នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ អំពាវនាវឲ្យពលរដ្ឋខ្មែរឈប់ប្រើប្រាស់វ៉ាយហ្វាយ (Wifi) សាធារណៈ ដើម្បីចៀសវាងហានិភ័យនៃការលួចព័ត៌មាន ដែលអាចនាំដល់ការលួច Hack គណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
សាររបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ខែមករាឆ្នាំ២០១៩នេះ បញ្ជាក់ថា វ៉ាយហ្វាយសាធារណៈ (Public WiFi) ដែលមាននៅហាងកាហ្វេភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និងឯកសារ)លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)ជាដើម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់អំពីការប្រើប្រាស់វ៉ាយហ្វាយសាធារណៈប្រកបដោយសុវត្ថិភាពថា៖
«បញ្ជាក់ឲ្យប្រាកដថា វ៉ាយហ្វាយដែលបានភ្ជាប់គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់។ ចៀសវាងការចូលទៅក្នុងគណនីសំខាន់ៗ ដូចជា ធនាគារ iCloud និង Email ជាដើម។ បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់។ បិទ Network Sharing នៅលើកុំព្យូទ័រដើម្បីចៀសវាងកុំឲ្យកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក»។
បច្ចុប្បន្នគេឃើញប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់អ៊ីនធឺណេតតាមរយៈវ៉ាយហ្វាយ ដែលផ្តល់ដោយទីកន្លែងសាធារណៈជាច្រើន ជាពិសេសភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេជាដើម។
ចំណែករដ្ឋាភិបាលក៏បានដាក់ពង្រាយវ៉ាយហ្វាយសាធារណៈ ដែលប្រើប្រាស់ដោយមិនគិតថ្លៃនៅតាមសួនច្បារ និងកន្លែងកម្សាន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជាសួនច្បារសម្តេចហ៊ុន សែន សួនច្បារមុខព្រះបរមរាជវាំង សួនច្បារមុខវត្តបទុម សួនច្បារវិមានឯករាជ្យ និងនៅម្តុំវត្តភ្នំ ជាដើម។
កន្លងមកការលួច ឬដែលហៅថា Hack ចូលក្នុងគណនីបណ្តាញសង្គម តែងកើតមានជារឿយៗ។ អ្នកលួចចូលទាំងនោះ ពេលខ្លះបានប្រព្រឹត្តអំពើល្មើស តាមរយៈការឆបោកប្រាក់ ការបង្ហោះសារអាសអាភាស និងការគំរាមកំហែងផ្សេងៗ។
លោកម៉េង អេដែត មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការសង់ត្រាល់ ប្រាប់ VOA ថា ការប្រើប្រាស់វ៉ាយហ្វាយសាធារណៈអាចធ្វើឲ្យអ្នកគ្រប់គ្រងវ៉ាយហ្វាយនោះចូលទៅទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់។ លោកបន្ថែមថា ប្រជាពលរដ្ឋគួរចៀសវាងកុំប្រើវ៉ាយហ្វាយសាធាណៈទាំងនោះ ឬប្រើដោយមានកម្មវិធីផ្សេងៗសម្រាប់ការពារ។
លោកបញ្ជាក់ថា៖
«តែកាលណាយើងប្រើវ៉ាយហ្វាយរបស់គេ មានន័យថា យើងស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេហើយ។ អ៊ីចឹង មិនតិច មិនច្រើន គេអាចជ្រៀតចូលនៅលើ Device [ឧបករណ៍ប្រើប្រាស់] របស់យើងបាន បើសិនយើងអត់បានការពារខ្លួន។ ទី១ បើអាច គួរកុំប្រើ។ ទី២ បើសិនជាយើងប្រើហើយ យើងគួរតែការពារខ្លួនឯងដោយមានកម្មវិធីជំនួយ ដែលយើងហៅថា VPN។ មានន័យថា យើងបើក VPN ដើម្បីការពារ មានន័យថា មិនឲ្យគេដឹងថា យើងកំពុងប្រើប្រាស់ទេ»។
តួលេខដែលចេញដោយនិយតករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតិសេវាអ៊ីនធឺណិតចល័តមានចំនួនជិត១៣លានស៊ីមកាត(១២.៩៧៤.៣១៩ស៊ីមកាត) ចំណែកអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតអចល័តមានចំនួន ១៤៧.៥៩៦នាក់៕