ទូត​ខ្មែរ​នៅ​ថៃ​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​អនុវត្ត​​​វិធានការ​បង្ការ​កូវីដ​១៩​ ក្នុង​ពេល​ថៃ​ពន្យារ​ពេល​គ្រា​អាសន្ន​១​ខែ​ទៀត

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

ស្ថានទូត​ខ្មែរប្រចាំ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការ​អនុវត្ត​តាម​វិធានការ​បង្ការ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាមសេចក្តី​ជូន​ដំណឹង​មួយ​របស់​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ចុះ​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ឆ្នាំ​២០២០។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​ពេល​ ១​ ខែ​ទៀត​នៃ​ការ​ដាក់​ប្រទេសក្នុង​គ្រា​មាន​អាសន្ន ​រហូត​ដល់​ចុង​ខែ​មិថុនា ​ឆ្នាំ​២០២០។​

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​ប្រទេស រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ថៃ​ក្នុង​គ្រា​មាន​អាសន្ន ​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០២០។​

រហូត​មក​ដល់​ថ្ងៃ​នេះ ​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ​ជាង ​៣ ​ពាន់​នា ក់និង​ស្លាប់​ជិត​ ៦០ ​នាក់។​

មាន​ពលករ​ខ្មែរ​យ៉ាង​តិច ​១ ​លាន​នាក់​ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ៕