លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រិត្យថ្មីមួយទៀត នាពេលថ្មីៗនេះ សម្រចកាត់ដីទំហំ ៥២៨,៣៧ ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋហើយប្រគល់ទៅឱ្យស្ថាប័នមានសមត្ថកិច្ចនិងពលរដ្ឋប្រើប្រាស់វិញ។ នេះបើតាមអនុក្រិត្យដែលVOA បានទទួលកាលពីសប្តាហ៍មុននេះ។
ការកាត់ដីនៅសង្កាត់ទាំងពីរនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតឧទ្យានជាតិថ្មីមួយនៅក្នុងខេត្តព្រះសីហនុ មានឈ្មោះថា «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី៥.៣១១ហិកតា និងផ្ទៃសមុទ្រទំហំ៤៧១៣៧ហិកតា ដើម្បីការពារប្រព័ន្ធបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។
យោងតាមអនុក្រិត្យរបស់លោក ហ៊ុន សែន ចុះថ្ងៃទី ៤ ខែមេសា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការកាត់ដីចេញពីដីឯកជនរបស់រដ្ឋក្នុងទំហំខាងលើនេះ រដ្ឋាភិបាលធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលនិងអង្គភាពកងរាជអាវុធហត្ថ។
អនុក្រិត្យនេះបានបន្ថែមថា៖
«ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ ១២,១៣ហិកតា ស្មើនឹង ១២ក្បាលដី សម្រាប់សាលារៀនចំនួន ៦ក្បាលដី ប៉ុស្តិ៍រដ្ឋបាល ២ក្បាលដី សាលាឃុំ១ក្បាលដី ទីស្នាក់ការភូមិ ១ក្បាលដី អង្គភាពកងរាជអាវុធហត្ថ ១ក្បាលដី និងវត្តក្បាលដី ស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម»។
ទីតាំងនៃក្បាលដីទាំងនោះ គឺស្ថិតនៅភូមិដើមថ្កូវ ភូមិព្រែកស្វាយ ភូមិសុខសាន្ត និងភូមិកោះតូច។
VOA ព្យាយាមសុំការអធិប្បាយពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ តែលោកថា លោកស្ថិតនៅប្រទេសចិន។
«បាទ ខ្ញុំនៅស្រុកចិន ទូរស័ព្ទពិបាកនិយាយគ្នាណ៎ា! ស្តាប់អត់ឮច្បាស់ផង ដឹងស្អីជា ស្អី»។
លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ បានប្រាប់ VOA ថា ការកាត់ដីជាង ៥០០ហិកតា ជូនប្រជាពលរដ្ឋនេះ ជាកិច្ចការត្រឹមត្រូវមួយរបស់រដ្ឋាភិបាល ដែលតែងតែបានគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបានសាទរចំពោះការឆ្វៀលដីចេញដីឧស្យានជាតិនេះ ទោះបីជាមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីអាស្រ័យផលនៅក្នុងកោះរ៉ុងសន្លឹម។
លោកមានប្រសាសន៍ថា៖
«ក្នុងនាមខ្ញុំអាជ្ញាធរសង្កាត់កោះរ៉ុងសន្លឹម ខ្ញុំសូមសំណូមពរឲ្យក្រសួង ពាក់ព័ន្ធហើយជាពិសេសរដ្ឋាភិបាលហ្នឹង សូមឲ្យមេត្តាជួយជំរុញ និងកាត់ឆ្វៀលជូនប្រជាពលរដ្ឋបន្តទៀតដែលនៅសេសសល់ ដើម្បីឲ្យបានគ្រប់ៗគ្នា ព្រោះខ្លះដីគាត់ត្រូវបានវាស់ហើយ ដូចជាបួនគ្រួសារដែលគាត់ហ្នឹងអត់បានវាស់ហើយ គាត់នៅលើឆ្នេរដល់ចឹងគាត់មានដីស្នាក់នៅ។ ហើយទីពីរទៀត ខ្លះគាត់នៅលើអូរ ខ្លះគាត់នៅលើព្រែកអីចឹងទៅ ហើយខ្លះគាត់នៅក្នុងទឹកនៅលើផែ ចឹងមិនត្រូវបានវាស់វែងទេ ទីតាំងរបស់គាត់បាទ។ ហើយមួយចំនួនទៀត ដីគាត់ គាត់មានពីរបីកន្លែងចឹងទៅ អាហ្នឹងធ្វើម៉េច របស់គាត់កាន់កាប់អាស្រ័យផល ហើយគាត់មិនទៅនេះណ៎ា»។
លោកបានពន្យល់ថា ការកាត់ដីជាង ៥០០ហិកតា ចេញពីដីឯកជនរបស់រដ្ឋនេះ គឺទីមួយដោយសារ ដីប៉ះពាល់ឧស្យានជាតិ ទីពីរគឺមានដីរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group)នៅទីនោះ ហើយទីបីមានដីពលរដ្ឋកាន់កាប់អាស្រ័យផលនៅទីនោះផងដែរ។ លោកថា ការកាត់ឆ្វៀលដីថ្មីៗនេះ គឺជាដំណាក់កាលទីមួយ ដោយក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល អាចនឹងបន្តគិតគូរទៅមុខទៀត ដោយផ្អែកលើស្ថានភាពជាក់ស្តែង។
អ្នកស្រីជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ ថ្លែងប្រាប់ VOA នៅគ្រារដ្ឋាភិបាលប្រកាសបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងថា រដ្ឋាភិបាលត្រូវមានភាពហ្មត់ចត់ក្នុងការកំណត់តំបន់អភិរក្ស ដើម្បីបញ្ចៀសការប្រព្រឹត្តិកំហុសដដែលៗច្រើនដង ដូចអ្វីដែលធ្លាប់បានកើតឡើង នៅតំបន់ការពារក្បាលឆាយ និងតំបន់បឹងព្រែកទំនប់ក្នុងក្រុងព្រះសីហនុជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់បន្ថែមថា ផ្នែកខ្លះនៃដីតំបន់ឧទ្យានសមុទ្រកោះរ៉ុង ធ្លាប់មានវិវាទ នៅពេលមានការផ្តល់ដីសម្បទានលក្ខណៈទេសចរណ៍ទៅឲ្យលោក គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ តែក្រោយមក ជម្លោះនេះ ត្រូវបានដោះស្រាយរួចរាល់ ដោយមានការចេញបណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីបន្តថា នៅមុនពេលមិនមានការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ មានប្រជាពលរដ្ឋជាច្រើនបានចូលទៅរស់នៅ និងកាន់កាប់ដីក្នុងតំបន់កោះរ៉ុង។ អ្នករស់នៅលើកោះរ៉ុង កាន់កាប់ដីនៅទីនោះ មានលក្ខណៈចម្រុះ រាប់ពីប្រជាពលរដ្ឋរស់នៅយូរមកហើយក្នុងតំបន់នោះ អ្នកចំណាកស្រុក មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី ជាប សុធារី ម្តងទៀតនៅថ្ងៃអង្គារនេះ តែមិនទាន់អាចទាក់ទងអ្នកស្រីបាននៅឡើយទេ។
យោងតាមអនុក្រិត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ ២០១៨ បានឲ្យដឹងថា ឧទ្យានជាតិសមុទ្រកោះរ៉ុងមានផ្ទៃសរុប ៥២ ៤៤៨ហិកតា និងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ឧទ្យានជាតិនេះ នឹងគ្របដណ្តប់លើកោះជាច្រើន រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ។ ឧទ្យានសមុទ្រដដែលនេះត្រូវបានបង្កើតឡើង ទៅតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
ខេត្តព្រះសីហនុ និងកោះរ៉ុង ត្រូវគេដឹងថាជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរចិន និងអ្នកជំនួញ ត្រូវបានគេរាយការណ៍ថា បានមកទស្សនា និងបើកការរកស៊ីនៅក្នុងខេត្តនេះក្នុងចំនួនដ៏ច្រើន ដែលមិនធ្លាប់មានពីមុនមក ដោយបានបង្កឲ្យមានក្តីបារម្ភដល់ខ្មែរម្ចាស់ស្រុក ដែលកំពុងរស់នៅ និងបើកអាជីវកម្មនៅខេត្ត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះ៕