នៅគ្រាដែលបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់លើទន្លេមេគង្គ រដ្ឋាភិបាលវៀតណាមបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ ប៉ុន្តែវៀតណាមនៅបន្តទទូចសុំការចូលរួមស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកភ្ជាប់ពីទន្លេមេគង្គក្នុងខេត្តកណ្តាលទៅឆ្នេរអង្កោលក្នុងខេត្តកែប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។
ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថា កម្ពុជាបានសិក្សាផលប៉ះពាល់ ហើយកម្ពុជាមានម្ចាស់ការរបស់ខ្លួន ដោយមិនបាច់ពិគ្រោះយោបល់ជាមួយប្រទេសជិតខាងណាឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមគាំទ្រគម្រោងនេះ និងគោរពការសម្រេចក្នុងការស្ថាបនាព្រែកជីករបស់កម្ពុជា។
ប៉ុន្តេលោកបញ្ជាក់ថា៖ «យើងប្រាថ្នាចង់សហការជាមួយកម្ពុជាក្នុងផ្នែកស្រាវជ្រាវ និងការវាយតម្លៃផលប៉ះពាល់ ដើម្បីយើងអាចមានដំណោះស្រាយសមស្របក្នុងការកាត់បន្ថយផលប៉ះពាល់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេថា មុននឹងសម្រេចសាងសង់ព្រែកជីកនេះ អ្នកបច្ចេកទេសបានសិក្សាលម្អិត និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានរួចហើយ។ លោកបន្ថែមថា កម្ពុជាមិនចាំបាច់ពិគ្រោះយោបល់ជាមួយប្រទេសណាឡើយ។
លោកថ្លែងថា៖ «អត់មានពិចារណាអីទេ យ៉ាងច្រើនយើងផ្ដល់ព័ត៌មានថា យើងបានសិក្សា ហើយអត់មានប៉ះពាល់អីទេ ពីព្រោះអានេះ បើនិយាយក្នុងគណៈកម្មការទន្លេមេគង្គ ក៏អត់មានប៉ះពាល់អីដែរ! ពីព្រោះវាក្រៅក្របខណ្ឌនៃគណៈកម្មការទន្លេមេគង្គ។ អ៊ីចឹងរាជរដ្ឋាភិបាលលោកសម្រេចដោយឯករាជ្យ ម្ចាស់ការរបស់ខ្លួន មិនបាច់ពិគ្រោះយោបល់ឬមិនបាច់សុំប្រទេសជិតខាងណាទេ»។
ចំណែកអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់វីអូអេជាអក្សរតេឡេក្រាមនៅថ្ងៃសុក្រនេះថា សំណើរបស់វៀតណាមនេះគឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិកមួយនៃគណៈកម្មការទន្លេមេគង្គ។ លោកបានអរគុណប្រទេសវៀតណាមចំពោះការគាំទ្រនេះ។
លោកបញ្ជាក់បន្ថែមថា៖ «កម្ពុជាយើងនឹងអនុវត្តកិច្ចការងារនេះក្នុងក្របខណ្ឌកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ហើយយើងយកគោលការណ៍កិច្ចសហប្រតិបត្តិការប្រទេសដែលជាសមាជិកជាចំណុចអាទិភាពមួយ។ ដូច្នេះការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គនឹងអនុលោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីដែលពាក់ព័ន្ធនានាដែលមានជាធរមាន»។
កាលពីថ្ងៃចន្ទ ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីដែលទទួលបន្ទុកគម្រោងនេះ បានថ្លែងថា គម្រោងព្រែកជីកហ្វូណននេះត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ដើម្បីធានាមិនមានផលប៉ះពាល់ ដូចជាទីតាំងភូមិសាស្រ្ត សង្គម និងសេដ្ឋកិច្ច បញ្ហាជលសាស្រ្ត និងកករដី ការសិក្សាលើចលនាការប្រែប្រួលកម្ពស់ទឹក ដោយបានធានាមិនឱ្យប៉ះពាល់ទៅលើបរិស្ថានទាំងក្នុង និងក្រៅប្រទេស។ លោកបញ្ជាក់ថា គម្រោងនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាងឡើយ។
រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះ កាលពីថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គនិងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។
អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ឃើញថា ការដាក់សំណើដល់កម្ពុជាសុំការសហការក្នុងការសិក្សាពីផលប៉ះពាល់នេះ ជាការឆ្លើយតបវិជ្ជមានមួយរបស់វៀតណាមលើគម្រោងព្រែកជីករបស់កម្ពុជា។
លោកថ្លែងថា៖ «បើសិនជាកម្ពុជាយើងមិនបង្ហាញ[ការយល់ព្រមនឹងសំណើរបស់វៀតណាម] ក៏ដូចជាមិនសូវសមដែរ ដោយសារតែយើងក៏ជាសមាជិកក្នុងតំបន់ទន្លេមេគង្គដែរ។ អ៊ីចឹងការស្នើសុំរបស់គេ ក៏ស្របច្បាប់ដែរ។ ប៉ុន្តែអាហ្នឹង វាអាស្រ័យលើរដ្ឋាភិបាលកម្ពុជាទេ។ ខ្ញុំជឿថា យើងក៏មានការសិក្សាមួយហ្មត់ចត់ដែរ មុននឹងធ្វើកិច្ចការហ្នឹង»។
លោក Brian Eyler អ្នកជំនាញអំពីទន្លេមេគង្គនៅមជ្ឈមណ្ឌល Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រសិនបើក្រុមហ៊ុនឬអ្នកវិនិយោគវៀតណាមអាចចូលរួមក្នុងគម្រោងមួយនេះ វាអាចបង្កើតនូវស្មារតីសហការគ្នាមួយ ដែលអាចធ្វើឱ្យប្រសើរនូវផលប៉ះពាល់សង្គមនិងបរិស្ថានជាអវិជ្ជមានទាំងនៅកម្ពុជានិងវៀតណាម។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «ទោះយ៉ាងណា ដើម្បីឱ្យប្រាកដ វានៅតែត្រូវការគណៈកម្មការទន្លេមេគង្គក្នុងការដើរតួនាទីចម្បង ដើម្បីធានាថា កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ត្រូវបានគោរព។ ប្រហែលជាការគាំទ្រថ្មីពីសំណាក់វៀតណាមអាចបើកច្រកឱ្យគណៈកម្មការទន្លេមេគង្គ ដើរតួនាទីនេះ ហើយគម្រោងព្រែកជីកនេះអាចក្លាយជាគម្រោងឈានមុខមួយ(គំរូ)សម្រាប់អភិបាលកិច្ចក្នុងការគ្រប់គ្រងផលប៉ះពាល់ឆ្លងដែនទន្លេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC (Mekong River Commission)បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សុភ័ទ្ទ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានដែរ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ប្រាប់វីអូអេថា ការដែលវៀតណាមគាំទ្រគម្រោងព្រែកជីកនេះជារឿងល្អមួយ ព្រោះកន្លងទៅ វៀតណាមតែងតែបង្ហាញការព្រួយបារម្ភ។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកតាមដានម្នាក់ លោកមិនទាន់ឃើញរបាយការណ៍លម្អិតអំពីការវាយតម្លៃផលប៉ះពាល់បរិស្ថានដែលកើតចេញពីគម្រោងព្រែកជីកនេះឡើយ។
លោកថ្លែងថា៖ « កន្លងទៅយើងអត់ទាន់បានឃើញលម្អិតអំពីរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានទេ។ អ៊ីចឹង យើងមានការព្រួយបារម្ភដោយសារត្រូវជីកព្រែកផង ត្រូវបង្ហូរទឹកផង....ទឹកពីប្រព័ន្ធទឹកសាបទៅប្រព័ន្ធទឹកប្រៃ អ៊ីចឹងទាំងអស់ហ្នឹងគឺមានការព្រួយបារម្ភដូចគ្នា»។
គួរបញ្ជាក់ថា ព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គក្នុងតំបន់កំពង់ផែស្វយ័ត ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆ្លងកាត់ស្រុកអង្គរបូរី ខេត្តតាកែវ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប៕
វេទិកាបញ្ចេញមតិ