អាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃពុធបានដុតកម្ទេចចោលស្លាប មាន់ខូចគុណភាពចំនួន២តោន ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាមមកចែកចាយ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប.» ប្រចាំនៅរាជធានីភ្នំពេញ រឹបអូសបានស្លាបមាន់ខូចគុណភាពចំនួន២០០កេស ស្មើនឹង ២០០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម រួចយកទៅកម្ទេចចោលភ្លាមៗ ដោយបារម្ភអំពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការបង្រ្កាបករណីរស្លាបមាន់ដែលនាំចូលពីប្រទេសវៀតណាមរហូតដុតកម្ទេចចោលកាលពីថ្ងៃពុធនោះ ដោយសារតែមន្ត្រីជំនាញរកឃើញថា ស្លាបមាន់ទាំងអស់នោះគ្មានគុណភាព ហើយត្រូវបានដឹកជញ្ជូនចូលមកទីក្រុងភ្នំពេញដោយខុសច្បាប់។
លោកថ្លែងថា៖«យើងបានធ្វើការត្រួតពិនិត្យរកឃើញទីមួយគាត់នាំចូលនៅផលិតផលនាំចូលគ្រឿងមាន់នេះអត់មានច្បាប់ទម្លាប់។ ទីពីរការដឹកជញ្ជូនរបស់គាត់មិនអនុលោមទៅតាមសុវត្ថិភាពម្ហូបអាហារ អ៊ីចឹងពាក់ព័ន្ធនឹងបញ្ហានេះយើងបានបង្រ្កាបនិងដុតកម្ទេចចោល»។
លោកបន្ថែមថា ស្លាបមាន់ខូចគុណភាពទាំងអស់នេះត្រូវបាននាំចូលមកក្នុងរាជធានីភ្នំពេញតាមរថយន្តប្រភេទទេសចរណ៍មួយគ្រឿង ហើយត្រូវបានបម្រុងយកមកចែកចាយនៅខណ្ឌសែនសុខរាជធានីភ្នំពេញ។ អ្នកបើកបររថយន្តនោះ ដែលមានគ្នាពីរនាក់ជាជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចហៅទៅណែនាំ នៅពេលដែលសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាឈ្មួញដែលនាំចូលស្លាបមាន់ខូចគុណភាពទាំងអស់នោះបាននៅឡើយ។
លោកលើកឡើងថា៖«អ្វីដែលយើងបន្តធ្វើការតាមដានស្រាវជ្រាវ យើងនឹងរកជនដែលជាឈ្មួញដែលគាត់នាំចូលនូវផលិតផលម្ហូបអាហារដែលមិនមានសុវត្ថិភាពនេះ»។
បើតាមលោក សំ វិច្ឆិកា សមត្ថកិច្ចជំនាញនឹងចាត់វិធានការរឹតបន្តឹងបន្តទៀត ដើម្បីបង្ក្រាបការនាំចូលម្ហូបអាហារដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ និងគ្មានគុណភាព។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ផាន អូន ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបាននៅឡើយទេ។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាលោកម៉ម រិទ្ធី យល់ឃើញថា ករណីនាំចូលសាច់បង្កកខូចគុណភាព និងគ្មានច្បាប់ដឹកជញ្ជូនត្រឹមត្រូវ ដែលនាំចូលពីក្រៅប្រទេសចូលមកកម្ពុជា មិនមែនជារឿងទើបតែកើតមាននោះទេ។
ជុំវិញករណីចាប់បានស្លាបមាន់ខូចគុណភាពនេះ លោកចោទជាសំណួរថា៖«សាច់ហ្នឹងវាចែកចាយពេញប្រទេសយើងយូរឆ្នាំហើយ សួរថាសាច់ទាំងអស់ហ្នឹងវាចូលតាមណា? អ៊ីចឹងសំណួរសួរថា គាត់កំពុងអង្គុយធ្វើអីនៅតាមច្រកព្រំដែនហ្នឹង? បានសាច់ទាំងអស់ហ្នឹងចូលមកបាន ហើយបើយើងនិយាយថា អត់មានអំពើពុករលួយ តើមានអ្នកណាជឿអត់?»។
លោកបន្ថែមថា បើសិនជានៅតែមានការនាំចូលពពួកសាច់បង្កកគ្មានគុណភាពទាំងអស់នោះតទៅទៀត នោះវាបង្ហាញពីកម្សោយនៃការអនុវត្តច្បាប់ទៅលើមន្រ្តីខិលខូចមួយចំនួនដែលតែងតែមានគំនិតប្រព្រឹត្តអំពើពុករលួយ ដោយបើកផ្លូវឱ្យមានការនាំចូលទំនិញទាំងអស់នោះមកក្នុងប្រទេស។
លោកថ្លែងថា៖«រឿងទាំងអស់ហ្នឹងគឺជា រឿងមួយដែលរដ្ឋាភិបាលត្រូវចាត់ចែងវិធានការឱ្យបាន លឿនបំផុតមិនមែនទប់ស្កាត់ឬមួយកាត់បន្ថយទេ គឺត្រូវលុបបំបាត់ចោលអាទង្វើទាំងអស់ហ្នឹង។ អាហ្នឹងវាធ្វើឱ្យប៉ះពាល់អាយុជីវិតប្រជាជន សុខភាពប្រជាជន ហើយនិងសេដ្ឋកិច្ចជាតិ។ អ៊ីចឹងរឿងនេះសំខាន់ណាស់ ដែលត្រូវរដ្ឋាភិបាល ក៏ដូចក្រសួងពាក់ព័ន្ធត្រូវតែធ្វើការងារហ្នឹងជាប្រញាប់ហើយបំបាត់ឱ្យបានកុំឱ្យមានរឿងហ្នឹងកើតឡើង»។
នាដើមខែកុម្ភៈនេះ កងកម្លាំងពាក់ព័ន្ធក៏បានបង្ក្រាបករណីនាំចូលជើងមាន់បង្កកជាង១០២តោន ក្នុងខេត្តស្វាយរៀង ដែលដឹកជញ្ជូនតាមរយៈរថយន្តកុងទឺនឺចំនួន៤គ្រឿង នាំចូលពីប្រទេសវៀតណាម ហើយជើងមាន់បង្កកទាំងនោះក៏ត្រូវបានដុតកម្ទេចចោលផងដែរ។
កាលពីដើមខែកុម្ភៈដដែលនេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានរឹបអូសបង្គាចាក់ចាហួយនិងផ្ទុកសារធាតុគីមីជាង៤តោនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ បង្គាទាំងនោះត្រូវបានគេរាយការណ៍ថានាំចូលពីប្រទេសវៀតណាម ហើយក៏ត្រូវបានដុតកម្ទេចចោលទាំងស្រុង ក្រោយសមត្ថកិច្ចបង្រ្កាបបាន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការនាំចូលសាច់បង្កកពីក្រៅប្រទេសកំពុងបង្កក្តីបារម្ភសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា ដោយពួកគេស្នើឱ្យស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការនាំចូលសាច់បង្កកឱ្យបានតឹងរ៉ឹង។ កាលពីខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យផ្អាកការនាំចូល«គ្រឿងក្នុងនិងបំណែកសាច់បង្កក» ចំនួន៨មុខ ជាបណ្តោះអាសន្ន ក្នុងរយៈពេល៦ខែ ចាប់ពីថ្ងៃទី ១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយសារ ការស្តុកទុកនិងបង្កកមិនអនុលោមតាមបទដ្ឋានភាពអនាម័យដែលវាអាចបង្កជាប៉ះពាល់ដល់គុណភាព និងសុខភាពរបស់អ្នកបរិភោគ៕