ការនាំចូលសាច់បង្កកពីក្រៅប្រទេសបង្កក្តីបារម្ភខ្លាំងសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា

រូបឯកសារ៖ ម្ចាស់កសិដ្ឋានដាក់ចំណីឱ្យសត្វជ្រូក នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩។

អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​រឹត​បន្តឹង​ការ​នាំ​ចូល​សាច់​បង្កក​ឱ្យ​បាន​តឹង​រ៉ឹង ដោយ​ពួកគេ​ថា​ កសិករ​មួយ​ចំនួន​បាន​បោះ​បង់​មុខ​របរ​ចិញ្ចឹម​សត្វ​ ដោយ​សារ​សត្វ​ក្នុង​ស្រុក​លក់​ចេញ​តម្លៃ​ថោក ​និង​មិន​អាច​ប្រកួត​ប្រជែង​ស្មើភាព​គ្នា​ជាមួយ​សាច់​បង្កក​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​

អ្នក​ចិញ្ចឹម​សត្វ​គោ ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ លោក​ ហ៊ត លាង ​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ លោក​ពិបាក​លក់​សត្វ​គោ​ចេញ ​ខណៈ​តម្លៃ​ថោក។ ​លោក​បន្ត​ថា​ មូលហេតុ​នេះ​ធ្វើ​ឱ្យ​កសិករ​ខាត​បង់​ប្រាក់ ​និង​បោះបង់​ការ​ចិញ្ចឹម​សត្វ។ ​បន្ថែម​ពីនេះ​ លោក​ថា​ កសិករ​ស្ទើរ​តែ​ទាំង​អស់​បាន​ខ្ចី​បុល​ធនាគារ​ដើម្បី​យក​មក​ប្រកប​របរ​មួយ​នេះ ​និង​បាន​ប្រឈម​បញ្ហា​សេដ្ឋ​កិច្ច។​

បើ​តាម​លោក​ ហ៊ត លាង ​កាលពី​ឆ្នាំ​ ២០២២​ ​គោ​មួយ​ក្បាល​លក់​បាន​តម្លៃ​ជាង​ ៦​លាន​រៀល ​ដោយ​ចិញ្ចឹម​រយៈ​ពេល​តែ​ ៤​ ទៅ​៥​ខែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៣​ នេះ ​គោ​មួយ​ក្បាល​លក់​បាន​តែ​ជាង​ ៤​លាន​រៀល ​ឬ​ ៥​លាន​រៀល​តែ​ប៉ុណ្ណោះ ​ដោយ​ប្រើ​រយៈ​ពេល​ជិត​ ១​ឆ្នាំ ​ទើប​លក់​ចេញ​បាន។​

បើ​តាម​អ្នក​ចិញ្ចឹម​សត្វ​គោ​រូប​នេះ​ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​តម្លៃ​សត្វ​គោ​រស់​ចុះ​ថោក​ និង​ពិបាក​លក់​ ដោយ​សារ​ការ​នាំ​ចូល​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​ ដែល​មាន​តម្លៃ​ថោក​ជាង​ ហើយ​អាជីវករ​ដែល​ធ្លាប់​ទិញគោ​ យក​ទៅ​កាប់​សាច់​លក់​លើ​ទីផ្សារ​ ក៏​កាត់​បន្ថយ​ការ​ទិញ​គោ​ពី​កសិដ្ឋាន​របស់​លោក​ ដោយ​ងាក​ទៅ​យក​សាច់​បង្កក​លក់​ជំនួស​វិញ។​

លោក​ស្នើ​ឱ្យ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​រឹត​បន្តឹង ​និង​ដំឡើង​ពន្ធ​នាំ​ចូល​សាច់​បង្កក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​តម្លៃ​សាច់​បង្កក​ដែល​នាំ​ចូល​មាន​តម្លៃ​ប្រហាក់​ប្រហែល​ទៅ​នឹង​តម្លៃ​សត្វ​ដែល​ចិញ្ចឹម​ក្នុង​ស្រុក ​ទើប​អាច​ជួយ​ដល់​កសិករ​បាន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បាទ!​ មក​ពី​សាច់​បង្កក​ហ្នឹង​ហ្មង។ ​បើ​ម៉ូយ​ខ្ញុំ​នៅ​ភ្នំពេញ ​គាត់​ធ្លាប់​យក​របស់​ខ្ញុំ ​គាត់​ធ្លាប់​កាប់​ ៦​ក្បាល​ ដល់​ឥឡូវ​កាប់​ ៣​ក្បាល ​លក់​អត់​អស់​ផង​ហ្នឹង។ ​ម៉ូយ​ធ្លាប់​យក​ ៥០​គីឡូក្រាម​ យក​តែ ​២០​គីឡូក្រាម​យក​សាច់​កេស​ ៣០​ ឬ​៥០​កេស។ ​ [មូយ] ​ដែល​ធ្លាប់​យក​ ១០០​គីឡូក្រាម​ មក​យក​ ៣០​គីឡូក្រាម​ ហើយ​យក​សាច់​កេស​ ២០០​កេស​ទៅ​លាយ។ ដល់​អ៊ីចឹង​សាច់​គោ​ស្រស់​យើង​ វា​លក់​បាន​តិច​ សាច់​កេស​គេ​លក់​បាន​ច្រើន​ ហើយ​ថ្លៃ​ចំណេញ​ច្រើន។​ គេយក​[ទិញ]​តែ ​១៦.០០០​រៀល ​គេ​យក​លក់​ ២​ម៉ឺន ​៥​ពាន់​ ទៅ​ ៣​ម៉ឺន​រៀល​ដែរ។ ​គេ​បន្លំ​[ជាសាច់]​គោ​យើង»។​

រូបឯកសារ៖ ស្ត្រីម្នាក់កំពុង​លក់​មាន់​នៅ​ក្នុង​ផ្សារមួយ​នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ​ហ៊ត លាង ​ដែល​ជា​អ្នក​ចិញ្ចឹម​គោ​អស់​រយៈ​ពេល​ ១១​ឆ្នាំ​មក​ហើយ ​អះអាង​ថា លោក​មិន​ដែល​ចិញ្ចឹម​គោ​ខាត​ខ្លាំង​ដូច​ឆ្នាំ​នេះ​ទេ ​ដោយ​ក្នុង​មួយ​ថ្ងៃ​លោក​ខាត​ប្រាក់​ប្រមាណ​ ៣០០​ដុល្លារ​អាមេរិក ​ក្នុង​ការ​ចិញ្ចឹម​គោ​ប្រមាណ ​១​ពាន់​ក្បាល។ ​លោក​បន្ត​ថា ប្រសិន​បើ​នៅ​ឆ្នាំ​ ២០២៤​ សត្វ​គោ​រស់​ នៅ​តែ​មាន​តម្លៃ​ថោក​បែប​នេះ​ នោះ​លោក​ប្រហែល​ជា​បោះ​បង់​មុខ​របរ​នេះ។​

លោក ​ហ៊ត លាង ​បន្ត​ថា​ ប្រសិន​បើ​តម្លៃ​គោ​រស់​ចុះ​ថោក​ សម​ណាស់​តែ​តម្លៃ​សាច់​គោ​លើ​ទីផ្សារ​ចុះ​ថោក​ដូច​គ្នា ​ប៉ុន្តែ​បច្ចុប្បន្ន ​តម្លៃ​សាច់​គោ​ដែល​លក់​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​ដដែល ​ដែល​អាជីវករ​ខ្លះ​លក់​រាយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ជាង​ ៣​ម៉ឺនរៀល​ និង​កន្លែង​ខ្លះ​លក់​រាយ​តម្លៃ​ ៤​ម៉ឺន​រៀល។​

លោក​ថ្លែង​ថា៖ ​«និយាយ​ថា ​ទប់​កុំ​ឱ្យ​ទីផ្សារ​ឡើង។ ​ឥឡូវ​រាល់​ថ្ងៃ ​គោ​[មាន​តម្លៃ]​ថោក​ តែ​គោ​រស់​ទេ ​បើ​សាច់​តាម​ទីផ្សារ​ អត់​ថោក​ទេ ​ហើយ​នៅ​ថ្លៃ​ដដែល។​ បើ​គោ​រស់​វា​ថោក​ សាច់​តាម​ទីផ្សារ​ថោក ​អ៊ីចឹង​យើង​ទទួល​យក​បាន។​ អាហ្នឹង​ថា​ មក​ពី​សេដ្ឋកិច្ច ​មក​ពី​អី។​ ចុះ​បើ​គោ​រស់​ថោក​ ហើយ​សាច់​នៅ​ដដែល​ហ្នឹង​ មាន​អី​ទៅ​ចំណេញ ​អ្នក​ចិញ្ចឹម​ ​ចំណេញ​អ្នក​ហូប?​ អ្នក​ហូប​នៅ​តែ​ថ្លៃ​ដដែល​ ហើយ​គោ​អ្នក​ចិញ្ចឹម​ថោក​ ចេះ​តែ​ថោក​ទៅៗ»។​

លោក ​ម៉ុង ឫទ្ធី ​អ្នក​ជំនួញ​កសិកម្ម​ល្បី​ឈ្មោះ​ម្នាក់ ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ ​ការ​នាំចូល​សាច់​បង្កក​នេះ​ពិត​ជា​ប៉ះពាល់​ដល់​កសិករ​ដែល​ចិញ្ចឹម​សត្វ​ដែល​មិន​មាន​លុយ​ទប់​ខាត ​ហើយ​ប្រឈម​នឹង​ការ​បោះបង់​មុខ​របរ​មួយ​នេះ។ ​ប៉ុន្តែ​លោក ​ម៉ុង ឫទ្ធី​ ដែល​ចិញ្ចឹម​សត្វ​ជ្រូក ​រំពឹង​ថា​ ក្រសួង​កសិកម្ម ​និង​អាជ្ញាធរ​គយ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​រលូន ​នា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា៖ ​«វា​ខុស​គ្នា ​ឆ្ងាយ​គួរ​សម​ដែរ។ ​វា​ធ្វើ​ឱ្យ​ខាតបង់។ ​តម្លៃ​ផលិត​យើង​វា​ខ្ពស់​ ហើយ​ដល់​ការ​នាំ​ចូល​វា​ទាប​ ធ្វើ​ឱ្យ​ខាត​បង់ អ៊ីចឹង​ដែរ»។​

លោក​ ស្រ៊ុន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ ​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​បាន​វាយ​លុក​ខ្លាំង​ក្នុង​ទីផ្សារ ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ប្រឈម​នឹង​ការខាត​បង់។​ លោក​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​មាន​វិធាន​ការ​បន្ទាន់​ដើម្បី​ជួយ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក។​

បើ​តាម​លោក ​ស្រ៊ុន ពៅ ​ថ្លៃ​ដើម​ចិញ្ចឹម​ជ្រូក​ រហូត​ដល់​ប្រមូល​ផល​ គិត​ក្នុង​ ១​គីឡូ​ក្រាម ​ចំណាយ​អស់​ប្រាក់​ ៩០០០​រៀល ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​ជ្រូក​រស់​លក់​ចេញ​បាន​ត្រឹម​តែ​ ៥០០០​ទៅ ​៦០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយគីឡូក្រាម​ដែល​ពី​មុន​ធ្លាប់​ លក់​ចេញ​បាន​ជាង​ ១​ម៉ឺន​រៀល​ក្នុង​ ១​គីឡូ​ក្រាម​នៃ​សត្វ​ជ្រូក​រស់។​

លោក​បញ្ជាក់​ថា៖ ​«មិន​ត្រឹម​កសិករ​ទេ ​កសិដ្ឋាន ​ក្រុមហ៊ុន​ខ្លះ ​ក៏​ត្រូវ​បះ​ជើង​ ទប់​មិន​រួច​ ដោយ​សារអី​ ដោយ​សារ​តម្លៃ​នៅ​គេ​ថោក។ ​តម្លៃ​នៅ​គេ​ថោក​ណាស់ ​១​គីឡូ​ក្រាម​តម្លៃ​តែ ១​ដុល្លារ​ ២​កាក់​ អី​ទេ​ ហើយ​យក​មក​ប្រកួត​ប្រជែង​ជាមួយ​យើង។ ​យើង​ដើម​ផលិត​យើង​ ២​ដុល្លារ​លើស​ទៅ​ហើយ​នោះ។​ អ៊ីចឹង​បើ​សិន​ណា​ជា​គ្មាន​រនាំង​ពន្ធ​ ឬ​ក៏​រនាំង​បច្ចេកទេស​ អ៊ីចឹង​វិស័យ​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​មិន​អាច​ប្រកួត​ប្រជែង​បាន​ ហើយ​ក៏​មិន​អាច​ចិញ្ចឹម​បាន​បន្ត​ទៀត»។

បើ​តាម​លោក ​ស្រ៊ុន ពៅ ​មូលហេតុ​ដែល​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​សាច់​នាំចូល ​ដោយ​សារថ្លៃ​ដើម​ផលិត​ខ្ពស់ ​ដូចជា​ភ្លើង ​ទឹក​ ដឹក​ជញ្ជូន ​និង​ចំណី​ជាដើម។​

លោក​បន្ថែម​ថា៖ ​«ប្រកួត​ប្រជែង​អត់​ឈ្នះ​គេ​ទេ!​ ប្រកួត​ប្រជែង​អត់​ឈ្នះ​គេ​ទេ!​ដោយសារ​អី ​ដោយសារ​ប្រទេស​គេ ដើម​ផលិត​នៅ​នោះ។ ​ឧទាហរណ៍​ថា​ យើង​ត្រូវ​ការ​សណ្តែក​សៀង ​ត្រូវការ​អី​ទាំង​អស់​ ពោត​សណ្តែក ​កាក​សៀង កាក​សណ្តែក​សៀង​ កាក​អីទាំង​អស់​ហ្នឹង ​គឺ​សុទ្ធ​តែ​នាំចូល​ ហើយ​វត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ ផលិត​នៅ​ក្នុង​ស្រុក ​ប៉ុន្តែ​ក្នុង​ស្រុក​ក៏​អត់​ថោក​ដែរ ​ដូច​ពោត​មួយ​តោន​ឡើង​ ៣០០​[ដុល្លារ]​ជាង។ អ៊ីចឹង​អត់​ថោក​ទេ។​ អ៊ីចឹង​បើ​បូក​សរុប​ចំណី​ទៅ​ ចំណី​នៅ​តែ​ថ្លៃ។​ អ៊ីចឹង​ដើម្បី​ឱ្យ​ប្រកួត​ប្រជែង​គេ​បាន​ [គឺ]​ភ្លើង ​ទឹក​ ដឹក​ជញ្ជូន ​ចំណី ​គឺ​សុំ​ឱ្យ​ដូច​គេ។ ​កម្ពុជា​យើង​ធ្វើ​បាន ​ប៉ុន្តែ​បើ​សិន​ណា​ជា​មិន​គិត​គូរ​ពី​រឿង​ដើម​ផលិត​ចំណី​ នៅ​តែ​ថ្លៃ ​យើង​ត្រូវ​តែ​ភិត​ភ័យ​នឹង​ក្ស័យ​ធន់»។​

រូបឯកសារ៖ អាជីវករ​ម្នាក់កំពុងលក់​សាច់​គោ​ដល់​អតិថិជន​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ទាក់ទង​នឹង​សាច់​បង្កក​នេះ ​លោក​ គុណ ញឹម ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​បាន​ថ្លែង​ថា ​កាល​ពី​កន្លង​ទៅ​ការ​នាំ​ចូល​សាច់​បង្កក​មិន​តម្រូវ​ឱ្យ​សុំ​លិខិត​អនុញ្ញាត​ពីក្រសួង​កសិកម្ម​នោះ​ទេ ​ដោយ​តម្រូវ​ឱ្យ​មាន​តែ​វិញ្ញា​បនបត្រ​សុខភាព​សត្វ​ ឬ​សាច់​ដែល​ចេញ​ដោយ​ប្រទេស​នាំ​ចេញ​តែ​ប៉ុណ្ណោះ។​

ក្នុង​វេទិកាផ្សព្វផ្សាយ​វិធាន​ការ​សម្រួល​ពាណិជ្ជ​កម្ម ​ក្រោម​ដែន​សមត្ថកិច្ច​គយ ​ដែល​ធ្វើ​នៅ​សាលា​ជាតិ​គយ​ កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣ ​លោក ​គុណ ញឹម ​ថ្លែង​ថា៖ ​«អនុក្រឹត្យ​១៧​ ចែង​ច្បាស់ ​សាច់​បង្កក​នាំ​ចូល ​គឺ​តម្រូវ​ឱ្យ​មាន​វិញ្ញា​បនបត្រ​សុខភាព​សត្វ​ ឬ​សាច់​ ដែល​ចេញ​ដោយ​ប្រទេស​នាំ​ចេញ​ ​អ៊ីចឹង​ហើយ​យើង​អនុញ្ញាត​ឱ្យ​បង់​ពន្ធអាករ​ ប្រសិន​ជា​អ្នកនាំ​ចូល​នោះ​មាន​ឯកសារ​គ្រប់គ្រាន់​ ស្រប​តាម​អនុក្រឹត្យ​ ១៧។​ អ៊ីចឹង​ហើយ​យើង​ឱ្យ​នាំចូល​ ឱ្យ​នាំ​ចូល​ច្រើន ​តាម​តម្រូវ​ការ​របស់​ទីផ្សារ»។​

បើ​តាម​លោក ​គុណ ញឹម​ សាច់​បង្កក​ទាំង​នោះ​នាំ​ចូល​មក​ពី​ប្រទេស​អូស្ត្រាលី ​អាមេរិក​ រុស្ស៊ី​ឥណ្ឌា​ ប្រេស៊ីល ​ជប៉ុន ​ជាដើម ​ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ និង​តាម​សណ្ឋាគារ​ដែល​ជន​បរទេស​ស្នាក់​នៅ។​ លោក​បញ្ជាក់​ថា ​រដ្ឋាភិបាល​បាន​គិត​គូរ​ទាំង​អ្នក​ចិញ្ចឹម​សត្វ ​និង​អ្នក​ប្រើប្រាស់​ ដើម្បី​កុំឱ្យ​តម្លៃ​សាច់​លើ​ទីផ្សារ​ឡើង​ថ្លៃ។​

លោក​ថ្លែង​ថា៖​ «បើ​ចិញ្ចឹម​សត្វ​មិន​គ្រប់​ វា​ត្រូវ​តែ​នាំ​ចូល​ ដើម្បី​មក​បង្គ្រប់​ទីផ្សារ​ កុំ​ឱ្យ​អតិផរណា​សាច់​ ឬ​ថា​សាច់​ឡើង​ថ្លៃ។ ​បើ​សិន​ជា​ការ​ផ្គត់​ផ្គង់​មិន​គ្រប់គ្រាន់ ​ហើយ​មិន​មាន​ការ​នាំចូល​មក​បំពេញ​ទីផ្សារ​ដែល​ខ្វះខាត ​អាហ្នឹង​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក ​គាត់​ពិត​ជា​សប្បាយ​ចិត្ត ​ព្រោះ​គាត់​ឡើង​ថ្លៃ​ ហើយ​វា​ប៉ះ​ពាល់​ដល់​អ្នក​ហូប ​សាច់​ហ្នឹង​ជាង​ ១០​ លាន​នាក់​ទៅ»។​

លោក​ គុណ ញឹម ​បាន​ឱ្យ​ដឹង​ដែរ​ថា​ កន្លង​មក​ សាច់​បង្កក​ខូច​គុណ​ភាព​ត្រូវ​បាន​ជន​ខិល​ខូច​នាំ​ចូល​តាម​ច្រក​របៀង ​ហើយ​អាជ្ញាធរ​បង្រ្កាប​បាន​ជា​ច្រើន​ករណី។​

លោក ​មាស សុខសេនសាន ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ប្រាប់​វីអូអេ​ថា​ ក្នុង​រយៈ​ពេល​ ១១​ខែ​ ឆ្នាំ​ ២០២៣ ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បង្រ្កាប​ការ​នាំ​ចូល​សាច់​ខូច​គុណភាព​ចំនួន​៧​ករណី ​ដែល​ស្មើ​ ១៧,៧​តោន ​និង​ត្រូវ​បាន​ដុត​កម្ទេច​ចោល។​

អ្នក​នាំពាក្យ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ​តាម​រយៈ​លទ្ធល​នៃ​វេទិការ​រាជ​រដ្ឋាភិបាល-ផ្នែក ​ឯកជន​លើក​ទី ១៩​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២៣ ​ រដ្ឋាភិបាល​កំពុង​រៀប​ចំ​កែ​សម្រួល​អនុក្រឹត្យ​លេខ​ ១៧ ​ដោយ​តម្រូវ​ឱ្យ​ការ​នាំ​ចូល​សាច់​សត្វ​គ្រប់​ប្រភេទ ​ទាំង​សាច់​បង្កក​ ស្រស់ ​ក្លាស្សេ ​ឬ​ប្រឡាក់​អំបិល ​ត្រូវ​មាន​លិខិត​អនុញ្ញាត​នាំចូល​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ដោយ​រដ្ឋាភិបាល​នឹង​ទុក​រយៈ​ពេល​ ៣ ​ទៅ​ ៤​ខែ​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ដើម្បី​ឱ្យ​ធុរជន​ អាច​មាន​ពេល​គ្រប់​គ្រាន់​ ដើម្បី​រៀបចំ​ទិសដៅ​អាជីវ​កម្ម ​និង​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត។​

លោក​បន្ត​ថា​ ការ​នាំចូល​សាច់​បង្កក​ក៏​ត្រូវ​បំពេញ​លក្ខខណ្ឌ​បន្ថែម​មួយ​ចំនួន​ទៀត​ ដូច​ជា​អ្នក​នាំចូល​ត្រូវ​មាន​ឃ្លាំង​ត្រជាក់​ដើម្បី​រក្សា​សាច់​ត្រឹមត្រូវ ​និង​នាំចូល​បានតែ​តាម​ច្រក​កំណត់​មួយ​ចំនួន​ប៉ុណ្ណោះ។​

បើ​តាម​លោក ​មាស សុខសេនសាន ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​សង្ឃឹម​ថា​ វិធានការ​ថ្មី​នេះ​នឹង​រឹតត្បិត​បន្ថែម​នូវ​ការ​នាំចូល​សាច់​បង្កក​ពី​បរទេស។​

ការ​នាំ​ចូល​សាច់​បង្កក​ក្នុង​ឆ្នាំ​ ២០២៣​ តាម​រយៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ស្រប​ច្បាប់ មាន​ចំនួន​សរុប​ប្រមាណ ​៤៥.០០០ ​តោន​ ដោយ​ក្នុង​នោះ​ មាន​សាច់​គោ​ប្រមាណ​ ១.៦៦០​ តោន​ សាច់​ក្របី​ជាង​ ១០.០០០ ​តោន​ សាច់​ជ្រូក​ប្រមាណ​ ១.៧០០​ តោន ​សាច់​បសុបក្សី​ប្រមាណ​ ១៦.០០០​ តោន និង​សាច់​ផ្សេងៗ​ទៀត​ ប្រមាណ​ ១៥.០០០​ តោន។ នេះ​បើ​តាម​លោក ​មាស សុខសេនសាន។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា ​លោក ​ស្រ៊ុន ពៅ​ នៅតែ​យល់ថា​ ប្រសិន​បើ​ការ​កែ​តម្រូវ​អនុក្រឹត្យ​លេខ​ ១៧​ យូរ​ខែ​ទៀត ​នោះ​អ្នក​ចិញ្ចឹម​ ពិត​ជា​ប្រឈម​នឹង​ការ​ខាត​បង់​ និង​បោះ​បង់ការ​ចិញ្ចឹម។​

លោក​ថ្លែង​ថា៖ ​«សមាគម​យើង​សុំ​ឱ្យ​អនុក្រឹត្យ​លេខ ១៧​ ហ្នឹង​មក​ ក្រសួង​កសិកម្ម​ជា​អ្នក​គ្រប់​គ្រង​ ក៏​ប៉ុន្តែ​ឥឡូវ ​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​កែ​តម្រូវ​ហើយ​ ក៏​ប៉ុន្តែ​ខែ​ ៥​ បាន​កែ​អនុក្រឹត្យ​នេះ​ជា​ស្ថាពរ។ ​ ​អ៊ីចឹង​ពី​ឥឡូវ​ទៅ​ដល់​ខែ​ ៥​ យើង​នៅ​តែ​បារម្ភ​ថា​ សាច់​បង្កក​ក៏​ដូច​ជា​ស្អី​ផ្សេងៗ ​ដែល​ថោក​នៅ​ប្រទេស​គេ​គឺ​នាំ​ចាក់​ចូល​ស្រុក​ខ្មែរ​យើង​ធម្មតា។ ​ត្រង់​ហ្នឹង​ហើយ​ដែល​បារម្ភ»។​

កញ្ញា ​អ៊ឹម រចនា​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​ប្រាប់​វីអូអេ​ថា ​ក្រសួង​កសិកម្ម ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​កែ​សម្រួល​អនុក្រឹត្យ​នេះ​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕