រដ្ឋាភិបាល​កម្ពុជា​ហាមឃាត់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​ Meta​ មិន​ឲ្យ​ចូល​កម្ពុជា

រូប​ឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន Meta ដែល​គ្រប់គ្រង​បណ្តាញ​សង្គម​ហ្វេសប៊ុក និង Instagram។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​មិន​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន ​Meta ដែល​គ្រប់គ្រង​ហ្វេសប៊ុក ចូល​ប្រទេស​កម្ពុជា ហើយ​ចាត់​ទុក​អនុសាសន៍​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​មាន​លក្ខណៈ​នយោបាយ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ​Meta Platforms Inc. ចំនួន​២២​នាក់ ជា​«បុគ្គល​ដែល​មិន​អាច​ទទួល​យក​បាន» ហើយ​ពួក​គេ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា ​ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​ Meta មាន​លក្ខណៈ​នយោបាយ។

ក្រសួង​បញ្ជាក់​ថា៖ «អនុសាសន៍​នេះ​មាន​ចេតនា​រារាំង​សេរីភាព​សារព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ថ្នាក់​ដឹកនាំ​ដែល​ពួកគេ​គាំទ្រ​និង​ពេញ​ចិត្ត»។

នេះ​ជា​ចំណាត់ការ​ថ្មី​មួយ​ទៀត ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចេញ​ពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ដូច​ជា​ភាព​ជា​តំណាង​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា។

ព័ត៌មាន​ទាក់ទង៖ អ្នក​តាមដាន​និង​អ្នក​ប្រើ​ប្រាស់​លើក​ឡើង​អំពី​ប្រយោជន៍ ​និង​ផល​ប៉ះ​ពាល់ ​បើ​បិទ ហ្វេសប៊ុក

លោក ហ៊ុន សែន បាន​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​ខ្លួន​ឯង កាល​ពី​សប្តាហ៍​មុន ក្រោយ​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន ​Meta​ ដែល​គ្រប់​គ្រង​ហ្វេស​ប៊ុក​បាន​អំពាវ​នាវ​ឱ្យ​ព្យួរ​គណនី​របស់​លោក​រយៈ​ពេល​៦​ខែ ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែលរំលោភ​វិធាន​របស់​ក្រុមហ៊ុន ​Meta ស្តី​ពី​ការ​គំរាម​កំហែង​ហិង្សា។ ក្នុង​វីដេអូ​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមានគូប្រជែង​នយោបាយ​របស់​លោក​ថា​ជ្រើសរើស​រវាង​«ប្រព័ន្ធ​ផ្លូវ​ច្បាប់»​និង​«ដំបង»៕