើយ​មួយ​វិញ​ទៀត​នោះ​ គោលដៅ​របស់​យើង​គឺ​ អភិវឌ្ឍ​ស្ថានភាពសង្គម​សេដ្ឋកិច្ច​របស់​យើង​ ​ពង្រឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង​ រក្សា​សន្តិភាព​ ហើយ​រួមចំណែក​ដល់​ភាព​រុងរឿង​ក្នុង​តំបន់​ ហើយ​ប្រសិន​បើ​ក្បាល​រថភ្លើង​នេះ​ នាំ​យើង​ទៅដល់​គោលដៅ​នោះ យើង​នឹង​ជិះ​វា​ហើយ»។​

អ្នកស្រី​ ​អៀត សុភា​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ កំពុង​សិក្សា​ស្វែងយល់​ពី​គម្រោង​សេដ្ឋកិច្ច​របស់​ចិន​នេះ និង​ព្យាយាម​លើក​កម្ពស់​ការយល់​ដឹង​ការ​សម្របសម្រួល​គោល​នយោបាយ​រវាង​ចិន និង​កម្ពុជា។

ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង​ ​(Xi Jinping) បាន​ថ្លែង​កាល​ពី​ខែ​ឧសភា​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជា​«ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ»​ នេះ ​ដំណើរ​ការ​បាន​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ។​

ប្រធានាធិបតី​នៃ​ប្រទេស​កុម្មុយនិស្ត​ចិន​រូប​នេះ បាន​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ ​ថា​ ​គម្រោងនេះ ​បាន​បង្កើត​ឲ្យ​មាន​ការ​តភ្ជាប់​ទំនាក់ទំនង​គោល​នយោបាយ​កាន់តែ​ស៊ីជម្រៅ​ ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើន​ និង​ការ​តភ្ជាប់​ដើម​ទុន​ហិរញ្ញវត្ថុ ហើយ​ពាណិជ្ជកម្ម ត្រូវ​បាន​ពង្រីក​ ព្រម​ទាំង​មាន​ការ​កើន​ឡើង​នូវ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ថែម​ទៀត​ផង។

ដោយឡែក​ លោក​ ​លី អាន​ (Li An) ​មន្ត្រី​កុងស៊ុល​ខាង​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និសីទ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ថា​ ការ​កសាង​ខ្សែក្រវាត់​ និង​ផ្លូវ​នេះ​ បាន​ផ្លាស់ប្ដូរ​ដោយ​សន្សឹមៗ​ពី​គំនិត​ មក​ជា​សកម្មភាព​ និង​ពី​ចក្ខុវិស័យ​ មក​ជា​ការ​ពិត។

លោក​ថា​ កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​ជ្រោយ​ឥណ្ឌូចិន​ និង​ចំ​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍។​ លោក​បន្តថា​ កម្ពុជា​គឺ​ជា​ដៃ​គូ​សំខាន់​របស់​ចិន​ សម្រាប់​កសាងខ្សែក្រវាត់​ និង​ផ្លូវ​ ហើយ​និង​បង្កើន​សហប្រតិបត្តិ​ការ​ផលិត​ភាព​ជា​អន្តរជាតិ។

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​លោក​ថា​តើ​ប្រទេស​ចិន​មានថវិកា​ប៉ុន្មាន​សម្រាប់​កម្ពុជា​ ឲ្យ​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់​ និង​ផ្លូវ​នេះ​ លោក​ លី អាន​ ​បាន​ឆ្លើយ​តប​តាម​អ្នក​បកប្រែ​ថា​ គម្រោង​នេះ​នៅ​គ្រាន់​តែ​ជា​គំនិត​នៅ​ឡើយ។​

លោក​ ​លី អាន​ (Li An) ​មន្ត្រី​កុងស៊ុល​ខាង​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា៖

«ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​ វា​គ្រាន់​តែ​ជា​គំនិត​មួយ​ ហើយ​ដូច្នេះ​អត់មាន​ស្ថិតិ​ ដូចជា​ប្រាក់​ពិស្ដារ​ ឬ​ក៏​ជាក់​លាក់​ទាំងអស់​មាន​ប៉ុន្មាន​ ហើយ​ដូច្នេះ​នៅ​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​ហ្នឹង ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​ និង​កម្ពុជា​ ឈ្នះៗ​រួម​គ្នា​ ហើយ​អាច​បង្កើត​ ផលប្រយោជន៍​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង សុទ្ធតែ​អាច​ធ្វើ​ជា​គំរូនៃ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ»។​

លោក​ លី​ អាន​ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ស្ថានទូតចិនប្រចាំ​នៅកម្ពុជា​ កាល ពីថ្ងៃ​ទី​ ២២ ខែ មិថុនា​ ឆ្នាំ​ ២០១៧​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅរាធានីភ្នំពេញ​ អំពី​ ​គម្រោង​គំនិត ផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន។ (ហ៊ុល រស្មី/VOA)

គម្រោង​«ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ»នេះ ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាង​ធំ​ទូលំ​ទូលាយ​របស់​ចិន​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជា​ពិសេស​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិក។​

«ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣។​ ​គិត​ត្រឹម​ឆ្នាំ​ ២០១៦​ ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​របស់​ប្រទេស​ ​កុម្មុយនិស្ត​ចិន ​មាន​ចំនួន​ប្រមាណ​៩០០​ពាន់​លាន​ដុល្លារ​អាមេរិក។​ កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ជា​ពេល​ដែល​លោក​ ស៊ី ជិនពីង​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។​

តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ឆ្នាំ​២០៣០​ តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​ ត្រូវការ​ហិរញ្ញវត្ថុ​សរុប​២៦​ទ្រីលាន​ (លាន​លាន)​ដុល្លារ​ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់។​

ថ្លែង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ឬ​CICP ​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ខ្សែក្រវាត់​ និង​ផ្លូវ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ (Trans-Pacific Partnership) ​ឬ​ហៅ​កាត់​ថា TPP។​

លោក​បាន​ពន្យល់​ថា​ គំនិត​ផ្ដួចផ្ដើម«ខ្សែក្រវាត់​ និង​ផ្លូវ»​នេះ មាន​ភាព​សាមញ្ញ​ ជាង​ TPP ​ដោយ​ហេតុ​ថា​ TPP បាន​កំណត់​វិធាន​តឹងរ៉ឹង​ដល់​ប្រទេស​ជា​សមាជិក​ ​ទាក់ទិន​សេរីភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។​

លោក​ថា ​គំនិត​ផ្ដួចផ្ដើម​របស់​ចិននេះ គឺជា​យន្តការ​សន្តិភាព​និយម​ និង​ងាយ​ចរចា​ រីឯ TPP ​ជា​យន្តការ​ដែល​មាន​កិច្ច​ព្រមព្រៀង​រួម​តែមួយ​ និង​មាន​វិធាន​ជាក់​លាក់។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ពូ សុធីរៈ​ ​បាន​ទទូច​ដល់​ភាគី​ចិន​ថា​ ត្រូវ​ផ្តល់សិទ្ធិ​ឲ្យបាន​ច្រើន​ដល់កម្ពុជា​ក្នុង​ការ​សម្រេចចិត្ត​អនុវត្ត​គម្រោងខ្សែក្រវាត់​ និង​ផ្លូវ​នេះ​ ព្រោះ​កម្ពុជា​តែងតែ​ត្រូវ​គេ​បាន​មើល​ឃើញ​ថា​ ជា​ប្រទេស​លម្អៀង​ទៅ​រក​ចិន​ ក្រោយ​កម្ពុជា​ ត្រូវ​បាន​ស្ដីបន្ទោស​ចំពោះ​ការ​រាំងស្ទះ​ដល់​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ឆ្នាំ​ ២០១២។​

លោក​ ពូ សុធីរៈ​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង​ ហើយ​និង​សេចក្ដី​ត្រូវការ​ដើម្បី​រក្សា​ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​ គួរតែ​គិត​ដល់​អំពី​ការ​យល់​ឃើញ​របស់​សាធារណ​ជននេះ​ ហើយ​ត្រូវ​ផ្ដល់​សេរីភាព​ដល់​កម្ពុជា​ឲ្យបាន​ច្រើន​ ដើម្បី​ចូលរួម​ជាមួយ​អាស៊ាន ធ្វើជា​ប្រភព​នៃ​ឯក​ភាព​ និង​សាមគ្គីភាព​ ការ​គាំទ្រ​ ការ​រួបរួម​ ភាព​រឹងមាំ​ ហើយ​ជា​ការពិត​ គឺ​វិបុលភាព​ដ៏​ធំ​ក្រៃលែង»។ ​

រូបឯកសារ៖ លោក​ ពូ​ សុធីរៈ​ នាយក​ប្រតិបតិ្ត​វិទ្យាស្ថាន​ខ្មែរ​សំរាប់​ប្រតិបត្តិការ​ និង​សន្តិភាព​។ (ហ៊ុល រស្មី/VOA)

ក្នុង​កិច្ច​ខិត​ខំ​ជំរុញ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ បាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ចិន​ បាន​ប្រកាស​បន្ថែម​ទឹកប្រាក់​ ប្រមាណ​១២៤​ពាន់​លាន​ដុល្លារ​ទៀត​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន។​

លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK​ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​និង​ធ្វើការ​សិក្សាស្រាវជ្រាវ​អំពី​ទំនោរ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រាប់​ VOA ក្នុង​ម៉ោង​សម្រាក​នៃ​កម្មវិធី​ស្ដីពី​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជាថា​ មាន​ប្រទេស​ជាង​ ៦០​ ​និង​អង្គការ​អន្តរជាតិ​ជាច្រើនបាន​គាំទ្រ​ដល់​គម្រោង​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​របស់​ចិន​ ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ តែ​លោក​បារម្ភ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​គម្រោង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នេះ។

«អញ្ចឹង​ប្រទេស​ទាំង​អស់​គឺ​គាំទ្រ​ទេ​ អត់​មាន​បញ្ហា​ ហើយ​កម្ពុជា​ យើង​ក៏​គាំទ្រ​ដែរ​ ក៏ប៉ុន្តែ​សមត្ថភាព​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សំណើ​គម្រោង​ផ្សេងៗ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ហ្នឹង​ យើង​នៅ​ខ្វះ​សមត្ថភាព​ដែរ​ ពីព្រោះ​ប្រទេស​ផ្សេងៗ ដូច​នៅ​ ម៉ាឡេស៊ី​ គឺ​គេ​ពូកែ​ ធ្វើ​សំណើ​ ពូកែ​អី​ គេ​បាន​លុយ​មក​ច្រើន​ ចូល​ក្នុង​ការ​អភិវឌ្ឍ។ អា​ហ្នឹង​វា​ពឹង​ផ្អែក​ទៅលើ​សមត្ថភាព​របស់​រដ្ឋ​មួយៗ​ហ្នឹង»។​

លោក​ លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK កាល​ពីថ្ងៃ​ទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ និយាយអំពីសក្តានុពល​របស់​គម្រោង​គំនិតផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន​។

ទាក់​ទិន​ទស្សនៈ​របស់​សាធារណជន​ដែល​យល់ឃើញ​ថា​ កម្ពុជា​ អាច​នឹង​ផ្អៀង​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​កើន​ឡើង​នៅ​ពេល​កម្ពុជា​ទាញ​បាន​ថវិកា​ពី​គម្រោង​សេដ្ឋកិច្ច​ថ្មី​របស់​ចិន​នេះ​ លោក ឈាង វណ្ណារិទ្ធិ​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ដឹង​ខ្លួនឯង​ថា​ គួរ​មាន​វិធានការ​បែប​ណា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ព្រោះ​ចិន​ក្រោម​ដាក់​នាំ​របស់​ប្រធានាធិបតី ស៊ី ជិនពីង បាន​បើក​យុទ្ធការ​ប្រឆាំង​អំពើ​ពុករលួយ​លើ​មន្ត្រី​ចិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព។​លោក​បន្ថែម​ថា ចិន​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន​ផង​ដែរ៕​