វិន មករា មានក្តីស្រមៃចង់ក្លាយខ្លួនជាអ្នកសិល្ប:។ នៅពេលលោកអាយុ៧ឆ្នាំ លោកបានផ្លាស់ប្តូរទីលំនៅទៅរស់នៅខេត្តបាត់ដំបងជាមួយក្រុមសៀកហ្វាពន្លឺសិល្ប: ដើម្បីចូលហាត់រាំជាមួយលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍។
នៅខេត្តបាត់ដំបងលោកបានជួបលោកគ្រូបង្រៀនសៀកកាយសម្ព័ន្ធម្នាក់ ហើយគាត់ក៏មានចិត្តចាប់ផ្តើមស្រឡាញ់របាំសៀកប្រភេទនេះ។ មិនយូរប៉ុន្មាន លោកបានសំរេចចិត្តផ្លាស់ប្តូរពីអ្នករាំរបាំមកជាអ្នកលេងសៀកវិញ។
សៀកកាយសម្ព័ន្ធដើរតួយ៉ាងសំខាន់ក្នុងវប្បធម៌និងសិល្ប:ខ្មែរតាំងពីបុរាណកាល។ ប៉ុន្តែការងើបឡើងនៃសិល្ប:ខ្មែរប្រភេទនេះ ត្រូវពឹងផ្អែកទៅលើអ្នកស្រឡាញ់និងអ្នកមានជំនាញសៀកពិតប្រាកដដូចជាលោកមករា។
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអោយដឹងថា សៀកកាយសម្ព័ន្ធមាននៅប្រទេសកម្ពុជា ជាយូរណាស់មកហើយ។ ប៉ុន្តែឥឡូវនេះសិល្ប:សៀកនេះទើបតែមានការចាប់អារម្មណ៍ពីអ្នកទស្សនានិងអ្នកសំដែងសៀកក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះ។
លោកសុជាតិបាននិយាយថា «សៀកកាយសម្ព័ន្ធវាបាត់បង់មួយរយ:ធំមកហើយ តែបើគេផ្តើមវិញ ចំពោះខ្ញុំ ជាទស្សន:ខ្ញុំ ខ្ញុំពេញចិត្តឲ្យកើតមកវិញ» ។
ក្រុមសៀកហ្វាពន្លឺសិល្ប:ជាក្រុមសៀកកាយសម្ព័ន្ធដែលជួយអ្នកដែលមានវិបត្តិ និងបញ្ហាសេដ្ឋកិច្ច ព្រមទាំងបង្ហាត់បង្រៀនសិល្បករជំនាន់ក្រោយនិងរៀបចំកម្មវិធីដើម្បីលើកកម្ពស់វិស័យសៀកកាយសម្ព័ន្ធក្នុងរយ:ពេល២០ឆ្នាំនេះ។
ឆ្នាំនេះ មហោស្រពសិល្ប:សៀកអន្តរជាតិទីនេះ ទីនោះ២០១៦ បានប្រារព្ធធ្វើនៅភ្នំពេញចាប់ពីថ្ងៃទី២៨ខែមេសាដល់ថ្ងៃទី៣០ ខែមេសានៅចេនឡា នៅបាត់ដំបងចាប់ពីថ្ងៃទី៣ខែឧសភាដល់ថ្ងៃទី៦ ខែឧសភានៅសាខាក្រុមសៀកហ្វាពន្លឺសិល្ប: និងសៀមរាបចាប់ពីថ្ងៃទី៨ ខែឧសភាដល់ថ្ងៃទី១០ ខែឧសភានៅសាខាក្រុមសៀកហ្វាពន្លឺសិល្ប:។
រ៉ាវ អានេកា អ្នកនាំពាក្យរបស់ក្រុមហ្វាពន្លឺសិល្ប:បានប្រាប់ VOAថា នាងសង្ឃឹមថាកម្មវិធីនេះអាចធ្វើឲ្យសៀកកាយសម្ព័ន្ធមានឈ្មោះឡើងវិញក្នុងវង្វង់ប្រជាជនខ្មែរ។
«វាពិតជាគួរអោយកោតសរសើរពេលដែលយើងបានមើលសៀកកាយសម្ព័ន្ធ។ វាមានការសម្តែងសៀកកាយសម្ព័ន្ធច្រើន ដូច្នេះហើយអ្នកទស្សនាអាចមើលសៀកកាយសម្ព័ន្ធមកពីវប្បធម៌ខុសៗគ្នា»។
លើសពីនេះ អ្វីដែលពិសេសនោះ គឺអ្នកសំដែងបរទេសក៏នឹងមកចូលរួមមហោស្រពសិល្ប:សៀកអន្តរជាតិ ២០១៦ ផងដែរ។
«ពួកយើងចង់ឲ្យអ្នកសំដែងមកពីជុំវិញពិភពលោកមកផ្លាស់ប្តូរគំនិតគ្នា ដើម្បីដឹងថាតើអ្នកសំដែងសៀកកាយសម្ព័ន្ធនៅកម្ពុជាគាត់សំដែងបែបណា។ ពួកយើងក៏ចង់អោយពួកគាត់បង្កើតអ្វីដែលថ្មីដែរ។ អ្នកសំដែងជាតិនិងអន្តរជាតិនឹង ស្នាក់នៅជាមួយគ្នាដើម្បីចែករំលែកជំនាញដែលពួកគាត់មាន រៀនសូត្រពីគ្នានឹងគ្នា និងបង្កើតការសំដែងថ្មីមួយសំរាប់ទស្សនិកជនផងដែរ»។
រុំ រចនា ក្នុងវ័យ២៨ឆ្នាំ ទស្សនាសៀកសិល្ប:ពីរដងក្នុងមួយឆ្នាំ។ គាត់និយាយថា ការសំដែងសៀកកាយសម្ព័ន្ធពិតជាធ្វើឲ្យគាត់សប្បាយចិត្តនិងប្លែកភ្នែក។
«ចំពោះអ្នកមិនធ្លាប់មើល ពេលខ្លះគាត់ដូចមិនសូវចាប់អារម្មណ៍សៀកអីចឹង គាត់គិតថាសៀកនឹងវាអត់សូវល្អពីព្រោះគាត់មិនដឹងថាមានក្រុមហ្វាពន្លឺសិល្បនៅខេត្តបាត់ដំបងនិងមានការចូលរួមពីក្រុមសំដែងបរទេស។ ពេលមើលផ្ទាល់ធ្វើអោយយើងមានអារម្មណ៍ប្លែកខុសពីយើងមើលសៀកបរទេសនៅតាមទូរទស្សន៍»។
Your browser doesn’t support HTML5
រចនាបានបន្ថែមថា មានមនុស្សចំនួនតិចទេដែលដឹងអំពីពេលវេលានិងការសំដែងសៀកនេះ។
កន្លងមកមានសិល្បករនិងសិល្បការនីជាង៨០០នាក់ហើយដែលបានមកចូលរួមសំដែងសៀកនៅមហោស្រពសៀកអន្តរជាតិ។
ម៉េងឃាង អាយុ១៩ឆ្នាំ ជាសិស្សនៃសាលាអន្តរជាតិ Northbridge ធ្លាប់បានមើលសៀកនេះដោយចៃដន្យនៅតាមកញ្ចក់ទូរទស្សន៍ ហើយមានការភ្ញាក់ផ្អើលនឹងភាពអស្ចារ្យនិងល្អអត់ខ្ចោះនៃការសំដែងសៀក។
«ខ្ញុំបានធ្លាប់បានមើលការសំដែងសៀកពីមុនៗ ប៉ុន្តែខ្ញុំឮថាសៀកកាយសម្ព័ន្ធគឺពិតជាខុសគ្នាពីសៀកធម្មតា។ វាមានអ្វីដែលរំភើបច្រើន។ នេះជាអ្វីដែលខ្ញុំរំពឹងទុកពីការសំដែង»។
មករាដែលជាអ្នកសំដែងសៀកកាយសម្ព័ន្ធជាង១០ឆ្នាំមកហើយនោះសង្ឃឹមថាសៀកកាយសម្ព័ន្ធនឹងទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនទូទៅជាងមុន៕