អាជ្ញាធរកម្ពុជាសម្រេចឃុំខ្លួនសកម្មជននយោបាយជំទាស់ ៦ នាក់ ក្នុងពន្ធនាគារផ្សេងៗគ្នាពីបទក្បត់ជាតិ ក្រោយបញ្ជូនមកពីប្រទេសថៃ។ នេះបើអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
សកម្មជននយោបាយជំទាស់ទាំង ៦ នាក់នោះ រួមមាន លោក ប៉ែន ច័ន្ទសង្គ្រាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងលោកស្រីវ៉ន ច័ន្ទរចនា។ ក្មេងប្រុសម្នាក់អាយុ ៧ ឆ្នាំ ដែលជាចៅប្រុសរបស់អ្នកស្រី ហុង អានក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនខ្លួនពីប្រទេសថៃនាពេលថ្មីៗនេះផងដែរ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីពន្ធនាគារបានសម្រេចឃុំខ្លួនជនសង្ស័យទាំង ៦ នាក់នោះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការ ដែលបានចោទប្រកាន់សកម្មជននយោបាយជំទាស់ទាំងនោះពីបទ «ក្បត់ជាតិ»។
លោកប្រាប់ថា៖ «ខាងពន្ធនាគារខ្ញុំគឺទទួលឃុំជនទាំង ៦ នាក់នេះ ដែលជាអនីតិជនទាំង ៦ ហើយឃុំយោងតាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ហើយបើផ្អែកទៅលើតាមខ្លឹមសារទៅតាមការបង្គាប់ឲ្យឃុំខ្លួនគឺជនទាំង ៦ នាក់នេះ ឃុំនៅទីកន្លែងផ្សេងៗគ្នាគឺ អ្នកខ្លះឃុំនៅមណ្ឌល ម២ មណ្ឌលកែប្រែទី ២ អ្នកខ្លះឃុំនៅពន្ធនាគារខេត្តកណ្ដាល ហើយអ្នកខ្លះត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី ៣ ជាការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំនីតិវិធីរបស់តុលាការ»។
អ្នកស្រី សៀន ស្រីនួន អាយុ ៣១ ឆ្នាំ កូនស្រីរបស់អ្នកស្រី ហុង អាន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្ននេះម្តាយរបស់ខ្លួនកំពុងស្ថិតនៅពន្ធនាគារព្រៃស មណ្ឌលកែប្រែទី ២ បន្ទាប់ពីតុលាការបានចោទប្រកាន់ពីបទក្បត់ជាតិ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។ អ្នកស្រីចាត់ទុកថា ការចោទប្រកាន់នេះគឺជារឿងអយុត្តិធម៌ និងស្នើឲ្យរដ្ឋាភិបាល និងតុលាការដោះលែងម្តាយរបស់អ្នកស្រី ដោយអះអាងថា ម្តាយរបស់អ្នកស្រីគ្រាន់តែបញ្ចេញមតិជុំវិញរឿង CLV និងកោះគុតតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «យល់ថា អយុត្តិធម៌ វាអត់មាននិន្នាការចោទប្រកាន់ហ្នឹងវា អយុត្តិធម៌ ព្រោះអីគាត់គ្រាន់តែបញ្ចេញមតិតាមបណ្តាញសង្គមរឿងកោះគុត និងរឿង CLV [...]ស្នើតុលាការ និងរដ្ឋាភិបាលឲ្យគាត់ឆាប់ដោះលែងពួកគាត់ ព្រោះអីពួកគាត់អត់មានកំហុសអីទេ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ឃើញថា មតិមួយចំនួនបានឲ្យដឹងថា នៅក្នុងប្លុកអាស៊ានបច្ចុប្បន្ននេះ បញ្ហាសិទ្ធិចំពោះជនភៀសខ្លួនហាក់បីដូចជាត្រូវបានគេលែងគិតគូរ ឬខ្វល់ខ្វាយតទៅទៀតហើយ។
បើតាមមេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ ការព្រងើយកន្តើយនឹងសិទ្ធិរបស់ជនភៀសខ្លួននេះ គឺជាការសម្រេចចិត្តខាងនយោបាយរបស់មេដឹកនាំប្រទេសមួយចំនួន ដែលមិនចង់ឲ្យមានភាពល្អក់កកររវាងប្រទេសនិងប្រទេស។ លោក នី សុខា ក៏យល់ថា ការចាប់បញ្ជូនជនភៀសខ្លួនមកប្រទេសកំណើតវិញនេះ មិនមែនជាករណីទី ១ នោះឡើយ។
លោកថ្លែងថា៖ «នេះជារឿងមួយដែលយើងគួរឲ្យមានការសោកស្តាយចំពោះអាជ្ញាធរ ទាំងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរកម្ពុជាយើង ដែលសុទ្ធតែជាប្រទេសមួយគោរពនូវគោលការណ៍សិទ្ធិមនុស្សសាកលដូចគ្នា បែរជាអនុវត្តអ្វីដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស។ ជាទូទៅក្នុងគោលការណ៍សិទ្ធិមនុស្ស ជនភៀសខ្លួនម្នាក់ៗដែលភៀសខ្លួនដោយសារកត្តានយោបាយក្តី ភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញខាងផ្នែកសិទ្ធិក្នុងប្រទេសនីមួយៗក្តី គេតែងតែទទួលយកដើម្បីអនុញ្ញាតឲ្យគាត់ទទួលបានសិទ្ធិជ្រកកោនក្នុងប្រទេសមួយ ដើម្បីឲ្យមានសុវត្ថិភាព សន្តិសុខ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា សំណុំរឿងរបស់សកម្មជនទាំង ៦ នាក់នោះ មានជាប់ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ គឺទាក់ទងនឹងព្រឹត្តិការណ៍តវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA។
លោកបន្ថែមថា ពួកគេទាំង ៦ នាក់ទទួលបានការទទួលស្គាល់ពីឧត្តមស្នងការការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហើយថៃក៏មានកិច្ចព្រមព្រៀងជាមួយឧត្តមស្នងការការិយាល័យនោះដែរ ក៏ប៉ុន្តែពួកគេនៅតែត្រូវបានបញ្ជូនខ្លួនដោយអាជ្ញាធរថៃមកកាន់កម្ពុជាវិញដដែល។
បើតាមលោក អំ សំអាត ការចាប់បញ្ជូនជនភៀសខ្លួនពីថៃមកកម្ពុជានេះ ឆ្លុះបញ្ចាំងពីការរំលោភបំពានទៅលើបញ្ហាសិទ្ធិនៃជនភៀសខ្លួន ហើយប្រទេសថៃត្រូវបានចាត់ទុកថា លែងជាកន្លែងដែលមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនទៀតហើយ ខណៈជនភៀសខ្លួនត្រូវបានចាប់បញ្ជូនពីថៃជាបន្តបន្ទាប់ ទោះបីជនភៀសខ្លួនទាំងនោះមានការទទួលស្គាល់ពីខាងឧត្តមស្នងការការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក៏ដោយ។
លោកថ្លែងថា៖ «បញ្ហានេះ ភាគីឧត្តមស្នងការការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននេះ គួរតែជជែកជាមួយនិងអាជ្ញាធរថៃឡើងវិញអំពីកិច្ចការការពារលើសិទ្ធិនៃជនភៀសខ្លួនហ្នឹង។ ការចាប់បញ្ជូនត្រឡប់មកវិញហើយជាប់ពន្ធនាគារលើជនដែលទទួលបានទទួលស្គាល់ពី UNHCR នេះ នាំឲ្យមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិកន្លងមក»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតថៃនៅទីក្រុងភ្នំពេញ តែគ្មានការឆ្លើយតបសំណួរតាមសារអ៊ីមែល។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថា ថៃកំពុងដើរតួជាភ្នាក់ងារបង្ក្រាបជនភៀសខ្លួនពីកម្ពុជា ព្រោះប្រទេសនេះបានចូលរួមក្នុងការយន្តការគាបសង្កត់ឆ្លងដែនលើសកម្មជនគណបក្សប្រឆាំងកម្ពុជា ទោះបីពួកគេត្រូវបានរាយការណ៍ថា មានការទួលស្គាល់ថាជាជនភៀសខ្លួនពី UNHCR។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ប្រទេសថៃ មិនបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ ១៩៥១ របស់អង្គការសហប្រជាជាតិ ដូច្នេះជនភៀសខ្លួនមិនទទួលបានការការពារពេញលេញ ទោះបី UNHCR ទទួលស្គាល់ឋានៈជាជនភៀសខ្លួនរបស់ពួកគេក៏ដោយ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យថ្កោលទោសសកម្មភាពទាំងឡាយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងដ៏កំសាករបស់រដ្ឋាភិបាលថៃ។ ចលនាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានទាមទាររដ្ឋាភិបាលជាដៃគូទទូចឲ្យរដ្ឋាភិបាលថៃបំពេញកាតព្វកិច្ចផ្លូវច្បាប់ក្នុងស្រុក និងអន្តរជាតិ ហើយបញ្ចប់ភាពស្មុគស្មាញជាមួយការគាបសង្កត់ការឆ្លងដែននេះ៕