សកម្មជនខ្មែរអាមេរិកាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិនៅតាមរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនិងសកម្មជនសិទ្ធិមនុស្សបានយកថ្ងៃប្រារព្ធខួបលើកទី៣០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះដើម្បីរំឭកដល់អ្នកតាក់តែងច្បាប់របស់អាមេរិកាំងពីស្ថានភាពដុនដាបនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រីណា ឡែន ស្មីត អគ្គលេខាធិការរងនៃគណបក្សសង្គ្រោះជាតិអាមេរិកបានថ្លែងប្រាប់វីអូអេថា៖ «យើងចង់ទាមទារឲ្យប្រទេសហត្ថលេខីទាំង១៩សូមទាមទារឲ្យគាត់សើរើរឿងហ្នឹងមកវិញពីព្រោះប្រទេសយើងត្រូវការកិច្ចព្រមព្រៀងនេះហើយយើងអំពាវនាវឲ្យពួកគាត់ដោះលែងអ្នកទោសរបស់យើងដែលនៅក្នុងពន្ធនាគារដែលមាននៅក្នុងរូបដែលខ្ញុំពាក់នេះ។ សូមមេត្តាដោះលែងពួកគាត់»។
អ្នកតវ៉ាខ្លះបានធ្វើដំណើរមកតាំងពីទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California (កាលីហ្វ័រញ៉ា)ដែលជាតំបន់នាភាគខាងលិចរបស់សហរដ្ឋអាមេរិក។
អ្នកស្រី Michelle Sin បាតុករមកពីទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California (កាលីហ្វ័រញ៉ា) បានថ្លែងថា៖ «បើសិនជាលោក ហ៊ុន សែន ចេះគោរពសិទ្ធិមនុស្សពួកយើងគាំទ្រប៉ុន្តែដោយសារតែហ៊ុន សែនមិនគោរពសិទ្ធិមនុស្សហ្នឹងហើយដោយបិទសិទ្ធិតាំងពីការនិយាយស្តីការបញ្ចេញមតិសព្វបែបយ៉ាងដែលនៅស្រុកខ្មែរគឺមានល្បិចច្រើនណាស់រាប់មិនអស់ទេ។ កន្លែងហ្នឹងហើយដែលពួកយើងខ្ញុំមកឈរកន្លែងនេះមកតវ៉ានៅកន្លែងនេះដើម្បីផ្តល់សេរីភាពដល់ស្រុកខ្មែរ។ សូមឲ្យខ្មែរអ្នកណាក៏ដោយដែលចង់បញ្ចេញមតិអ្វីក៏ដោយឲ្យគាត់មកនិយាយកុំឲ្យចាប់ដាក់គុកចង់និយាយអ្វីឲ្យបាននិយាយផងកុំប្រើល្បិចបុកម៉ូតូ។ សូមផ្តាំទៅដល់រដ្ឋាភិបាលហ៊ុន សែនឲ្យគោរពសិទ្ធិមនុស្សផង»។
ស្ថានភាពលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះខ្លាំងនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបលើសង្គមស៊ីវិលបណ្តាញសារព័ត៌មាននិងគណបក្សប្រឆាំង។
រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាឬ H.R.4686 កាលពីចុងខែកញ្ញាដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលបានរំលោភសិទ្ធិមនុស្សនិងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ។សេចក្តីស្នើច្បាប់នេះកំពុងស្ថិតនៅព្រឹទ្ធសភាដើម្បីអនុម័ត។
ទន្ទឹមគ្នានេះដែរលោក Ed Markey សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Massachusetts ក៏បានស្នើច្បាប់ស្រដៀងគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍គឺសេចក្តីស្នើច្បាប់ S.3052។
លោក Micheal Buttner បុគ្គលិករបស់លោក Thom Tillis សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋNorth Carolina ដែលជាអ្នកចូលរួមគាំទ្រច្បាប់នេះបានថ្លែងថាលោកសមាជិកព្រឹទ្ធសភាមានការប្តេជ្ញាចិត្តខ្លាំងក្នុងការជំរុញឲ្យមានការដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោក Michael Buttner បានបន្ថែមថា៖ «ប្រទេសកម្ពុជាគឺជាឧទាហរណ៍ដ៏ជាក់ច្បាស់មួយដែលសិទ្ធិមនុស្សបានខូចខាត។ សម្រាប់ពលរដ្ឋអាមេរិកាំងខ្លះគឺពិបាករកឃើញទីតាំងនៅលើផែនទីប៉ុន្តែបើវាអាចកើតនៅកម្ពុជាវាក៏អាចកើតមាននៅប្រទេសដទៃដែរ»។
ចំណាត់ការនេះបានធ្វើឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិមានក្តីសង្ឃឹម។
លោក ហូ វ៉ាន់ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «ខ្ញុំយល់ថាបើសិនជាសភាពការណ៍នៅប្រទេសកម្ពុជានៅតែតានតឹងនៅប្រទេសកម្ពុជាបែបនេះដោយមិនគោរពសិទ្ធិសេរីភាពដោយមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយនៅតែប្រកាន់អំពើផ្តាច់ការរបៀបនេះខ្ញុំយល់ថាច្បាប់នេះនឹងចេញដោយពិតប្រាកដហើយក្នុងពេលដ៏ឆាប់ខាងមុខនេះផង»។
ក្រុមបាតុករក៏បានបន្តទៅធ្វើបាតុកម្មនៅខាងមុខស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។ ស្ថានទូតកម្ពុជាសុំមិនធ្វើអត្ថាធិប្បាយអ្វីទេពេលដែលវីអូអេទាក់ទង។
ការតវ៉ារបស់បាតុករត្រូវបានផ្តល់កម្លាំងទឹកចិត្តបន្ថែមមួយទៀតនៅឆ្នាំនេះដោយក្រុមសកម្មជនបានមូលមតិគ្នារៀបចំជាគណៈកម្មការស្វែងរកការពិតមួយដោយមានការចូលរួមពីអង្គការសិទ្ធិមនុស្សធំៗដូចជា Human Rights Watch។
លោក វិបុល តាន់ សមាជិកគណៈកម្មាធិការនាយកនៃសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានបញ្ជាក់ថា៖«គណៈកម្មការនេះយើងរៀបចំនេះដោយមានការយល់ឃើញពីប្រជាជនកម្ពុជាយើងដែលដង្ហោយឲ្យរកយុត្តិធម៌ជូនពួកគាត់ដោយសារឥឡូវនេះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងកម្ពុជាចុះថយជាលំដាប់ក្នុងរយៈពេល៤ឬ៥ឆ្នាំកន្លងមកនេះ»។
ដំណើរការនៃគណៈកម្មការស្វែងរកការពិតនេះបានចាប់ផ្តើមនៅថ្ងៃសៅរ៍នេះដោយមានការបង្ហាញភាពយន្តឯកសារស្តីពីការរំលោភសិទ្ធិមនុស្សនានាក្នុងពេលកន្លងមកដែលអ្នកការពារសិទ្ធិមនុស្សនិងពលរដ្ឋបានចងក្រងពីក្នុងប្រទេសកម្ពុជា។
លោក វិបុល តាន់ បានបន្ថែមថា៖ «គណៈកម្មការស្វែងរកការពិតនេះនឹងសរសេររបាយការណ៍ជាខ្នាតអន្តរជាតិហើយរបាយការណ៍ហ្នឹងនឹងផ្ញើជូនទៅគ្រប់ប្រទេសដែលមិនមែនត្រឹមតែជាហត្ថលេខីទេគឺរួមទាំងអង្គការផ្សេងៗទៀតដែលគេអាចយករបាយការណ៍ទៅប្រើការបាន»។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យខ្មែរនៅសហរដ្ឋអាមេរិកក៏ដូចជាអ្នកដែលរស់នៅប្រទេសដទៃទៀតសម្តែងក្តីសង្ឃឹមថាគណៈកម្មការស្វែងរកការពិតនេះនឹងផ្តល់សំទុះជាថ្មីដល់ការតស៊ូមតិមិនចេះនឿយណាយរបស់ពួកគេរហូតទាល់តែក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយកចិត្តទុកដាក់ជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់និពន្ធ៖ ប្រិយមិត្តអាចចូលអាននិងទស្សនាព័ត៌មានទាក់ទងនានាបន្ថែមទៀតនៅក្នុងទំព័រសេចក្តីរាយការណ៍ពិសេសរបស់វីអូអេក្រោមចំណងជើង «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ អ្នកបន្តមរតក» ត្រង់នេះ៖ https://khmer.voanews.com/cambodiappa30។