តាមរយៈជនរងគ្រោះ ដែលអាជ្ញាធរឥណ្ឌូណេស៊ីបានសាកសួរ ប៉ូលិសឥណ្ឌូណេស៊ីអះអាងថាខ្លួនកំពុងស៊ើបអង្កេតការជួញដូរគ្រឿងសរីរាង្គមនុស្សខុសច្បាប់ ហើយការវះកាត់ធ្វើឡើងនៅប្រទេសកម្ពុជា។
អាជ្ញាធរឥណ្ឌូណេស៊ីបានចោទប្រកាន់ប៉ូលិស និងមន្រ្តីអន្តោប្រវេសន៍របស់ខ្លួនដែលត្រូវបានចោទប្រកាន់ថាធ្វើឯកសារបន្លំ ដើម្បីអាចបញ្ជូនជនជាតិឥណ្ឌូណេស៊ីចំនួន១២២នាក់ទៅវះកាត់លក់ក្រលៀនរបស់ពួកគេនៅប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា។
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថាសមត្ថកិច្ចកំពុងស្រាវជ្រាវព័ត៌មាននេះពិត ឬមិនពិត។
លោកថ្លែងថា៖ «ជម្រាបជូនសម្ថកិច្ចកំពុងស្រាវជ្រាវព័ត៌មាននេះពិត ឬមិនពិតតែប៉ុណ្ណឹងទេ។ តែកន្លងមក អត់ដែលមានទេ រឿងលក់ក្រលៀនលក់អី ដូចអត់ដែលមាន។ តែមានព័ត៌មានបំភ្លៃ ដូចជាជំនាន់ឆ្នាំ២០២០ បើខ្ញុំមិនច្រឡំទេ»។
បើតាមសារព័ត៌មាន AP ជនរងគ្រោះជាជនជាតិឥណ្ឌូណេស៊ីទាំង១២២នាក់ បានត្រឡប់ទៅឥណ្ឌូណេស៊ីវិញហើយ។
ជនរងគ្រោះបានបាត់បង់អាជីពរបស់ពួកគេ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ហើយពួកគេយល់ព្រមលក់សរីរាង្គរបស់ពួកគេ ពីព្រោះពួកគេត្រូវការលុយ។ នេះបើតាមលោក Hengki Haryadi ប្រធានប៉ូលិសទីក្រុងហ្សាការតាទទួលបន្ទុកបទល្មើសទូទៅ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានAP។
ប៉ូលិសឥណ្ឌូណេស៊ីបន្ថែមថាជនរងគ្រោះត្រូវបានល្បួងឲ្យទៅប្រទេសកម្ពុជា ដើម្បីវះកាត់យកក្រលៀន។
ប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនមនុស្សចំនួន១២នាក់ រួមមានមន្រ្តីប៉ូលិស និងអន្តោប្រវេសន៍ កាលពីថ្ងៃទី១៩ ខែកក្កដា។
ជនសង្ស័យទី១០ដែលត្រូវបានចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ បានប្រាប់ប៉ូលិសថារូបគេបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកេតុមាលា ឬហៅថាពេទ្យទាហាន ដើម្បីវះកាត់ដូរក្រលៀននៅទីនោះ។
បើតាមមន្រ្តីប៉ូលិស ជនរងគ្រោះត្រូវបានសន្យាផ្តល់ប្រាក់ចំនួន៩ពាន់ដុល្លារអាមេរិកសម្រាប់ការដូរក្រលៀន។
លោក ឃុត ប៊ុនឃឿន ជំនួយការផ្នែករដ្ឋបាលនៃមន្ទីរពេទ្យព្រះកេតុមាលា ប្រាប់វីអូអេថាមន្ទីរពេទ្យផ្តល់សេវាក្នុងការប្តូរក្រលៀនពិតមែន ប៉ុន្តែនេះជារឿងត្រឹមត្រូវច្បាប់ និងស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ២០២២ ដែលបានប្រកាសផ្តល់លទ្ធភាពឱ្យមន្ទីរពេទ្យការវះកាត់ ដើម្បីប្តូរក្រលៀនបាន។ ពាក់ព័ន្ធនឹងរឿងអាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរក្រលៀន ហើយការវះកាត់នៅកម្ពុជា លោកអះអាងថាលោកមិនមានព័ត៌មានឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បាននៅឡើយទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានដែរ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់វីអូអេថាមន្ទីរពេទ្យព្រះកេតុមាលាមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកឡើយ ដូច្នេះលោកមិនអាចអត្ថាធិប្បាយបានឡើយ។
កាលពីខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាលពិនិត្យមើលធ្វើឲ្យការវះក្រលៀននេះ ស្របច្បាប់ក្នុងប្រទេស។ លោកបន្ថែមថាកម្ពុជាមានការវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលា។ ប៉ុន្តែលោកថាមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយសារតែបារម្ភខ្លាចមានការជួញដូរក្រលៀន៕