ខ្សែ​ភាពយន្ត​ឯកសារ «The Donut King ឬ ស្តេចដូណាត់» ចាប់ផ្តើម​ដាក់​បញ្ចាំង

ខ្សែភាពយន្ត​ឯកសារ​ «The Donut King» ឬ​ស្តេចដូណាត់។ (Greenwich Entertainment)

ខ្សែភាពយន្ត​ឯកសារ​ «The Donut King» ឬ​ស្តេចដូណាត់ ដែល​តាមដាន​ដំណើរ​ជីវិត​មិនទៀងទាត់​របស់​ជនអន្តោប្រវេសន៍​ខ្មែរ​ម្នាក់​ដែល​បាន​កសាង​អាណាចក្រ​នំដូណាត់​នៅ​រដ្ឋកាលីហ្វ័រញ៉ា បាន​ចាប់ផ្តើម​បញ្ចាំង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​តាម​រោង​ភាពយន្ត​និង​តាម​បណ្តាញ​អ៊ីនធឺណិត។

លោក Ted Ngoy បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​ប្រពន្ធ​និង​កូន ៣នាក់ក្នុង​អំឡុង​ពេល​នៃ​ការ​ងើប​ឡើង​នៃ​របបកុម្មុយនិស្ត​ខ្មែរក្រហម ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១,៧លាននាក់ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។ លោក​បាន​មក​ដល់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៧៥ ហើយ​មួយ​ទសវត្សរ៍​ក្រោយ​មក លោក​បាន​ក្លាយ​ជា​ម្ចាស់​ហាង លក់​នំ​ដូណាត់​ជាច្រើន​កន្លែង​និង​បាន​ធានា​ប្រជាជន​ខ្មែរ​រាប់​រយ​នាក់​ពី​ប្រទេស​កម្ពុជា​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​បណ្តា​ហាង​របស់​លោក។

លោក Ted Ngoy ជាប្រធានបទក្នុងខ្សែភាពយន្តឯការ «The Donut King»។ (Greenwich Entertainment)

ជីវិត​របស់​លោក Ted Ngoy គឺ​ជា​សាច់រឿង​ជោគជ័យ​នៃ​ការ​តស៊ូ​របស់​ជនអន្តោប្រវេសន៍​និង​ការសម្រេច​ក្តី​សុបិន​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក។ បណ្តាញ​សារព័ត៌មាន​នានា​ដូចជា កាសែត LA Times កាសែត Wall Street Journal កាសែត California Sunday និង​កាសែត Phnom Penh Post ធ្លាប់បាន​ចុះ​ផ្សាយ​ពី​សាច់រឿង​ជីវិត​របស់​លោក។ ប៉ុន្តែ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ចិនឈ្នោះ Alice Gu គឺ​ជា​មនុស្ស​ដំបូង​ដែល​ប្រែ​ក្លាយ​សាច់​រឿង​ជីវិត​របស់​លោក​ឱ្យ​ទៅ​ជា​ខ្សែភាពយន្ត​ឯកសារ​រយៈពេល ៩០នាទី​មួយ។

អ្នកស្រី Alice Gu ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA ថា៖ «វា​ជា​សាច់​រឿង​អំពី​ក្តីសង្ឃឹម សុទិដ្ឋិនិយម​និង​សេចក្ដីសប្បុរស»។

អ្នកស្រី Alice Gu បន្តថា៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់ ហាង​ដូណាត់​ទាំងអស់​នោះ​គឺ​កើត​ចេញ​មក​ពី​បុរស​តែ​ម្នាក់ ហើយ​បុរស​ម្នាក់​នេះ​អាច​ជួយ​ប្រជាជន​ទាំងអស់​នោះ ជនភៀសខ្លួន​ទាំងអស់​នោះ​ឲ្យ​ទទួល​បាន​ជំហរ​នៅ​អាមេរិក ហើយ​បុរស​ម្នាក់​នេះ បាន​ជួយ​សម្រច​ក្តី​សុបិន​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក​សម្រាប់​ជនភៀសខ្លួន​ទាំងអស់​នោះ»។

នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩៤ ប្រជាជន​កម្ពុជា​ប្រមាណ ១៦ម៉ឺន នាក់​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ជា​ជនភៀសខ្លួន។ ពួកគេ​ខ្លះ​ដោយ​មាន​ជំនួយ​ពី​លោក Ted Ngoy បាន​ត្រួតត្រា​ជំនួញ​នំ​ដូណាត់​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​រដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី Alice Gu បាន​និយាយ​ថា លោក Ted Ngoy បាន​បង្កើត «ប្រអប់​នំ​ដូណាត់​ពណ៌​ផ្កាឈូក» ដែល​គេ​គ្រប់គ្នា​ស្គាល់ ហើយ​អ្នកស្រី​ថា លោក Ted Ngoy ក៏​បាន​រារាំងមិន​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ដូចជា Dunkin’ Donuts អាច​ចូល​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក​បាន។

អ្នកស្រី Alice Gu បាន​និយាយ​ថា៖ «នំ​ដូណាត់​ត្រូវ​បាន​ឆ្លាក់​ជាប់​យ៉ាង​ជ្រាលជ្រៅ​ក្នុង​វប្បធម៌​អាមេរិកាំង។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​មួយដែល​អាមេរិកាំង​ចូលចិត្ត​បំផុត​ហើយ​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ នៅ​ភាគ​ខាង​លិច​នៃទន្លេ Mississippi ស្ទើរ​តែ​ទាំង​ស្រុង ប្រសិន​បើ​អ្នក​ញ៉ាំ​នំ​ដូណាត់​ដែល​ជា​អាហារ​ដែល​អាមេរិកាំង​ចូលចិត្ត​បំផុត​មួយ​នេះ ភាគច្រើន​នំដូណាត់​នោះ​ជានំដែល​ខ្មែរធ្វើ»។

លោក Ted Ngoy ឈរនៅមុខហាងនំដូណាត់ដំបូងបង្អស់របស់លោក ឈ្មោះ Christy's Doughnuts នៅទីក្រុង La Habra រដ្ឋ California។ (Greenwich Entertainment)

នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​មិន​នឹក​ស្មាន លោក Ted Ngoy ដែល​ធ្លាប់​ទទួល​បាន​រង្វាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​សម្រាប់​ការ​ជោគជ័យ​ក្នុង​អាជីវកម្ម​នៅ​អាមេរិក​និយាយថា លោក​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង ដោយសារ​ល្បែង​ស៊ីសង។ អ្នកស្រី Alice Gu បាន​និយាយ​ថា​រឿងរ៉ាវ​នេះ មួយ​ផ្នែក​គឺជា «រឿង​ប្រៀន​ប្រដៅ» ប៉ុន្តែ​ខ្សែភាពយន្ត​ឯកសារ​អំពី​សាច់រឿង​ជីវិត​របស់​លោក Ted Ngoy នេះ កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ជាច្រើន​ក្នុង​សង្គម​អាមេរិកាំង​សព្វថ្ងៃ។

អ្នកស្រី Alice Gu ពន្យល់​ថា៖ «មូលហេតុ​ដែល​ខ្សែ​ភាពយន្ត​ឯកសារ​នេះ មាន​សារៈសំខាន់​នៅ​ពេល​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ប្រទេស​នេះ​មាន​ការ​បែកបាក់​ខ្លាំង​ពេក។ វា​ពិត​ជា​ផ្តោត​លើ​គំនិត «ពួកយើងប្រឆាំងពួកគេ»។ តែ​នៅ​ក្នុង​រឿង​នេះ វា​ពិត​ជា​បង្ហាញ​ពី​ការ​អាណិត​អាសូរ ភាព​ជា​អ្នកដឹកនាំ​ពី​សំណាក់​បណ្តា​ប្រធានាធិបតី​របស់​យើង​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ខ្លួន​នៅ​លើ​ពិភពលោក និង​ការណ៍​ដែល​យើង​គួរ​ធ្វើ ចំពោះ​អាកប្បកិរិយា​របស់​យើង​លើ​ជនអន្តោប្រវេសន៍»។

ខ្សែភាពយន្ត​ឯកសារ «ស្តេចដូណាត់ ឬ The Donut King» នឹង​មាន​ចេញ​លក់​តាម​អ៊ីនធឺណិត​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា៕