អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
កម្រងរូបភាព៖ អ្នកស្រី Kamala Harrisក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក

១
រូបថតផ្តល់ឲ្យសារព័ត៌មាន AFP ដោយអ្នកស្រី Kamala Harris កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញរូបអ្នកស្រី Kamala ពេលអ្នកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ UC Hastings ថតជាមួយម្តាយរបស់អ្នកស្រី Shyamala (កណ្តាល) និងគ្រូបង្រៀនថ្នាក់បឋមរបស់អ្នកស្រីគឺអ្នកស្រី Frances Wilson នៅទីក្រុង San Francisco រដ្ឋ Califonia។ (AFP PHOTO / Courtesy of Kamala Harris/ HANDOUT)

២
រូបថតផ្តល់ឲ្យសារព័ត៌មាន AFP ដោយអ្នកស្រី Kamala Harris កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញរូបអ្នកស្រី Kamala កាលពីពេលម្តាយរបស់អ្នកស្រីគឺអ្នកស្រី Shyamala Gopalan Harris កំពុងបំបៅដោះអ្នកស្រី កាលពេលអ្នកស្រីនៅជាទារកនៅឡើយ។ (AFP PHOTO / Courtesy of Kamala Harris/ HANDOUT)

៣
អ្នកស្រី Kamala Harris ពេលបម្រើការងារជាសមាជិកព្រឹទ្ធសភា ជាមួយស្វាមីគឺលោក Douglas Emhoff និងក្រុមគ្រួសារ ក្នុងអំឡុងពេលធ្វើយុទ្ធការឃោសនាឈរឈ្មោះបោះឆ្នោតជាបេក្ខជនប្រធានាធិបតីរបស់អ្នកស្រី Harris ក្នុងទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

៤
អ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅក្នុងសន្និសីទមួយក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានប្រកាសពីជ័យជម្នះរបស់លោក Joe Biden និងអ្នកស្រី Kamala Harris សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

៥
លោក Joe Biden និងភរិយាអ្នកស្រី Jill Biden ស្វាគមន៍អ្នកស្រី Kamala Harris និងស្វាមីលោក Doughlas Emhoff បន្ទាប់ពីពួកគេបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។