រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ

រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​លោក វ៉ាង យី (Wang Yi) នៅ​ថ្ងៃ​សុក្រទី២២ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (VOA)

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា​ចេញផ្សាយ​កាលពីថ្ងៃទី​២៤​ ខែកញ្ញា​នេះ​ លោកប្រាក់ សុខុន​ ដែល​ជាតំណាង​ឲ្យ​​​​មេដឹកនាំ​កម្ពុជា គឺលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ចាក​ចេញ​ពីប្រទេសកម្ពុជា​ កាល​ពីរាត្រី​ថ្ងៃអង្គារ​​ ឆ្ពោះ​មក​កាន់​ទីក្រុង​ញូវយ៉ក​។

​លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ នឹង​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​ ដែល​ធ្វើឡើង​រយៈពេល​បួន​ថ្ងៃ នៅក្នុងទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។ ​នេះបើយោងតាម​សេចក្តីប្រកាស​របស់ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ​ដែល​បានចេញផ្សាយ​ជាសាធារណៈកាលពី​ថ្ងៃ​អង្គារ​។

​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៤​នេះ​ បាន​ចាប់ផ្តើម​កាលពី​អង្គារ​ ដោយមាន​មេដឹក​នាំពិភពលោក​ជាច្រើននាក់​ចូលរួម ​ក្នុងនោះ​មានលោក ​Donald Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិកផងដែរ។​ ក្រុមមេដឹកនាំ​ និងតំណាង​រដ្ឋាភិបាល អង្គការក្រៅ​រដ្ឋាភិបាល​ ក៏នឹង​ចូលរួម​ការ​ពិភាក្សា​នានា​នៃមហាសន្និបាត​នេះ​ផងដែរ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា​ចេញផ្សាយ​នៅថ្ងៃទី​២៤​ ខែកញ្ញា​នេះ​ លោកប្រាក់ សុខុន​ ដែល​ជាតំណាង​ឲ្យមេដឹកនាំ​កម្ពុជា គឺលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ចាក​ចេញ​ពីប្រទេសកម្ពុជា​ កាល​ពីរាត្រី​ថ្ងៃអង្គារ ឆ្ពោះ​មក​កាន់​ទីក្រុង​ញូវយ៉ក​។

VOA មិន​ទាន់​អាច​សុំការ​ធិប្បាយ​ពី​លោក​ កែ​ សុវណ្ណ​ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំអង្គការ​សហ​ប្រជាជាតិ​បាន​ទេ​ ពាក់​ព័ន្ធនឹង​របៀបវារ​របស់​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​។

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ យោងតាម​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់ក្រសួង​ការ​បរទេស​កម្ពុជា​ លោកប្រាក់ សុខុន នឹង​ផ្តល់​សេចក្តី​ថ្លែង​ការណ៍​«ផ្តោត​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ សមិទ្ធិផល​សំខាន់​ៗ​ឆ្ពោះ​ទៅគោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ និង​សារៈសំខាន់​នៃកិច្ច​ប្រឹងប្រែង​រួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ភេរវកម្ម​ អំពើ​ជ្រុល​និយម​...និងការ​គំរាម​កំហែង​សន្តិសុខ​មិន​ប្រពៃណី​»។

​លោក ​ប្រាក់​ សុខុន ក៏នឹង​ធ្វើការ​គូស​បញ្ជាក់​បញ្ហា​ជាច្រើន​ទាក់​ទិន​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ​ពហុភាគី​និយម​ តួនាទី​ច្បាប់​ អន្តរជាតិ​ ផលប៉ះពាល់​ជាអវិជ្ជមាន​នៃព័ត៌មាន​ក្លែងបន្លំ​ និងបញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមានផល​ប្រយោជន៍ និងការព្រួយ​បារម្ភ​រួម​គ្នា​។​

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកនេះ​ នឹង​ធ្វើ​ឡើង​ក្រោម​មូលបទ​ «ជំរុញ​កិច្ចប្រឹង​ប្រែង​ពហុភាគី​ សម្រាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ ការអប់រំ​ប្រកប​ដោយ​គុណភាព​ សកម្មភាព​អាកាស​ធាតុ​ និងបរិយាប័ន្ន​ (ឬ​ការមិន​ទុក​ចោល​នរណា​ម្នាក់ឲ្យ​បាត់បង់ឧកាស)»។

ដោយឡែក​លោកប្រាក់​ សុខុន ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ពីររូប​មក​ពី​ប្រទេស​ក្នុងតំបន់​អឺរ៉ុបខាង​កើត រួមមាន​សាធារណរដ្ឋ​ឆែក និង​សហព័ន្ធ​រុស្ស៊ី។​ លោក​ក៏គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេសផ្សេង​ទៀត​ និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ មុននឹង​ចូលរួម​ការប្រជុំក្រៅផ្លូវ​ការថ្នាក់តំបន់​ផ្សេងទៀត​ ហើយ​និង​ការប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយប្រធានមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤ ដែលនឹង​បិទបញ្ចប់​នៅថ្ងៃ​ទី​២៨​ ខែកញ្ញា​ខាងមុខ​៕​