មន្ត្រី​សង្គមស៊ីវិល​​​ស្នើ​ឱ្យអាជ្ញាធរ​បង្កើនកា​របង្ក្រាប​អំពើឆបោក​​តាមប្រព័ន្ធ​អន​ឡាញ​ ខណៈ​ពល​រដ្ឋ​ខ្មែ​រកំពុង​ក្លាយ​ជា​ជង​រង​គ្រោះ

ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

នៅក្នុង​ទិវា​អន្តរ​សាសនា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ កាល​ពីថ្ងៃទី ២០ ​ខែសីហា​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃលោក​ ស សុខា​ បាន​ប្រកាស​ថា​ ពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេបោក​យក​ប្រាក់​ប្រមាណ​ជិត​ ៤០ លាន​ដុល្លារ​អាមេរិក ក្នុង​ប្រតិបតិ្តការ​ឆបោក​តាម​បណ្តាញ​អ៊ិនធឺណិត ដែលកំពុង​ធ្វើ​ឱ្យ​ក្រុមមន្ត្រីនិង​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​បារម្ភ​ថា​ សន្តិ​សុខ​ហិរញ្ញវត្ថុរបស់​ពលរដ្ឋ​កំពុង​ប្រឈម​នឹងហានិ​ភ័យបច្ចេកវិទ្យា​មួយនេះ​។

ពួកគេ​ក៏បាន​លើក​ទឹក​ចិត្តឱ្យ​ពល​រដ្ឋ​បង្កើន​ការ​យល់​ដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ ហើយ​អាជ្ញាធរ​ក៏​មិន​ត្រូវ​បន្ថូរ​ដៃ​ក្នុង​ការដាក់​ទោស​លើ​ជន​ឧក្រិដ្ឋ​នៃអំពើ​ឆបោក​នេះដែរ។

ការ​ប្រកាស​របស់​លោក ស សុខា​ បាន​ធ្វើ​ឡើងបន្ទាប់ពីស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានីភ្នំពេញបាន​បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​អាមេរិកាំង​បានខាតបង់​ទឹក​ប្រាក់​ជាង ​១០០ ​លាន​ដុល្លារ​ ដោយសារតែការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ នី សុខា បាន​កត់​សម្គាល់​ការ​ឆបោក​នេះ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​ក្លាយ​ជាបញ្ហា​មួយដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​ ដែល​ទាមទារ​ឱ្យ​ពល​រដ្ឋ​ទូទៅ​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ ​ដើម្បី​បង្ការ​ខាតបង់​លុយកាក់។ មួយវិញ​ទៀត​ លោក​យល់ថា​ ពលរដ្ឋ​ខ្លួន​ឯង​ក៏​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មិនបាន​ពិនិត្យប្រភព​ក្រុមហ៊ុន​នានា​ដែល​ស្វះ​ស្វែងរក​ការ​បណ្តាក់​ទុន​តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត​ឡើយ។

លោកថ្លែងថា៖ ​«មុន​នឹង​ធ្វើ​អ្វីៗ​មួយ​ក៏ ​ត្រូវតែ​សិក្សា​ឱ្យ​ច្បាស់​ពី​ប្រភព​ក្រុមហ៊ុន ​ពី​ប្រភព​អ្នក​ដែល​រកស៊ី​ទាំងអស់​ហ្នឹងដែរ!​ កុំឱ្យ​យើង​ចេះតែ​រកស៊ី​មានន័យ​ថា យើង​លោភលន់ ​ឬក៏​យើង​ចង់បាន ​ដោយ​មិន​មាន​ការ​ពិចារណា។ ​វា​អាច​លង់​ខ្លួនធ្វើ​ឱ្យ​មាន​ការ​ចាញ់​បោក​អាហ្នឹង​ដែរ! ​បោក​ប្រាស់​នឹងដែរ! ​ហើយក៏​យើង​ត្រូវ​គិត​អំពី​សុវត្ថិភាព​ គិត​អំពី​សន្តិសុខ​របស់​យើង​ដែរ​» ។

លោក​បន្ថែមថា​ រដ្ឋាភិបាល​ត្រូវតែ​បន្ត​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយអំពីឧបាយកល​ ឬ​តាក់​តិក​នៃ​ការ​បោក​បញ្ឆោត​ថ្មីៗ ​ដែល​សមត្ថកិច្ច​កំណត់​ចំណាំបាន ហើយ​ត្រូវតែ​ចាត់​វិធានការ​ទៅលើ​បុគ្គលពាក់​ព័ន្ធ​ ឬ​ជា​មេគំនិត​នៃ​ប្រតិ​បត្តិការ​ឆបោកនោះ​ ដោយ​មិន​គិត​ពីឋានៈ​ ឬមុខតំណែង​ក្នុង​ជួររដ្ឋាភិបាល​ ឬ​ក៏សែ​ស្រឡាយ​របស់​អ្នក​មាន​អំណាច​ឡើយ។

លោក​ថ្លែង​ថា​៖ «រដ្ឋាភិបាលត្រូវតែចាប់​ឱ្យ​បាន​! ទោះ​បីថា​យើង​រកឃើញ​ថា ​ក្រុម​ដែល​រកស៊ី​មិន​ត្រឹមត្រូវ​ហ្នឹង! ​ជា​អ្នក​ណា​ក៏​ដោយ​ ឬក៏​មាន​អ្នក​ណា​នៅពី​ក្រោយ​ខ្នង​យ៉ាងម៉េច​ មាន​ឋានន្តរស័ក្ដិ​ប៉ុណ្ណា​ក៏ដោយ ​ក៏ត្រូវ​តែ​មាន​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទៅ​តាម​ផ្លូវច្បាប់​។ ​អាហ្នឹង​គឺពង្រឹង​វិស័យ​យុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការ​ដែល​អ្នក​ដែល​មាន​បក្ខ ​មាន​ពួក​ មានខ្នង​បង្អែក ​ឬ​ក៏មាន​ឋានន្តរស័ក្ដិ​អី នឹង​រួចផុត​ពី​សំណាញ់​ច្បាប់​»។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ​ ​ប្រាប់​វីអូអេថា​ ការ​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យានេះ​ ភាគ​ច្រើន​មាន​ជាប់​ទាក់​ទង​នឹង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួនដែរ​ ដែល​បាន​បន្ទុចបង្អាក់​ដល់​ការ​អនុវត្ត​ច្បាប់​ និង​បាន​បង្ក​ជាឧបសគ្គ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដល់​អ្នក​រង​គ្រោះ។​

លោក​ថា អាជ្ញាធរ​ត្រូវ​បង្កើនការ​ស៊ើប​រក​បណ្តាញ​អ្នករៀបចំ​ឱ្យ​មាន​អំពើ​ឆបោក​នោះ ឱ្យ​មកទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ។ ​

លោក​បន្ថែម​ថា៖ «​ប៉ុន្តែ​សំខាន់ ​គឺ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​ អ្នក​ជន​ឆបោក​ហ្នឹង​! ​ដើម្បី​កុំឱ្យ​វាខូច​ប្រយោជន៍ ​កុំឱ្យ​បើ​មិនចឹង​ទេ​គេ​ហៅ​ថា​បោក​បាន​លុយ ​ប៉ុន្តែ​ទៅ​ដេក​ស៊ី​ក្នុង​ពន្ធនាគារ​អ៊ីចឹង​ទៅ ​អាហ្នឹង! ​វាសុទ្ធតែ​ជា​គំរូ​អាក្រក់​មួយ​ ហើយ​ក៏​វា​បាន​បង្ហាញនូវឱកាស​ច្រើន​សម្រាប់​ជន​ខិល​ខូច​»។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួង​មហាផ្ទៃ)

កាលពីពាក់​កណ្តាល​ខែ​សីហា​ ​មុនពេល​ដែល​លោករដ្ឋមន្ត្រី ស សុខា​ បាន​ប្រកាស​ថា​ ពលរដ្ឋ​កម្ពុជាបាន​ខាត​បង់​ប្រាក់​ចំនួន ​៤០ ​លានដុល្លារ​នៅក្នុង​អំពើឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នោះ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក Wesley Holzer បាន​លើកឡើង​នៅ​ក្នុង​សារអ៊ីមែល​មួយថា​ ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ការ​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យានេះបាន​ក្លាយ​ទៅ​ជា​បញ្ហា​ក្នុង​តំបន់ ​និង​ពិភពលោក ​ដែល​កំពុង​រីកធំ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​

បើតាម​អ្នកនាំពាក្យ​រូបនេះ​ កាល​ពីឆ្នាំមុន​ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់ការ​បណ្តុះ​បណ្តាល​ចំនួន ​១៨.០០០ ​ម៉ោង​ ដល់​សមភាគីកម្ពុជា នៅក្នុងការ​គាំទ្រ​ដល់​កិច្ចខិត​ខំរួមគ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូ​រមនុស្ស​ និង​អំពើ​ឆបោក​តាម​ប្រព័ន្ធអនឡាញ។ ​វគ្គ​បណ្តុះ​បណ្តាល​នេះបានចំណាយ​ទឹក​ប្រាក់​ជាង ​៣៥ ​លាន​ដុល្លារ​ ដែល​ផ្តល់ឲ្យដោយ​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ ២ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​សម្រាប់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​កម្ពុជា។ ​កិច្ចការ​ភាគ​ច្រើន​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ​និង​អន្តរជាតិ​ដើម្បី​ជួយ​ជន​រងគ្រោះ​ទាំង​កម្ពុជា ​និង​បរទេស។​

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រាប់​វីអូអេ​កាល​ពី​ពុធ​ ទី​ ២៨ ខែ​សីហា​នេះ​ថា ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អំពីការ​ចាញ់បោករបស់​ពលរដ្ឋ​កម្ពុជានៅក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិធឺណិតគឺ​ជា​ការពិត​ ហើយក្រសួង​បានបន្តចាត់​វិធានការ​ជាបន្ត​បន្ទាប់​ និង​ផ្ដន្ទា​ទោស​ដល់​អ្នក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណថា​ជាអ្នកប្រព្រឹត្តអំពើ​ឆបោក​នោះ​។ ទោះ​យ៉ាង​ណា លោក​ថា​ បុគ្គលដែលត្រូវបានគេ​ឆបោក​ភាគច្រើន​នោះ​ គឺ​មានចិត្តលោភលន់​ ដោយពួក​គេចង់​បាន​ប្រាក់​ងាយ​ៗ​ និង​រហ័ស​លើស​ពី​កា​ររក​បាន​ទៅ​តាម​សម្ថភាព​ផ្ទាល់​ខ្លួន​។

លោកថ្លែង​ថា៖ «​មកពី​យើង​ចង់​បាន​អ្វី​មួយ​ដែរ! ​បាន​យើង​ចាញ់​បោក​គេ ​នេះចាត់​ទុកថា​ជារឿង​ជារឿង​បោក​ប្រាស់ ឬចាញ់​បោក។ ធម្មតា​ទេ ​យើង​ចាញ់​បោក​គេ​មក​ពី​យើង​ចង់លោភលន់​ចង់បាន​អ្វីមួយដែរ! ​យើង​មែន​ទៅ​ ឧទាហរណ៍​ថា​ដាក់​វិនិយោគ ដាក់មក​ប្រហែល​បាន​ការ​មួយរយ​ ឧទាហរណ៍​ថា​ យើង​ចង់​បាន​ប្រាំរយ​ទៅភ្លាម​ បើ​ពីមុន​គេ​ឱ្យ​ភ្លាម​ដាក់​ភ្លាម​ខែ​ក្រោយ​គេ​ឱ្យ​ ២០០​» ។

នាយក​កម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​អ៊ឹម នរិន្ទ​ ប្រាប់វីអូអេ​ថា ពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​បាន​ចាញ់​បោកពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​នោះ​ ចៀស​មិនផុត​ពី​ការ​ប្រឈម​នឹង​ផល​វិបាក​ផ្នែកហិរញវត្ថុ ដោយ​ពួកគេត្រូវ​ចំណាយច្រើនលើ​បន្ទុកគ្រួសារ​ ដូច​ជា​ការ​រៀន​សូត្រ​របស់​កូនៗ​ជាដើម​។ ដូច្នេះ​លោក​ថា អាជ្ញាធរ​មិន​អាច​ទុក​ឱ្យ​អំពើ​ឆបោក​តាម​ប្រព័ន្ធអនឡាញ​នេះ​នៅ​បន្ត​មាន​ទៀត​នោះ​ឡើយ​ ហើយ​គួរ​តែ​កាត់​បន្ថយ​សកម្មភាព​ឧក្រិដ្ឋ​នេះ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

លោក​ថ្លែង​ថា៖ «ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ប៉ះពាល់​ដល់​ស្ថានភាព​គ្រួសារ​ការសិក្សា​រៀន​សូត្រ​របស់​កូន។​ ស្ថានភាព​នៃការ​ចំណាយ​ផ្សេងៗ​ទៀត​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​។ អ៊ីចឹង​!​ បើសិន​ជារឿង​នឹង​ចេះតែ​បន្តទៀត ប្រជាពលរដ្ឋ​យើង​កាន់តែ​ច្រើន​ហើយ​គាត់​បន្ត​រងនូវ​ជួប​នូវ​ការ​លំបាក​ដែល​ជាអ្នកទទួលផល​ពី​ការ​ឆបោក​ហ្នឹង​!​»។

ជាផ្នែកមួយកិច្ច​ខិតខំប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ​ស សុខា​ បានសម្រេចបង្កើត​គណៈកម្មការ​ចំពោះកិច្ចការ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា ​ដើម្បី​បង្កើន​ការ​ស្រាវជ្រាវ​ទីតាំង​ដែល​មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាន​គ្រប់​ប្រភេទ​ និង​គ្រប់​រូបភាព​ក្នុង​ភូមិសាស្ត្រ​បណ្តា​រាជធានី​-ខេត្ត​ និង​មាន​ភារៈកិច្ច​ចាប់​បញ្ជូន​ជនល្មើស​ និង​វត្ថុតាង​ព្រមទាំង​អ្នកពាក់ព័ន្ធ​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់​ជាធរមាន។​ ក្នុង​ករណី​ជនល្មើស​ជា​ជនបរទេស​ អាជ្ញាធរ​ត្រូវ​អនុវត្តតាម​នីតិវិធី​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍។

បើតាម​របាយការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​ប្រចាំ​ឆ្នាំ​ ២០២៤ ​នេះ​ ​នៅ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ដែល​កើត​ឡើងនៅ​កម្ពុជា​ គឺមាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលកម្ពុជាខ្លះ​ជា​ម្ចាស់​ ឬមានសកម្មភាព​ដោយផ្ទាល់​ តាមរយៈ​អាជី​វកម្ម​នានា ដូចជា​នៅ​តាម​ទីតាំង​អគារ​ និង​ទីកន្លែង​ផ្សេងៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់ ដោយ​ពួក​ប្រតិបត្តិករ​សកម្មភាព​ឆបោក​អនឡាញ​ ឬហៅ​ថា (scam) ដើម្បី​កេង​ប្រវ័ញ្ច​ជន​រង​គ្រោះ​ក្នុង​អំពើ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ ហើយ​មន្ត្រីទាំង​នោះ​បាន​ទទួល​អត្ថ​ប្រយោជន៍​ហិរញ្ញវត្ថុ​ពី​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នោះ។

របាយ​ការណ៍បាន​កត់​សម្គាល់​ទៀតថា ​ការ​ពាក់ព័ន្ធរ​បស់​មន្ត្រី និង​ក្រុម​វរជន​ដែល​មាន​សក្កា​នុពល​ខាង​សេដ្ឋកិច្ច​បាន​បង្ក​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ចោះៗ​ និង​មាន​ហេតុ​ផល​នយោបាយ ដែល​នាំទៅ​ដល់​ការរា​រាំង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ ដែល​នៅ​រីករាល​ដាល​អំឡុងពេលនៃ​ការ​ធ្វើ​របាយ​ការណ៍​៕