ជនជាតិ​ខ្មែរ​នៅ​ប្រទេស​បារាំង​មានការ​ភ្ញាក់ផ្អើល​ខ្លះៗ​នឹង​ការវាយ​ប្រហារ​ដោយ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស

ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​ហើយ​កាន់​ស្លាក​សញ្ញា​ថា «NOT AFRAID» មាន​ន័យ​ថា «មិនខ្លាច» ដើម្បី​ជា​ការប្រឆាំង​ទៅ​​នឹង​ការវាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​កាសែត​Paris Weekly 'Charlie Hebdo'។

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​បារាំង​សម្តែងមតិ​ចម្រុះគ្នា​ បន្ទាប់ពី​មានការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃពុធ​ក្នុង​ទីក្រុង​ប៉ារីស។​ ថ្វី​បើ​ពួកគេមាន​ក្តី​បារម្ភ​ខ្លះៗ​មែន​ តែ​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​បារាំង​បង្ហាញ​ការ​ជឿ​ទុកចិត្ត​ដល់​អាជ្ញាធរ​ក្នុង​ការ​ស្រាវជ្រាវ​និង​តាម​ប្រមាញ់​ក្រុម​ភេរវករ។​

ការ​វាយ​ប្រហារ​ភេរវ​កម្ម​ផ្តាច់ផ្តិល​ជីវិត​ក្នុង​ក្រុង​ប៉ារីស​ដោយ​ខ្មាន់​កាំភ្លើង​បិទ​មុខ​មួយ​ក្រុម​បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​និង​បារម្ភខ្លះៗ​អំពី​សន្តិសុខ​ សុវត្ថិភាព​ពីក្រុម​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​បារាំង។​

ការ​វាយ​ប្រហារ​កាលពី​ថ្ងៃពុធ​កណ្តាល​ថ្ងៃត្រង់​លើ​ការិយាល័យ​ទស្សនាវដ្តី ​Charlie Hebdo​ ជា​ទស្សនាវដ្តី​រូប​ត្លុក​លេបខាយ​ផ្នែក​សាសនា​នោះ​ បាន​សម្លាប់​មនុស្ស​ភ្លាមៗ​ចំនួន​១២​នាក់​ រួមទាំង​អ្នក​កា​សែត​គូរ​រូបភាព​ត្លុក​ល្បីៗ​ ពលរដ្ឋ ​ហើយនឹង​ប៉ូលិស​ផង​ដែរ។​

លោក​សុខ សុផាត​ ជាពលរដ្ឋ​ខ្មែរ​បារាំង​ម្នាក់ ​មានស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ចម្ងាយ​១៥​ទៅ​២០​គ.ម.​ពី​កន្លែង​កើត​ហេតុ​ក្នុង​សង្កាត់​លេខ​១១។​ លោក​បាន​អះអាង​ថា​ រឿង​នេះ​មិនមែន​ជា​ការ​ភ្នាក់ផ្អើល​ខ្លាំង​ណាស់ណា​ទេ។​ តែជា​ការ​ល្អ​ គេ​ត្រូវ​ប្រយ័ត្ន​ក្នុង​ពេល​ធ្វើ​ដំណើរ។

«ម្នាក់ៗ​កើត​ឡើ​ងនាំ​គ្នា​ខឹង​សម្បារ​ តែអត់​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​រស់នៅ​របស់​ខ្ញុំ ​របស់​ប្រពន្ធ​ខ្ញុំ ​របស់​កូន​ខ្ញុំ​ តែ​ម្នាក់​ឲ្យ​ប្រយ័ត្ន ​ជាពិសេស​ឲ្យ​ប្រយ័ត្ន​នៅ​ពេល​ដែល​មាន​ការ​ជួប​ជុំគ្នា»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា ​ក្រុម​ភេរវករ​នេះ​អាច​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ឬ​ធ្វើអ្វីមួយ​តាមការ​បង្ខំ​របស់​គេ។​

លោក​អ៊ឹង សំអោក​ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កណ្តាល​ មក​រស់​នៅ​ក្នុង​ក្រុង​ប៉ារីស ​ប្រទេស​បារាំង​នៅឆ្នាំ​១៩៨២​ ជិត​កន្លែង​កើតហេតុ​ក្នុង​ចម្ងាយផ្លូវ​បើក​ឡាន​១៥​នាទី។ ​លោក​បាន​ថ្លែង​ថា ​ចរាច​មាន​ការ​បើក​ឲ្យ​ដើរ​ចេញ​ចូល​ជា​ធម្មតា​ គ្មាន​ការ​រិត​បន្តឹង​សន្តិសុខ​ក្នុង​ការ​ដើរហើរ​ទេ។​ ​គេ​មាន​ការ​រិតត្បិត​មិន​ឲ្យឆ្លង​កាត់តែ​កន្លែង​មួយ​ ដែល​កើត​ហេតុ​កាលពី​ថ្ងៃពុធ​តែ​ប៉ុណ្ណោះ។​

«យើង​មិន​មាន​ការ​បារម្ភ​អ្វីខុស​ពី​គេ​ទេ ព្រោះ​យើង​នឹក​គិត​ និង​មាន​អារម្មណ៍​ថា​ ទោះ​ជាយ៉ាង​ណា​ប៉ូលិស ​ការពារ​ប្រជា​ពលរដ្ឋ​ ហើយ​មាន​សាមគ្គី​ភាព​រវាង​គ្នា​នឹង​គ្នា។​ ដូច្នេះ​យើង​អត់មាន​អារម្មណ៍អី​ប្លែក​ថា​ យើង​ជាជន​បរទេស ​យើង​ខ្លាច​អញ្ចេះ អញ្ចុះ​ ​ អត់​មាន​ទេ​ គ្រាន់តែ​ថា ​យើង​ត្រូវ​ប្រយ័ត្ន»។​

លោក ​សេង ហ៊ល ​ពលរដ្ឋខ្មែរ​ក្នុងស្រុក​បារាំង​ម្នាក់ទៀត​ដែល​មក​ដល់ស្រុក​បារាំង​តាំងពីឆ្នាំ​១៩៧៩។ ​លោក​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ។ លោក​បាន​ថ្លែង​ថា ​ការ​បារម្ភ​ខ្លះ​របស់​លោក​មិន​អាច​ប៉ះ​ទង្គិច​ដល់​សកម្មភាព​រស់នៅ​របស់​លោក​នោះ​ទេ។​

«អត់​មាន​តឹងតែង​អី​ទេ ​តែ​ខាង​ប៉ូលិស​ ខាង​ទាហាន​អីហ្នឹង​ គេ​នៅ​បន្ត​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់ ​របៀប​រៀប​រយ ​ជាពិសេស​នៅទី​កន្លែង​សាធារណៈ​សំខាន់ៗ​ទូទៅ»។​

ទោះជា​មាន​ការសង្ស័យ​ពីរឿង​ជាច្រើន​ថា​ ការ​វាយ​ប្រហារ​នេះ​អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​សាសនា​ និង​រឿង​នយោបាយ​ប្រទេស​បារាំង​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ពួក​ក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​ (ISIS)​ នៅ​ក្នុង​ប្រទេសស៊ីរី​ និង​អ៊ីរ៉ាក់ក្តី ​តែ​ពលរដ្ឋ​បារាំង​ដើម​កំណើត​ខ្មែរ​គ្រាន់តែ​បាន​ធ្វើការ​កត់​សម្គាល់អំពី​រឿង​នោះ​ ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ ដោយ​មិន​ធ្វើ​អាត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ។​

ពីទី​ក្រុង​លីយ៉ុង​ស្ថិត​ក្នុង​ចម្ងាយផ្លូវ​ជិត​៥០០​គីឡូ​ម៉ែត្រ​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​គឺ​លោក​លី ពឿង​ មក​ដល់​ប្រទេស​បារាំង​កាលពី​ឆ្នាំ១៩៨៥។​ លោក​កំពុង​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ទំនិញ​ទៅ​ប្រទេស​អឺរ៉ុប​ផ្សេងៗ ​ហើយ​ជា​អនុប្រធាន​វិទ្យុ​ផ្នែក​ខេមរ​ភាសា​មួយ​ក្នុង​ទីក្រុង​លីយ៉ុង​ផង​ដែរ។ ​លោក​បាន​ថ្លែង​ថា​ ​ដំណើរការ​សេវា​កម្ម​និង​សកម្មភាព​រស់នៅ​របស់​ពលរដ្ឋ​គឺ​នៅ​ធម្មតា។ ​តែលោក​ថា​ សម្រាប់​ពល​រដ្ឋខ្មែរ​ដែល​ឆ្លង​កាត់​របប​កាប់​សម្លាប់​ខ្មែរក្រហម​ ដូចរូប​លោក​ ហាក់​ដូច​ជា​ស៊ាំ​នឹង​ស្ថាន​ការណ៍​នេះ​ទៅ​ហើយ។​

«យើង​អត់​មាន​ការ​ភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ទេ​ ព្រោះ​ថា ​នៅ​ស្រុក​គេ​នេះ​មាន​រឿង​អី​បន្តិច​ ទូរទស្សន៍​គេ​ផ្សាយ​គ្រប់​កន្លែង។​ គេ​ដឹង។ យើង​តែង​តែ​ប្រយ័ត្ន​នៅ​ទី​ប្រជុំជន ​ជាពិសេស​ យើង​មិន​សូវ​ចូល​ទៅ​ក្នុង​ទី​ប្រជុំ​ជន​តែ​ប៉ុណ្ណឹង​ទៅ​វា​អត់​មាន​បញ្ហា​ទេ»។​

ចំពោះ​បញ្ហា​សន្តិសុខ​វិញ​ លោក​ថា​ គេ​មាន​ដាក់ការ​យាមកាម​ធម្មតា​ តែ​មិន​បាន​ដាក់​បម្រាមគោចរ​នោះ​ទេ។​ លោក​ថា​ មាន​ការ​រិត​បន្តឹងសន្តិសុខ​នៅ​តាម​កន្លែង​ស្ថានីយ​រថយន្ត​ធំៗ​ ស្ថានីយ​រថភ្លើង ​កន្លែង​ធ្វើការ​រដ្ឋ​ខ្លះ​ ហើយ​នឹង​ទីប្រជុំ​ជន​នានា​ តែ​មិន​ប៉ះពាល់​ដល់​កន្លែង​ធ្វើការ​ជាទូទៅ​ទេ។​

លោក​ថ្លែង​ថា ​កោត​សរសើរ​ដល់​រដ្ឋាភិបាល​បារាំង​ថា​ គេ​នឹង​បញ្ចប់​ការ​ស្រាវជ្រាវ​បញ្ហា​នេះ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ ​ដោយ​មិន​ទុក​ឲ្យ​ស្ថាន​ការណ៍​វឹកវរ​នេះ​នៅ​បន្ត​រហូត​ទេ។​

«ហើយ​ខ្ញុំ​ជឿ​ថា ប្រទេស​គេ​មិនមាន​ការ​ដែល​គួរ​ឲ្យ​ពិបាក​នឹង​គិត​ទេ​ព្រោះ​ថា​ អ្វី​ដែ​លកើត​ឡើង​តែមួយ​បព្រិច​ភ្នែក ​គេបំបាត់​ទៅវិញ​ ​ជួនកាល​ដោយ​សន្តិវិធី ​ជួនកាល​ដោយ​អំពើ​អ្វីមួយ​គឺ​យក​ច្បាប់​យក​ទៅ​ប្រើ»។​

ពលរដ្ឋ​បារាំង​ពាសពេញ​ប្រទេស​ត្រូវ​គេ​ឃើញ​ថា ​បាន​ចេញ​មក​ប្រមូល​ផ្តុំ​តាម​ដង​ផ្លូវ​ដើម្បី​ប្រាព្ធ​ពិធី​ស្មឹងស្មាធ​ដើម្បី​សម្តែងមរណទុក្ខ​ដល់​អ្នក​កាសែត​ល្បីៗ និង​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវ​កម្ម​ ដែល​ត្រូវ​មេដឹកនាំ​ពិភព​លោក​ រួមទាំង​លោក​ប្រធានាធិបតី​ស.រ.អា.បាន​ថ្កោល​ទោស​ផង​នោះ។​

មន្ត្រី​បារាំង​និយាយ​ថា​ មនុស្ស​៧​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ពេល​កំពុង​តាម​រក​ជន​សង្ស័យ​ដ៏​សំខាន់​ពីរ​នាក់​ក្នុង​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ​ ដែល​បាន​សម្លាប់​មនុស្ស​១២​នាក់​នៅ​ការិយាល័យ​ទស្សនាវដ្តី​ Charlie ​Hebdo​ នៅ​ទី​ក្រុង​ប៉ារីស។​

លោក​នាយករដ្ឋមន្ត្រី​ Manuel Valls​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ជន​សង្ស័យ​ពីរ​នាក់​នោះ​ត្រូវ​បាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ស្គាល់​អត្ត​សញ្ញាណ​ហើយ។ ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ជន​ទាំង​ពីរ​នោះ​ធ្វើ​សកម្មភាព​ដូច​ជា​ទាហាន។​

ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​ប្រុសឈ្មោះ​ Said Kouachi ​និង​ Cherif ​Kouachi ​ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​វាយ​ប្រហារ​ភេរវ​កម្ម​កាលពី​ថ្ងៃពុធ។​

ជន​ទាំងពីរ​នេះ​ជាអ្នក​រស់​នៅ​ក្រុង​ប៉ារីស​ អាយុ​ប្រមាណ​៣០​ឆ្នាំ​ ហើយ ​Cherif​ ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ពីបទ​ភេរវ​កម្ម។​ អាជ្ញាធរ​បារាំង​និយាយ​ថា​ ជន​ទាំង​នោះ​ប្រដាប់​ដោយ​អាវុធ​ អាចបង្ក​គ្រោះ​ថ្នាក់។​

ក្នុង​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​មួយ​ផ្សេង​ទៀត​ មន្ត្រីប៉ូលិស​នៅ​ទីក្រុង​ប៉ារីស​និយាយ​ថា ​ប៉ូលិស​ស្រ្តីម្នាក់​បាន​ស្លាប់​ដោយសារ​ជន​ល្មើស​បាញ់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ភាគខាង​ត្បូង​ទីក្រុង​ប៉ារីស។ ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​ការ​បាញ់​ប្រហារ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ទាក់ទង​នឹង​ការតាម​រក​ជន​សង្ស័យ​ក្នុង​ការបាញ់​ប្រហារ​នៅ​ Charlie Hebdo ​នោះ​ឬ​យ៉ាង​ណា​ទេ។​

តែ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​បារាំង​បាន​ថ្លែង​ថា ​ពួក​គេ​បង្វែ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​តាម​ខេត្ត ​ដោយ​សារ​កើត​មាន​ការ​បាញ់​សម្លាប់​ផ្តាច់​ផ្តិល​ជីវិត​មួយ​ករណី​ទៀត ​ហើយ​ជួនគ្នា​នឹង​ក្រុម​ភេរវករ​ពីរ​នាក់​ត្រូវ​គេ​ដឹង​ថា ​កំពុង​រត់​ចេញ​ទៅ​ខេត្ត​ឆ្ងាយ​ពី​ក្រុង​បារីស។​

អាជ្ញាធរ​បាន​ឃុំខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ​Hamyd Mourad​ អាយុ​១៨​ឆ្នាំ​ដែល​បាន​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ ​ក្រោយ​មាន​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ៕