សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានទាមទារឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរស័ព្ទ ដើម្បីឲ្យប្រជាពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យមានការនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាង ចូលក្នុងប្រទេស។
ការទាមទារនេះធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ បង្គាប់ឲ្យរដ្ឋបាលខេត្តទាំងអស់ជាប់ព្រំប្រទល់ប្រទេសជិតខាងកម្ពុជា ទប់ស្កាត់ការនាំបន្លែ និងផ្លែឈើដែលមានជាតិគីមីពុល និងទំនិញខូចគុណភាពចូលមកក្នុងប្រទេស។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតំណាងឲ្យគ្រួសារកសិករនៅតាមជនបទប្រមាណ ២ ម៉ឺនគ្រួសារទូទាំងប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃនេះថា៖
«ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលត្រូវបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរស័ព្ទ (Hot line)»សម្រាប់ប្រជាពលរដ្ឋរាយការណ៍អំពី «មន្ត្រី ឬអាជ្ញាធរណាដែលបានធ្វើការឃុបឃិតប្រព្រឹត្តអំពើពុករលួយបើក» ដៃឲ្យមានការនាំបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាង ចូលប្រទេសកម្ពុជា។
កន្លងមក ពលរដ្ឋកម្ពុជាជាច្រើនបានរអ៊ូរទាំអំពីការនាំយកបន្លែ ផ្លែឈើ និងទំនិញខូចគុណភាពផ្សេងៗទៀត ពីប្រទេសជាប់ភូមិផងរបស់ជាមួយគ្នា ជាពិសេសគឺវៀតណាម និងថៃ ចូលមកក្នុងប្រទេស។
សមាគមកសិករលើកឡើងថា ការអនុញ្ញាតឲ្យនាំយកទំនិញខូចគុណភាព និងជាពិសេសបន្លែ និងផ្លែឈើដែលមានសារធាតុគីមីពុល ចូលមកក្នុងប្រទេស បានធ្វើឲ្យប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ៕