ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ(Donald Trump) នៅមិនទាន់បានទទួលយកលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្តី ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះបានផ្តល់ទំនុកចិត្តលើលោក ចូ បៃដិន(Joe Biden) ប្រធានាធិបតីដែលគេព្យាករថាជាប់ឆ្នោត ដើម្បីស្តារសេដ្ឋកិច្ចនិងមុខមាត់សហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកនៅលើឆាកអន្តរជាតិឡើងវិញ ដោយចាប់ផ្តើមការងារអាទិភាពចម្បងរបស់លោក គឺវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
លោក ប្រាក់ សេរីវុឌ្ឍ ពលរដ្ឋខ្មែរអាមេរិកាំងនិងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋរដ្ឋកាលីហ្វ័រញ៉ា (California) បានថ្លែងស្តីបន្ទោសពីការធ្វេសប្រហែសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា មិនបានធ្វើឲ្យជំងឺកូវីដ១៩ ថមថយ និងធ្វើឲ្យសេដ្ឋកិច្ចរងការប៉ះពាល់ ដោយសារតែមានការឆ្លងរីករាលដាលខ្លាំង ហើយនេះជារឿងចាំបាច់បំផុតជាងគេមួយ ដែលលោក ចូ បៃដិន ត្រូវដោះស្រាយមុនគេជាបន្ទាន់ ពេលលោកចូលកាន់តំណែង នាខែមករា ឆ្នាំ២០២១។
«ពីព្រោះអីបញ្ហាជំងឺកូវីដ១៩ បើទុកឲ្យរ៉ាំរ៉ៃតទៅទៀត វាស្លាប់មនុស្សផង វាប៉ះពាល់ផ្លូវសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចហ្នឹង។ វាប៉ះពាល់ខ្លាំង ដូច្នេះគាត់ត្រូវដោះស្រាយរឿងហ្នឹងជារឿងចម្បង»។
លោកបានកត់សម្គាល់ដោយយកចិត្តទុកដាក់ពីវិធានការជាច្រើនផ្សេងៗទៀតរបស់លោក បៃដិន ដែលបានប្រកាសថ្មីៗនេះ ដូចជាការចូលរួមជាមួយសហគមន៍អន្តរជាតិវិញ រឿងសន្ធិសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ កិច្ចការសហប្រតិបត្តិការនានាជាមួយនឹងសម្ព័ន្ធមិត្តអូតង់ (NATO) និងសម្ព័នមិត្តនយោបាយយោធាសេដ្ឋកិច្ចនៅតំបន់ជាច្រើនទៀត ដែលលោក បៃដិន ត្រូវស្តារមុខមាត់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីលោក ត្រាំ បានធ្វើឲ្យមានភាពស្មុគស្មាញក្នុងទំនាក់ទំនងនាពេល ៤ ឆ្នាំកន្លងមក។
«ដូច្នេះលោកប្រធានាធិបតី (ជាប់ឆ្នោត) ចូ បៃដិន ទៅអនាគតហ្នឹង គាត់វនឹងរៀបចំស្តារកិត្តិយសសហរដ្ឋអាមេរិក ឲ្យសមនឹងឋានៈមហាអំណាចកំពូល និយាយសម្តីគឺមុតប្រៃ មានប្រសិទ្ធភាព មិនកុហក មិនក្រឡេចក្រឡុច ហើយមានភាពយុត្តិធម៌ ក្នុងការដឹកនាំនយោបាយអន្តរជាតិក្នុងពិភពលោកហ្នឹង»។
នៅជុំវិញពិភពលោក មនុស្សចំនួន ៥៦ លាននាក់ បានឆ្លងជំងឺកូវីដ១៩ និងចំនួន ១ លាន ៣ សែន ៤ ម៉ឺន៥ ពាន់ បានស្លាប់ដោយសារជំងឺនេះ។ សម្រាប់នៅសហរដ្ឋអាមេរិក ដែលការឆ្លងក្នុង ១ ថ្ងៃជាង ១៥ ម៉ឺននាក់នោះ បានបង្ហាញថា ចំនួនមនុស្សឆ្លងសរុបបានកើនដល់ទៅជាង ១១ លាននាក់ ហើយចំនួនមនុស្សស្លាប់នៅសហរដ្ឋអាមេរិកបានកើនដល់ជាង ២៤ ម៉ឺននាក់ ចាប់ពីដើមឆ្នាំរហូតមកទល់ថ្ងៃទី ១៨ ខែវិច្ឆិកា។ នេះបើតាមតួលេខនៃអង្គការសុខភាពពិភពលោក (WHO)។
សាលារៀនជាច្រើននៅពាសពេញប្រទេស ក្រុមហ៊ុន ភោជនីយដ្ឋាន កន្លែងធ្វើការរដ្ឋឯកជន និងកន្លែងជំនួញនៅបន្តបិទទ្វារ និងមានបញ្ញត្តិតឹងរ៉ឹងនៅឡើយ ដែលធ្វើឲ្យសេដ្ឋកិច្ចមានការប៉ះទង្គិចយ៉ាងខ្លាំង។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋម៉ារីលែន (Maryland) បានយល់ឃើញថា ដំណោះស្រាយវិបត្តិកូវីដ១៩ គឺជារឿងចាំបាច់សម្រាប់លោក ចូ បៃដិន ត្រូវចាត់វិធានការ ដើម្បីសេដ្ឋកិច្ចក្នុងប្រទេស។
«អាទិភាពទី ១ គឺបង្រ្កាបកូវីដ១៩ ហ្នឹង។ លោក ចូ បៃដិន លោកបានធ្វើសេចក្តីប្រកាសរួចហើយប្រមូលអ្នកវិទ្យាសាស្ត្រ និងអ្នកឯកទេសខាងជំងឺវេជ្ជបណ្ឌិតផ្សេងៗខាងជំងឺឆ្លងកូវីដ១៩ ហ្នឹង ដើម្បីរកវិធីទប់ទល់ជំងឺកូវីដ១៩ ហ្នឹងបង្ក្រាបវាឲ្យទាន់ដើម្បីយើងអាចបើកទីផ្សារសេដ្ឋកិច្ចបើកភោជនីយដ្ឋានបើកទីធ្លាបើកសាលារៀនដូចដើមវិញព្រោះលោកចូ បៃដិនហាក់ដូចជាបង្ហាញជំហរថាលោកយកចិត្តទុកដាក់លើជីវិតមនុស្សជាជាងលុយ»។
លោកបានបន្តថា ទោះជាពេលនេះលោកប្រធានាធិបតី ត្រាំ និងអ្នកគាំទ្ររបស់លោក មានការមិនសប្បាយចិត្តនឹងការចាញ់ឆ្នោត ហើយមិនព្រមទទួលស្គាល់លទ្ធផល ព្រមទាំងនៅមានក្តីក្តាំមែនក្នុងពេលមានការបែកបាក់ប្រទេស និងរបួសស្នាមក្នុងពេលប្រជែងរកសំឡេងឆ្នោតនោះមែនក្តី តែពលរដ្ឋអាមេរិកាំងនៅតែទុកផលប្រយោជន៍ជាតិជាធំ ដូចដែលលោក បៃដិន បានបញ្ជាក់ក្នុងសារអំពាវនាវរបស់លោក សុំឲ្យមានការបង្រួបបង្រួមជាតិឡើងវិញ និងធានាថា លោកនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទាំងមូល មិនមែនគិតតែបក្សរបស់លោក ឬចាត់ទុកអ្នកប្រឆាំងជាសត្រូវនោះទេ។
«ដូច្នេះហើយ សេចក្តីអំពាវនាវសុំឲ្យពលរដ្ឋអាមេរិកាំងរួបរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនេះ ហើយដែលជាសញ្ញាសំខាន់ហើយខ្ញុំយល់ឃើញថា ជាសារមួយមានខ្លឹមសារមានតម្លៃ មានសេចក្តីថ្លៃថ្នូរជាជាងការប្រកាសបំបែកបំបាក់គ្នា»។
លោក ទូច វិបុល ខ្មែរអាមេរិកាំងមកពីរដ្ឋ North Carolina បានថ្លែងថា លោក ត្រាំ មិនមានឥទ្ធិពលអ្វីក្នុងការសម្រេចចិត្តទេ ក្នុងការចេញលទ្ធផលបោះឆ្នោតបន្ទាប់ពីក្តីក្តាំ គឺតុលាការទេជាអ្នកសម្រេចដោយឯករាជ្យ។
«ហើយមានន័យថា បើនរណាឈ្នះគឺគេស្វាគមន៍ហើយ។ ប្រធានាធិបតី ត្រាំ រាល់ថ្ងៃឃើញគាត់ធ្វើការតវ៉ាអីចឹងក៏ដោយ តែបើសិនជាតុលាការសម្រេចចិត្ត ហើយរកឃើញថា ការលើកឡើងរបស់គាត់ហ្នឹង វាអត់មានមូលដ្ឋានអីទេ អាហ្នឹងគាត់នឹងទទួលយកលទ្ធផលភាពជាក់ស្តែងហើយ»។
ពលរដ្ឋអាមេរិកាំងជិតលែងទទួលបានថវិកាឧបត្ថម្ភពេលគ្មានការងារធ្វើហើយ។ ពលរដ្ឋ ២០ លាននាក់កំពុងប្រឈមនឹងការបាត់បង់ផ្ទះសម្បែង ដោយសារតែមិនអាចបង់ថ្លៃផ្ទះ ជំពាក់ធនាគារហើយជាងនេះទៀត «ពលរដ្ឋជាច្រើនកំពុងត្រូវបានគេបណ្ដេញចេញពីផ្ទះ ដោយសារតែមិនអាចបង់ថ្លៃជួលបាន» ដោយសារតែវិបត្តិកូវីដ ដែលចេះតែកើនឡើងខ្លាំងនេះ។
លោក ចូ បៃដិន ដែលត្រូវបានគេព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតី បានព្រមានថាការបដិសេធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការមិនទទួលស្គាល់ការផ្ទេរអំណាច មុនថ្ងៃទី២០ ខែមករា អាចបង្កឲ្យមានផលអាក្រក់ ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោក បៃដិន បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុង Wilmingtonរដ្ឋ Delaware ថា៖ «មនុស្សជាច្រើននាក់ទៀត អាចនឹងស្លាប់ ប្រសិនបើយើងមិនសម្របសម្រួល»។
លោក បៃដិន ជាថ្មីម្ដងទៀតបានព្រមានអំពីការមកដល់នៃ «រដូវរងារដ៏គ្រោះថ្នាក់» ដោយបានអំពាវនាវឲ្យសភាអនុម័តសំណើច្បាប់ HEROES Act ឲ្យបានឆាប់រហ័ស។ សំណើច្បាប់ HEROES Act នេះស្នើឲ្យមានថវិកាចំនួន ៣ លានលានដុល្លារ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
លោក បៃដិន បាននិយាយថា៖ «ការណ៍ដែលលោកប្រធានាធិបតីនៅលេងកីឡាវាយកូនហ្គោល ហើយមិនធ្វើអ្វីទាំងអស់ គឺវាហួសពីការយល់ឃើញរបស់ខ្ញុំទៅទៀត»។
លោកបានបន្ថែមថា៖ «យ៉ាងហោចណាស់ លោក [ត្រាំ] គួរចាកចេញទៅដោយបន្សល់ទុកនូវភាពវិជ្ជមាន»។
ទោះជាលោក ត្រាំ មិនទាន់បានទទួលស្គាល់លទ្ធផលបោះឆ្នោតជាបឋមៗ ដោយចោទថា មានការគៃបន្លំក្តី តែក្រុមមេដឹកនាំពិភពលោកជាច្រើនប្រទេសបានគាំទ្រ និងអបអរសាទរលោក ចូ បៃដិន ជាផ្លូវការហើយដែរ មុនលទ្ធផលបោះឆ្នោតជាផ្លូវការបានចេញប្រកាសឲ្យដឹង។
ជ័យជម្នះរបស់លោក បៃដិន នៅរដ្ឋ Arizona ដែលមានប្រតិភូចំនួន ១១ នាក់នោះ នាំឲ្យលោកទទួលបានសំឡេងអង្គបោះឆ្នោតសរុបទូទាំងប្រទេសចំនួន ២៩០។ លោក បៃដិន បានឈ្នះចំនួនអង្គបោះឆ្នោតលើស ២៧០ ដែលជាចំនួនកំណត់ជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក និងដែលធ្វើឱ្យលោកនឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករាខាងមុខ។
រដ្ឋនានាត្រូវកំណត់ឲ្យបញ្ជាក់លទ្ធផលឆ្នោតរបស់ពួកគេ នៅថ្ងៃទី៨ ខែធ្នូ និងជ្រើសរើសអង្គបោះឆ្នោតដែលនឹងជ្រើសរើសប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃទី១៤ ខែធ្នូ៕