សហគមន៍​ខ្មែរ​នៅ​ឡុងប៊ិច​ត្រៀម​បញ្ចេញ​សំឡេង​ខ្លាំង​ជាង​មុន​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី

រូបឯកសារ៖ អ្នក​បោះឆ្នោត​កំពុង​គូស​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១២ នៅ​ទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ (VOA Khmer)

​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងនឹង​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​​នៅ​ក្នុង​សហគមន៍​ខ្មែរ​ក្នុង​ទី​ក្រុង​ឡុងប៊ិច ​នៃរដ្ឋ​កាលីហ្វញ៉ា​ ខណៈ​ពេល​​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​មក​ដល់​ក្នុង​រយៈពេល​តិច​ជាង​មួយ​ឆ្នាំ​ទៀត។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឱ្យ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​កំពុង​តែ​ដំណើរការ​នៅ​ក្នុង​សហគមន៍​ខ្មែរ​ក្នុង​ទី​ក្រុង​ឡុងប៊ិច ​នៃរដ្ឋ​កាលីហ្វញ៉ា​ ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​មក​ដល់​ក្នុង​រយៈពេល​តិច​ជាង​មួយ​ឆ្នាំ​ទៀត។

​សកម្មជន​សហគមន៍​សង្ឃឹម​ថា ​មាន​សំទុះ​អ្នក​ចូលរួម​កាន់​តែ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ ហើយ​បញ្ហា​ដែល​ពួក​គេ​ចង់​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​អប់​រំ អត្រា​ភាព​ក្រីក្រ​ដែល​នៅ​មាន​កម្រិ​ត​ខ្ពស់​ និងបញ្ហា​សុខាភិបាល​ ជាពិសេស​សុខភាព​ផ្លូវ​ចិត្ត។

កញ្ញា ​ស៊ូសាណា ស្ងៀម ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សហគមន៍​ខ្មែរ​បាន​បញ្ជាក់​ថា៖

«យើង​គឺ​ជា​សំឡេង​ដ៏​ខ្លាំង​មួយ​ដែរ​នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ និង​នៅ​ទូទាំង​ប្រទេស។ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​នេះ ​សហគមន៍​ខ្មែរ​ជានិច្ច​កាល​ដើរ​តួនាទី​ជា​សំឡេង​ឆ្នោត​ ដែល​បំពេញ​បន្ថែម​នៅក្នុង​ការ​បោះឆ្នោត​ជាច្រើន​លើក​ ហើយ​អ្វី​ដែល​លោក​មើល​ឃើញ​គឺ​ថា ​ពលរដ្ឋ​ភាគ​តិច​ដែល​មក​ពី​អាស៊ីអាគ្នេយ៍​គឺ​ជា​ក្រុម​ជនជាតិ​ភាគតិច​ដែល​កំពុង​តែ​រីកធំ​ឡើង​យ៉ាង​ឆាប់​រហ័ស។ ដោយ​សារ​តែអញ្ចឹង​ហើយ​គឺ យើង​មាន​សក្តានុពល​ក្នុង​ការ​ប្រើ​ប្រាស់​សំឡេង​របស់​ពួកយើង​ ដើម្បី​តស៊ូ​មតិ​ទាមទារ​ធនធាន​ដែល​ចាំ​បាច់​សម្រាប់​សហគមន៍​របស់​យើង‍»។​

នៅ​ទីក្រុង​ឡុង​ប៊ិច មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​៦ម៉ឺននាក់​កំពុង​រស់​នៅ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត បើ​ប្រៀប​នឹង​រដ្ឋ​នានានៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ដោយ​អង្គការ​ Asian Americans Advancing Justice L.A. បាន​រក​ឃើញ ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​២៥ភាគរយ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​នេះ​ ដោយ​សារ​តែ​ពួកគេ​មួយ​ចំនួន​មិន​មាន​ការ​សិក្សា​អប់រំ​ខ្ពស់​ជា​កសិករ និង​អ្នក​នេសាទ​ត្រី​ មុន​ពេល​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ ​ចំនួន​នេះ​ខ្ពស់​ជាង​អត្រា​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​ដែល​មាន​តែ​១៤,៥ភាគរយ។

លោកស្រី សារ៉ា ប៉ុលលឹម ​អតីត​នាយិកា​ប្រតិបត្តិ​នៃ​សហគមន៍​ខ្មែរ ​និង​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​សហគមន៍​ជឿ​ជាក់​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូលរួម​ច្រើន​ដោយ​សារ​ពួកគេ​យល់​ច្បាស់​ពី​តួនាទី​ជាង​មុន ​និង​ត្រូវ​ការ​ឱ្យ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ៖

«ចំពោះ​សមាជិក​ដែល​ចូលរួម​ក្នុង​ពិធី​ក្នុង​សង្គម​ ដែល​មាន​ការ​ដឹកនាំ​ហើយ​នឹង​មាន​ការ​រៀន​សូត្រ​ច្រើន​ពី​សង្គម​ដូច​ជា​ លោក​ពូ ​លោក​អ៊ំ ​អ្នក​មីង​ទាំងអស់​ដែល​បាន​ចូល​សញ្ជាតិ​ ជួយ​ធ្វើ​កិច្ច​ការ​ជាមួ​យ​នឹង​សហគមន៍​ គាត់​មាន​គំនិត​ខុសប្លែក​ពី​ដើម​ដែល​គាត់​ធ្លាប់​បាន​គិត​ ហើយគាត់​មាន​ការ​សង្ឃឹម​ច្រើន​ណាស់។ គាត់​ចង់​ចូលរួម​ហើយ​ចង់​ឱ្យ​មាន​សំឡេង​ថា​ គាត់​ជា​ខ្មែរ​អាមេរិកាំង​ដែល​បាន​ចូលរួម​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី។ នេះ​ជា​កិត្តិយស​មួយ​របស់​គាត់‍»។​

លោកស្រី សារ៉ា ប៉ុលលឹម ​បាន​បញ្ជាក់​ថា​ កម្រិត​សំឡេង​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​នៅក្នុង​ថ្នាក់​ទីក្រុង​ និង​ថ្នាក់​រដ្ឋ​គឺ​មាន​ខ្លះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ ឡើយ​ទេ។ ហើយ​ការណ៍​ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ដល់​សហគមន៍ ​ខ្មែរ​គឺ​នៅ ថ្នាក់​ជាតិ​រដ្ឋាភិបាល ​និង​អ្នក​តាក់តែង​គោលនយោបាយ​គិត​ថា ​សហគមន៍​ខ្មែរ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​អាស៊ី​ភាគតិច​គំរូ​ ដែល​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លួនឯង​បាន​ហើយ ​មាន​ជោគជ័យ ​ហើយ​មិន​ត្រូវ​ការ​ជំនួយ​ច្រើន​ទេ។​ ប៉ុន្តែ វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាំង​ស្រុង​នៃ​សហគមន៍​ទាំងមូល​ទេ។

«អតីត​កាល​យើង​ដែល​មក​ពីស្រុក​មាន​ចម្បាំង​ ហើយ​ស្រុក​ដែល​ធ្វើ​ឱ្យ​យើង​មាន​វិប្បដិសារី​ ហើយ​យើង​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​អាច​ផ្សះផ្សារ​របួស​ផ្លូវ​ចិត្ត​បាន​ហើយ​អាច​ចូលរួ​ម​ក្នុង​សហគមន៍​គេ​បាន​ពេញលេញ។ ដូច​ក្នុង​ចំណោម​ខ្មែរ​ខ្លះ​ដែល​គាត់​មាន​លក្ខណៈ​តស៊ូ​ហើយ​ខំ​ធ្វើ​បាន​ទាំងអស់​ហ្នឹង​ ហើយ​ដែល​យល់​ពី​សេរីភាព​ហើយ​ដែល​ចូលរួម​គឺ​អាច​សម្រេច​បាន​ខ្លះ​ ប៉ុន្តែ​នៅ​ភាគតិច​នៅ​ឡើយ​ទេ‍»។​

តំបន់​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន ​ហើយ​បង្កើត​បាន​ជា​ក្រុង​ខ្មែរ (Cambodia Town) ​ត្រូវ​បាន​តំណាង​ដោយ​សង្កាត់​លេខ៤​ និង​សង្កាត់​លេខ​៦​នៅក្នុង​រដ្ឋបាល​របស់​ទីក្រុង​ឡុងប៊ិច ​ដែល​នេះ​ជា​ផល​អវិជ្ជមាន​មួយ​ដែរ ​ដែល​បំបែក​សំឡេង​អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​មិន​ឱ្យ​នៅ​មូល​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​ពេល​កន្លង​មក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​សង្កេត​ការណ៍។

ប៉ុន្តែ​សំឡេង​របស់​ពួកគេ​បាន​មូលគ្នា​ជា​សំឡេង​តែ​មួយ​កាលពី​ដើម​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​ពួកគេ​បាន​រួមគ្នា​គាំទ្រ​លើ​សេចក្តី​សម្រេច​ចិត្ត​SB ២៩១។ សេចក្តី​សម្រេច​នេះ​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា។ នោះ​គឺ​ជា​សញ្ញា​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រួមគ្នា​ធ្វើ​ឱ្យ​សំឡេង​របស់​គេ​បាន​ឮ​ដល់​អ្នក​តាក់​តែង​គោល​នយោបាយ។

សកម្មជន​សហគមន៍​មើល​ឃើញ​ថា​ ​ពួកគេ​នឹង​អាច​ធ្វើ​បាន​ម្តងទៀត​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

យ៉ាងណា​ក៏​ដោយ ​អ្នក​បោះឆ្នោត​នៅ​តែ​ត្រូវការ​ឱ្យ​មាន​ការ​ជួយ​សម្រួល ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ដល់​ពួកគាត់ ​ព្រម​ទាំង​មាន​អ្នក​បកប្រែ​ឯកសារ​ឱ្យ​គាត់​បាន​យល់​ដឹង​ពី​ទីកន្លែង​ផង​ដែរ។

អង្គការ​សហគមន៍ខ្មែរ​ធ្វើការ​ជាមួយ​អង្គការ​ និង​សមាគម​ផ្សេង​ទៀត​ដើម្បី​ពន្យល់​ និង​លើក​ទឹក​ចិត្ត​សហគមន៍​ខ្មែរ​ឱ្យ​ចុះឈ្មោះ​បោះឆ្នោត​ ជា​ពិសេស​ឱ្យ​បោះឆ្នោត​ប្រភេទ​អវត្តមាន ​(absentee ballots) ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​គូស​លើ​សន្លឹក​ឆ្នោត រួចហើយ​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ដោយ​មិន​ចាំ​បាច់​ដើរ​ទៅ​បោះឆ្នោត​ទេ​ នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់។​

លោក គីមឆា ហួត ​អគ្គ​កុងស៊ុល​កិត្តិយស​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​ក្នុង​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងប្រហែលជា​៨០ភាគរយ​ហើយ​ ដែល​បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ ប៉ុន្តែ​នេះ​ជា​កិច្ច​ការ​ដែល​លោក​និង​ផ្នែក​ដទៃ​ទៀត​នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ខំជំរុញ​ថែម​ទៀត៖

«សម្រាប់​ប្រជាជន​គឺ​យើង​បាន​ដាស់​តឿន​ឱ្យ​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ឱ្យ​មាន​សំឡេង​សម្រាប់​តំណាងប្រទេស​យើង។ នេះ​គឺជា​កត្តា​មួយ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឱ្យ​គេ​ចាប់​អារម្មណ៍ ​និង​ជួយ​ដល់​ប្រជាជន​ខ្មែរ​យើង​ដល់​ទីក្រុង​ឡុងប៊ិច‍»។

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។ បច្ចុប្បន្ន​មាន​តែ​បេក្ខជន​មក​ពី​ពីរ​គណបក្ស​ទេ​ ដែល​កំពុង​តែ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ បើ​ទោះបី​ជា​មាន​បេក្ខជន​ខ្លះ​បាន​ប្រកាស​ថា ​នឹង​ឈរ​ជា​បេក្ខជន​ឯករាជ្យ​ក៏ដោយ។​

លោកស្រី ហ៊ីលឡារី ក្លីនតុន​ អតីត​រដ្ឋមន្ត្រី​ការបរទេស​គឺ​ជា​អ្នក​នាំ​មុខ​គេ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​រីឯ​លោក ​ដូណល់ ត្រាំ ​គឺ​ជា​អ្នក​នាំ​មុខ​គេ​នៃគណបក្ស​សាធារណរដ្ឋ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ចុងក្រោយ​របស់​ទូរទស្សន៍ អេប៊ីស៊ី​ និង​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍៕