នៅពេលក្រុមសមាជិកសភាអាមេរិកាំងមួយចំនួនកំពុងសម្លឹងមើលការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសកម្ពុជាដោយសារការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំង ការបិទសិទ្ធិសេរីភាពក្រុមសង្គម ស៊ីវិលនិងបណ្តាញព័ត៌មាន មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះដាក់ក្តីព្រួយបារម្ភ ចំពោះការបញ្ចប់កិច្ចសន្យាអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោក យ័ប គីមទឹង ពលរដ្ឋម្នាក់ក្នុងរដ្ឋវីជីនៀ បានអះអាងថា ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងក្រុមហ៊ុនគេស្តាប់រដ្ឋាភិបាលអាមេរិកាំងនិងសភារបស់គេ ដោយសារថា សភាអាចផ្តាច់កិច្ចព្រមព្រៀងនាំទំនិញចូលមកមិនយកពន្ធ បើរដ្ឋាភិបាលកម្ពុជាមិនធ្វើតាមលក្ខខណ្ឌរបស់ស.រ.អា។
«បើសិនជារដ្ឋសភាគេជំរុញទៅក្រុមហ៊ុនអស់ហ្នឹង និយាយជាមួយក្រុមហ៊ុនអស់ ហ្នឹងមិនជួយធ្វើការជាមួយទេ គេអាចផ្តាច់ការអនុគ្រោះពន្ធ (Tax) ឲ្យបានថោក ហ្នឹងទៅស្រុកខ្មែរ។ អញ្ចឹងក្រុមហ៊ុនហ្នឹងក៏មិនអាចរកស៊ីបានដែរ»។
លោកថ្លែងថា មិនថារដ្ឋាភិបាលអាមេរិកទេ សូម្បីតែពលរដ្ឋអាមេរិកាំងក៏យល់ ច្បាស់អំពីរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលជាតម្លៃសំខាន់ សម្រាប់ពួកគេ។
«នៅស្រុកអាមេរិក គេមានសេរីភាព ដូចថាគេទៅទិញរបស់អីណាក៏បាន តែភាគ ច្រើនប្រជាជនអាមេរិកាំងគេយល់ពីរឿងថា យុត្តិធម៌ ការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គេយកអាហ្នឹងធ្វើជាតម្លៃធំ ហើយដល់ពេលអញ្ចឹងទៅ បើសិនជាគេផ្សាយពីរឿងស្រុកខ្មែរយើងមិនល្អពីរឿងអស់ហ្នឹង ខ្ញុំថាប្រជាជនមួយចំនួនគេនឹងកាត់បន្ថយការទិញរបស់របរមកពីស្រុកខ្មែរ»។
លោក សារ៉ាយ យន់ ពលរដ្ឋខ្មែរក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោនស្តេត បានអះអាងថា សភាស.រ.អាដែលធ្វើការជាក្រុម មិនមែនបុគ្គលនោះ មានឥទ្ធិពល លើក្រុមហ៊ុនអាមេរិកាំងនិងរដ្ឋាភិបាលអាមេរិកាំងដើម្បីដាក់កម្រិតថា ត្រូវទិញឬ មិនត្រូវទិញទំនិញណាដែលប៉ះពាល់ដល់ពលករ និង ខូចខាតប្រជាធិបតេយ្យ និង ការមិនគោរពសិទ្ធិមនុស្ស។
«មានអំណាចណាស់ មិនឲ្យទិញ មិនឲ្យធ្វើអ្វីដែលខុសនឹងច្បាប់ នេះបានស្រុក មានច្បាប់។ អញ្ចឹងបានច្បាប់អនុញាតឲ្យយើងទាំងអស់គ្នាគោរព ដែលមានន័យ ថាប្រទេសណាដែលរំលោភសិទ្ធិមនុស្សដូចនៅប្រទេសយើងសព្វថ្ងៃគឺថាគេឲ្យ ក្រុមហ៊ុនធំៗដែលទិញស្បែកជើង ទិញខោអាវ អ្វីក៏ដោយដែលទាក់ទងនឹង ប្រទេសខ្មែរ១០០ភាគរយ រដ្ឋាភិបាលស.រ.អា គេមានសភាដែលប្រជុំពិគ្រោះគ្នាដេញដោលគ្នាដើម្បីសម្រេច»។
លោកថាសម្រាប់រូបលោកផ្ទាល់នឹងមិនប្រើប្រាស់ទំនិញដែលកើតចេញពីការ រំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេ។
«និយាយឲ្យត្រឹមត្រូវយើងមិនអាចទៅយករបស់ដែលញើសឈាមដែលកម្មករខំ ធ្វើ យើងទៅទិញយកមកស្លៀកពាក់ គឺស្លៀកពាក់ញើសឈាមរបស់កម្មករដ៏បរិសុទ្ធអញ្ចោះយើងខ្ញុំជឿថា ទាំង ខេមរាឯងទាំងក្តី ខ្ញុំក្តីជនជាតិណាក៏ដោយ ដែលជាមនុស្សដែលគេគោរពច្បាប់គេមិនត្រូវទិញមកទេ»។
លោកសារ៉ាយបានបន្តថាលោកមានការអាណិតអាសូរដល់ពលករកម្មករណាស់បើស.រ.អាផ្តាច់កូតាសម្លៀកបំពាក់ ដោយសារថាពួកគេនឹងជួបប្រទះភាពអត់ ការងារធ្វើ ជីវភាពប្រចាំថ្ងៃ តែកម្មករទាំងនោះស្ថិតក្នុងអ្វីមួយដែលលោក សារ៉ាយអះអាងថានៅចន្លោះការប្រជែងគ្នារបស់អ្នកនយោបាយ។
នៅក្នុងការសួរដេញដោលមួយកាលពីសប្តាហ៍ថ្មីៗនេះ ដែលដឹកនាំដោយ សមាជិកសភាម្នាក់គឺលោក Ted Yoho នៃគណបក្សសាធារណៈរដ្ឋ បានពិភាក្សា និងពិនិត្យមើលទណ្ឌកម្មធ្ងន់ធ្ងរថែមទៀតចំពោះរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន អ្នកប្រព្រឹត្តអំពើពុករលួយ និងជនបំផ្លាញប្រជាធិបតេយ្យកម្ពុជា។ ទណ្ឌកម្មទាំងនោះ មានការគិតគូរដល់ការប្រមូលបញ្ជីឈ្មោះបុគ្គល បញ្ជីឈ្មោះក្រុមហ៊ុន បង្កកទ្រព្យសម្បត្តិនិងការពិចារណាឡើងវិញរឿងកូតានាំចូលសម្លៀកបំពាក់មកកាន់ទីផ្សារស.រ.អា ដោយអនុគ្រោះពន្ធនោះជាដើម។
លោក សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ Brad Sherman មកពីរដ្ឋកាលីហ្វ័ញ៉ា បានអះអាងថា វាដល់ពេលវេលាដែលស.រ.អានិយាយជាមួយអ្នក ជំនួញស.រ.អាហើយ ក្រៅពីលោកសុំឲ្យសហភាពអឺរ៉ុបនិងជប៉ុនធ្វើដូចគ្នាដែរ។
«ប្រសិនបើយើងសម្រេចបញ្ឈប់ការអនុញាតិឲ្យនាំចូលដ៏ពិសេសមកកាន់ទីផ្សារ ស.រ.អាដែលក្រុមហ៊ុននានាបានទិញផលិតផលវាយណភ័ណ្ឌពីប្រទេសកម្ពុជា អាចធ្វើមោឃភាពកុងត្រាទាំងនោះ អញ្ចឹងយើងអាចដាក់បញ្ចូលក្នុងច្បាប់បានហើយ»។
នេះជាការសួរនាំដល់ក្រុមវាគ្មិនសាក្សីដើម្បីឆ្លើយ ដែលរឿងនេះស.រ.អាធ្លាប់ បាន ធ្វើការកាត់ផ្តាច់កូតាក្នុងប្រទេសអាហ្វ្រិកខាងត្បូង អាស៊ីមួយចំនួន និងប្រទេសផ្សេងទៀត ប្រកបដោយជោគជ័យ ហើយបានស្តារស្ថានការណ៍នយោបាយឡើងវិញ ។
ស.រ.អាបានកាត់ផ្តាច់ជំនួយសម្រាប់គាំទ្រការបោះឆ្នោតដូចជាសហភាពអឺរ៉ុបដែរ ដែលទំនងជាមិនទទួលស្គាល់ការបោះឆ្នោតនិងរដ្ឋាភិបាលដែលកើតចេញពីការ បោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខនោះទេ។ បន្ថែមពីលើនេះស.រ.អាក៏បានប្រកាស រិតត្បិតទិដ្ឋការ ឬ Visa ដល់មន្ត្រីកម្ពុជាផងដែរចំពោះការធ្វើទុក្ខបុកម្នេញនយោ បាយហើយមិនព្រមស្តារស្ថានការណ៍នយោបាយឡើងវិញនិងការបើកទូលាយឲ្យអង្គការអង្គការសង្គមស៊ីវិលជាពិសេសអង្គការឃ្លាំមើលការបោះឆ្នោតស.រ.អាហៅថាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលត្រូវរដ្ឋាភិបាលកម្ពុជាបិទទ្វារនិងផ្តល់សេរីភាពបណ្តាញព័ត៌មានឯករាជ្យឲ្យដំណើរការឡើងវិញជាពិសេសបើកឳកាសឲ្យក្រុមជំទាស់គឺគណបក្សង្គ្រោះជាតិបានចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយសេរីនិងយុត្តិធម៌ ហើយ ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវចោទប្រកាន់ថាក្បត់ជាតិ និងអ្នកទោសមនសិការផ្សេងទៀតនោះ។
លោក សមាជិកសភា ថេត យូហូ មកពីរដ្ឋ Florida បានរៀបរាប់អំពីស្ថានការណ៍ លម្អិតផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា រាប់ចាប់ពីការវាយតំណាងរាស្ត្រពីររូប ការសម្លាប់លោកបណ្ឌិត កែម ឡីអ្នកវិភាគឯករាជ្យ ការរំលាយគណបក្សជំទាស់ ការចាប់ដាក់គុកមេដឹកនាំក្រុមជំទាស់គឺ លោក កឹម សុខា ការបង្កឲ្យមានការនិរទេសខ្លួនក្រុមមន្ត្រីជំទាស់ជាច្រើនរូបទៅក្រៅប្រទេស រាប់ទាំងអតីតប្រធានក្រុមជំទាស់គឺលោក សម រង្ស៉ី ការបែងចែកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សជំទាស់ ការបោះឆ្នោតគ្មានលក្ខណៈសេរីនិងយុត្តិធម៌ អាចទទួលស្គាល់ពីភាពស្របច្បាប់ក្នុងស្ថានភាពដែលរដ្ឋា ភិបាលកម្ពុជាមិនព្រមកែប្រែស្ថានការណ៍។
លោក គុជ ច័ន្ទលី ពលរដ្ឋនៅក្នុងរដ្ឋម៉ារីលែន បានអះអាងថារដ្ឋាភិបាល ស.រ.អា និងអឺរ៉ុបមិនមែនជាតួអង្គត្រូវស្តីបន្ទោសទេបើសិនជាមានការកាត់ផ្តាច់កូតាទំនិញ មកពីកម្ពុជាចូលមកទីផ្សារស.រ.អា តែលោកថារដ្ឋាភិបាលកម្ពុជាទេ ដែលជាអ្នក ទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យដែលធ្វើ ឲ្យមានប្រតិកម្មជាអន្តរជាតិកកើតឡើង។ លោកទទូចដល់ពលរដ្ឋខ្មែរឲ្យធ្វើការជាមួយ រដ្ឋាភិបាលនានាដើម្បីនិយាយអំពីបញ្ហាកម្ពុជាប្រាប់គេ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដឹងថាខ្លួនមិនអាចធ្វើអ្វីបានតាមចិត្តនោះទេ។
«ស.រ.អានិងសហភាពអឺរ៉ុបក្តីគេមិនចង់លូកដៃប៉ះពាល់ទៅដល់ការធ្វើសង្គ្រាម សម្លាប់ប្រជាពលរដ្ឋ ដោយធ្វើការរំលំរដ្ឋាភិបាលណាមួយនោះទេ តែគេចង់ឲ្យ ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងធ្វើសកម្មភាពរើបំរះដោយខ្លួនឯង។ ដូច្នេះ ហើយ ការដាក់គំនាបរបស់ស.រ.អានិងសហភាពអឺរ៉ុបនៅពេលនេះគឺថាជាសារ មួយដ៏ជាក់ស្តែង ហើយសំខាន់បំផុត»។
ការថ្លែងពីក្តីបារម្ភរបស់ក្រុមពលរដ្ឋអាមេរិកាំងទាំងនេះកើតឡើងក្រោយពេល ក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក Walmart ដែលជាអ្នកនាំចេញនូវផលិតផលស្បែកជើងឈានមុខគេ និងជាអ្នកនាំចេញឈានមុខលំដាប់ទី២នៃសម្លៀក បំពាក់របស់ប្រទេសកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជារក្សាឲ្យបាននូវស្ថិរភាពសង្គម និងការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ដើម្បីបើកផ្លូវឲ្យមានភាពរលូននៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសនេះ។ នេះបើយោងតាមលិខិតមួយដែលក្រុមហ៊ុននេះបានផ្ញើជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីដើមខែធ្នូ។
នៅក្នុងលិខិតរបស់លោក Scott Price អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Walmart កាលពីថ្ងៃទី៦ ខែធ្នូ ដែលបានផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់រដ្ឋាភិបាលកម្ពុជា ធ្វើ ឲ្យមានភាពប្រសើរឡើងចំពោះលក្ខខណ្ឌការងារ ប្រព្រឹត្តឲ្យបានត្រឹមត្រូវចំពោះ រដ្ឋាភិបាលស.រ.អានិងអង្គការរបស់ស.រ.អា។
«ខណៈដែលយើងត្រូវបានតម្រូវឲ្យមានបទដ្ឋានខ្ពស់នេះ យើងសូមស្នើដោយសេចក្តីគោរពថា រដ្ឋាភិបាលរបស់លោកបន្តធ្វើឲ្យប្រសើរដល់លក្ខខណ្ឌការងារសម្រាប់កម្មកររោងចក្រកម្ពុជា និងប្រព្រឹត្តចំពោះអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលរបស់យើងដោយយុត្តិធម៌ ដោយអនុលោមតាមបទដ្ឋាន និងវិធានអន្តរជាតិនានា»។
ការស្នើរបស់ក្រុមហ៊ុន Walmart ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក កើតមានឡើងក្រោយពេលដែលក្រុមសមាជិកសភាចម្រុះបក្សបានបញ្ជាក់ពីការ ចង់សរសេរច្បាប់ទាក់ទងនឹងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលនិងមន្ត្រីកម្ពុជា ហើយជា ពេលវេលាត្រូវនិយាយជាក្រុមហ៊ុនស.រ.អាដែលរកស៊ីទាក់ទងនឹងការ នាំទំនិញពីកម្ពុជានោះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងថាគ្មានទីផ្សារណាមួយ អាចជំនួសទីផ្សារស.រ.អា អឺរ៉ុប ការណាដានិងជប៉ុនទេ ហើយបើមានការកាត់ ផ្តាច់កូតាទំនិញកម្ពុជាឬ ព្យួរយ៉ាងណា នោះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្មករ រោងចក្រនិងអ្នកទទួលប្រយោជន៍ដោយប្រយោលពីវិស័យនេះ ជាច្រើនលាន នាក់ទៀត។
«អញ្ចឹងប្រទេសផ្សេងទៀតមិនអាចយកមកជំនួសទេ ជាពិសេសគឺប្រទេសចិន ដែលយើងមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលគឺអត់បាននាំឥវ៉ាន់ចូលនោះទេ គឺមានតែនាំវត្ថុធាតុដើមចូលមកស្រុកខ្មែរ ផលិតនាំចេញទៅក្រៅដូចគ្នា»។
ទោះជាមានការអះអាងពីបំណងទិញផលិតផលបន្តពីកម្ពុជាក្តី តែលោក អាត់ ធន់បានថ្លែងថាលិខិតរបស់ក្រុមហ៊ុន Watlmart គឺជាការរំលឹកឲ្យរដ្ឋាភិបាល កម្ពុជាដឹងចំពោះអ្វីត្រូវសើរើឡើងវិញនូវលក្ខខណ្ឌនានាដែលត្រូវបំពេញ។
វិស័យកាត់ដេរកម្ពុជាគឺស្ថិតក្នុងវិស័យធំៗចំនួន៤ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា គឺមានការនាំចេញដល់ទៅចំនួនទឹកប្រាក់ជាង៧ពាន់លានក្នុងមួយឆ្នាំៗ ទៅកាន់ ទីផ្សារអាមេរិកនិងអឺរ៉ុបដោយបានផ្តល់ការងារដល់កម្មកររោងចក្រជាង៧សែន នាក់ ក្នុងប្រទេសកម្ពុជា៕