បន្ទាប់ពីវិទ្យុអាស៊ីសេរី (RFA) ដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា ច្រើនតែផ្សាយព័ត៌មានអវិជ្ជមានអំពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអស់ជិត២០ឆ្នាំមកហើយនោះ ប្រកាសបិទការិយាល័យរបស់ខ្លួនភ្លាមៗកាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ពលរដ្ឋ ដែលនិយមស្តាប់ និងគាំទ្រការផ្សាយរបស់វិទ្យុនេះ បានសម្តែងការសោកស្តាយ ហើយថា ការបិទវិទ្យុនេះគឺជាការបាត់បង់ប្រភពព័ត៌មានមួយទៀតដែលអាចជឿទុកចិត្តបាន។
ការបិទវិទ្យុអាស៊ីសេរី ដែលទទួលការឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិកនេះ ធ្វើឡើងមិនប៉ុន្មានថ្ងៃក្រោយពីកាសែតជាភាសាអង់គ្លេស ឌឹ ខែមបូឌាដេលី បានប្រកាសបិទទ្វារពាក់ព័ន្ធការទារពន្ធដារដ៏ច្រើន។
លោក ឃាង ម៉េង អាជីវករលក់ដូរក្នុងផ្សារបឹងកេងកង បានលើកឡើងថា អាស៊ីសេរីបានផ្សាយពីព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយនូវរាល់បញ្ហាក្នុងសង្គម។ លោកម៉េង ដែលបានប្រាប់ថា លោកជាអ្នកនិយមស្តាប់វិទ្យុអាស៊ីសេរីមិនដែលខាននោះ បានបន្ថែមថា ចាប់តាំងពីពេលដែលលោកមិនអាចបើកវិទ្យុអាស៊ីសេរីស្តាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកមិនបានស្តាប់វិទ្យុណាផ្សេងទៀតទេ ហើយលោកក៏មិនមានមធ្យោបាយអ្វីផ្សេងដើម្បីទទួលបានព័ត៌មានរបស់វិទ្យុអាស៊ីសេរីទៀតដែរ។
អាជីវករវ័យ៧០ឆ្នាំរូបនេះបន្ថែមថា លោកមានការសោកស្តាយនៅពេលដែលមិនអាចទទួលបានព័ត៌មានពីវិទ្យុអាស៊ីសេរីតទៅទៀត៖
«ប្រជាជនភាគច្រើនដូចជាលែងទទួលបានដំណឹងពិតអី អីចឹង។ អត់បានទទួល។ ចុះបើបិទអស់ហើយ! យើងធ្លាប់ស្តាប់ យើងលែងដឹងហើយ។ ដឹងតែម្ខាង។ ធម្មតាចេះតែស្តាយហើយ ព្រោះធ្លាប់ស្តាប់ហើយ»។
កាលពីថ្ងៃអង្គារ វិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសការផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញមួយរយៈ ដោយមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយនោះទេ។ សេចក្តីថ្លែងការណ៍នោះសរសេរថា ការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗចុងក្រោយនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរីបន្តបើកដំណើរការការិយាល័យព័ត៌មាន ដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះទេ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេតនាអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយសេរី បន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ តទៅទៀតនោះឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆក់យកឱកាសគ្រប់បែបយ៉ាង ដើម្បីតាមដាន ធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នករិះគន់ គូបដិបក្ខនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍អំពីការណ៍ពិតនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាល។
អ្នកស្រី អ៊ុំ សំបូរ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានប្រសាសន៍ថា អ្នកស្រីបានស្តាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីជាមួយឪពុក ចាប់តាំងពីពេលដែលវិទ្យុនេះចាប់ផ្តើមបង្កើតជាលើកដំបូងមក។ អ្នកស្រីបន្ថែមថា វិទ្យុអាស៊ីសេរីតែងផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសង្គម ភាពអវិជ្ជមានរបស់រដ្ឋាភិបាល ស្វែងរកដំណោះស្រាយបញ្ហាមួយចំនួនដល់ប្រជាពលរដ្ឋ។ ដូច្នេះអ្នកស្រីថា ការបិទការផ្សាយរបស់វិទ្យុអាស៊ីសេរីធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងសង្គម។
អ្នកស្រី អ៊ុំ សំបូរ បញ្ជាក់ថា៖
«កាលណាអត់មានអាស៊ីសេរី អត់មានវិទ្យុឯករាជ្យហ្នឹង គឺផ្តាច់ជីវិតហើយ។ ផ្តាច់ជីវិតប្រជាពលរដ្ឋ ពីព្រោះសេដ្ឋកិច្ច អប់រំអីនៅក្នុងហ្នឹងទាំងអស់ នៅក្នុងព័ត៌មានហ្នឹងទាំងអស់។ ហើយអ្នកព័ត៌មានខ្ញុំអាណិតណាស់។ អ្នកព័ត៌មានឯករាជ្យ និយាយទៅ ប្រឈមគ្រោះថ្នាក់ណាស់។ អ្នកមានវិជ្ជាជីវៈខ្ជាប់ខ្ជួន ដែលគេថ្លៃថ្នូរជាមនុស្ស គេយកអ្វីគេធ្វើការណ៍ពិតណាស់។ គេឃើញជាក់ស្តែងបានគេនិយាយ»។
ស្រ្តីវ័យ៥៣ឆ្នាំរូបនេះបន្ថែមថា ការប្រកាសផ្អាកប្រតិបត្តិការផ្សាយរបស់វិទ្យុអាស៊ីសេរី អាចបណ្តាលមកពីការរៀបចំ និងសម្ពាធរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកស្រីមានប្រសាសន៍ថា៖
«មូលហេតុបិទការផ្សាយមកពីរាជរដ្ឋាភិបាលគេមិនចង់ឲ្យមានសំឡេងឯករាជ្យ ការណ៍ពិត។ និយាយអីចឹង ដើម្បីគេរៀបគម្រោង។ ខ្ញុំថា គេរៀបគម្រោងហើយស្រេច ព្រោះជិតបោះឆ្នោត។ មើលចាប់ទាំងលោក កឹម សុខា ចាប់អី អីចឹង»។
វិទ្យុអាស៊ីសេរី ជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិកក្រោមគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។
ចំណែកលោក មាស សារឿន ដែលរស់នៅក្នុងខេត្តបាត់ដំបង និងជាអ្នកតាមដានស្តាប់វិទ្យុអាស៊ីសេរីជាប្រចាំ បានលើកឡើងថា ការផ្អាកការផ្សាយរបស់អាស៊ីសេរីធ្វើឲ្យប្រជាពលរដ្ឋមិនអាចទទួលបានព័ត៌មានឯករាជ្យគ្រប់ជ្រុងជ្រោយដើម្បីវិភាគ។ ជាងទងវ័យ៥២ឆ្នាំរូបនេះបន្ថែមថា លោកមានការសោកស្តាយយ៉ាងខ្លាំង ដែលវិទ្យុអាស៊ីសេរីត្រូវផ្អាកការផ្សាយ ហើយលោករំពឹងថា អាស៊ីសេរីនឹងអាចដំណើរការផ្សាយរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗ។
លោក មាស សារឿន មានប្រសាសន៍ថា៖
«វិទ្យុអាស៊ីសេរីបានផ្តល់ព័ត៌មានច្រើន គឺចំណេះដឹង ព័ត៌មានអំពីការអភិវឌ្ឍសង្គម ព័ត៌មានភាពអសកម្ម ការរំលោភសិទ្ធិមនុស្ស។ និយាយរួមវិទ្យុអាស៊ីសេរីបានផ្តល់ព័ត៌មានល្អដើម្បីឲ្យប្រជាជនយល់ដឹង។ អ្នកដែលតាមដានគឺចង់ដឹងសភាពការណ៍នៅក្នុងសង្គម។ ផ្អាកការផ្សាយអីចឹង ចំពោះខ្ញុំ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយខ្ញុំនឹងអត់មានព័ត៌មានល្អដើម្បីស្តាប់ទៀត»។
ការប្រកាសផ្អាកប្រតិបត្តិការនៅរាជធានីភ្នំពេញរបស់វិទ្យុអាស៊ីសេរីនេះធ្វើឡើង បន្ទាប់ពីក្រសួងព័ត៌មានបញ្ជាឲ្យបិទស្ថានីយវិទ្យុជាង៣០ជាបន្តបន្ទាប់ ដែលបានជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅទូទាំងប្រទេស។ ចំណែកការបញ្ជាឲ្យបិទកាសែត The Cambodia Daily ដែលបានបំពេញបេសកកម្មអស់ជាង២៤ឆ្នាំ បានធ្វើឲ្យប្រជាពលរដ្ឋនៅកម្ពុជា ពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ សម្តែងការសោកស្តាយយ៉ាងខ្លាំង។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន មិនបានឆ្លើយសំណួរលម្អិតរបស់ VOA ដែលសួរថា តើបុគ្គលិកវិទ្យុអាស៊ីសេរីអាចនឹងបន្តចុះយកព័ត៌មានរបស់ពួកគេបាន ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែប្រាប់ថា ការមិនសុំច្បាប់បង្កើតការិយាល័យ និងការប្រកាសផ្អាកប្រតិបត្តិការ និងបិទការិយាល័យនៅរាជធានីភ្នំពេញគឺជា ទង្វើខុសច្បាប់។
លោក អ៊ុក គឹមសេង បញ្ជាក់ថា៖
«គាត់បិទអីជារឿងរបស់គាត់។ ប៉ុន្តែទាក់ទងនឹងការរាយការណ៍ព័ត៌មានរបស់គាត់ បើសិនជាគាត់ធ្វើអីរបៀបណាដែលខុសនឹងច្បាប់រដ្ឋ អាហ្នឹងអ្នកប្រព្រឹត្ត អ្នកអនុវត្តហ្នឹងជាអ្នកទទួលខុសត្រូវ»។
នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន វិទ្យុគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជនតាមជនបទ។ ដោយឡែកនៅកម្ពុជា ក្រុមប្រជាជន ទាំងនៅទីក្រុង និងជនបទ ទាំងអ្នកវ័យក្មេង និងវ័យចំណាស់មានភាគរយប្រហាក់ប្រហែលគ្នាក្នុងការទទួលបានព័ត៌មានតាមវិទ្យុ គឺប្រមាណ៧០ ភាគរយ។ នេះបើតាមការស្រាវជ្រាវទៅលើទម្លាប់នៃការទទួលព័ត៌មានរបស់យុវជនកម្ពុជា ចន្លោះឆ្នាំ២០១៣ទៅ២០១៦។ ការស្រាវជ្រាវនេះធ្វើឡើងដោយស្ថាប័ន BBC Media Action។ ការស្រាវជ្រាវនេះក៏បានបង្ហាញទៀតថា ក្រុមអ្នកទទួលព័ត៌មានពីវិទ្យុ ដែលចម្បងជាងគេគឺអ្នកធ្វើការផ្នែកជំនាញបច្ចេកទេស កម្មករជំនាញ អ្នកគ្មានការងារធ្វើ និងនិស្សិត រីឯអ្នកទទួលព័ត៌មានពីកាសែតគឺអ្នកជំនាញបច្ចេកទេស មន្ត្រីរាជការ សិស្ស និស្សិត អ្នកជំនួញ និងម្ចាស់ឧស្សាហកម្ម។
សារព័ត៌មាននៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្នុងការរឹតត្បិតនាប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយសារការប្រើច្បាប់ពន្ធដារ។ ស្ថាប័ន និងអង្គការជាតិ អន្តរជាតិមួយចំនួន ដែលការពារសេរីភាពព័ត៌មាន និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅរកស្ថានភាពដូចដើមវិញ ក្រោយពីមានការបង្ក្រាបភ្លាមៗ និងជាបន្តបន្ទាប់ទៅលើស្ថាប័នផ្សាយព័ត៌មានឯករាជ្យមួយចំនួន។
ស្ថាប័ន និងអង្គការជាតិ អន្តរជាតិទាំងនោះរួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក គណៈកម្មការដើម្បីការពារអ្នកកាសែត (CPJ) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) និងសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ជាដើម។
លោក Nathan Thompson ប្រធានក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា លោកចាត់ទុកវិទ្យុអាស៊ីសេរីជាប្រភពព័ត៌មានដែលគួរឲ្យទុកចិត្ត និងមានវិជ្ជាជីវៈនៅកម្ពុជា។ លោកបន្ថែមថា ការប្រកាសផ្អាកប្រតិបត្តិការរបស់វិទ្យុអាស៊ីសេរី បន្ទាប់ពីមានការបញ្ជាឲ្យបិទវិទ្យុជាច្រើនដែលជួលម៉ោងផ្សាយឲ្យអាស៊ីសេរីនេះ គឺជាការគំរាមកំហែងមួយទៀតសម្រាប់សេរីភាពនៃការបញ្ចេញមតិ និងបដិសេធមិនឲ្យប្រជាជនទទួលបានព័ត៌មាន គឺដែលមានន័យថា សេរីភាពនៃការជ្រើសរើសជីវិត និង សេរីភាពនៃការជ្រើសរើសអ្នកដឹកនាំរបស់ពួកគេត្រូវបានកាត់បន្ថយ។
លោក Nathan Thompson បញ្ជាក់ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«វាជាផ្នែកមួយនៃវិធីសាស្រ្តដ៏ធំទូលាយមួយដើម្បីលុបបំបាត់សំឡេងប្រឆាំងនានា មុនការបោះឆ្នោតនៅឆ្នាំក្រោយ»។
បើទោះបីជាវិទ្យុអាស៊ីសេរីបានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួននៅរាជធានីភ្នំពេញមួយរយៈក្តី ប៉ុន្តែវិទ្យុមួយនេះប្រកាសថា នឹងនៅតែបន្តរាយការណ៍លើបញ្ហា និងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជា ហើយនឹងបន្តផ្សាយកម្មវិធី សេចក្ដីរាយការណ៍ និងព័ត៌មាននានា នៅលើរលកវិទ្យុកម្រិតទាប (SW) លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងគេហទំព័រ www.rfa.org/khmer/ ជាបន្តទៅទៀត៕