ពលរដ្ឋ​​ខ្មែរ​​អាមេរិកាំង​​ចូលរួម​​ជាមួយ​​មេដឹកនាំ​​​ពិភពលោក​ ស្វាគមន៍​​លោក Joe Biden ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី

លោក Joe Biden ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​វិមានសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក ​Joe Biden បាន​ស្បថ​សច្ចា​ប្រណិធាន​ជា​ប្រធានាធិបតី​ទី​៤៦​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​ទី​២០ ​ខែ​មករា ឆ្នាំ​២០២១​នេះ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ដែល​ជា​ព្រឹត្តិការណ៍​មួយ​កំពុង​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពលរដ្ឋ​និង​មេដឹកនាំ​ជុំវិញ​ពិភពលោក។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ដែល​បាន​តាមដាន​នយោបាយ​សហរដ្ឋ​អាមេរិក ​និង​ការ​ស្បថ​សច្ចា​ប្រណិធាន ​បាន​ស្វាគមន៍​លោក Biden ​ជា​ពាក្យ​ជូនពរ ​ជា​ពាក្យ​ល្អៗ​ជាច្រើន​ជាមួយ​នឹង​ជំនឿ​មុតមាំ​ថា​លោក​នឹង​ដឹកនាំ​ប្រទេស​អាមេរិក​ឲ្យ​រីកចម្រើន​ទៅ​មុខ​ និង​ធ្វើ​ឲ្យ​ពិភពលោក​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​ដល់​ប្រទេស​អាមេរិក​នៅ​ពេល​លោក Biden ​ចាប់ផ្តើម​សុន្ទរកថា​របស់​លោក​ជាមួយ​នឹង​ពាក្យ​ថា«នេះ​ជា​ថ្ងៃ​របស់​សហរដ្ឋ​អាមរិក ​ជា​ថ្ងៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ» ​ជា​ក្តី​សង្ឃឹម​ឡើង​វិញ​ ហើយ​ប្រជាធិបតេយ្យ​បាន​ឈ្នះ​នោះ។

លោក ​នួន វាសនា ​ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែលក្នុង​រដ្ឋ​ម៉ាស្សាឈូសិត ​បាន​ចូលរួម​ត្រេកអរ​ជាមួយ​ពលរដ្ឋ​នានា​និង​ពិភពលោក​នៅ​ពេល​ឃើញ​លោក​ Biden​ ស្បថ​ចូល​កាន់​មុខតំណែង​ ជា​ប្រធានាធិបតី។

«បើ​និយាយ​ទៅ​មិនមែន​សម្រាប់​តែ​ខ្មែរ​អាមេរិកាំង​ទេ ​ទូទាំង​អាមេរិកាំង ​ទូទាំង​ពិភពលោក។ នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​ល្អ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ដែរ»។

រូបឯកសារ៖ លោក នួន វាសនា ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែលក្នុង​រដ្ឋ​ម៉ាស្សាឈូសិត។

លោក​បាន​អះអាង​ថា​ការ​ស្បថ​សច្ចាប្រណិធាន​និង​ថ្លែង​សុន្ទរកថា​របស់​លោក Biden ថ្ងៃ​នេះ ​ហើយ​និង​ការ​ដឹកនាំ​របស់​លោក​នឹង​អាច​បង្រួប​បង្រួម​ជាតិ ​ដែល​កំពុង​មាន​ការ​បាក់បែក​ក្រោយ​ការ​បោះឆ្នោត ​ដោះស្រាយ​បាន​នូវ​បញ្ហា​កូវីដ​១៩ ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ​ចែក​ចាយ​វ៉ាក់សាំង ​១០០​លាន​ដូស ដូច​ការ​សន្យា ​ព្រម​ទាំង​ដោះស្រាយ​ភាព​អត់​ការងារ​ធ្វើ​និង​បញ្ហា​អន្តោប្រវេសន៍​ជា​ដើម។

លោក​បន្ត​ថា​ការ​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក Biden ធ្វើ​ឲ្យ​ពិភពលោកនិង​ប្រទេស​ជិត​ខាង​សប្បាយ​ចិត្ត ​ដោយសារ​ពួកគេ​មាន​មិត្ត​ល្អ​ដូចជា​លោក​ Biden ​ជា​មេដឹកនាំ​ថ្មី​របស់​អាមេរិក ​មាន​ការ​សហការ​រឿង​សន្តិសុខ​ខ្លាំង​ឡើង​វិញ​ និង​ចូលរួម​ជាមួយ​ពិភពលោក​លើ​បញ្ហា​ជាច្រើន​រួម​ទាំង​ការ​ទប់​ស្កាត់​បម្រែបម្រួល​អាកាស​ធាតុ​ជាដើម។

លោក ​នួន វាសនា និយាយ​ថា​ ក្រៅ​ពី​នោះ លោក​ក៏រំពឹង​ខ្លាំង​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កំណើត​គឺ​កម្ពុជា​ផង​ដែរ ​ដែល​លោក ​វាសនា​បង្ហាញ​ពី​ការ​ដែល​លោក​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្តូរ។

«ហើយ​ក៏​រំពឹង​ពាក់ព័ន្ធ​ដល់​ប្រទេស​របស់​យើង​ដែរ។ សព្វថ្ងៃ​នេះ​ និង​ពេល​ខាង​មុខ​នេះ​យើង​នឹង​មាន​មិត្ត​គឺ​មិត្ត​នៅ​ក្រសួង​ការបរទេស​និង​មិត្ត​នៅ​សេតវិមាន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្រុក​របស់​យើង​ហ្នឹង​ដើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ​រឿង​ហ្នឹង​សំខាន់​ណាស់»។

លោក ​វាសនា​ បន្ថែម​ថា ​ក្នុង​នាម​លោកជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ម្នាក់ ​លោក​ចង់​បាន​ថ្ងៃ​នេះ​កើត​ឡើង​ខ្លាំង​ណាស់។

កម្រងរូបភាព៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក

កម្រងរូបភាព៖ អ្នកស្រី Kamala Harrisក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក

លោក ​យ័ប គីមទឹង ​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​នៅ​ក្នុង​រដ្ឋ​វីជីនៀ ​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​មក​ពី​អង្គការ​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ខារ៉ាដ បាន​ស្វាគមន៍​ចំពោះ​ការ​ចូល​កាន់​មុខតំណែង​ជា​ប្រធានាធិបតី​របស់​លោក Biden ។

«ខ្ញុំ​សូម​យក​ឱ​កាស​នេះ​ដើម្បី​បួងសួង​ដល់​ទេវតា ​ព្រះឥន្ទ ​និង​អ្នក​មាន​បុណ្យ​ទាំងឡាយ​ជួយ​ថែ​រក្សា ​ហើយ​ជួយ​ណែនាំ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិកាំង​ដើម្បី​ដឹកនាំ​ប្រទេស​អាមេរិកាំង​ឲ្យ​បាន​ចម្រុង​ចម្រើន​ ហើយ​និង​ពង្រីក​តម្លៃ​របស់​អាមេរិកាំង​ដូចជា​ការ​គោរព​សិទ្ធិ​មនុស្ស ​ហើយ​និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ទៅ​ដល់​ពាសពេញ​នៅក្នុង​ពិភព​លោក»។

លោក​ គីមទឹង រំពឹង​ថា ​លោក​ Biden​ នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​សហរដ្ឋអាមេរិក ​យក​រដ្ឋធម្មនុញ្ញ​ជា​ធំ​ដូច​លោក Biden ​បាន​ប្រកាស​ក្នុង​សុន្ទរកថា​ភ្លាមៗ​ក្រោយ​ពី​ស្បថ​ចូលកាន់​តំណែង ​និង​ផ្សះផ្សា​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ ​ក្រោយពី​ការ​បោះឆ្នោត​ដូច​ដែល​លោក​បញ្ជាក់​ថា​លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​របស់​ពលរដ្ឋ​ទាំងអស់ ​មិន​ថា​ឡើយ​អ្នក​ប្រឆាំង​នឹង​លោក​ក្តី។

«ចំពោះ​ខ្ញុំ ខ្ញុំ​យល់ឃើញ​ថា​យើង​នៅ​សហរដ្ឋ​អាមេរិក​សំណាង​ណាស់​ដូច​ថា​យើង​សំណាង​ណាស់​ដែល​មាន​ឱកាស​ជ្រើសរើស​ប្រធានាធិបតី​តាម​ចំណូល​ចិត្ត ​តាម​ប្រជាជន​ចូល​ចិត្ត»។

ពី​ទី​ក្រុង​ Long Beach រដ្ឋ ​California ​លោក​ ប្រាក់ សេរីវុឌ្ឍ ​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ថ្លែង​ពី​ក្តី​រំភើប​របស់​លោក​ក្នុង​ការ​តាមដាន​កម្មវិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក បៃដិន​ថ្ងៃ​នេះ។

«ខ្ញុំ​មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​គាត់​ជាប់​ឆ្នោត​ រហូត​មក​ដល់​ថ្ងៃ​នេះ ​ជា​ថ្ងៃ​ទី​២០ ​ខែ​មករា ​ដែល​គាត់​កំពុង​តែ​ស្បថ​ចូល​កាន់​តំណែង​ហ្នឹង។ ដូចជា​ធូរ​ទ្រូង​ច្រើន​ក្រោយ​៤ឆ្នាំ​ហ្នឹង​មក»។

រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

លោក​ សេរីវុឌ្ឍ​ ជឿ​ថា​ការ​បែក​បាក់​នឹង​ត្រូវ​ផ្សះផ្សា​បាន​នៅ​ក្នុង​ប្រទេស​ក្រោយ​ការ​បោះឆ្នោត ដោយសារ​ពលរដ្ឋ​អាមេរិកាំង​មាន​ការ​ចេះ​ដឹង​ច្រើន​ ហើយ​ស្ថានភាព​ក្រៅ​ប្រទេស​លោក​រំពឹង​ថា​នឹង​ផ្តល់​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភព​លោក​ដូចជា​សារ​ជូនពរ​ច្រើន​ពី​មេដឹកនាំ​ប្រទេស​លើ​ពិភពលោក។

«ប៉ុន្តែ​ចំពោះ​មតិ​អ្នកដឹកនាំ​នៅ​ក្នុង​ពិភពលោក​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត ​ខ្ញុំ​ក៏​គិត​ថា​គេ​យល់​ដូច​ខ្ញុំ​អី​ចឹង​ដែរ ។ ខ្ញុំ​ឃើញ​សារ​ស្វាគមន៍​ចំពោះ​លោក​ Biden ហ្នឹង ​មាន​លក្ខណ:​វិជ្ជមាន​ច្រើន​ណាស់ ​ទាំង​អ្នក​ដឹកនាំ​នៅ​អឺរ៉ុប​ក្តី ​នៅ​អាស៊ី​ក្តី។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ស្ថានភាព​នឹង​ល្អ​ក្នុង​រយ:ពេល​៤ឆ្នាំ​ខាង​មុខ​នេះ»។

ក្រៅ​ពី​ការ​តាំង​ចិត្ត​មុតមាំ​ក្នុង​ការ​ដឹកនាំ​ប្រទេស ​និង​គោរព​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​កែប្រែ​សហរដ្ឋ​អាមេរិក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​នោះ​ គណបក្ស​ប្រជាធិបតេយ្យ​ដែល​កាន់​កាប់​រដ្ឋាភិបាល​ និង​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​ផង​នោះ​ នឹង​មាន​អំណាច​ខ្លាំង​ដោយសារ​រាល់​ការ​អនុម័ត​ឬ​កែប្រែ​ច្បាប់​ផ្សេងៗ​នឹង​មិន​សូវ​ជួប​ឧបសគ្គ​ខ្លាំង​ពេក​នោះ​ទេ ​ទោះ​ជា​ការ​ចំណាយ​រដ្ឋ ​ការ​ផ្លាស់​ប្តូរ​ច្បាប់​ ការ​តែង​តាំង ការ​លុប​ចេញ​ច្បាប់​នានា​ដែល​រដ្ឋបាល​មុនៗ​បាន​ធ្វើ​ ប្រសិន​បើ​រដ្ឋបាល​ថ្មី​របស់​លោក​ បៃដិន​យល់​ថា​មិន​សមរម្យ​ឬ​ត្រូវ​កែប្រែ។

ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​លោក Biden ​ជា​ប្រធានាធិបតី ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការ​ចូលរួម​ពី​ឥស្សរជន​នយោបាយ​កំពូលៗ​របស់​អាមេរិក​ទាំង​គណបក្ស​ប្រជាធិបតេយ្យ ​អតីត​ប្រធានាធិបតី​ជាច្រើន ​និង ​ឥស្សរជន​គណបក្ស​សាធារណរដ្ឋ​ ដូចជា​អតីត​អនុប្រធានាធិបតី​ លោក ​Mike Pence ​និង​អតីត​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅព្រឹទ្ធសភា​ក្នុង​អាណត្តិ​លោក​Trump គឺ​លោក ​Mitch McConnell​ ជាដើម ​ទោះ​ជា​លោក​ Donald Trump មិន​បាន​ចូលរួម​ ហើយ​បាន​ចាក​ចេញ​ពី​សេត​វិមាន​ទៅ​កាន់​គេហដ្ឋាន​លំហែ​កាយ​របស់​លោក​មួយ​កន្លែង​នៅ​រដ្ឋ Florida ​ក្តី៕