កន្លែង​លក់​សាច់​សត្វ​សុនខ​​ដ៏ធំមួយបានបិទ​ទ្វារ ​ក្រោយ​ការ​ជួញ​ដូរ​សាច់​សុនខ​រង​សម្ពាធ

សមាជិកនៃអង្គការសង្គ្រោះសត្វ Four Paws ចុះប្រតិបត្តិការជួយសង្គ្រោះសត្វសុនដ នៅទីតាំងសម្លាប់សត្វសុនខ ក្នុងស្រុកស្គន់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ការ​សម្លាប់​សាច់សុនខ​យកសាច់​លក់ ​ដើម្បី​ធ្វើម្ហូប​ត្រូវ​បាន​បង្ក្រាប​នៅក្នុង​ប្រទេស​កម្ពុជា ​នៅ​ពេល​អាជ្ញាធរ​បង្កើន​ការ​ប្រឹងប្រែងបង្ក្រាប​ការ​សម្លាប់សត្វ​ដ៏ស្មោះ​ត្រង់​នឹង​ម្ចាស់។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

កន្លែង​សម្លាប់​សត្វ​សុនខ​យក​សាច់​លក់​ ដើម្បី​ធ្វើ​ម្ហូប​មួយ​កន្លែង​ក្នុង​ស្រុក​ស្គន់​ ខេត្ត​កំពង់ចាម​ ដែល​បាន​សម្លាប់​សត្វ​សុនខ​ជាង ​១ លាន​ក្បាល​បាន​បិទ​ទ្វារ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​និង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​សាច់​សត្វសុនខ។​

ជា​រៀង​រាល់​ឆ្នាំ​ សត្វ​សុនខ​រវាងពី ២ ​លាន​ទៅ ​៣ ​លាន​ក្បាល ​ត្រូវ​បាន​សម្លាប់​យកសាច់​លក់​សម្រាប់​ធ្វើ​ម្ហូប។ នេះ​បើ​យោងតាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ Four Paws ​ដែល​សង្គ្រោះ​សត្វ។ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ភោជនីយដ្ឋាន​ជាង ​១០០​ កន្លែង​ដែល​លក់​សាច់​សត្វ​សុនខ។​

ទីតាំង​លក់​សាច់​សត្វសុនខ​ដ៏​ធំ​មួយនៅស្រុកស្គន់ គឺ​ជា​ប្រភព​នៃ​ការ​លក់​ចែកចាយ​សាច់​សត្វ​សុនខ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក ​អ៊ុក ម៉ុល ​អតីត​យុទ្ធជន ​អាយុ​ ៥០ ​ឆ្នាំ​ ដែល​ជាម្ចាស់​អាជីវកម្ម​សាច់​សត្វសុនខ​នេះ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP​ ថា​ លោក​នឹង​ឈប់​សម្លាប់​សត្វ​សុនខ​យក​សាច់​លក់​តទៅ​ទៀត​ហើយ។

ចាប់​តាំង​ពី​លោក​បាន​បើក​អាជីវកម្ម​នេះ​ កាលពី​ឆ្នាំ​ ១៩៩៥​ អាជីវកម្ម​របស់​លោក​បាន​រីក​កាន់​តែ​ធំ។​លោក​ថា ​អាជីវកម្ម​នេះ​បាន​សម្លាប់​សត្វ​សុនខ​ជាង ​១ ​លាន​ក្បាល ​ក្នុង​រយៈ​ពេល ​២៥ ឆ្នាំ​កន្លង​ទៅ​នេះ។

«ខ្ញុំ​ចង់​ឈប់​រក​ស៊ី​មុខរបរ​នេះ​ហើយ​ ព្រោះ​ខ្ញុំ​កាន់​តែ​ចាស់​ ហើយ​មនុស្ស​ជា​ច្រើន​គេ​រិះគន់​ខ្ញុំ​អំពីការ​លក់​សាច់​ឆ្កែ។ ​ខ្ញុំ​ខ្មាស់​ខ្លួន​ឯង»។​

កន្លែងលក់​សាច់​សត្វ​សុនខ​​ដ៏ធំមួយនៅកម្ពុជាបានបិទ​ទ្វារ

នៅ​ផ្ទះ​លក់​សាច់​សុនខ​នេះ មាន​ទ្រុង​ជាច្រើន​ដែល​ដាក់​សត្វ​សុនខ​ មាន​អាង​ទឹក​ពីរ​ដែល​ប្រើ​សម្រាប់​ជ្រមុជ​សម្លាប់​សត្វ​សុនខ មាន​ជញ្ជីង​ មាន​ឧបករណ៍​រោល​រោមសុនខ។​ អាជីវកម្ម​មួយ​នេះ​សម្លាប់​សត្វ​សុនខ​យ៉ាង​តិច ​២០០​ ក្បាល​ក្នុង​មួយ​ថ្ងៃ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​អាជីវកម្ម​នេះ​ត្រូវ​បិទ​ទ្វារ គេ​ឃើញ​សត្វ​សុនខ ​១៦ ​ក្បាល ​ដែល​ជាប់​ក្នុង​ទ្រុង។​ សកម្មជន​ការពារ​សិទ្ធិ​សត្វ​ Four Paws បាន​ជួយ​សង្គ្រោះ​សត្វ​សុនខ​ទាំង​នោះ​ ហើយបញ្ជូន​ពួកវា​ទៅកន្លែង​មើលថែ។ សាធារណជន​អាចយក​សត្វ​ទាំង​នេះ​ទៅចិញ្ចឹម​ នៅ​ក្រៅ​ប្រទេស។​

លោក ​អ៊ុក ម៉ុល ​និង​ក្រុម​គ្រួសារ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​អាជីវកម្ម​នេះ ​បន្ទាប់​ពី​ក្រុម​យុទ្ធនាការ​ប្រចាំ​អង្គការ Four Paws​ សង្គ្រោះ​សត្វ​ បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​លោក​ ឲ្យ​បើក​អាជីវកម្ម​លក់​គ្រឿង​ទេស​វិញ។​

អ្នកស្រី ​សៅ ផល្លី ​ភរិយា​របស់​លោក​ អ៊ុក ម៉ុល ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP ​ថា អ្នកស្រី​រីករាយ​ដែល​បាន​ដកខ្លួន​ចេញ​ពី​អាជីវកម្ម​នេះ។​

«យើង​តែង​តែបារម្ភ​ពី​កម្មពៀរ​ ព្រោះ​យើង​សម្លាប់​សត្វ។ ​អ្នក​ជិតខាង​គេ​មើល​មក​យើង​ក្នុង​ផ្លូវ​មិន​ល្អ»។​

កាល​ពី​ឆ្នាំ​មុន​ ក្រុង​សៀមរាប​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ជួញដូរ​សាច់​សត្វ​សុនខ។​ បម្រាម​នោះ​គឺជាជោគ​ជ័យ​សម្រាប់​ក្រុម​យុទ្ធនាការ​ការពារ​សិទ្ធិ​សត្វ​ ដែល​បាន​និយាយ​ថា ​ក្រុង​សៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នោះ ​ជា​ទីតាំង​ «សំខាន់» នៃ​ការ​លក់​សាច់​សត្វ​សុនខ។​

ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បរិភោគ​សាច់​សត្វ​សុនខ​ ដែល​ជា​ប្រភព​ប្រូតេអ៊ីន​មាន​តម្លៃ​តម្លៃ​ថោក ​ហើយ​ការបរិភោគ​សាច់​សត្វ​សុនខនេះ​ពេញ​និយមនៅ​ប្រទេស​វៀតណាមខ្លាំង​ជាង​ប្រទេស​កម្ពុជា៕​