ខ្មែរ-អាមេរិកាំង​ធ្វើចលនា​ឱ្យ​អ្នក​តំណាងរាស្រ្ត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត728

រូនឯកសារ៖ បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២

សេចក្តី​សម្រេច​ចិត្ត​នេះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​អ្នក​តំណាងរាស្រ្ត​ចំនួន​៥៥នាក់​ពីក្នុង​ចំណោម​អ្នក​តំណាងរាស្ត្រ​សរុប​ទាំង​៤៣៥​នាក់​របស់​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក។

សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើ​យុទ្ធនាការ ​ដើម្បី​ជំរុញ​ឱ្យ​ជន​រួមជាតិ​បញ្ចុះ​បញ្ចូល​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន​នៅ​តាម​មណ្ឌល​នានា​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​លទ្ធិប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​ រ៉ានី លូស្ហីនស្គី​ ដែល​ជា​សកម្ម​ជន​សហគមន៍​មួយ​បាន​ប្រកាស​ប្រាប់​ដល់​សមាជិក​អ្នកគាំទ្រ​ដែល​បាន​មក​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​មួយ​ក្នុង​ភោជនីយដ្ឋាន​ Havest Moon​ កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា៖

«ខ្ញុំ​ដឹង​ថា​ មាន​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​អ្នកតំណាងរាស្រ្ត​ Lowenthal ​និង​ Chabot ​សរសេរ​ឡើង​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​សម្រេច​ចិត្ត​នេះ​បាន​ដាក់​ទៅ​ហើយ​ដើម្បី​ឱ្យ​អ្នក​តំណាងរាស្ត្រ​គាំទ្រ។ ​សេចក្តី​សម្រេច​ចិត្ត​នេះ​មាន​ឈ្មោះ​ថា​ HR 728។ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​បងប្អូន​យើង​ទាំងអស់​គ្នា​សូម​ទូរស័ព្ទ​ទៅ​អ្នកតំណាង​រាស្ត្រ​របស់​លោក​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​លេខ​ HR 728 ​ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា‍»។​

សេចក្តី​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ស្នើឡើង​ដោយ​លោក Alan Lowenthal ​អ្នក​តំណាង​រាស្ត្រ​មកពី​រដ្ឋ​កាលីហ្វញ៉ា​ និង​លោក​ Matt Salmon ​អ្នក​តំណាងរាស្ត្រ​មកពី​រដ្ឋ​អារីហ្សូណា​កាលពី​ខែ​ឧសភា។ សេចក្តី​សម្រេច​ចិត្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​ Ed Royce ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​សភាជាតិ​ អ្នក​តំណាងរាស្រ្ត​ Eliot Engel ​អ្នក​តំណាងរាស្រ្ត​ Niki Tsongas ​និង​លោក​ Steve Chabot ​ដែល​ជា​សហប្រធាន​នៃ​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា។​

លោក​ ព្រហ្ម សៅរ៍ណូរ៉ា​ ប្រធាន​កិត្តិយស​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ (CAA) ​ក៏​កំពុង​ធ្វើ​សកម្ម​ភាព​បញ្ចុះ​បញ្ចូល​ដល់​បណ្តាញ​របស់​អង្គការ​នេះ​ផងដែរ។ ក្រុម​របស់​លោក​ត្រូវ​ជំនះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយ​ការ​ពន្យល់​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ ដែល​មាន​សមានចិត្ត​ចង់​ជួយ​ ប៉ុន្តែ​មិន​ដឹង​ត្រូវ​ទាក់ទង​តំណាងរាស្រ្ត​របស់​ពួកគេ​ដោយ​វិធីណា។

លោក ​សៅរ៍​ ណូរ៉ា​ បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

«ចំណោទ​ខ្មែរ​យើង​ហ្នឹង​ គឺ​គាត់​អត់​រវីរវល់​ជួប​ជាមួយ​នឹង​តំណាងរាស្រ្ត​របស់​គាត់។​ តាំងពី ​CAA ​យើង​បង្កើត​មក ​យើង​ណែនាំ​គាត់​ឱ្យ​ដឹង​ពី​ប្រយោជន៍​របស់​តំណាងរាស្រ្ត​គាត់​ ពីព្រោះ​យើងដឹង​ហើយ​កាលពី​ឆ្នាំ​១៩៧០​ លោក​ប្រធានាធិបតី​ និចសុន ​គាត់​បាន​ឱ្យ​ជំនួយ​ទៅ​សាធារណរដ្ឋ​ខ្មែរ។ ប៉ុន្តែ​សភា​ទេ​ជា​អ្នក​កាត់​ជំនួយ​ហ្នឹង​។ ដូច្នេះ​ហើយ​គាត់​មិន​យល់​ត្រង់ហ្នឹង។ គាត់​មិន​យល់​ថា​ សភាគឺ​ជា​អង្គការ​ធំ​ជាង​គេ​បំផុត​ដូច្នេះ​ហើយ​គាត់​ត្រូវ​តែ​ទាក់ទង​ជាមួយ ​ហើយ​គាត់​ចង់​បាន​នេះ​ចង់​បាន​នោះ។ ប៉ុន្តែ​គាត់​អត់​ដឹង​ថា​ តើ​ធ្វើ​យ៉ាង​ម៉េច​ហើយ​ដល់​ពេល​ឥឡូវនេះ​ សេចក្តី​សម្រេច​ 728 ​ហ្នឹង​គាត់​ចង់​ជួយ​ណាស់​ ប៉ុន្តែ​គាត់​អត់​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច»។​

លោក សៅរ៍ ណូរ៉ា ​បាន​ចេញ​ជា​ការ​ណែនាំ​មួយ​សម្រាប់​សមាជិក​សហគមន៍​ទាក់ទង​អ្នក​តំណាងរាស្រ្ត​របស់​ខ្លួន​តាមរយៈ​ការ​ចូល​ទៅ​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន៖​www.house.gov/representatives/find ​បន្ទាប់​មក​វាយ​លេខ​កូដ​ប្រៃសណីយ៍​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​ពេលនោះ​គេហទំព័រ​នេះ ​នឹង​បង្ហាញ​ឈ្មោះ​ និង​លេខ​ទំនាក់ទំនង​សមាជិក​សភា​នៅ​មណ្ឌល​នោះ​ ហើយ​ពួកគេ​អាច​ទូរស័ព្ទ​ប្រាប់​អ្នក​តំណាងរាស្រ្ត​បាន។

លោក សៅរ៍ ណូរ៉ា​ បន្ថែម​ទៀត​ថា ​ផលប្រយោជន៍​ដែល​បាន​ពី​សេចក្តីសម្រេច​ចិត្ត​នេះ​គឺ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ច្រើន​ ជាង​អ្នកនៅ​សហរដ្ឋ​អាមេរិក។

«រឿង​សំខាន់ៗ​គឺ​បងប្អូន​ដែល​នៅ​ស្រុកខ្មែរ​សព្វថ្ងៃ​កំពុងតែ​រងសម្ពាធ​ពី​រដ្ឋាភិបាល​ដែល​ធ្វើផ្គរ​ ធ្វើ​ភ្លៀង​ស្រេច​នឹង​ចិត្ត​ ហើយ​ច្បាប់​ដូច​ជា​ច្បាប់​កៅស៊ូ ​យឺត​ចុះ​យឺត​ឡើង​ស្រេច​តែ​នឹង​ចិត្ត​ម្ល៉ោះ​ ហើយ​គេ​ថា​យ៉ាង​ម៉េច​ក៏បាន។ ដូច្នេះ​ហើយ​នេះ​ជា​រឿង​សំខាន់។ បើសិន​ជា​យើង​កែ​ចំណុច​នេះ​បាន​ គឺ​ច្បាប់​កុំ​ឱ្យ​យឺត​ដូច​កៅស៊ូ​នោះ ​វា​មាន​សន្តិភាព​នៅ​ក្នុង​ស្រុក​យើង​មាន​ការ​រីកចម្រើន‍»។​

សេចក្តី​សម្រេច​ចិត្ត​នេះ​ក៏​ថ្កោលទោស​រាល់​ទម្រង់​ហិង្សា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ជួប​ប្រជុំ​ដោយ​សេរី ​ការ​តវ៉ា ការ​និយាយ​រិះគន់​រដ្ឋាភិបាល​គាំទ្រ​ដល់​កំណែទម្រង់​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​បោះឆ្នោត​ដោយ​សេរី​ក្នុង​ឆ្នាំ​២០១៨​ ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ​ បញ្ឈប់​រាល់​ការ​យាយី​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជាដើម។
លោក​ Alan Lowenthal ​បាន​ថ្លែង​ប្រាប់​ដល់​បាតុករ​ខ្មែរ​អាមេរិកាំង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា៖

«ខ្ញុំ​ត្រូវការ​ការ​គាំទ្រ​ពី​អ្នក​ទាំងអស់​គ្នា​ក្នុង​ការ​សុំ​សហការី​ជា​អ្នក​តំណាងរាស្រ្ត​របស់​ខ្ញុំ​នៅក្នុង​សភា​ ដើម្បី​ចូលរួម​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​នេះ។ បើ​កាលណា​យើង​ទទួល​បាន​ការគាំទ្រ​ខ្លាំង ​យើង​នឹង​មាន​កម្លាំង​ខ្លាំងក្លា​នៅក្នុង​សភា​ ដើម្បី​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ​ និង​ដើម្បី​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាងខ្លាំង​ដល់​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ពេល​បច្ចុប្បន្ននេះ​មិន​មាន​ទេ‍»។

សេចក្តី​សម្រេច​ចិត្ត​នេះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​អ្នក​តំណាងរាស្រ្ត​ចំនួន​៥៥នាក់​ពីក្នុង​ចំណោម​អ្នក​តំណាងរាស្ត្រ​សរុប​ទាំង​៤៣៥​នាក់​របស់​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ ដើម្បី​ចូល​ជា​ធរមាន​ ដែល​នឹង​មាន​សុពលភាព​ឱ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ត្រូវ​អនុវត្ត​តាម​ខ្លឹម​សារ​ដែល​មាន​នៅក្នុង​សេចក្តី​សម្រេច​ចិត្ត​នេះ៕