ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរសម្តែងការមិនពេញចិត្ត ចំពោះការបិទរដ្ឋាភិបាលសហព័ន្ធយូរ ដែលពួកគេថា រឿងនេះអាចធ្វើឲ្យមានការប៉ះពាល់កាន់តែខ្លាំងដល់ពលរដ្ឋអាមេរិកាំងទូទៅផង និងពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនផង។ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យលោកប្រធានាធិបតី បើករដ្ឋាភិបាលវិញឲ្យបានឆាប់។
ការបិទរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកផ្នែកខ្លះ បានឈានដល់ថ្ងៃទី១៩ហើយ ដែលធ្វើឲ្យមានការមិនសប្បាយចិត្តពីពលរដ្ឋអាមេរិកាំងជាទូទៅផង និងពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលកំពុងរស់នៅក្នុងរដ្ឋនានាផង។ ពួកគេមើលឃើញពីការប៉ះពាល់ដល់ជីវភាពដោយសារភាពគ្មានការងារធ្វើឬធ្វើការដោយគ្មានប្រាក់ខែ សម្រាប់មន្ត្រីរដ្ឋការខ្លះ ការបិទសេវាកម្មរដ្ឋាភិបាលសហព័ន្ធមួយចំនួន ការបារម្ភអំពីរឿងទ្រទ្រង់ជីវភាព ការបង់លុយថ្លៃផ្ទះ និងការចំណាយផ្សេងៗទៀត។ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនបង្ហាញឲ្យឃើញពីការមិនគាំទ្រការបិទរដ្ឋាភិបាលដោយសារតែលោកប្រធានាធិបតីស.រ.អា ដូណាល់ ត្រាំមិនបានទទួលលុយពីសភាចំនួន៥ពាន់ ៧ រយលានដើម្បីយកទៅសង់ជញ្ជាំងតាមបណ្តាយព្រំដែនអាមេរិកនិង ប្រទេសម៉ិកស៊ិក ក្នុងបំណងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និង សន្តិសុខ អាមេរិកនេះទេ។
លោកស្រី ជេណេត សេង ពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋភេនស៊ីវីនៀ បានថ្លែងថា ប្រទេសអាមេរិកដែលជាមហាអំណាចពិភពលោកមិនគួរសាងសង់របងទេ ហើយលោកស្រីគាំទ្រសភាខាងគណបក្សប្រជាធិបតេយ្យចំពោះនយោបាយទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។
«ទី១ ចំណាយថវិការបស់ជាតិដែលមិនត្រូវនឹងចំណាយ។ ទី២ យើងដូចជា ដាក់គុក ខ្លួនឯង។ អីចឹង ខ្ញុំអត់គាំទ្រទេ»។
លោកស្រីថា លោកប្រធានាធិបតី ដូណាល់ ត្រាំអាចប្រើវិធីផ្សេងដើម្បីពង្រឹងសន្តិសុខ ព្រំដែន ដូចជាបង្កើនសមត្ថភាពមន្ត្រីដែលធ្វើការនៅតាមព្រំដែន បំពាក់កាមេរ៉ា សុវត្តិភាព និងពង្រឹងច្បាប់ជាដើម។
លោកស្រីបានបន្ថែមថា លោកប្រធានាធិបតី ត្រាំកំពុងចាប់ពលរដ្ឋជាចំណាប់ខ្មាំង ធ្វើឲ្យពលរដ្ឋអាមេរិកាំង ខ្មែរអាមេរិកាំងជួបការលំបាក ទាំងអ្នករដ្ឋការក្តី ដោយសារ មធ្យោបាយបិទរដ្ឋាភិបាលនេះ។
«ប្រសិនបើកាន់តែអូសបន្លាយពេលយូរកាន់តែប៉ះពាល់ទៅដល់ជីវិតរបស់ពលរដ្ឋក្នុង ស.រ.អា កាន់តែខ្លាំង ពីព្រោះអ្វីដែលគាត់ជាបុគ្គល គាត់ជាប្រធានាធិបតីហ្នឹងចង់បាន គាត់ចង់ជំរុញធ្វើឲ្យទាល់តែបាន។ អីចឹងគាត់មកចាប់យើងធ្វើជាចំណាប់ខ្មាំង។ អីចឹងខ្ញុំអត់ពេញចិត្តទេ»។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរនៅរដ្ឋម៉ារីឡែន បានថ្លែងថាលោកមិនគាំទ្រការបិទ រដ្ឋាភិបាល និងការសង់ជញ្ជាំងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់អស់ជាង៥ពាន់ លានដុល្លារនោះទេ។
«ការទាមទារថវិកាយកទៅសង់របងហ្នឹង ហើយពួកខាងគណបក្សប្រជាធិបតេយ្យ មិន យល់ព្រម ហើយប្រធានាធិបតីដូណាល់ ត្រាំបិទរដ្ឋាភិបាលអីចឹងគឺជាសញ្ញាកូនក្មេង លេងសើចមួយរបស់ប្រធានាធិបតី ហើយមិនមែនគិតគូរទៅដល់ការរស់នៅរបស់ជនជាតិអាមេរិកាំងដែលធ្វើការឲ្យរដ្ឋាភិបាលសហព័ន្ធអីចឹង ខ្ញុំមិនគាំទ្រទេ។ ហើយម្យ៉ាង ទៀតការដែលសង់ជញ្ជាំងតាមបណ្តោយព្រំដែន ម៉ិកស៊ិច អាមេរិកាំងហ្នឹង ខ្ញុំក៏មិន គាំទ្រដែរពីព្រោះវាមានមធ្យោបាយច្រើនណាស់ ហើយមានប្រសិទ្ធភាពច្រើនជាងការសង់ជញ្ជាំងហ្នឹងថែមទៅទៀត បើសិនជាយើងមិនចង់ឲ្យអ្នករត់ចូលមកស.រ.អាដោយ ខុសច្បាប់តាមព្រំប្រទល់ដែនហ្នឹង»។
លោកបន្តថាបើទោះជាមានរបងក្តី ក៏មិនរំពឹងឲ្យប្រាកដថាគ្មានជនអន្តោប្រវេសន៍ ខុស ច្បាប់ចូលមកកាន់ប្រទេសអាមេរិកដែលកើតចេញពីក្រុមជនអន្តោប្រវេសន៍ដែរ។
«ការបិទនៅពេលនេះគឺថាគឺជាការផ្ចាញ់ផ្ចាលជាមួយនឹងគណបក្សប្រជាធិបតេយ្យ ដែល មិនព្រមអនុញាតឲ្យប្រើប្រាសលុយរដ្ឋាភិបាលយកទៅសង់ជញ្ចាំងឬរបង។ដូច្នេះហើយខ្ញុំយល់ថានេះជាការបិទរដ្ឋាភិបាលដោយឥតមានន័យហើយមានគ្រោះ ថ្នាក់ធ្ងន់ធ្ងរដល់អ្នកដែលធ្វើការនៅក្នុងក្រសួងរដ្ឋាភិបាលសហព័ន្ធ»។
លោកថា អ្នករដ្ឋការមិនមែនមានលុយសន្សំច្រើន អាចរក្សាលំនឹងចំណាយបានយូរទេ លោកឃើញថាខ្លះក៏ត្រូវគេរឹបអូសយកផ្ទះដោយសារគ្មានលុយបង់ ខ្លះត្រូវគេរឹបអូសយករថយន្ត ហើយដែលរឿងនេះបង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដែលលោកថារដ្ឋាភិបាលគួរត្រូវបើកទ្វារវិញឲ្យបានឆាប់។
លោក យ័ប គឹមទឹង ពលរដ្ឋខ្មែរក្នុងរដ្ឋវីជីនៀ បានថ្លែងថាជនជាតិ អាមេរិកាំង និង ខ្មែរ អាមេរិកាំង អាចមានផលប៉ះពាល់ខ្លះដោយសារមិនអាចទទួលបានសេវាកម្មនានា ពីរដ្ឋាភិបាលសហព័ន្ធដែលនៅបន្តបិទទ្វារ ហើយនឹងប៉ះពាល់ដល់ពលរដ្ឋដែលធ្វើការ ក្នុងរដ្ឋាភិបាលសហព័ន្ធដែលធ្វើការគ្មានប្រាក់ខែសម្រាប់មន្ត្រីឬបុគ្គលិកចាំបាច់ និង មន្ត្រីដែលគេតម្រូវឲ្យឈប់ធ្វើការដោយសារតែអស់ថវិកាបើក។
«ប៉ុន្តែពេលដែលកំពុងអត់មានប្រាក់ខែហ្នឹង ជួនកាលអ្នកខ្លះ អត់មានលុយទៅបង់ ថ្លៃផ្ទះ បង់ថ្លៃចំណាយអីផ្សេងៗទៀតដែលគេត្រូវការ។ ពេលអីចឹងទៅវាអាចមាន បញ្ហារកលុយបង្វិលអត់ទាន់»។
លោកថ្លែងបន្តថាលោកមិនចង់ឃើញ មានការបិទរដ្ឋាភិបាលទេ ដោយសារការប៉ះពាល់ច្រើន។តែទោះជាមានបញ្ហាដូច្នេះមែន លោកថា បើមើលមួយជ្រុងផ្នែកប្រព័ន្ធ ផ្ទៀងផ្ទាត់នៃការដឹកនាំរដ្ឋក្នុងប្រទេសអាមេរិកវិញគឺបង្ហាញឲ្យឃើញពីដំណើរការ ប្រជាធិបតេយ្យ។
«ដូចយើងដឹងស្រាប់ហើយប្រធានាធិបតី មិនអាចមានអំណាចផ្តាច់ការ ឲ្យពួករដ្ឋសភា ឬ មួយព្រឹទ្ធសភាសម្រេចចិត្តទៅតាមប្រធានាធិបតី។ ហើយនៅពេលប្រធានាធិតី មិនអាចសម្រេចបានអីចឹងទៅធ្វើឲ្យអំណាចហ្នឹងចែកគ្នាជាមួយរដ្ឋសភានិងព្រឹទ្ធសភា ដែលរឿងហ្នឹងជាការល្អមួយ»។
លោកថាគណបក្សទាំងពីរត្រូវធ្វើការជាមួយគ្នា ត្រូវធ្វើការចរចាគ្នា ដោះស្រាយបញ្ហា ជាតិជាមួយគ្នាទោះជាមិនអាចទទួលបានអ្វីគ្រប់យ៉ាងដែលចង់បានរៀងខ្លួនក្តី។
លោក អ៊ិន សួន ពលរដ្ឋខ្មែរក្នុងរដ្ឋកាលីហ្វ័ញ៉ាបានអះអាងថាមានការសួរនាំគ្នាទៅវិញទៅមកក្នុងចំណោមពលរដ្ឋខ្មែរចំពោះការបិទរដ្ឋាភិបាលសហព័ន្ធស.រ.អាក្នុងចំណោមពលរដ្ឋចាស់ៗដែលទទួលសេវាកម្មរដ្ឋ។ លោកថាចំពោះពួកគាត់ៗមិនខ្វល់ទេរឿង សាងសង់ឬមិនសាងសង់របងដែលប្រធានាធិបតីទាមទារនោះ តែគាត់ព្រួយបារម្ភ ខ្លាចថារដ្ឋមិនបើកលុយឲ្យនិងគាត់គ្មានការគាំពាររឿងប្រាក់ចំណាយផ្នែកសុខភាពពេលគាត់ឈឺ។
«ពីរកន្លែងហ្នឹងដែលគាត់ព្រួយខ្លាំង ខ្លាច គាត់ដាច់លុយដាច់កាក់ទៅ មានអីបង់ ថ្លៃ ផ្ទះ។ ចុះបើគាត់ឈឺទៅខាងធានាសុខភាពរដ្ឋ Medicare គេអត់ជួយទទួលបង់ថ្លៃពេទ្យហ្នឹងគាត់ទៅណា?»។
ទោះជាយ៉ាងណាក្តីលោកសង្ឃឹមហើយទទូចថារដ្ឋាភិបាលនឹងបើកឡើងវិញនៅ ពេលណាមួយខាងមុខ ពេលអ្នកដឹកនាំផ្សះផ្សាគំនិតផ្ទុយគ្នាបាន។
«រដ្ឋាភិបាលអាមេរិកាំងមិនមែនជារដ្ឋាភិបាលមួយចង់ចាញ់ឈ្នះគ្នារបៀបរឿងផ្ទាល់ ខ្លួន រឿងដើម្បីអំណាចអ្វីមួយឬដើម្បីបក្សអ្វីមួយគឺអត់ទេ។ ខ្ញុំសិក្សារៀនសូត្រមកពួក តំណាងរាស្ត្រក៏ដោយ ពួកបុគ្គលិករដ្ឋបាលផ្នែកខាងរដ្ឋាភិបាលក៏ដោយ គេគិតពីរឿង ប្រយោជន៍ជាតិជាធំ។ ពេលណាដែលមានបញ្ហាអីធំៗកើតឡើងអីទៅ ជួបជុំគ្នាទៅ ដោះស្រាយទៅ បញ្ហាហ្នឹងអាចនឹងត្រឡប់មកដូចដើមវិញ អាចមានថាមានទស្សនៈ ដោះដូរគ្នាខ្លះ។ ដោះដូរគ្នាខ្លះ ចេញ ចូលបន្តិចទៅ ត្រូវរ៉ូវគ្នាវិញ ហើយរដ្ឋាភិបាលហ្នឹងបើកទ្វារឡើងវិញ គេមិនទុកឲ្យប្រជាពលរដ្ឋគេមានបញ្ហាអីយូរលង់កើតទៅជាធំដុំអី ទេ តាមខ្ញុំបានសិក្សារៀនសូត្រកន្លងមក»។
លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីយប់ ថ្ងៃអង្គារ ពន្យល់ពីគោលបំណងរបស់លោក និងនៅតែទទូចដល់គណបក្សប្រជាធិប តេយ្យផ្តល់ថវិកា៥ពាន់៧រយលានដល់លោកដើម្បីសង់ជញ្ជាំងឬរបងការពារព្រំដែន ហើយរដ្ឋាភិបាលនឹងបើកទ្វារវិញបាន។ តែក្រុមសមាជិកសភាគណបក្សប្រជាធិប តេយ្យបានឆ្លើយតបភ្លាមៗឲ្យលោក ត្រាំបើករដ្ឋាភិបាល ហើយនិយាយគ្នាបន្ត ខណៈ ដែលគណបក្សប្រជាធិបតេយ្យផ្តល់ថវិកាតិចជាងការទាមទាររបស់លោកត្រាំ រឿងការ ពារសន្តិសុខព្រំដែននោះ៕