រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​ដង្ហែ​កឋិន​ទៅ​កាន់​វត្ត​នៅ​កម្ពុជា​ក្រោម

ប្រធានព្រឹទ្ធសភានិងអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងភរិយា បានដឹកនាំមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នាំយកអង្គកឋិនទៅកាន់វត្តមួយ នៅខេត្តត្រាំវិញ ប្រទេសវៀតណាម ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

រដ្ឋា​ភិបាល​កម្ពុជា ​និង​ថ្នាក់​ដឹក​នាំ​កំពូល​មួយ​ចំនួន​ នៅ​ថ្ងៃ​ចន្ទ​ ទី​ ៤​ ខែ​វិច្ឆិកា ​បាន​ដង្ហែ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​កាន់​វត្ត​ខ្មែរ​ក្រោម​ដែល​មាន​ឈ្មោះ​ថា ​«វត្ត​ពោធិគិរី​វង្សា​រាម​ ឬ​ហៅ​វត្ត​ស្វាយ​សៀម​ថ្មី» ​ក្នុង​ខេត្ត​ត្រាវិញ​ដែល​ខ្មែរ​ហៅ​ថា​ ខេត្ត​ព្រះ​ត្រពាំង​ក្នុង​ប្រទេស​វៀតណាម។​

បុណ្យ​កឋិន​នេះ​មាន​រយៈ​ពេល ​៣ ​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ​៣ ​ដល់​ថ្ងៃទី​ ៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ហើយ​ត្រូវ​បាន​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​រាជ​រដ្ឋាភិបាល ​រដ្ឋសភា ​ព្រឹទ្ធ​សភា ​ស្ថាប័ន​ព្រះ​សង្ឃ​ទាំង​ពីរ​គណៈ ​និង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្សេង​ទៀត។ ​ពិធី​រៀបចំ​អង្គ​កឋិនទាន​នេះ​ធ្វើ​ឡើង​នៅ​វិមាន​ ៧ ​មករា ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ចាប់​ផ្តើម​ដង្ហែ​ចេញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ដោយ​គេ​ឃើញ​មាន​វត្តមាន​របស់​អ្នកស្រី ​ប៊ុន រ៉ានី ​ភរិយា​របស់​លោក ​ហ៊ុន សែន។​

នេះ​ជា​លើក​ទីមួយ​ដែល​គេ​ឃើញស្ថាប័ន​ធំៗ​របស់​រដ្ឋាភិបាល​រៀបចំ​បុណ្យ​កឋិន​ ដោយ​ដង្ហែ​ទៅ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។​

លោក​ សឺន ជុំជួន​ អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ លោក​រីករាយ​ពេល​ឃើញ​រដ្ឋាភិបាល​រៀបចំ​ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​ទឹក​ដី​កម្ពុជា​ក្រោម។​ លោក​យល់​ថា​ នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​អំពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ខ្មែរ​កណ្តាល ​និង​ខ្មែរ​ក្រោម។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​ដង្ហែ​អង្គ​កឋិន​ទាន​គឺ​ជា​រឿង​សំខាន់​មែន​ទែន​សម្រាប់​ការ​ផ្សារ​ភ្ជាប់​រវាង​រដ្ឋា​ភិបាល​ជាមួយ​បង​ប្អូន​ខ្មែរ​យើង​នៅ​កម្ពុជា​ក្រោម។​ ហើយ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា​យើង​ជាមួយ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ គឺ​មិន​អាច​បំភ្លេច​គ្នា​បាន​ទេ​ ត្រូវ​បង្ហាញ​ពី​ការ​ទំនាក់​ទំនង​ ផ្សារ​ភ្ជាប់​គ្នា​ឡើង​វិញ​ ក្នុង​វិស័យ​វប្បធម៌ ​ទំនៀម​ទម្លាប់​ប្រពៃណី»។​

អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​រូប​នេះ​ក៏​រំពឹង​ថា​ រដ្ឋា​ភិបាល​កម្ពុជា​នឹង​លើក​យក​បញ្ហា​របស់​ខ្មែរ​ក្រោម​ទៅ​ប្រាប់​ភាគី​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម។​

លោក​បន្ថែម​ថា៖ ​«យើង​សង្ឃឹម​ថា​ ការ​ផ្សារ​ភ្ជាប់​ហ្នឹង​អាច​នឹង​មាន​ដំណោះ​ស្រាយ​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​ជា​រឿង​បញ្ហា​ប្រឈម​របស់​បង​ប្អូន​យើង​ដែល​នៅ​កម្ពុជា​ក្រោម​ហ្នឹង ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀតណាម»។​

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​ធ្លាប់​បាន​ដាក់​លិខិត​មក​រដ្ឋា​ភិបាល​កម្ពុជា​ និង​ស្ថាប័ន​កំពូល​របស់​ជាតិ ​នាំ​យក​បញ្ហា​ខ្មែរ​ក្រោម ​ដូចជា​ការ​រំលោភ​សិទ្ធិ ​និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ផ្សេង​ទៀត​ឱ្យ​ប្រមុខ​រដ្ឋ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ​បាន​ដឹង​និង​ដោះ​ស្រាយ។​

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​រដ្ឋា​ភិបាល​វៀតណាម ​និង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ​ប៉ុន្តែ​សមាគម​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ឡើយ ​ទើប​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សម្រេច​ចិត្ត​ស្នើ​សុំ​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ​ដោយ​សារ​តែ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ចាត់​ទុក​រដ្ឋាភិ​បាល​កម្ពុជា​ជា​អាណា​ព្យាបាល​របស់​ខ្លួន។​ នេះ​បើ​តាម​លោក ​សឺន ជុំជួន​ ដែល​ធ្លាប់​ប្រាប់​វីអូអេ​កាល​ពី​កន្លង​ទៅ។​

លោក​ សេក សុជាតិ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​បុណ្យ​កឋិន​ទាន​នេះ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្មែរ​កណ្តាល ​និង​ខ្មែរ​ក្រោម​ស្គាល់​គ្នា ​និង​យល់​ចិត្ត​គ្នា​ជាង​មុន​ ជាពិសេស​ដឹង​អំពី​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅមក។​ លោក​ក៏​សង្ឃឹម​ថា​ ភាគី​វៀតណាម​នឹង​បើក​ទូលាយ ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អាច​ទៅ​ធ្វើ​បុណ្យ​នៅ​លើ​ទឹកដី​ខ្មែរ​ក្រោម​បាន។ ​

លោក​បញ្ជាក់​ថា៖ ​«ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ឱ្យ​ខ្មែរ​ ទាំង​ខ្មែរ​កណ្តាល​ ខ្មែរ​ក្រោម​អាច​ស្គាល់​គ្នា​ យល់​ចិត្ត​គ្នា​ជាង​មុន។​ ហើយ​រឿង​ដែល​សំខាន់​ ខ្ញុំ​យល់​ថា ​វា​ជា​ព្រឹត្តិ​ការណ៍​ដែល​គួរ​តែ​បើក​ទូលាយ​ឱ្យ​ខ្មែរ​យើង​បាន​ទៅ​ធ្វើ​បុណ្យ​ ហើយ​រាប់​អាន​គ្នា ​ក្នុង​នាម​ជា​ខ្មែរ​តែមួយ​ដូច​គ្នា​ ​ហើយ​បាន​យល់​ដឹង​អំពី​ទុក្ខ​លំបាក ​ហើយ​នឹង​ភាព​ខ្វះ​ចន្លោះ ​ឬ​ភាព​ខុស​គ្នា ​រវាង​ខ្មែរ​ក្រោម​ ខ្មែរ​កណ្តាល​ជា​ដើម»។​

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បញ្ជាក់​ថា ​ការ​ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​ខ្មែរ​ក្រោម​ គឺ​ជា​ការ​សម្រេច​ក្តី​សុបិន​មួយ ​ដែល​ប្រើ​រយៈ​ពេល​ ១២ ​ឆ្នាំ។ ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី ​៧​ ខែ​តុលា ​ឆ្នាំ ​២០២៤​ ថា៖​ «ឆ្នាំ​នេះ​ភរិយា​ខ្ញុំ​បាន​លើក​រឿង​កឋិន​ទាន​ទៅ​វត្ត​ខ្មែរ​ក្រោម​ម្តង​ទៀត​ យើង​បាន​ឯក​ភាព​គ្នា​ទាំង ​ឪពុក​ម្តាយ ​និង​កូន​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រាប់​ និង​ដោយ​ការ​ខិតខំ​របស់​សម្តេច ​ម៉ែន សំអន ​យើង​បាន​ឈាន​ដល់​ការ​សម្រេច​ក្តី​សុបិន​ច្រើន​ឆ្នាំ​ ក្នុង​ការ​ដង្ហែ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មួយ ​ទៅ​វត្ត​ខ្មែរ​ក្រោម...»។​

បើ​តាម​ប្រធាន​ព្រឹទ្ធ​សភា​រូប​នេះ ​ការ​ដាក់​ឈ្មោះ​អង្គ​កឋិន​ទាន​នេះ​ថា ​«អង្គ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ» ​ដោយ​សារ​ខ្មែរ​លើ ​ខ្មែរ​កណ្តាល ​ខ្មែរ​ក្រោម ​គឺ​ជា​ខ្មែរ​តែមួយ។​

តាម​កាល​វិភាគ​នៃ​អង្គ​កឋិន​ទាន​នេះ ​គឺ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា ​អ្នកស្រី ​ឃួន សុដារី​ ប្រធាន​រដ្ឋ​សភា ​និង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ ព្រឹទ្ធ​សភា​ រដ្ឋសភា​ជាច្រើន​រូបទៀត ​បាន​រៀបចំ​ពិធី​សូត្រ​មន្ត ​និង​ក្រុង​ពាលី​នៅ​វិមាន​ ៧ ​មករា។​ លុះ​ថ្ងៃ​ទីពីរ ​គឺ​ដង្ហែអង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​កាន់​វត្ត​ស្វាយ​សៀម​ថ្មី ​ស្ថិត​ក្នុង​ខេត្ត​ត្រាវិញ​(ព្រះត្រពាំង»។ ​ចំណែក​ថ្ងៃទី​បី​ គឺ​ជា​ការ​ប្រគេន​យាគូ​ដល់​ព្រះ​សង្ឃ​ ដង្ហែ​អង្គ​កឋិន​ទាន​ប្រទក្សិណ​ជុំវិញ​ព្រះ​វិហារ​៣​ជុំ​ និង​វេរ​ប្រគេន​ព្រះ​សង្ឃ​ជាកិច្ច​បង្ហើយ​បុណ្យ។​

ភរិយា​របស់​លោក ​ហ៊ុន សែន​ គឺ​អ្នកស្រី​ ប៊ុន រ៉ានី​ និង​អ្នកស្រី ​ម៉ែន សំអន​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ​ ដោយ​ដង្ហែ​អង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​កាន់​វត្ត​ស្វាយ​សៀម​ថ្មី ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។ ​ដោយ​ឡែក​គេ​មិន​ឃើញ​វត្តមាន​របស់​លោក ​ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត ​ចូល​រួម​ដង្ហែ​កឋិន​ទាន​ទៅ​កាន់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ៕​