បេក្ខជន​ខ្មែរ​អាមេរិកាំង​ពីរ​រូប​បង្កើត​ប្រវត្តិសាស្ត្រ​​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ

លោក មុំ រ៉ាឌី (ឆ្វេង) តំណាងរាស្ត្រ​បច្ចុប្បន្ន​ប្រចាំ​សង្កាត់​ទី១៨ Middlesex និង​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ប្រឈម​នឹង​ការ​ប្រកួតប្រជែងពី​​លោក​ កៃ កាម៉ារ៉ា (ស្តាំ) បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្ត្រ​រដ្ឋ​អាណត្តិថ្មី​។

បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំង​ពីរ​រូប​នេះ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ផ្តោត​លើ​បញ្ហា​ជាច្រើន​ស្រដៀង​គ្នា ដូច​ជា​ការ​ពង្រឹង​វិស័យ​អប់រំ ពង្រីក​ឱកាស​ការងារ និង​បង្កើន​កំណើន​សេដ្ឋកិច្ច និង​ការ​រក្សា​សន្តិសុខ​ក្នុង​សង្កាត់​ទី១៨ ក៏​ដូច​ជា​ទីក្រុង​ឡូវែល​ទាំង​មូល។

នេះ​គឺជា​លើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​របស់​អាមេរិក នៅពេល​ដែល​បេក្ខជន​ខ្មែរ​អាមេរិកាំង​ពីរនាក់​កំពុងតែ​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​ទទួល​ជ័យ​ជន្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨ Middlesex រដ្ឋ​ម៉ាសាឈូសេត។

នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ លោក មុំ រ៉ាឌី ដែល​បច្ចុប្បន្ន​គឺជា​តំណាង​រាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨ Middlesex និង​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នឹង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​លោក កៃ កាម៉ារ៉ា បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តំណាង​ឲ្យ​សង្កាត់​ទី១៨ សម្រាប់​អាណត្តិ​ថ្មី​២០១៧ ដល់​ឆ្នាំ​២០១៨។

សព្វថ្ងៃ​នេះ បេក្ខជន​ទាំង​ពីរ​ ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ កំពុង​តែ​ស្វះស្វែង​បន្ត​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន មុន​ថ្ងៃ​បោះឆ្នោត​ទូទាំង​រដ្ឋ​ឈាន​មក​ដល់​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ខាង​មុខ​នេះ។

លោក មុំ រ៉ាឌី និង​លោក កៃ កាម៉ារ៉ា បាន​ឆ្លង​កាត់​ដំណើរ​ជីវិត​ស្រដៀង​គ្នា ដោយសារ​បេក្ខជន​ទាំង​ពីរ​គឺជា​អ្នក​ដែល​រួច​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ហើយ​បាន​ភៀស​ខ្លួន​មក​រស់នៅ​ជំរុំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាង ​នៅ​ប្រទេស​ថៃ កាលពី​ដើម​ទសវត្សរ៍​១៩៨០ ហើយ​បាន​ទទួល​សិទ្ធិ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ និង​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ​កាលពី​ដើម​ទសវត្សរ៍​១៩៩០។

បន្ថែម​លើ​នេះ បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំង​ពីរ​រូប​នេះ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ផ្តោត​លើ​បញ្ហា​ជាច្រើន​ស្រដៀង​គ្នា ដូច​ជា​ការ​ពង្រឹង​វិស័យ​អប់រំ ពង្រីក​ឱកាស​ការងារ និង​បង្កើន​កំណើន​សេដ្ឋកិច្ច និង​ការ​រក្សា​សន្តិសុខ​ក្នុង​សង្កាត់​ទី១៨ ក៏​ដូច​ជា​ទីក្រុង​ឡូវែល​ទាំង​មូល។ ក៏​ប៉ុន្តែ លោក​ទាំង​ពីរ​មាន​គោលនយោបាយ​ខុស​គ្នា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ។

គោលការណ៍​នយោបាយ

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA លោក មុំ រ៉ាឌី​ បាន​ឲ្យ​ដឹង​ថា អាទិភាព​ទីមួយ​របស់​លោក​គឺ​បង្កើត​ច្បាប់​ផ្តន្ទាទោស​ជន​ដៃ​ដល់​ដែល​បើក​យានយន្ត​ ហើយ​បាញ់​កាំភ្លើង​សំដៅ​កាន់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សាមញ្ញ ហើយ​គេច​ខ្លួន​បាត់ ដែល​ឧក្រិដ្ឋកម្ម​នេះ​ត្រូវបាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា Drive-by Shooting‍។

«‍នៅ​តាម​ទីក្រុង​ជា​ច្រើន​នៅ​រដ្ឋ​ម៉ាសាឈូសេត យើង​កំពុង​ប្រឈម​នឹង​បញ្ហា​បាញ់​កាំភ្លើង​ហើយ​បើក​រថយន្ត​គេច​ខ្លួន​បាត់​នេះ»។

ការ​បង្ក​អំពើ​ហិង្សា​ដោយ​ក្រុម​ជន​ពាល​គឺជា​បញ្ហា​សន្តិសុខ​ដ៏​សំខាន់​មួយ នៅ​ក្នុង​សង្កាត់​ទី១៨​នេះ ដែល​មួយ​ផ្នែក​ធំ​ស្ថិត​នៅ​ទីក្រុង​ឡូវែល ដែល​នៅ​ទីនេះ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​បំផុត​ទីពីរ​រស់នៅ បន្ទាប់​ពី​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។

លោក មុំ រ៉ាឌី បន្ថែម​ថា៖

«ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ធ្វើការ​យ៉ាង​ជិតស្នីទ​ជាមួយ​អគ្គស្នងការ​ប៉ូលិស សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ចៅហ្វាយ​ក្រុង និង​អ្នក​ចាត់ចែង​ការងារ​ក្នុង​ក្រុង»។

លោក មុំ រ៉ាឌី បច្ចុប្បន្ន​នេះ​គឺជា​តំណាង​រាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨ Middlesex ហើយ​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ប្រកួត​យក​តំណាង​នេះ​សារ​ជា​ថ្មី​សម្រាប់​អណត្តិ​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០១៨។

លោក​ មុំ រ៉ាឌី បាន​បញ្ជាក់​ថា សេចក្តី​ព្រៀង​ច្បាប់​នេះ​ត្រូវបាន​សភា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​អនុម័ត​រួច​រាល់​ហើយ តែ​ត្រូវ​រង់ចាំ​ការ​ពិនិត្យ និង​សម្រេច​ដោយ​ព្រឹទ្ធិសភា​តំណាងរាស្ត្រ​បន្ថែម​ទៀត។

បើ​ទោះ​បីជា​លោក​ទទួល​ស្គាល់​ថា បញ្ហា​សន្តិសុខ​សាធារណៈ​គឺជា​កត្តា​សំខាន់​ក៏​ដោយ ក៏​លោក កៃ កាម៉ារ៉ា យល់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក មុំ រ៉ាឌី លើ​សេចក្តី​ព្រៀង​ច្បាប់​មួយ​នេះ​នឹង​មិន​មាន​ប្រយោជន៍​ដល់​សាធារណៈជន​ណាស់​ណា​ទេ ដោយសារ​តែ​ទីក្រុង​ឡូវែល​នេះ​មាន​វិធានការ​ច្រើន​ណាស់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ​របស់​ពលរដ្ឋ។

លោក​ កៃ កាម៉ារ៉ា ឲ្យ​ដឹង​ថា៖

«‍កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺធ្វើ​ឡើង​នាំ​តែ​ខាត​ពេល​វេលា​ប៉ុណ្ណោះ ពីព្រោះ​ថា សេចក្តី​ព្រៀង​ច្បាប់​នេះ​អាច​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ»។

យ៉ាងណាមិញ លោក កៃ កាម៉ារ៉ា បាន​ប្រាប់ VOA ថា បើ​សិន​ជា​លោក​ឈ្នះ​ឆ្នោត បញ្ហា​ជា​អាទិភាព​ដំបូង​នៅ​ក្នុង​គោលការណ៍​នយោបាយ​របស់​លោក គឺ​ការ​ធ្វើ​សេចក្តី​ព្រៀង​ច្បាប់​ផ្តោត​លើ​កំណែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ​មួយ​លើ​ប្រព័ន្ធ​អប់រំ​នៅ​ទីក្រុង​ឡូវែល​នេះ។

«‍យើង​ចាំបាច់​ត្រូវ​ចេញ​ច្បាប់​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ដ៏​ស៊ី​ជម្រៅ​មួយ ដើម្បី​ពង្រីក​សាលារៀន​ឯករាជ្យ​ដែល​ទទួល​ថវិកា​ឧបត្ថម្ភ និង​ការ​ត្រួត​ពិនិត្យ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ដល់​ឪពុកម្តាយ​ថា តើ​ប្រព័ន្ធ​អប់រំ​មួយ​ណា​ដែល​សមរម្យ​សម្រាប់​កូនៗ​របស់​ពួក​គេ»។

ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ការ​តាក់តែង​ច្បាប់​នេះ​មិន​មែន​មាន​ន័យ​ថា លោក​គាំទ្រ​ឲ្យ​មាន​ការ​លុប​បំបាត់​ចោល​សាលារៀន​រដ្ឋ​នោះ​ទេ។

ទាក់ទង​នឹង​ការ​តាក់តែង​ច្បាប់​នេះ លោក មុំ រ៉ាឌី ដែល​សព្វថ្ងៃ​ក៏​ជា​សមាជិក​គណៈកម្មការ​អប់រំ​ប្រចាំ​សភា​តំណាងរាស្ត្រ​រដ្ឋ​ម្នាក់​ដែរ​នោះ មិន​យល់​ស្រប​នឹង​ការ​ពង្រីក​សាលារៀន​ឯករាជ្យ ឬ​ហៅ​ថា Charter Schools នេះ​ទេ ដោយសារ​បញ្ហា​ថវិកា។

លោក មុំ រ៉ាឌី បាន​ឲ្យ​ដឹង​ថា៖

«‍មូល​ហេតុ​តែ​មួយ​គត់​របស់​ខ្ញុំ គឺ​បញ្ហា​ថវិកា។ យើង​មិន​ទាន់​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​ក្នុង​ការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​នៅ​ឡើយ​ទេ»។

ដោយ​ឡែក ទាំង​លោក មុំ រ៉ាឌី និង​លោក កៃ កាម៉ារ៉ា ទទួល​ស្គាល់​ថា កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ពង្រីក​ឱកាស​ការងារ​នៅ​ក្នុង​ទីក្រុង​ឡូវែល​នេះ។

លោក កៃ កាម៉ារ៉ា បាន​ឲ្យ​ដឹង​ថា៖

«‍មាន​ជន​អន្តោប្រវេសន៍​ច្រើន​ណាស់​រស់នៅ​ទី​ក្រុង​នេះ ដែល​ចង់​ទទួល​បាន​ជោគជ័យ។ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រស់នៅ យើង​ត្រូវតែ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដែល​ផ្តល់​ជំនាញ​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងរក​ការងារ​ដែល​ទទួល​ប្រាក់​កម្រៃ​ល្អ​ប្រសើរ​ជាង​នេះ»។

ចំណែក​ឯ​លោក មុំ រ៉ាឌី វិញ លោក​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ឲ្យ​បាន​រឹងមាំ​ជាង​នេះ ដើម្បី​សម្រួល​ដល់​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ និង​បង្កើត​ការងារ​កាន់​តែ​ច្រើន​ទៀត​ទាំង​នៅ​ក្នុង​ទីក្រុង និង​ក្រៅ​ទីក្រុង​ឡូវែល​នេះ។

លោក មុំ រ៉ាឌី បាន​ឲ្យ​ដឹង​ថា៖

«‍មាន​ក្រុម​ហ៊ុន​ច្រើន​ណាស់ ដែល​បាន​ដាក់​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡូវែល​នេះ ដែល​ខ្ញុំ​ព្យាយាម​តាក់តែង​គោលនយោបាយ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​កាន់តែ​ច្រើន»។

លោក មុំ រ៉ាឌី បាន​លើក​ឡើង​ពី​គម្រោង​បង្កើត​សាលសវនាការ​បែប​ទំនើប ដែល​ទទួល​បាន​ទឹក​ប្រាក់​២០០លាន​ដុល្លារ និង​ការ​ពង្រីក​តំបន់​សេដ្ឋកិច្ច​នៅ​ទីក្រុង​ឡូវែល​មួយ​កន្លែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​តំបន់ Cupples Square ថា​ ជា​សមិទ្ធិផល​ពី​ការ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨​នេះ ដោយ​ធ្វើការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ។

ក៏ប៉ុន្តែ លោក កៃ កាម៉ារ៉ា បាន​តិះទៀន​សមិទ្ធិផល​របស់​លោក មុំ រ៉ាឌី ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថា មិន​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទាំងអស់​នេះ ដូច​ដែល​លោក មុំ រ៉ាឌី បាន​លើក​ឡើង​នោះ​ទេ។

លោក កៃ កាម៉ារ៉ា បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ (កណ្តាល) ថត​រូបជាមួយ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាស​ថវិកា​សម្រាប់​យុទ្ធការ​បោះឆ្នោត​របស់​លោក។

លោក កៃ កាម៉ារ៉ា ឲ្យ​ដឹង​ថា៖

«‍គាត់​គ្រាន់តែ​ភ្ជាប់​ឈ្មោះ​គាត់​ទៅ​នឹង​កិច្ចការ​ដែល​ត្រូវបាន​គេ​អនុវត្ត ហើយ​បាន​ទទួល​លទ្ធផល​តែ​ប៉ុណ្ណោះ»។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺថា ​រដ្ឋ​ម៉ាសាឈូសេត​នេះ​គឺ​សម្បូរ​ទៅ​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។ ជាក់​ស្តែង នៅ​ក្នុង​សភា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​១៦០​អាសនៈ សមាជិក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​១២៦​នាក់ ហើយ​សមាជិក​តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​ត្រឹម​តែ​៣៤នាក់​ប៉ុណ្ណោះ។

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត សមាជិក​សភា​តំណាង​រាស្ត្រ​ម្នាក់​ឈរ​ជា​តំណាង​ឲ្យ​សង្កាត់​មួយ ក្នុង​អណត្តិ​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ សមាជិក​សភា​តំណាង​រាស្ត្រ​ទាំង​អស់​ជួបជុំ​គ្នា ពិភាក្សា​តស៊ូ​មតិ​គ្នា ដើម្បី​តាក់តែង​ច្បាប់ បង្កើត​គម្រោង​ថវិកា និង​ចាត់ចែង​ការ​ប្រើប្រាស់​ថវិកា ក៏​ដូច​ជា​ចេញ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​យក​ពន្ធ​ក្នុង​រដ្ឋ​ផង​ដែរ។

ដោយសារ​តែ​សមាជិក​សភា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​ច្រើន​លើស​លុប លោក មុំ រ៉ាឌី បាន​លើក​ឡើង​ថា វា​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ​សម្រាប់​លោក កៃ កាម៉ារ៉ា ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ក្នុង​ការ​សម្រេច​បាន​កិច្ចការ​អ្វី​មួយ​នៅ​សភា បើ​សិន​ជា​លោក​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ក្លាយ​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨ សម្រាប់​អណត្តិ​ថ្មី​នេះ។

លោក មុំ រ៉ាឌី បាន​និយាយ​ថា៖

«‍គិត​មើល បើ​យើង​មាន​តំណាងរាស្ត្រ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ ព្យាយាម​តាក់តែង​ច្បាប់​នៅ​ក្នុង​សភា។ តំណាងរាស្ត្រ​នោះ​មិន​មាន​ឱកាស​ធ្វើ​អ្វី​បាន​ច្រើន​ទេ។ នេះ​គឺជា​តថភាព​ជាក់​ស្តែង​នៅ​ក្នុង​សភា»។

លោក មុំ រ៉ាឌី បាន​លើក​ឡើង​ដូច្នេះ នៅក្នុង​ការ​ជជែក​ដេញដោល​មតិ​ជា​សាធារណៈ​មួយ​រវាង​លោក​ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក កៃ កាម៉ារ៉ា មក​ពី​គណបក្ស​សាធារណ​រដ្ឋ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​កាសែត​ក្នុង​ស្រុក​ឈ្មោះ Lowell Sun ដែល​ផ្សាយ​បន្ត​ផ្ទាល់​ជា​សាធារណៈ​តាម​ទំព័រ​ហ្វេសប៊ុក។

អ្នក​គាំទ្រ​លោក មុំ រ៉ាឌី បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឈរ​កាន់​បដា​យុទ្ធនាការ​បោះឆ្នោត​។

បើ​ទោះ​បី​ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​មិន​សូវ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត​នេះ​ក្តី ក៏​លោក កៃ កាម៉ារ៉ា បាន​សង្កត់​ធ្ងន់​ថា ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​លោក គឺ​កើត​ឡើង​ដោយ​សារ​ការ​ជំរុញ​លើក​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន ដែល​លោក​ថា ចង់​ឲ្យ​លោក​ឈរ​ឈ្មោះ​ដោយសារ​តែ​ពួក​គេ​លែង​ជឿ​ទុក​ចិត្ត​លើ​លោក មុំ រ៉ាឌី។​

លោក កៃ កាម៉ារ៉ា បាន​និយាយ​ថា៖

«‍ខ្ញុំ​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជាច្រើន ជា​ពិសេស​អ្នក​បោះឆ្នោត ដែល​សំណូម​ពរ​ឲ្យ​ខ្ញុំ​ឈរ​ឈ្មោះ ដោយសារ​តែ​ពួក​គេ​លែង​ជឿ​ទុក​ចិត្ត​តំណាងរាស្ត្រ​សព្វ​ថ្ងៃ​នេះ»។

លោក​ក៏​បាន​បន្ថែម​ថា អ្វី​ដែល​អ្នក​បោះឆ្នោត​ចង់​បាន​ពី​អ្នក​ដឹក​នាំ​ក្នុង​សង្កាត់​នេះ​គឺ​«‍តម្លាភាព»។

យ៉ាង​ណា​មិញ បើ​ទោះជា​បេក្ខជន​មក​ពី​គណបក្ស​ពីរ​ខុស​គ្នា​ក្តី ក៏​បេក្ខជន​ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​ពីរ​រូប​នេះ​មាន​មោទនៈភាព​ដូច​គ្នា ដែល​ពួកគេ​មាន​ដើម​កំណើត​ជា​ខ្មែរ និង​ជា​ពលរដ្ឋ​អាមេរិកាំង​ ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស និង​សេរីភាព​ដែល​អ្នក​ទាំង​ពីរ​អាច​ចាប់​យក​ឱកាស​ក្លាយ​ជា​អ្នក​ដឹក​នាំ​បាន​ដោយ​សេរី និង​យុត្តិធម៌។

ក៏​ប៉ុន្តែ លោក​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​អំពី​នយោបាយ​នៅ​ប្រទេស​កំណើត គឺ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាន់​អំណាច​ជាង​បួន​ទសវត្សរ៍​កន្លង​មក​នេះ។

សម្រាប់​លោក មុំ រ៉ាឌី លោក​យល់​ថា នយោបាយ​នៅ​ប្រទេស​កម្ពុជា​គួរតែ​ទុក​ឲ្យ​អ្នក​ដឹកនាំ និង​ពលរដ្ឋ​នៅ​កម្ពុជា​ដោះស្រាយ។

លោក មុំ រ៉ាឌី បាន​ឲ្យ​ដឹង​ថា៖

«‍ខ្ញុំ​ឈរ​ឈ្មោះ ​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ទីក្រុង​នេះ។ ដូច្នេះ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា​ទេ»។

អ្នក​គាំទ្រ​លោក កៃ កាម៉ារ៉ា បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ឈរ​កាន់​បដា​គាំទ្រ​យុទ្ធនាការ​បោះឆ្នោត។

សម្រាប់​លោក​ កៃ កាម៉ារ៉ា លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​ឡាយ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ដោយសារ​តែ​ពួក​គេ​មាន​បងប្អូន និង​ក្រុម​គ្រួសារ​រស់នៅ​ទីនោះ ដែល​អាច​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គាប​សង្កត់​លើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ពី​សំណាក់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច។

លោក កៃ កាម៉ារ៉ា បាន​ឲ្យ​ដឹង​ថា៖

«‍យើង​ជឿ​ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នៅ​ប្រទេស​កម្ពុជា​បាន​គាប​សង្កត់​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា។ ហេតុ​ដូច្នេះ ការ​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត គឺជា​បញ្ហា​ខ្វែង​គំនិត​គ្នា​ខាង​មនោគមវិជ្ជា​តែ​ប៉ុណ្ណោះ​»។

លោក កៃ កាម៉ារ៉ា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​ន័យ​បញ្ជាក់​គោល​ជំហរ​របស់​លោក ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន មក​កាន់​ទីក្រុង​ឡូវែល កាលពី​ខែ​មីនា​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

ប្រវត្តិរូប​សង្ខេប

លោក មុំ រ៉ាឌី អាយុ​៤៦ឆ្នាំ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នឹង​អ្នកស្រី​ វ៉ាន់ ស៊ីរ៉ាឌី ហើយ​មាន​កូន​បួន​នាក់ ប្រុស​មួយ ស្រី​បី​នាក់។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចម្ការចេក ខេត្ត​ប៉ៃលិន។ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់ លោក មុំ រ៉ាឌី និង​គ្រួសារ​របស់​លោក​បាន​រត់​ភៀស​ខ្លួន​មក​ជំរុំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាង នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៨០។

លោក មុំ រ៉ាឌី ថតរូប​ជាមួយ​នឹង​ក្រុម​គ្រួសារ​។

នៅ​ឆ្នាំ​១៩៨២ លោក និង​ក្រុម​គ្រួសារ​របស់​លោក​ត្រូវបាន​ទទួល​មក​រស់នៅ​ទីក្រុង Duluth រដ្ឋ Minnesota សហរដ្ឋ​អាមេរិក ហើយ​នៅ​ឆ្នាំ​១៩៨៤ ក្រុម​គ្រួសារ​របស់​លោក និង​លោក​បាន​សម្រេច​ចិត្ត​មក​តាំង​ទី​លំនៅ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ ក្រៅ​ពី​កាន់​តួនាទី​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesex ​នេះ លោក មុំ រ៉ាឌី គឺជា​អ្នក​ចាប់​សរសៃ​ដ៏​អាជីព​ម្នាក់​ដែល​លោក​បាន​បើក​មជ្ឈមណ្ឌល​មួយ​ផ្តល់​សេវាកម្ម​នេះ​អស់​រយៈពេល​ជាង​២០ឆ្នាំ​កន្លង​មក​នេះ។

លោក កៃ កាម៉ារ៉ា អាយុ​៤៤ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​អ្នក​ស្រី សុភ័ណ្ឌ កៃ ហើយ​មាន​កូន​បី​នាក់ ប្រុស​មួយ ស្រី​ពីរ​នាក់។ លោក​មាន​អាយុ​ប្រមាណ​៨ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​លោក និង​ក្រុម​គ្រួសារ​របស់​លោក​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ទៅ​រស់នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាង កាលពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៨១។

នៅ​ឆ្នាំ​១៩៨២ លោក កៃ កាម៉ារ៉ា និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ទទួល​សិទ្ធិ​មក​រស់នៅ​ទីក្រុង Richmond រដ្ឋ​ Virginia ហើយ​នៅ​ឆ្នាំ​១៩៨៧ លោក​បាន​ផ្លាស់ទី​លំនៅ​មក​រស់នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ ក៏​ប៉ុន្តែ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​កាលពី​ឆ្នាំ​១៩៩៥ លោក​បាន​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ Georgia។ លោក កៃ កាម៉ារ៉ា ទើប​តែ​បាន​មក​តាំង​ទី​លំនៅ​សារ​ជា​ថ្មី​នៅ​ទីក្រុង​ឡូវែល​នេះ កាលពី​ឆ្នាំ​២០១៤ ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ។

លោក កៃ កាម៉ារ៉ា បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ជាមួយ​ភរិយា​លោក និង​កូនស្រី​ម្នាក់​ក្នុង​ចំណោម​កូន​បីនាក់​របស់​លោក ថតរូប​ក្នុងកម្មវិធី​រៃអង្គាសថវិកា​សម្រាប់​យុទ្ធនាការបោះឆ្នោត​។

ខណៈ​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ទូទាំង​រដ្ឋ​នឹង​ខិត​ជិត​មក​ដល់​នៅ​ថ្ងៃទី៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ បេក្ខជន​ខ្មែរ​អាមេរិកាំង​ដ៏​មាន​មោទនៈភាព​ទាំង​ពីរ​នាក់​នេះ គឺ​លោក មុំ រ៉ាឌី និង​លោក កៃ កាម៉ារ៉ា ​នឹង​បេ្តជ្ញាចិត្ត​បម្រើ​សហគមន៍​នៅ​សង្កាត់​ទី​១៨ Middlesex និង​សហគមន៍​នៅ​ទីក្រុង​ឡូវែល​ទាំង​មូល​ឲ្យ​អស់​ពី​សមត្ថភាព។

លោក មុំ រ៉ាឌី បាន​ឲ្យ​ដឹង​ថា៖

«‍ខ្ញុំ​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​សម្រាប់​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ហើយ​ខ្ញុំ​ជឿ​ថា អ្នក​បោះឆ្នោត​ស្គាល់​សមាសធាតុ​របស់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​យ៉ាង​ច្បាស់។ ខ្ញុំ​ចូលចិត្ត​ធ្វើ​ជា​តំណាង​ និង​ធ្វើ​កិច្ចការ​បម្រើ​ពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ឡូវែល ជា​ពិសេស​សង្កាត់​របស់​ខ្ញុំ មាន​ភាព​ប្រសើរ​ឡើង»។

ចំណែក​ឯ​លោក កៃ កាម៉ារ៉ា បាន​ឲ្យ​ដឹង​ថា៖

«‍ខ្ញុំ​ពិត​ជា​ប្តេជ្ញាចិត្ត​ក្នុង​ការ​ឈរ​ជា​តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​នៅ​សង្កាត់​ទី១៨​នេះ រួម​ទាំង​ពលរដ្ឋ​នៅ​ទីក្រុង​ឡូវែល​ផង​ដែរ»។

បន្ថែម​លើ​នេះ បេក្ខជន​ទាំង​ពីរ​នេះ​បាន​សន្យា​ថា នឹង​ធ្វើការ​ជាមួយ​គ្នា​ដោយ​សាមគ្គីគ្នា ដើម្បី​ការ​រីក​លូតលាស់​របស់​សហគមន៍​នៅ​សង្កាត់​ទី១៨ និង​សហគមន៍​នៅ​ទីក្រុង​ឡូវែល​ទាំង​មូល៕