មេដឹកនាំសហគមន៍ខ្មែរនិងសកម្មជនសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកមានជំនឿថា លោកប្រធានាធិបតី Joe Biden នឹងអាចផ្សះផ្សារសង្គមអាមេរិកាំងដែលកំពុងបែកបាក់និងទប់ស្កាត់វីរុសកូរ៉ូណាក៏ដូចជាស្តារសេដ្ឋកិច្ចដែលកំពុងរងការបំផ្លាញដោយជំងឺរាតត្បាតនេះ។
នៅក្នុងសុន្ទរកថាដំបូងក្រោយពីទទួលតំណែងកាលពីថ្ងៃពុធលោក Joe Biden បានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់អ្នកដែលមិនបានបោះឆ្នោតជូនលោកដោយថ្លែងថា បើពួកគេមិនយល់ស្របជាមួយនឹងលោកក៏មិនអីទេ ពីព្រោះនេះជាលទ្ធិប្រជាធិបតេយ្យហើយនេះគឺជាសហរដ្ឋអាមេរិកដោយពលរដ្ឋមានសិទ្ធិប្រឆាំងដោយសន្តិវិធី។ ប៉ុន្តែលោកនឹងខិតខំធ្វើការដើម្បីពលរដ្ឋអាមេរិកាំងទាំងអស់គ្នា។
លោក នាថបណ្ឌិតតាកែវ ឫទ្ធិពល ប្រធានមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនយល់ថា សុន្ទរកថារបស់លោក Biden ដែលផ្តោតលើការផ្សះផ្សារជាតិនៅពេលនេះ«មានសារៈសំខាន់ណាស់»។
លោកបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «ហើយខ្ញុំជឿថានឹងអាចជ្រួតជ្រាបដល់សតិសម្បជញ្ញៈមហាជនអាមេរិកាំងដែលលោកមានឧត្តមគតិយកប្រយោជន៍ជាតិជាធំ។ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ដូចជាភេរវកម្មនយោបាយនៅវិមានសភាទាំងពីរ កាលពីថ្ងៃទី៦ ខែមករានោះមក ជាការពញ្ញាក់ស្មារតីមហាជនអាមេរិកាំងទូទៅច្រើនណាស់»។
លោក ឆល សុង អ្នករៀបចំសហគមន៍នៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ា បានថ្លែងថា៖
«ពាក្យពេចន៍ដែលគាត់បាននិយាយគឺមានន័យទូលំទូលាយណាស់សម្រាប់ពលរដ្ឋទូទៅទាំងសងខាង... រួមសេចក្តីមកខ្ញុំយល់ឃើញថាជាពាក្យពេចន៍ដ៏ល្អ ដើម្បីផ្សះផ្សារពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងគណបក្សទាំងពីរឲ្យធ្វើយ៉ាងណាចាប់ដៃគ្នាធ្វើដំណើរទៅមុខដើម្បីបម្រើផលប្រយោជន៍ប្រទេសរបស់ខ្លួន»។
លោកប្រធានាធិបតី Biden ប្រឈមវិបត្តិជាច្រើនក្នុងនោះមានការរាតត្បាតនៃវីរុសកូរ៉ូណា ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង៤សែននាក់។
លោក Biden ថ្លែងថា៖ «យើងកំពុងចូលដល់ដំណាក់ការលំបាកនិងគ្រោះថ្នាក់ដល់ជីវិតបំផុតនៃវីរុសនេះ។ យើងត្រូវតែទុកចោលរឿងនយោបាយមួយឡែកនិងប្រឈមវីរុសនេះជាប្រទេសតែមួយ»។
អ្នកស្រី ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិក បានថ្លែងថា អ្នកស្រីមានជំនឿលើការដឹកនាំរបស់លោក Biden ក្នុងការដោះស្រាយវិបត្តិសុខភាពនិងស្តារសេដ្ឋកិច្ចឡើងវិញ។
«គាត់នឹងផ្តោតសំខាន់ៗលើរឿងសេដ្ឋកិច្ចនឹងផងនិងរឿងសុខភាពផងហើយគាត់បានផ្តាំផ្ញើទៀតថាសាររបស់គាត់សំខាន់ណាស់។ គាត់ថាទាំងអស់គ្នាយើងទាំងអស់គ្នារួមគ្នាតែមួយទើបយើងអាចសម្រេចកិច្ចការនេះបាន។ អីចឹងបកត្រឡប់មកវិញមិនថាអ្នកប្រឆាំងគាត់ឬអ្នកគាំទ្រគាត់ទេគឺយើងធ្វើការរួមគ្នាទើបយើងអាចផ្សះផ្សារជាតិយើងបាននៅក្នុងសហរដ្ឋអាមេរិកនេះ»។
ការផ្ទេរអំណាចប្រធានាធិបតីអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃពុធគឺដោយសន្តិវិធី ប៉ុន្តែមានសន្តិសុខតឹងរ៉ឹងដែលមិនធ្លាប់មានកាលពីមុន ដោយសារការវាយប្រហារ កាលពី២សប្តាហ៍មុន ដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump ដើម្បីប្រែក្រឡាស់លទ្ធផលឆ្នោត។ កងឆ្មាំការពារជាតិ ២៥.០០០នាក់ បានការពារការបំពានខាងសន្តិសុខណាមួយ។
ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីសម័យទំនើបគឺជាលើកទី១ហើយ ដែលប្រធានាធិបតី Trump បានជ្រើសរើសមិនចូលរួម ឬស្វាគមន៍អ្នកកាន់តំណែងជំនួសលោកនៅសេតវិមាន។ អនុប្រធានាធិបតីលោក Mike Pence បានជំនួសលោក Trump។
លោក Joe Biden បានថ្លែងដែរថាលទ្ធិប្រជាធិបតេយ្យផុយស្រួយ ប៉ុន្តែនៅពេលនេះលទ្ធិប្រជាធិបតេយ្យបានឈ្នះ។ បន្ទាប់មកលោកបានអំពាវនាវដល់ប្រទេសទាំងមូលឲ្យឆ្ពោះទៅមុខ៖
«នយោបាយមិនត្រូវធ្វើឲ្យឆាបឆេះបំផ្លាញអ្វីៗនោះទេ។ រាល់ការខ្វែងគំនិតមិនត្រូវបង្កើតឲ្យមានសង្គ្រាមនោះទេ។ ហើយយើង ត្រូវតែច្រានចោលវប្បធម៌បំភ្លៃការពិត»។
បើទោះបីជាមានការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យប៉ុន្តែស្ថាប័ននានា នៅក្នុងសហរដ្ឋអាមេរិកនៅតែអាចទប់ទល់បាន។ នេះបើតាមការអះអាងរបស់សកម្មជនសិទ្ធិមនុស្ស។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានថ្លែងថា៖
«ខ្ញុំជឿជាក់ថា រដ្ឋការថ្មីនឹងពិនិត្យមើលសារជាថ្មីទៀតនិងកែតម្រូវធ្វើម៉េចឲ្យវាទប់ទល់នឹងការវាយប្រហារទៅថ្ងៃមុខ។ ចំពោះលទ្ធិប្រជាធិបតេយ្យសម្រាប់ពិភពលោកយល់យ៉ាងម៉េច? ខ្ញុំយល់ថាពិភពលោកនឹងយល់ថាអស្ចារ្យដែលស្ថាប័នអាមេរិកខ្លាំងក្លាអាចទប់នឹងការវាយប្រហារនេះបានម្ល៉ោះហើយគេនឹងសរសើរហើយខ្ញុំជឿជាក់ថាលោកJoe Bidenនឹងធ្វើឲ្យគេមានសេចក្តីទុកចិត្ត»។
លោកស្រី ធិត គឹមហ៊ុន យល់ថា បើទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងណា ក៏សហរដ្ឋអាមេរិកនៅតែដម្កល់ផលប្រយោជន៍ជាតិជាធំ។
«យើងឃើញថា កន្លងមកនេះឃើញមានបាតុកម្មបើពិភពលោកខាងក្រៅមើលមកថាសហរដ្ឋអាមេរិកដុនដាបណាស់មិនអាចផ្សះផ្សាគ្នាបានទេ ក៏ប៉ុន្តែដោយសារប្រទេសបីតាប្រជាធិបតេយ្យ ដោយសារគេយកប្រទេសជាតិជាធំហើយយើងឃើញសាររបស់លោកប្រធានាធិបតីចូ បៃដិនគឺផ្សះផ្សារជាតិជាធំព្រោះក្នុងដំណាក់កាលនេះគាត់បានមានប្រសាសន៍ថា វាជាដំណាក់កាលបើសិនជាជិះទូកជាមួយគ្នាឆ្លងកាត់ដំណាក់កាលដ៏សាហាវគឺជំងឺកូវីដ១៩ ដែលគាត់ផ្សព្វផ្សាយឲ្យគ្រប់អ្នកនយោបាយទាំងអស់ផ្តោតលើជាតិជាធំហ្នឹងគឺយើងមិនអាចដោះស្រាយត្រឹមតែបញ្ហាកូវីដទេ ប៉ុន្តែបញ្ហាដទៃទៀតដែលមានជម្លោះជនជាតិស្បែកសស្បែកខ្មៅសាសនាដទៃ ឬក៏កុំឲ្យស្អប់សាសន៍ដទៃដែលរស់នៅក្នុងសហរដ្ឋអាមេរិក»។
លោក Biden នឹងមានជំនួយពីអនុប្រធានាធិបតីគឺលោកស្រី Kamala Harris ដែលជាស្ត្រីទី១ នៅ ប្រវត្តិសាស្ត្រអាមេរិកដែលកាន់តំណែងនេះនិងជាស្ត្រីទី១ មិនមែនស្បែកសនិងមានដើមកំណើតឥណ្ឌា។
លោក ប្រាក់ សេរីវុឌ្ឍ ដែលរស់នៅរដ្ឋកាលីហ្វញ៉ានិងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានជំនឿលើរដ្ឋបាលថ្មីនេះក្នុងការជួយលើកកម្ពស់សិទ្ធិពលរដ្ឋទូទៅជាពិសេសលើលោកស្រីអនុប្រធានាធិបតី។
«ខ្ញុំជឿថាសមត្ថភាពគាត់។ ពូជកំណើតគាត់មកពីជនជាតិភាគតិចនៅសហរដ្ឋអាមេរិកដែលជាជនជាតិអាស៊ីកាត់ជនជាតិស្បែកខ្មៅនិងការរស់នៅរបស់គាត់ចេញពីចំណោមកូនអ្នកក្រផងហើយនៅរដ្ឋកាលីហ្វញ៉ាគាត់ឃើញថាមានជនជាតិចម្រុះគ្រប់សាសន៍ហើយបើគាត់បានធ្វើរយៈពេល៤ឆ្នាំនេះបានការពិសោធន៍ដោយសារមានទីប្រឹក្សាជុំវិញនៅសេតវិមានហើយគាត់ជាអ្នកពូកែរៀនសូត្រគឺខ្ញុំជឿថាគាត់មានសមត្ថភាពគ្រប់គ្រាន់»។
លោកប្រធានាធិបតី Biden ក៏មានការគាំទ្រពីព្រឹទ្ធសភានិងរដ្ឋសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ដែលជាដៃគូមានអំណាចក្នុងរបៀបវារៈអាណត្តិទី១ ដើម្បីប្រយុទ្ធការប្រែប្រួលអាកាសធាតុអនុម័តកំណែទម្រង់អន្តោប្រវេសន៍និងស្ថាបនាកិត្យានុភាពអាមេរិកឡើងវិញនៅបរទេស។
លោកក៏បានថ្លែងថា៖ «យើងនឹងផ្សះផ្សារជាមួយសម្ព័ន្ធមិត្តនិងទាក់ទងជាមួយពិភពលោកម្តងទៀត។ មិនមែនតែដោះស្រាយបញ្ហាកាលពីម្សិលមិញទេ តែត្រូវដោះស្រាយបញ្ហានៅថ្ងៃនេះនិងថ្ងៃស្អែកទៀត»។
ក្នុងវ័យ ៧៨ឆ្នាំ លោក Biden គឺជាមនុស្សចាស់ជាងគេបំផុតនៅពេលចូលកាន់តំណែងជាប្រធានាធិបតី។ លោកមានគម្រោងដាក់ចេញយ៉ាងប្រញ៉ាប់នូវផែនការក្នុងពេល១០ថ្ងៃ ដើម្បីចាប់ផ្តើមរបៀបវារៈរដ្ឋបាលលោកដែលរួមទាំងការប៉ុនប៉ងស្ថាបនាសេដ្ឋកិច្ចអាមេរិកឡើងវិញ ដោយមានជំនួយថ្មីសម្រាប់ទប់ស្កាត់វីរុសកូរ៉ូណា។
ពេលចូលកាន់អំណាចនៅថ្ងៃដំបូង លោក Biden បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិ សេចក្តីប្រកាសនិងកំណត់បញ្ជាចំនួន១៧៕