រដ្ឋាភិបាល​លុប​ចោល​បម្រាម​នាំ​ចូល​ត្រី​ពី​វៀតណាម

រូបឯកសារ៖ អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​រក្សាច្រក​នាំត្រីចេញចូល​ចំនួន​បួន​ប្រភេទ​ពី​ក្រៅ​ប្រទេស ​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក។ នេះបើយោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​កសិកម្ម។​

ការ​បញ្ជាក់អំពីការ​បើកច្រកឲ្យមាន​ការនាំចេញចូល​ត្រី​នេះ ធ្វើឡើង​មួយខែក្រោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​របស់​កម្ពុជា ​ផ្អាក​ជាបណ្តោះ​អាសន្ន​នូវការ​នាំ​ចូល​ត្រី​ចំនួន​បួន​ប្រភេទ​ រួមមាន​ត្រី​ប្រា​ ត្រីពោ​ត្រីអណ្តែង​ និង ត្រីឆ្តោ ពីក្រៅប្រទេស ដែលប៉ះពាល់ការនាំចូលពីវៀតណាម។

​ក្រសួង​កសិកម្ម​បាន​ផ្តល់​ការពន្យល់​អំពីការ​អនុញ្ញាត​ឲ្យនាំចេញចូលត្រីទាំងបួន​ប្រភេទ​ខាង​លើក្នុង​ន័យដើមថា៖ «​ក្រសួងនៅ​តែបន្ត​ការ​អនុញ្ញាត​ឲ្យ​នាំចូល​ផលិតផល​ជល​ផល​ ជាពិសេស​ត្រី​ចំនួន ​៤​ ប្រភេទ​ដូច​ជា​ត្រីប្រា​ ត្រីពោ​ ត្រីអណ្តែង​ និងត្រីឆ្តោ​ តាមតម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ស្រុក​ ដោយ​អនុលោម​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន»។

ក្រសួង​បន្ថែម​ក្នុងសេចក្តីប្រកាស​ ចុះថ្ងៃទី​៨ ខែកុម្ភៈ​ថា៖ «តាម​រយៈយន្តការ​គណៈកម្មការ​ជំរុញ​វារី​វប្បកម្ម​កម្ពុជាក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​សហការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ នឹង​បន្តដោះស្រាយ​បញ្ហា​ប្រឈម​របស់​វារីវ​ប្បករ​ ដើម្បី​អភិវឌ្ឍវិស័យវារីវប្បកម្ម​និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​វារីវប្បករ​ ស្រប​តាម​គោល​ការណ៍ពាណិជ្ជកម្ម​សេរី​ ព្រមទាំង​ធានា​ដល់​ការការពារ​សុខភាព​មនុស្ស​ សត្វ​ បរិស្ថាន​និង​ជំរុញ​កំណើនពាណិជ្ជកម្ម»។

កាលពី​ខែ​មករា​ លោក ​Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម​ បាន​សរសេរ​លិខិត​មួយច្បាប់​មក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្តិ ដោយ​ស្នើឱ្យ​ពិចារណា​ដក​វិធាន​ការ​ហាមឃាត់​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម។

លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ វេង សាខុន ​ដែល​ជា​អ្នកតស៊ូ​មតិ​ការពារ​ទីផ្សារ​ទិន្នផល​ត្រី​ក្នុង​ស្រុក​បាន​តប​នឹង​សំណួរ​វីអូអេ ដោយ​លើក​ឡើង​ថា៖ «ការប្រមូល​ទិញផលិតផល​ក្នុង​ស្រុកមាន​ការជួបប្រទះ​នឹងបញ្ហាប្រឈម​ខ្លះៗ​ ដែល​អាចជះ​ឥទ្ធិពល​ទៅដល់​ការផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​លើ​ទីផ្សារ​ក្នុង​ស្រុក ​ស្រប​ពេលដែលការ​រៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និងទន់របស់​សមាជិក​សមាគមន៍ ​នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ​ក្នុង​ការប្រមូល​ផ្តុំផលិតផល​ ដោយ​សមាគមន៍​វារីវប្បករ​ទើបតែចាប់​បដិសន្ធិឡើង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កន្លង​ទៅនេះ»។

លោក​ សុខ រ៉ាដែន ប្រធានសមាគម​វារីវប្បករ​កម្ពុជា​ មិន​ជំទាស់​នឹង​ការ​កែប្រែ​ជំហររបស់​ក្រសួង​កសិកម្ម​ក្នុងការ​បើក​ផ្លូវ​ឲ្យបន្តការ​នាំចូល​ត្រី​ពី​ប្រទេស​វៀតណាម ដែល​តវ៉ា​នឹង​បម្រាម​នាំចូល​ត្រីមក​កម្ពុជា​នោះទេ។

លោក​បន្ថែម​ថា ​រហូតមកដល់​ពេល​នេះ​ កម្ពុជា​មាន​ប្រភេទ​ត្រីបួនប្រភេទ​ខាង​លើ​ជាង​ ២ ម៉ឺន​តោន​ដែល​ត្រូវ​លក់​ចេញ​ឲ្យបាន​ឆាប់​ ខណៈមានការកើន​ឡើង​កម្តៅ ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ហើយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ក៏ត្រូវ​ការ​លុយដើម្បី​ដោះបំណុល។

លោក​ សុខ រ៉ាដែន ថ្លែងថា៖ «អានេះ​ចំណាត់​ការ​ក្រសួង​ខ្ញុំ​អត់​មាន​បដិសេធ​ ឬក៏អត់​ មាន​មតិ​អី​ទេ​អានេះ​គឺ​ចំណាត់​ការ​របស់​រដ្ឋ​និង​រដ្ឋ​។ ប៉ុន្តែ​រឿង​ប្រឈម​ដឹង​តែ​ប្រឈម​ហើយ​ ដោយ​សារ​ទីមួយ​ យើង​ជំពាក់​លុយ​ធនាគារ​។ ទីពីរ​យើង​ត្រូវ​ការ​លក់​អាត្រីនោះ​ទៅ​ដើម្បី​យកលុយ​នោះ​សងចំណីគេ»។

អ្នកជំនាញ​ជលផល​រូបនេះចង់​ឃើញ​រដ្ឋាភិបាល​កំណត់ចំនួន​ការ​នាំចូល​ត្រីពោ​ ត្រីអណ្តែង​ និងត្រី​ឆ្តោ​ដែល​នាំចូលពី​វៀតណាម ​ដើម្បីបញ្ចៀស​ការ​ជន់លេច​ផលិតផល​ត្រី​ក្នុង​ទីផ្សារ​កម្ពុជា។ លោក​លើក​ឡើង​ទៀតថា ​ការ​ធ្វើវិញ្ញាបណ្ណបត្រ​កំណត់ប្រភព​ដើម (Certificate of Origin) នៃត្រីដែល​នាំ ចូល​មក​កម្ពុជា​ ក៏​ជាផ្នែក​សំខាន់​មួយ​ដើម្បី​ជួយ​ដល់​អ្នកចិញ្ចឹមត្រី និង​អ្នកបរិភោគត្រីក្នុង​ស្រុក។

«ហើយ​ឥឡូវ​នេះ​ដោយសារ​បញ្ហា​អ៊ីចឹង ​ខ្ញុំនឹង​ស្នើ​ទៅ​ឲ្យ​ខាង​ក្រសួង​ក្នុងនាម​វារីវប្បករ​ សមាគម​វារីវប្បករ​ហ្នឹង​ ឲ្យ​ក្រសួង​ជាពិសេស​រដ្ឋបាល​ជល​ផល​ លោក​មេត្តា​កំណត់​ ឬក៏មាន​នីតិវិធី​អ្វី​ ដើម្បី​ទប់​ដើម្បី​កុំ​ឲ្យ​គាត់​នាំ​មក​ជន់​អារបស់​ដែលយើងមាន​អ៊ីចឹង។ កាលណា​គាត់​នាំ​មក​អានេះ​គាត់​ អ្នក​ឈ្មួញ​ឬក៏​អ្នក​អាជីវករ​ហ្នឹង​ គាត់​អត់​ទៅទិញ​អារបស់​ក្នុង​ស្រុក​ វាបណ្តាល​ឲ្យ​យើង​មាន​ហានិភ័យ ត្រីយើង​អស់​ទឹក​ត្រូវការ​លក់​ប្រមូលលុយ​ដូច​ខ្ញុំ​និយាយ​ចឹង​»។

លោក​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ប្រាប់​វីអូអេថា​ ការសម្រេច​ផ្អាក និង​អនុញ្ញាត​ឲ្យមានការ​នាំចូល​ត្រី​ពីក្រៅ​ប្រទេស​នោះ​ គឺជាកិច្ចការ​បច្ចេកទេស​របស់​ក្រសួងកសិកម្ម។ លោក​ថា​ ដោយ​ឡែក​ក្រសួង​ពាណិជ្ជកម្ម​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្មសេរី និងពហុភាគី​និយម​ ស្របតាម​ក្រប​ខណ្ឌ​អាស៊ាន​និង​គោលការណ៍​ពាណិជ្ជកម្ម​សេរី​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្សេង​ទៀត​។

លោក​ ប៉ែន សុវិជាតិ ថ្លែងថា៖ «ជារួមក្រសួង​ពាណិជ្ជកម្ម​មិន​មាន​មតិ​អី​ជា Specific [ជាក់លាក់] ជាចំពោះ​ទៅលើ​ទំនិញ​ដែល​បាន​លើក​ឡើង​ហ្នឹង​ទេ។ ក៏ប៉ុន្តែជា​បែប​បទ​បច្ចេកទេស​សម្រាប់​បែប​បទ​ពាណិជ្ជកម្ម​អន្តរជាតិ​ យើង​គាំទ្រ​ជំហរ​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​សហគមន៍​អាស៊ាន​ ជំហរ​ដែលគាំទ្រ​ពាណិជ្ជកម្ម​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ ដែល​ជា​គេហៅ​ថា Globalism ​ដូច​Multilateral System ​ហ្នឹង។ យើង​គាំទ្រ​របៀប​ហ្នឹង​»។

លោក សុវិជាតិ បន្ថែមថា​ ក្រសួងកសិកម្ម​ជាអ្នកសម្រេច​ដោយឯកឯង​ ពេល​បិទការនាំចូល ដ្បិត​ជា​ក្រសួង​ជំនាញ។

លោក​ សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លើកឡើង​ពីការបារម្ភ​ថា​ កម្ពុជា​ ដូច​ជា​ចាញ់ប្រៀបប្រទេស​វៀតណាម ​ក្នុងការ​ការពារ​ផលប្រយោជន៍​កសិករ​ខ្លួន ដោយ​ការ​ព្រមបើក​ឲ្យវៀតណាម​នៅបន្តមាន​លទ្ធភាព​នាំត្រីចូល​មក​កម្ពុជា​។​

លោក​ សាម អ៊ីន​ ថ្លែងថា៖ «អ្វីដែល​យើងបារម្ភ​នេះ​យើង​ឃើញ​ ធម្មតា​វៀតណាម​គេ​តែងគិត​ផលប្រយោជន៍​ប្រទេស​គេ​ សេដ្ឋកិច្ច​គេ​ប្រជាជន​គេ​អាហ្នឹង​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​វៀតណាម​ ហើយ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​យើង ​ក៏យើង​ត្រូវ​គិត​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។ ការពារ​អ្នកចិញ្ចឹម​ត្រី​នៅ​ស្រុក​ខ្មែរ​ដែរ​។ អាហ្នឹង​ជាកាតព្វកិច្ច​របស់​រាជរដ្ឋាភិបាលរបស់​យើង​។​»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​មាន​ការ​ប្រតិកម្ម​ពីវៀតណាម ហាក់​ដូច​ជា​យើង​ហ្នឹង​បានន័យ​ថា​ យើង​មិន​ហ៊ាន​តទល់​ជាមួយ​នឹង​វៀតណាម ​ដើម្បី​ការពារ​ផល​ប្រយោជន៍​កសិករ​អ្នក​ចញ្ចឹម​ត្រី​ក្នុង​ស្រុក​យើង​ហ្នឹង​អ៊ីចឹង​ យើង​ជារឿង​មួយ​ជា​សញ្ញា​មួយ​មិន​ល្អ​ជារឿង​មួយគួរ​តែ​យើងព្រួយបារម្ភ»​។

កាល​ពី​ឆ្នាំ ​២០២០​ វិស័យ​វារីវប្បកម្ម​កម្ពុជា​ផលិត​ទិន្នផល​ ៤០​ ម៉ឺន​តោន​ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ក្នុង​អត្រា​ ៣០%​ លើស​ឆ្នាំ​ ២០១៩ ដែល​ផលិត​បាន ​៣០​ ម៉ឺន​តោន៕