តំណាងរាស្រ្តថ្នាក់ក្រោមជាតិរបស់រដ្ឋមួយនៃប្រទេសអូស្រ្តាលីគឺលោក ហុង លីម បានចាត់ទុកថា ការដាក់ឈ្មោះរបស់លោកទៅក្នុងបញ្ជីខ្មៅរបស់កម្ពុជា គឺជាការរំលោភសិទ្ធិបុគ្គល ហើយលោកគ្រោងនឹងប្តឹងតវ៉ាចំពោះការសម្រេចនេះ។
លោក ហុង លីម ដែលបានកើតនៅស្រុកខ្មែរ ហើយជាតំណាងរាស្ត្ររបស់គណបក្សការងារនៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី បានផ្តល់ការអធិប្បាយមួយជាមួយវិទ្យុ និងកាសែតមួយចំនួន កាលដើមខែសីហាកន្លងទៅ ដោយហៅរបបគ្រប់គ្រងប្រទេសកម្ពុជាទៅហ្នឹងរបបតិរច្ឆាន។ រដ្ឋាភិបាលកម្ពុជាបានថ្កោលទោស ហើយអះអាងថា លោក ហុង លីម កំពុងតែប្រមាថប្រជាជាតិកម្ពុជា និងសម្រេចចាត់ទុកថា លោក«ជាជនមិនត្រូវបានស្វាគមន៍»នៅកម្ពុជា។
លោក ហុង លីម បានប្រាប់ VOA នៅព្រឹកថ្ងៃច័ន្ទនេះថា ការហៅរបបដឹកនាំកម្ពុជាជារបបតិរច្ឆាន គឺជាការសំដៅលើការដឹកនាំរបស់មេដឹកនាំសព្វថ្ងៃ មិនមែនជាការសំដៅលើព្រះមហាក្សត្រ និងប្រជាពលរដ្ឋនោះទេ។ លោកបន្ថែមថា ការបាញ់សម្លាប់ ការប្រើសម្តីជេរប្រមាថ ការគំរាមកំហែងប្រើហិង្សាគឺជាទង្វើតិរច្ឆាន ដែលលោកអះអាងថា មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងពីទង្វើនេះ។
តំណាងរាស្រ្ត ដែលមានសញ្ជាតិខ្មែរ និងអូស្រ្តាលីរូបនេះបន្ថែមថា ការដែលរដ្ឋាភិបាលកម្ពុជាដាក់លោកជាជនមិនត្រូវបានស្វាគមន៍នោះគឺជាទង្វើមិនស្ថិតលើគោលការណ៍ច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយលោកថា លោកនឹងប្តឹងតវ៉ាចំពោះការសម្រេចនេះក្នុងពេលឆាប់ៗ។
លោកមានប្រសាសន៍ថា៖
«ធ្វើហ្នឹងរហូតដល់ថា ចង់បំពារបំពានលើសិទ្ធិមនុស្សរបស់ខ្ញុំ។ ខ្ញុំដឹងថា បើក្នុងលក្ខណៈដែលគេធ្វើច្បាប់អីយ៉ាងអញ្ចឹងចេញហើយ កាលណាខ្ញុំទៅ គេនឹងចាប់ខ្ញុំដាក់គុក។ ដូច្នេះគឺថា ជាឧក្រិដ្ឋកម្មមួយដែលគេធ្វើបំពារបំពានលើខ្ញុំ។ ដូច្នេះខ្ញុំកំពុងដោះស្រាយតាមផ្លូវមធ្យោបាយទូត តាមផ្លូវមធ្យោបាយច្បាប់អន្តរជាតិ និងតាមមធ្យោបាយទាក់ទងនឹងអង្គការផ្សេងៗទៀតទាំងអស់ ដែលនឹងឲ្យឱវាទខ្ញុំក្នុងពេលឆាប់ៗហ្នឹងថា នឹងត្រូវធ្វើយ៉ាងម៉េច។ ប្រសិនបើខ្ញុំអាចប្តឹងទៅរបបហ្នឹងគឺថាឲ្យមកឆ្លើយតបនៅចំពោះមុខតុលាការនៅនេះ បើធ្វើនេះរំលោភច្បាប់ខ្ញុំគឺខ្ញុំនឹងធ្វើហើយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ VOA ថា រដ្ឋាភិបាលមានសិទ្ធិក្នុងការហាមឃាត់មិនឲ្យបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា ចូលក្នុងប្រទេស។ ដូច្នេះរដ្ឋាភិបាលមិនបារម្ភពីគម្រោងនៃការប្តឹងរបស់លោក ហុង លីម នោះទេ។
លោកបន្ថែមថា៖
«ចំពោះរាជរដ្ឋាភិបាលយើងមិនមានសិទ្ធិណាមួយជាឧបសគ្គរាំងស្ទះអីទេ។ គាត់ប្តឹងអី ប្តឹងទៅ!»
ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយគឺលោក អ៊ូ វីរៈ យល់ថា ការលើកឡើងរបស់លោក ហុង លីម គ្រាន់តែជាការប្រើសិទ្ធិក្នុងការបញ្ចេញមតិប៉ុណ្ណោះ មិនមែនជារឿងខុសច្បាប់នោះទេ។ លោកបន្ថែមថា ប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជាទៅលើលោក ហុង លីម គឺជារឿងគ្មានប្រយោជន៍។
លោកមានប្រសាសន៍បន្ថែមថា៖
«លោក ហុង លីម ហ្នឹងគាត់ជាសញ្ជាតិខ្មែរផងដែរ គាត់ត្រូវបានរដ្ឋធម្មនុញ្ញខ្មែរយើងគាំពារ។ អញ្ចឹងទេមិនអាចប្រទេសមួយហាមជនជាតិខ្លួនឯងមិនឲ្យចូលប្រទេសបានទេ។ អញ្ចឹងខ្ញុំមើលទៅជាការធ្វើខុស ហើយហាក់ដូចមិនបានពិចារណាគ្រប់ជ្រុងជ្រោយ។ ចំពោះខ្ញុំមិនមានរឿងអីខុសច្បាប់ មិនមានអីអាចហាមប្រាមបានទេ។ យើងចង់គាំទ្រ ឬមិនគាំទ្រ យើងចង់បកស្រាយទៅវិញ អាហ្នឹងគឺជាសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការបកស្រាយ តែរឿងចេញជាផ្លូវការទូតបែបហ្នឹង ខ្ញុំមើលទៅវាមិនត្រឹមត្រូវនោះទេ»។
មាត្រា៣៣នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។
ស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា លោក ហុង លីម ជាសមាជិកសភានៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី តែលោកមិនមែនជាសមាជិករដ្ឋាភិបាលសហព័ន្ធ ឬសភាសហព័ន្ធ ដូច្នេះសម្ដីរបស់លោក ហុង លីមមិនមែនតំណាងឲ្យប្រទេសអូស្ត្រាលី ឬស្ថានទូតអូស្ត្រាលីនោះទេ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអូស្រ្តាលីដដែលបញ្ជាក់ថា ការបញ្ចេញមតិក្នុងវេទិកាសាធារណៈគឺជាផ្នែកមួយសំខាន់របស់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យប្រទេសអូស្ត្រាលី ហើយថា ប្រទេសអូស្រ្តាលីមានប្រពៃណីមុតមាំក្នុងការបើកចំហឲ្យមានការផ្សព្វផ្សាយទស្សនៈផ្សេងៗគ្នានៅក្នុងវេទិកាសាធារណៈ៕