អត្ត​ពលិក​កម្ពុជា​ឈ្នះ​មេដាយមាស​និង​សំរិទ្ធនៅក្នុងកីឡា Special Olympics

អត្តពលិក​ខ្មែរ​លោក​ ថៃ សុគន្ធីម បាន​ទទួល​មេដាយ​មាស​ ក្នុង​វិញ្ញាសារ​រត់​ចម្ងាយ​ ២០០​ ម៉ែត្រ​ផ្នែក​បុរស​ នៅ​ក្នុង​ការប្រកួត​កីឡា​ Special Olympic ​ជា​កីឡា​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​ស្មារតី​មិន​សូវ​មាំ​មួន​នៅ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ សហរដ្ឋ​អាមេរិក​ ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២ ខែ​សីហា​ឆ្នាំ​២០១៥​ ​។ (រូបថត​ផ្តល់​ដោយ​គណៈ​ប្រតិភូ​កីឡា​ Special Olympic)

អត្ត​ពលិក​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​ចំនួន​១​ ​និង​ ​សំរិទ្ធ​ចំនួន​២ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ Special Olympics​ ​ដែល​ជា​កីឡា​សម្រាប់​ជនពិការ​ស្មារតី នា​ថ្ងៃ​ពុធ​ម្សិល​មិញ​។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុងឡូស​អាន់​ជឺឡេស (​Los Angeles) ​សហរ​ដ្ឋអាមេរិក​។​

​លោក​ គឹម ឆា​ហួត​ ជា​អគ្គ​កុង​ស៊ុល​កិត្តិយស​របស់​កម្ពុជា​នៅ​ទីក្រុងឡូស​អាន់​ជឺឡេស ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ​បាន​ប្រាប់ ​VOA​ តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ដែលត្រូវ​នឹង​រាត្រីថ្ងៃ​ពុធ​នៅ​សហរដ្ឋអាមេរិក​ថា​ ជ័យ​លាភី​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​មាន​មោទន​ភាព​។​

​«ខ្ញុំ​មានសេចក្តីសោមនស្ស​ និងមោទនភាព​ជា​ក្រៃ​លែង​ បាន​ក្រុម​កីឡា ​Special​ Olympics​ Games​ មក​ពី​កម្ពុជា​បាន​ឈ្នះ​មេដាយ»​។​

ក្នុង​ចំណោម​កីឡា​ករ​ទាំង​៨រូប​របស់​កម្ពុជា​ លោក​ ថៃ​ សុគន្ធីម​ បាន​ទទួល​មេ​ដាយ​មាស​ និង​លោក​ មាស​ មករា​ បាន​ទទួល​មេដាយ​សំរិទ្ធ​ ក្នុង​វិញ្ញាសារ​រត់​ចម្ងាយ​ ២០០​ ម៉ែត្រ​ ផ្នែក​បុរស​ និង​ កញ្ញា​ រដ្ឋ​ សម្ផស្ស​ ឈ្នះ​មេដាយ​សំរិទ្ធ​ក្នុង​វិញ្ញាសារ​បោះ​ប៊ូល​ឈើ​។​ នេះ​បើ​យោង​តាម​លោក​ មាស​ សារិន​ ប្រធាន​ប្រតិភូ​ដែល​ដឹក​នាំ​កីឡាករ​ចូល​រួម​ការ​ប្រកួត​នៅ​ទីក្រុងឡូស​អាន់​ជឺឡេស។​ ​

អត្តពលិក​ខ្មែរទៅ​ប្រកួត​កីឡា​ Special Olympic ​ជា​កីឡា​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​ស្មារតី​មិន​សូវ​មាំ​មួន​នៅ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ សហរដ្ឋ​អាមេរិក​ ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២ ខែ​សីហា​ឆ្នាំ​២០១៥​ ​។ (រូបថត​ផ្តល់​ដោយប្រតិភូ​កីឡា​ Special Olympics)

​លោក​ មាស សារិន​ បាន​អោយ​ដឹង​ថា​ ថ្វី​បើ​កម្ពុជាមាន​កង្វះ​ខាត​ធន​ធាន​យ៉ាង​ណា​ក្តី​ ក៏​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​នេះ​។​

«កីឡាករ​យើង​អ្នក​ដែល​មាន​បញ្ញា​ខ្សោយ​ ក៏​យើង​អាច​មាន​សមត្ថភាព​អាច​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​។ ​កុំ​តែ​បាន​សម្តេច[នាយករដ្ឋន្ត្រី​ហ៊ុន​សែន​] ជួយ​លុយសំបុត្រ​យន្តហោះ​ កុំ​អី​អត់​បាន​មក​ទៀត។ ស្មាន​ថា​អត់​បាន​មក​ផង​»​។​

វិញ្ញាសារ​ប្រកួត​សរុប​របស់​អូឡាំពិក​ពិសេស​ឬ​ ​Special Olympics មាន​ចំនួន​២៧ ​វិញ្ញាសារ​ ​ក៏​ប៉ុន្តែ​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួត​វិញ្ញាសា​រ​តែ២ប៉ុណ្ណោះគឺ​ វិញ្ញាសារ​អត្ត​ពលកម្ម​រត់​ប្រណាំង​ និង​វិញ្ញាសារ​ប៊ូល​ឈើ​។ ​

លោក ​ថៃ ​សុគន្ធីម​ ​ជា​អត្តពលិក​ដែល​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ​ ២០០ ម៉ែត្រ ​ផ្នែក​បុរសនេះ​។​ ​នៅក្នុងវ័យ​ ២០​ឆ្នាំ​ កីឡាករ​ដែលលូត​លាស់​ខាង​ស្មារតី​យឺត​ជាង​ក្មេង​ដទៃរូប​នេះ​បាន​អោយ​ដឹង​ថា​ខ្លួន​រំភើប​ ​និង​ត្រេក​អរ​ចំពោះ​លទ្ធផល​នេះ​។​

លោក ​ថៃ ​សុគន្ធីម «​រំភើប​ ត្រេក​អរ​»​។

លោក​ ថៃ ស៊ីផា​ ជា​ឳពុក​របស់​កីឡាករមេដាយ​មាស​ ថៃ​ ​សុគន្ធីម​ ជា​មន្ត្រី​រាជ​ការ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​ពី​ភាព​ត្រេកអរ​ ខណៈ​ពេល​ដែល​ទទួល​ដំណឹង​ដ៏​រីករាយ​នេះ​ពី VOA ។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​ ​«ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ជោគជ័យ​របស់​កូន។ ដោយសារ​គំនិត​បញ្ញា​របស់​គាត់ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ទេ កាល​ពី​ខ្ញុំ​ជូន​ដំណើរ​គាត់​ទៅ​ ហើយ​គាត់​បែរ​ជាទទួល​ជោគ​ជ័យ​គួរ​ជា​ទី​មោទនភាព»។​

គួរ​កត់​សម្គាល់​ផងដែរ​ថា​ នេះគឺ​ជា​លើក​ទី៣​ហើយ​ ​ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រកួត​អូឡាំពិក​ពិសេស​រដូវ​ក្តៅ​ពិភព​លោក​ ឬ​ Special Olympics បន្ទាប់​ពី​ការ​ប្រកួត​នៅ​ទីក្រុង​សៀងហៃ​ក្នុង​ឆ្នាំ​២០០៧​ និងការ​ប្រកួត​នៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិក​ក្នុង​ឆ្នាំ​២០១១​។​ ក្នុង​នោះ​កីឡា​អត្តពលិក ​កម្ពុជា​ដែល​មាន​ការ​លូត​លាស់​សតិ​បញ្ញា​ខ្សោយ​ ធ្លាប់​ទទូួល​បានមេដាយ​មាស​៧​ មេដាយ​ប្រាក់៧ ​និង​មេដាយ​សំរឹទ្ធ​៤​។

អត្តពលិក​ខ្មែរឈ្នះ​បាន​មេដាយ​នៅ​ក្នុង​ការប្រកួត​កីឡា​ Special Olympics ​ជា​កីឡា​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​ស្មារតី​មិន​សូវ​មាំ​មួន​នៅ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ សហរដ្ឋ​អាមេរិក​ ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២ ខែ​សីហា​ឆ្នាំ​២០១៥​ ​។ (រូបថត​ផ្តល់​ដោយ​គណៈ​ប្រតិភូ​កីឡា​ Special Olympics)

អូឡាំពិក​ពិសេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥​ ក្នុង​គោល​ដៅ​លើក​កម្ពស់​សកម្មភាព​កីឡា​ដល់​អ្នក​មាន​បញ្ញា​ខ្សោយ​នៅ​កម្ពុជា។​ ក្នុង​នោះ​សហព័ន្ធ​កីឡា​ Special​ Olympics​ កម្ពុជា​ធ្លាប់ត្អួញត្អែរ​ពី​កង្វះ​ខាត​ការ​ឧបត្ថម្ភ។​

ហើយ​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ សហព័ន្ធ​កីឡា​ Special​ Olympics កម្ពុជា​ ក៏ធ្លាប់​បាន​អំពាវ​នាវ​សុំជំនួយ​ថវិកានិង​សំបុត្រ​យន្តហោះ​ សម្រាប់ការ​ធ្វើ​ដំណើររបស់ខ្លួន​ ​ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​កីឡា​នេះ​នៅ​ក្នុង​សហរ​ដ្ឋអាមេរិក​ផង​ដែរ​៕